Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - នៅ​ពេល​យុវជន​ដឹកនាំ​កិច្ចប្រជុំ​សមាគម​អាស៊ាន

Content image - Phnom Penh Post
កិច្ចប្រជុំ​របស់​ក្រុម​និស្សិត​ដែល​ដើរតួ​ធ្វើ​ជា​មេដឹកនាំ​អាស៊ាន​កន្លង​មក​។ រូបថត សហការី

នៅ​ពេល​យុវជន​ដឹកនាំ​កិច្ចប្រជុំ​សមាគម​អាស៊ាន

Jake Soriano

ក្រុងម៉ានី: ថ្ងៃ​ទី​ ៣០ ខែ​កញ្ញា (​របាយការណ៍​អាស៊ាន​) កិច្ចប្រជុំ​ចាប់ផ្តើម​មាន​កម្ដៅ​។ សំឡេង​ចាប់ផ្តើម​រន្ថើន​ឡើង​។ មិន​យូរ​ប៉ុន្មាន​នៅ​ក្នុង​ចំណោម​អ្នក​ចូលរួម​ដែល​មាន​វត្តមាន​នៅ​ទី​នោះ​គ្រាន់តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ចាប់ផ្តើម​វែកញែក​យ៉ាង​ផុសផុល​។

គម្រោង​សម្រាប់​ទាំងអស់​គ្នា​ដែល​មាន​វត្តមាន​នៅ​ក្នុង​បន្ទប់​នោះ​គឺ​ការ​ពិនិត្យ​មើល​ខ្លឹមសារ​នៃ​សេចក្តី​ថ្លែងការណ៍​ព្រាង​ដែល​ចេញ​ដោយ​ «​មន្ត្រី​បរិស្ថាន​ជាន់ខ្ពស់​» ​គឺជា​ប្រធានបទ​នៃ​ការ​ពិភាក្សា​នោះ​។ ការ​លើក​ឡើង​សំខាន់​គឺ​ការ​ចង្អុលបង្ហាញ​សំដៅ​ទៅ​ដល់​ចំណុច​ដាក់​បញ្ចូល​បន្ថែម​របស់​ខ្លួន​សម្រាប់​សេចក្តី​សន្និដ្ឋាន​តាមរយៈ​មតិ​ឯកច្ឆន្ទ​ដែល​ជា​ឃ្លា និង​បើក​ចំហ​ដល់​វិទ្យាស្ថាន​ស្រាវជ្រាវ​ថ្មីៗ​។

អ្នក​ចូលរួម​ប្រាំ​បួន​ក្នុង​ចំណោម​អ្នក​ចូលរួម​ ១០ ​រូប​ដែល​តំណាង​ឲ្យ​រដ្ឋ​ជា​សមាជិក​ទាំង ១០ នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) ​បាន​យល់​ស្រប​ថា​ឃ្លា​ដែល​មិន​ជា​បញ្ហា​គួរ​ស្ថិត​នៅ​ក្នុង​ខ្លឹមសារ​នោះ​ពីព្រោះ​វា​គ្រាន់តែ​ជា​បញ្ហា​នៃ​គោលការណ៍​ប៉ុណ្ណោះ​។

សំឡេង​ប្រឆាំង​មួយ​លេច​ឡើង​មកពី​ «​មន្ត្រី​ជាន់​ខ្ពស់​» មកពី​ប្រទេស​វៀតណាម​ដែល​បាន​ទទូច​ថា​ឃ្លា​នេះ​គឺ​រួម​ផ្សំ​​ជាមួយ​ការ​ប្តេជ្ញា​ចិត្ត​ចំពោះ​ការ​ស្ថាបនា​ពិតប្រាកដ​នូវ​វិទ្យាស្ថាន​ស្រាវជ្រាវ​ថ្មីៗ​ហើយ​បាន​លើក​ឡើង​អំពី​ការ​ព្រួយបារម្ភ​ពី​បញ្ហា​តម្លៃ សមតុល្យ ដែល​មិន​សមស្រប និង​ប្រសិទ្ធភាព​ជា​រួម​នៃ​ការ​អនុវត្ត​។

កិច្ចប្រជុំ​នោះ​គឺ​ក្រុម​និស្សិត​បាន​ដើរ​តួ​ជា​ប្រមុខ​រដ្ឋ​អាស៊ាន​។ ប៉ុន្តែ​វា​បាន​បង្រៀន​អ្នក​ចូលរួម​រួច​ហើយ នូវ​មេរៀន​ដ៏​សំខាន់​អំពី​គំនិត​នៃ​ការ​មូល​មតិ​គ្នា និង​ផលវិបាក​ក្នុង​ការ​ឈាន​ទៅ​ដល់​ការ​សម្រេច​មតិ​រួម​មួយ​នៅ​ក្នុង​ដំណើការ​ធ្វើការ​​សម្រេច​ចិត្ត​ និង​ការ​កសាង​អត្តសញ្ញាណ​អាស៊ាន​ដែល​ក្នុង​ឆ្នាំ​នេះ​អាស៊ាន​ប្រារព្ធ​ខួប​លើក​ទី ៥០ របស់​ខ្លួន​ដោយ​ប្រទេស​ហ្វីលីពីន​ជា​ប្រធាន​។

សម្រាប់​រយៈពេល​មួយ​សប្តាហ៍​ចាប់ពី​ថ្ងៃ​ទី ២៤ ខែ​កញ្ញា​មក​និស្សិត​សរុប​ចំនួន ៧៧ នាក់​មកពី​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​បាន​មក​ជួបជុំ​គ្នា​នៅ​សាកលវិទ្យាល័យ De La Salle ក្នុង​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ ASEAN Foundation Model ASEAN Meeting (AFMAM) លើក​ទី ៣​។

រយៈពេល ៣ ថ្ងៃ​នៃ​កិច្ចប្រជុំ AFMAM នេះ​ពួកគេ​បាន​ដើរតួ​ជា​ប្រមុខរដ្ឋ​អាស៊ាន ដែល​មាន​ដូចជា​រដ្ឋមន្ដ្រី និង​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ​ដែល​ភាគច្រើន​មិនមែន​ដើរតួ​ឲ្យ​ប្រទេស​របស់​ខ្លួន​ដោយ​ពួកគេ​បាន​ចូលរួម​ក្នុង​សកម្មភាព​ជាច្រើន​ដែល​ចម្លង​តាម​ដំណើរការ​ពិតប្រាកដ​របស់​អាស៊ាន​ និង​ដើម្បី​ស្វែងរក​លទ្ធផល​ដែល​មាន​នៅ​ក្រោម​ប្រធានបទ​សំខាន់ៗ​ដូចជា​ការ​ប្រមើល​មើល​ការ​ផ្លាស់ប្តូរ​បរិស្ថាន​របស់​ប្រជាជន​នៅ​ក្នុង​តំបន់​អាស៊ាន​ដែល​ទាក់ទង​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​សកល​ជាដើម​។

កញ្ញា ប៉ា សុខហេង និស្សិត​មកពី​ប្រទេស​កម្ពុជា​ដែល​បាន​ដើរតួ​ជា​មន្ត្រី​ជាន់ខ្ពស់​វៀតណាម​ដែល​មាន​ការ​ខ្វែង​យោបល់​គ្នា​នាពេល​ពិភាក្សា​នោះ​បាន​ពន្យល់​ថា​ការ​ជំទាស់​របស់​គាត់​ក្នុង​អំឡុង​កិច្ចប្រជុំ​នោះ​គឺ​តំណាង​ឱ្យ​គោលជំហរ​របស់​ក្រុម​គាត់ ដូច្នេះ​ប្រទេស​ដែល​គាត់​តំណាង​ឲ្យ​មាន​មូលដ្ឋាន​ជាក់លាក់​។

កញ្ញា​ថ្លែង​ក្នុង​បទសម្ភាស​ថា​៖ «​យើង​ទទួល​បាន​វា​មកពី​ការ​ស្រាវជ្រាវ​របស់​យើង អ្វី​ដែល​ប្រជាជន​មិន​ត្រឹម​តែ​នៅ​ក្នុង​ប្រទេស​វៀតណាម​ ឬ​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ប្រទេស​ដទៃ​ទៀត​ក៏​ដឹង​អំពី​វា​ដែរ​»​។

វា​មិន​ត្រឹម​តែ​ជា​ការ​យល់ដឹង​ជាក់លាក់​អំពី​ការ​កសាង​ការ​មូល​មតិ​គ្នា ដែល​រៀបចំ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ AFMAM រយៈពេល​មួយ​សប្តាហ៍​សម្រាប់​កញ្ញា សុខហេង ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​អ្នក​ចូលរួម​ដទៃ​ទៀត​ក៏​បាន​យល់​ច្បាស់​ដូច​គ្នា​ដែរ​។

លោក អិត និត អ្នក​ផ្តល់​ប្រឹក្សា​សម្រាប់​ក្រុម​កម្ពុជា​បាន​ពិពណ៌នា​អំពី​ការ​ដើរតួ ជា​ប្រមុខរដ្ឋ​អាស៊ាន​នៅ​ក្នុង​កិច្ចប្រជុំ Model ASEAN នោះ​ថា​វា​ជា​ «​ឱកាស​ដ៏អស្ចារ្យ​» ​មួយ​សម្រាប់​អ្នក​ចូលរួម​គឺ​មិន​ត្រឹម​តែ​ការ​មក​កាន់​បរទេស​ និង​បាន​ស្វែង​យល់​រឿងរ៉ាវ​ជាច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មក​ដើម្បី​រៀនសូត្រ​ពី​របៀប​ធ្វើ​ជា​អ្នក​ដឹកនាំ​ផង​ដែរ​។

លោក​បន្ថែម​ថា​៖ «​ពួកគេ​រៀន​ពី​របៀប​ក្លាយ​ជា​អ្នក​ស្រាវជ្រាវ​។ នៅ​ជំនាន់​របស់​ខ្ញុំ​យើង​មិន​មាន​ដូច្នេះ​ទេ​»​។

កញ្ញា Tran Khanh An និស្សិត​មកពី​ប្រទេស​វៀតណាម​ដែល​ត្រូវ​បាន​គេ​ជ្រើសរើស​ឱ្យ​ដើរតួ​ជា​នាយករដ្ឋមន្ត្រី​ថៃ​បាន​និយាយ​ថា​កិច្ចប្រជុំ AFMAM នេះ​បាន​ផ្តល់​បទពិសោធ និង​ការ​អនុវត្ត​ជាក់ស្តែង​ជាច្រើន​ដល់​កញ្ញា​ដើម្បី​ឲ្យ​ដឹង​ថា​តើ​ដំណើរការ​របស់​អាស៊ាន​មាន​លក្ខណៈ​ដូចម្តេច​។

កញ្ញា​ថ្លែង​ថា​៖ «​ខ្ញុំ​បាន​រៀន​ជាច្រើន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​ក្នុង​កម្មវិធី​នេះ​។ ខ្ញុំ​យល់​ថា​កម្មវិធី​នេះ​ពិត​ជា​បាន​ជួយ​ដល់​យុវជន​ឲ្យ​ចូលរួម​ក្នុង​នយោបាយ​នៅ​ក្នុង​ការ​ធ្វើ​គោលនយោបាយ​របស់​ប្រទេស​អាស៊ាន​»​។

លោក Ahmad Afiq Md Hashim ដែល​មកពី​ប្រទេស​ម៉ាឡេស៊ី និង​បាន​ដើរតួ​ជា​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បាន​បន្ថែម​ថា​៖ «​ពួកយើង​ដើរតួ​ជា​រដ្ឋមន្ត្រី​ និង​មន្ត្រី​ជាន់ខ្ពស់​នៃ​ប្រទេស​អាស៊ាន​ហើយ​យើង​បាន​យល់​ច្បាស់​បន្ថែម​ទៀត​អំពី​គោលនយោបាយ​ដែល​កំពុង​អនុវត្ត​សម្រាប់​អាស៊ាន​»​។

លោក​បន្ថែម​ថា​៖ «​ចំពោះ​ប្រទេស​ម៉ាឡេស៊ី​យុវជន​ភាគច្រើន​នៅ​មាន​មន្ទិលសង្ស័យ​អំពី​សក្តានុពល​របស់​អាស៊ាន​។ ប៉ុន្តែ​តាមរយៈ​កម្មវិធី​នេះ​យើង​បាន​ដឹង​បន្ថែម​ទៀត​អំពី​អ្វី​ដែល​អាស៊ាន​បាន​ធ្វើ​សម្រាប់​ប្រទេស​ម៉ាឡេស៊ី​។ អាស៊ាន​បាន​ចូលរួម​ចំណែក​យ៉ាង​ពិតប្រាកដ​ចំពោះ​ការ​អភិវឌ្ឍ​ដល់​ប្រទេស​ម៉ាឡេស៊ី​»​។

នៅ​ក្នុង​សុន្ទរកថា​ពេល​បើក​កម្មវិធី AFMAM អតីត​លេខាធិការ​បរទេស​ហ្វីលីពីន​លោកស្រី Delia Albert បាន​ថ្លែង​ប្រាប់​អ្នក​ចូលរួម​ទាំងអស់​អំពី​តួនាទី​របស់​អាស៊ាន​នៅ​ក្នុង​ការ​លើក​កម្ពស់​ស្ថិរភាព​តំបន់​ និង​សមិទ្ធផល​នៃ​ការ​រីកចម្រើន​នៅ​ក្នុង​រយៈពេល ៥ ទសវត្សរ៍​ចុង​ក្រោយ​នេះ​។

លោកស្រី​បញ្ជាក់​ថា​៖ «​កិច្ចប្រជុំ​អាស៊ាន​ដែល​មាន​ចំនួន​ប្រមាណ ១២០០ ​ក្នុង​មួយ​ឆ្នាំៗ​ជា​ញឹកញាប់​តែងតែ​ត្រូវ​បាន​គេ​រិះគន់ ប៉ុន្តែ​តាមពិត​ទៅ​វា​គឺជា​ផ្ទាំង​ប៉ាក់​របស់​អាស៊ាន​។ សរសៃ​អំបោះ​កាន់តែ​ក្រាស់​នោះ​ផ្ទាំង​ប៉ាក់​កាន់តែ​ល្អ និង​រឹងមាំ​»​។

លោកស្រី Elaine Tan នាយក​ប្រតិបត្តិ​មូលនិធិ​អាស៊ាន​ដែល​បាន​រៀបចំ​កិច្ចប្រជុំ Mod-el ASEAN ក្នុង​ពីរ​លើក​ដាច់​ដោយ​ឡែក​ពី​គ្នា​ក្នុង​ប្រទេស​អាស៊ាន​បាន​ថ្លែង​ថា​យុវជន​មាន​ចំនួន​ច្រើន​នៅ​ក្នុង​តំបន់​អាស៊ាន​ដែល​ពួកគេ​អាច​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​តំបន់​នេះ​។

លោកស្រី​ថ្លែង​ថា មូលនិធិ​នេះ​សង្ឈឹម​ថា​នឹង​បញ្ជូន​សេចក្តី​ថ្លែងការណ៍​អំពី​លទ្ធផល​នៃ​កិច្ចប្រជុំ AFMAM នេះ​ទៅ​លេខាធិការដ្ឋាន​អាស៊ាន​ដើម្បី​ឱ្យ​ដឹង​ថា​តើ​យុវជន​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ពួកគាត់​ពិភាក្សា​គ្នា​អំពី​អ្វី​ខ្លះ​ដើម្បី​ផ្តល់​ជា​ទស្សនៈ​សម្រាប់​អ្នក​បង្កើត​គោលនយោបាយ​»​។

លោកស្រី Tan បាន​បន្ថែម​ថា​៖ «​នោះ​គឺជា​មធ្យោបាយ​មួយ​ដើម្បី​ធ្វើ​ឱ្យ​ប្រាកដថា​មាន​បញ្ហា​សំខាន់ៗ​ជាច្រើន​បាន​កើតឡើង​នៅ​ទី​នេះ (​កិច្ចប្រជុំ AFMAM) ជាមួយ​អ្នក​បង្កើត​គោលនយោបាយ​»​។

ការ​ដើរតួ​របស់​និស្សិត​ដែល​បាន​ចូលរួម​គឺ​វា​អាច​ឆ្លុះបញ្ចាំង​អំពី​កិច្ចប្រជុំ​អាស៊ាន​ពិតប្រាកដ ហើយ​ការ​ដើរតួ​នៅ​ក្នុង​អំឡុងពេល​កិច្ចប្រជុំ AFMAM នេះ​វា​នឹង​ផ្តល់​នូវ​ក្តីសង្ឃឹម​មួយ​។

កញ្ញា​ ប៉ា សុខហេង ​ដែល​ដើរតួ​ជា​មន្ត្រី​ជាន់​ខ្ពស់​វៀតណាម​បាន​ឈរ​លើ​គោលជំហរ​របស់​កញ្ញា​យ៉ាង​រឹងមាំ​រារាំង​មតិ​ឯកច្ឆន្ទ​លើ​ការ​បញ្ចូល​ឃ្លា​បន្ថែម​ និង​ការ​បើក​ចំហ​ដល់​វិទ្យាស្ថាន​ស្រាវជ្រាវ​ថ្មីៗ​ក្នុង​សេចក្តី​ថ្លែងការណ៍​ព្រាង​។

ចំ​ពេល​មាន​ការ​ពិភាក្សា​គ្នា​ដ៏តានតឹង​អ្នក​តំណាង​មកពី​ប្រទេស​ហ្វីលីពីន​ដែល​ដើរតួ​ជា​ប្រធាន​បាន​ឲ្យ​ឈប់​សម្រាក​។

ក្នុង​អំឡុង​ពេល​ជជែក​គ្នា​នោះ​មន្ត្រី​ជាន់​ខ្ពស់​មកពី​ប្រទេស​ឥណ្ឌូនេស៊ី​មាន​គំនិត​មួយ​លើក​ឡើង​ថា​ហេតុអ្វី​បាន​ជា​មិន​ប្រើប្រាស់​ឃ្លា​ដែល​បាន​កែសម្រួល​រួច​គឺ​ឃ្លា​ «​បើក​ចំហ​ដល់​ការ​ស្រាវជ្រាវ​ថ្មីៗ​» ​ជំនួស​វិញ​ដើម្បី​សម្រួល​ចំពោះ​ការ​ជំទាស់​ពី​ប្រទេស​វៀតណាម​ផង ប៉ុន្តែ​នៅ​តែ​រក្សា​គំនិត​សំខាន់​នៃ​សេចក្តី​ថ្លែងការណ៍​នេះ​។

គ្រប់​គ្នា​ហាក់​មាន​ភាព​ស្រស់ស្រាយ​ហើយ​កិច្ច​ប្រជុំ​បាន​បន្ត​ទៀត​។ ការ​ផ្តល់​យោបល់​ពី​ប្រទេស​ឥណ្ឌូនេស៊ី​ត្រូវ​បាន​លើក​យក​ដាក់​លើ​តុ​ដើម្បី​ពិភាក្សា​។ ភ្លាមៗ​ប្រទេស​វៀតណាម​ បាន​យល់​ស្រប​ហើយ​មតិ​ឯកច្ឆន្ទ​ត្រូវ​បាន​ឯកភាព​គ្នា ជា​បន្ទាប់​ក្រុម​មន្ដ្រី​បាន​បន្ត​កិច្ចពិភាក្សា​លើ​ចំណុច​ផ្សេង​ទៀត​លើ​សេចក្តី​ថ្លែងការណ៍​ព្រាង​៕ NS

(​របាយការណ៍​អាស៊ាន / កែសម្រួល​ដោយ Johanna Son)

0

Comments

Please, login or register to post a comment