Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - បញ្ហា​ប្រឈម​ក្នុង​ការ​អភិវឌ្ឍ​មូលដ្ឋាន​ តាម​បែប​ប្រជាធិបតេយ្យ​ នៅ​កម្ពុជា

Content image - Phnom Penh Post
សាលា​ឃុំ​ដែល​ជា​ទីកនែ្លង​ធ្វើការ​របស់​មន្ត្រី​មូលដ្ឋាន​ថ្នាក់​ក្រោម​ជាតិ​នាពេល​បច្ចុប្បន្ន​។ រូបថត ហ្វេសប៊ុក

បញ្ហា​ប្រឈម​ក្នុង​ការ​អភិវឌ្ឍ​មូលដ្ឋាន​ តាម​បែប​ប្រជាធិបតេយ្យ​ នៅ​កម្ពុជា

រាជរដ្ឋាភិបាល​កម្ពុជា​បាន​វិនិយោគ​ទាំង​ធនធាន​មនុស្ស​​ និង​ថវិកា​ជាច្រើន​ដើម្បី​ជំរុញ​កម្ពុជា​បោះ​ជំហាន​ទៅ​មុខ​ជាមួយ​នឹង​ក្តីសង្ឃឹម និង​ទំនុក​ចិត្ត​នៅ​​ក្នុង​ដំណើរការ​កំណែ​ទម្រង់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ដែល​បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​ ២០០២ ជាពិសេស​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​។

កំណែ​ទម្រង់​នេះ​បាន​អនុវត្ត​ឡើង​តាមរយៈ​ក្របខ័ណ្ឌ​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ ដែល​រដ្ឋសភា​បាន​អនុម័ត​កាលពី​ឆ្នាំ​ ២០០១ និង​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក​ខណ្ឌ​ដែល​​រដ្ឋសភា​បាន​អនុម័ត​កាលពី​ឆ្នាំ​ ២០០៨​។

ដោយ​ផ្អែក​លើ​ក្របខ័ណ្ឌ​ច្បាប់​ទាំង​ពីរ​នេះ និង​យុទ្ធសាស្ត្រ​ស្តីពី​កំណែ​ទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ឆ្នាំ​ ២០០៥ ​នៅ​ឆ្នាំ​​ ២០១០ ​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​កម្មវិធី​ជាតិ​រយៈពេល​ ១០ ​ឆ្នាំ​ស្តីពី​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ (២០១០-២០១៩) ​ដោយ​មាន​គោលដៅ​​ និង​គោលបំណង​រួម​សំខាន់​នៅ​ក្នុង​ការ​អភិវឌ្ឍ​មូលដ្ឋាន​តាម​បែប​ប្រជាធិបតេយ្យ​ដើម្បី​រួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​តាម​មូលដ្ឋាន​។

ជាមួយ​គ្នា​នេះ​ដែរ​ ផែនការ​អនុវត្តន៍​រយៈពេល​ ៣ ​ឆ្នាំ​ដំបូង​ (២០១១-២០១៤) ​នៃ​កម្មវិធី​ជាតិ​នេះ​បាន​អនុវត្ត​ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ក្នុង​ការ​លើក​កម្ពស់​សុខុមាលភាព​ (​ជីវភាព​រស់នៅ​សិទ្ធិ និង​សេវា​) ​ការ​លើក​កម្ពស់​សមភាព​រវាង​ពលរដ្ឋ និង​សហគមន៍​នានា និង​ការ​ធានា​បាន​នូវ​ភាព​គ្មាន​លម្អៀង​ក្នុង​ការ​ទទួល​បាន​នូវ​សេវា​នានា​។

ការ​អនុវត្ត​ដំណាក់កាល​ទី​ ២ គឺ​បាន​ចាប់ផ្តើម​ពី​ឆ្នាំ​ ២០១៥ ដល់​ឆ្នាំ​ ២០១៧ ដោយ​មាន​គោលបំណង​លើក​កម្ពស់​ជីវភាព​ពលរដ្ឋ និង​គោលដៅ​កែលម្អ​ការ​បំពេញ​ការងារ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ដូចជា​ការ​គ្រប់គ្រង​អភិបាលកិច្ច ការ​ផ្តល់​សេវា និង​​ការ​អភិវឌ្ឍ​មូលដ្ឋាន​។

ជា​ការពិត​ទាំង​រាជរដ្ឋាភិបាល​កម្ពុជា ដៃគូ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល និង​វិស័យ​ឯកជន​នានា​ព្រម​ទាំង​ពលរដ្ឋ​ដែល​ពាក់ព័ន្ធ​នៅ​មូលដ្ឋាន​បាន​ចំណាយ​មូលនិធិ​វិនិយោគ​ជាច្រើន​ក្នុង​ការ​អភិវឌ្ឍ​មូលដ្ឋាន​ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​តាមរយៈ​ការ​គ្រប់គ្រង​ការ​​អភិវឌ្ឍ​តាម​ប្រព័ន្ធ​វិមជ្ឈការ និង​វិសហមជ្ឈការ​នៅ​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​កន្លង​មក​នេះ​។ ​

ជាក់ស្តែង​យោង​តាម​កំណត់ត្រា​ប្រព័ន្ធ​ទិន្នន័យ​ព័ត៌មាន​គម្រោង​ឃុំ​សង្កាត់ នៅ​ក្នុង​រវាង​អំឡុង​ឆ្នាំ​ ២០០៥ ​ដល់​ឆ្នាំ​ ២០១០ មូលនិធិ​វិនិយោគ​ឃុំ​សង្កាត់​ដែល​បាន​ចំណាយ​ជាក់ស្តែង​មាន​ចំនួន​ជាង​ ១២៥ ​លាន​​ដុល្លារ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​មូលដ្ឋាន​ចំនួន​ ៨៧៥៦ គម្រោង​ហើយ​ក្នុង​នេះ​គម្រោង​ផ្លូវលំ​ជនបទ​មាន​ចំនួន​ដល់​ទៅ​ ៨០ ​ភាគរយ និង​គម្រោង​ប្រព័ន្ធ​ធារាសាស្ត្រ​មាន​ចំនួន​ ៩,៨ ​ភាគរយ​។ ​

មូលនិធិ​វិនិយោគ​ឃុំ​សង្កាត់​​ និង​គម្រោង​អភិវឌ្ឍន៍​មូលដ្ឋាន​ទាំង​នេះ​បាន​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​តាម​ឃុំ សង្កាត់​បាន​ប្រមាណ​ ២,៩ ​ភាគរយ​ជា​មធ្យម ក្នុង​ ១ ​ឆ្នាំ​តាម​ឃុំ សង្កាត់​នីមួយៗ​។

ទោះបី​ជា​មូលនិធិ​វិនិយោគ​ឃុំ សង្កាត់ មាន​ឥទ្ធិពល​កាត់បន្ថយ​​ភាព​ក្រីក្រ​គួរ​ឱ្យ​កត់សម្គាល់​ក៏ដោយ ក៏​ការ​អភិវឌ្ឍ​មូលដ្ឋាន​តាម​បែប​ប្រជាធិបតេយ្យ​នៅ​មាន​ប្រឈម​ជាច្រើន​ដូចជា​៖

ការ​យល់ដឹង និង​ចូលរួម​របស់​ប្រជាពលរដ្ឋ

នៅ​ក្នុង​ប្រកាស​អន្តរក្រសួង​ទាំង​នៅ​ក្នុង​សេចក្តី​ណែនាំ​បច្ចេកទេស​ស្តីពី​ការ​រៀបចំ និង​ការ​កសាង​ផែនការ​អភិវឌ្ឍន៍​ឃុំ សង្កាត់ និង​សេចក្តី​ណែនាំ​បច្ចេកទេស​ស្តីពី​ការ​រៀបចំ​ និង​ការ​កសាង​​កម្មវិធី​វិនិយោគ​ ៣ ​ឆ្នាំ​រំកិល​ឃុំ សង្កាត់​បាន​តម្រូវ​ឱ្យ​មាន​ការ​ចូលរួម​ពី​ពលរដ្ឋ​នៅ​ក្នុង​កិច្ចប្រជុំ​​ពិគ្រោះ​យោបល់​ដើម្បី​កំណត់​បញ្ហា និង​តម្រូវការ​អាទិភាព​នានា​ក្នុង​សហគមន៍ និង​មូលដ្ឋាន​ក្នុង​ដំណើរការ​កសាង​ផែនការ​អភិវឌ្ឍន៍​ឃុំ សង្កាត់ ជាពិសេស​​បាន​តម្រូវ​ឱ្យ​មាន​តំណាង​គ្រួសារ​ពលរដ្ឋ​ចូលរួម​យ៉ាង​តិច ៦០ ​ភាគរយ​នៃ​គ្រួសារ​សរុប​ក្នុង​ភូមិ​ដែល​ក្នុង​នោះ​មាន​ស្ត្រី​ចូលរួម​យ៉ាង​តិច​ ៣០ ​ភាគរយ​ក្នុង​ការ​ប្រជុំ​តាម​ភូមិ​នីមួយៗ​។

ទោះបី​ជា​មាន​ការ​កំណត់​ចំនួន​តំណាង​គ្រួសារ​អប្បបរមា​នៅ​ក្នុង​លិខិត​បទដ្ឋាន​គតិយុតិ្ត​ខាង​លើ​ក៏ដោយ ប៉ុន្តែ​មិន​មាន​យន្តការ​ត្រួតពិនិត្យ​ជា​ប្រព័ន្ធ​ដើម្បី​ធានា​ឱ្យ​មាន​ការ​ចូលរួម​ដូច​បាន​កំណត់​ដោយ​ថ្នាក់ជាតិ​ជាក់លាក់​នៅ​ឡើយ​ទេ​។ ​

ចំនួន​ពលរដ្ឋ​ចូលរួម​ជាក់ស្តែង​នៅ​មាន​កម្រិត​ទាប​ណាស់​។ ​ចំណែក​​ឯ​ក្រុម​ប្រឹក្សាឃុំ សង្កាត់ ក៏​មិន​មាន​យុទ្ធសាស្ត្រ​ដែល​មាន​ប្រសិទ្ធភាព​ដើម្បី​បង្ក​បរិយាកាស​ងាយស្រួល និង​លើក​ទឹកចិត្ត​ពលរដ្ឋ​ឱ្យ​​បាន​ចូលរួម​ពេញលេញ​ដែរ​។

ជាក់ស្តែង​នៅ​ក្នុង​របាយការណ៍​អង្កេត​អភិបាលកិច្ច​មូលដ្ឋាន​ឆ្នាំ​ ២០១១ របស់​លេខាធិការដ្ឋាន គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​ (​ហៅ​កាត់​ថា គ.ជ.អ.ប​) ​បាន​បង្ហាញ​ថា​មាន​ពលរដ្ឋ​ប្រមាណ​ជិត ២៥ ​ភាគរយ​ប៉ុណ្ណោះ​​ធ្លាប់​បាន​ចូលរួម​កិច្ចប្រជុំ​កសាង​ផែនការ​អភិវឌ្ឍន៍​ឃុំ​សង្កាត់​​ហើយ​នៅ​ក្នុង​ចំណោម​អ្នក​ទាំង​នេះ​មាន​តែ​ ៣១ ​ភាគរយ​ទេ​ដែល​បាន​បញ្ចេញ​យោបល់​នៅ​ពេល​ប្រជុំ​។

ប៉ុន្តែ​ជា​ការ​គួរ​ឱ្យ​ចាប់​អារម្មណ៍​នៅ​ក្នុង​របាយការណ៍​អង្កេត​មួយ​​ទៀត​របស់ គ.ជ.អ.ប ​កាលពី​ឆ្នាំ​ ២០១០ ​បាន​បង្ហាញ​ថា​មាន​​ពលរដ្ឋ​ច្រើន​លើសលប់​ប្រមាណ​ជាង​ ៩០ ​ភាគរយ​ទាំង​នៅ​ជនបទ និង​ទីប្រជុំជន​បាន​បង្ហាញ​នូវ​សេចក្តី​ប្រាថ្នា​ចង់​ទទួល​បាន​ព័ត៌មាន​ទាក់ទង​នឹង​ការ​សម្រេច​ចិត្ត​សំខាន់ៗ គម្រោង​អភិវឌ្ឍន៍ និង​ព្រឹត្តិការណ៍​នានា​របស់​ក្រុម​ប្រឹក្សាឃុំ សង្កាត់​។

ជាក់ស្តែង ​ការ​ចែករំលែក​ព័ត៌មាន​របស់​ក្រុម​ប្រឹក្សាឃុំ សង្កាត់ អំពី​ផែនការ និង​ការ​សម្រេច​ចិត្ត​សំខាន់ៗ​ដែល​ប៉ះពាល់​ដល់​ពលរដ្ឋ និង​សហគមន៍ ពលរដ្ឋ​បាន​ផ្តល់​ពិន្ទុ​ជា​មធ្យម​តែ ៣.៤៣ នៃ​ពិន្ទុ​ពេញ​ចំនួន​ ៥ ​ប៉ុណ្ណោះ​។

ក្រៅពី​នេះ​មាន​ពលរដ្ឋ​ប្រមាណ ៣៦ ​ភាគរយ​ប៉ុណ្ណោះ​ធ្លាប់​បាន​ឃើញ​ការ​បិទ​ផ្សាយ​ព័ត៌មាន​នៅ​តាម​សាលា​ឃុំ សង្កាត់​។

គណនេយ្យភាព និង​តម្លាភាព​របស់​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ចំពោះ​ពលរដ្ឋ​​របាយការណ៍​អង្កេត​របស់​​ គ.ជ.អ.ប ​ឆ្នាំ​ ២០១០ បាន​បង្ហាញ​​ថា​គណនេយ្យភាព​របស់​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ចំពោះ​ពលរដ្ឋ​នៅ​មាន​កម្រិត​ទាប​។ ពិន្ទុ​មធ្យម​ដែល​ពលរដ្ឋ​បាន​ដាក់​ឱ្យ​គឺ​មាន​ ៣,៤៥ ​នៃ​ពិន្ទុ​ពេញ​ចំនួន​ ៥ ​។​គុណភាព​សេវាកម្ម​ដែល​ផ្តល់​ដោយ​រដ្ឋបាល​ឃុំ-សង្កាត់​ដែល​ពលរដ្ឋ​បាន​ដាក់​ឱ្យ​គឺជា​មធ្យម​បាន​ ៤,២៨ នៃ​ពិន្ទុ​ពេញ​ចំនួន ​៧ ​។

ជា​ការ​គួរ​ឱ្យ​កត់សម្គាល់​ពលរដ្ឋ​ជិត​ពាក់​កណ្តាល (៤៨%) បាន​បង្ហាញ​កង្វល់​អំពី​របៀប​គ្រប់គ្រង​គម្រោង និង​មូលនិធិ​ឃុំ-សង្កាត់ ហើយ​បាន​ដាក់​ពិន្ទុ​កម្រិត​តម្លាភាព​របស់​ក្រុមប្រឹក្សា​នៅ​ក្នុង​ការ​គ្រប់គ្រង​គម្រោង​ និង​មូលនិធិ​ឃុំ-សង្កាត់ ព្រម​ទាំង​សកម្មភាព​នានា​ជា​មធ្យម​ ៣,៤២ នៃ​ពិន្ទុ​ពេញ​ចំនួន ៥​។

មាន​ពលរដ្ឋ​តែ​ ៨ ​ភាគរយ​ប៉ុណ្ណោះ​បាន​ប្តឹង​តវ៉ា​អំពី​ការងារ​ទូទៅ​របស់​ក្រុម​ប្រឹក្សាឃុំ សង្កាត់​។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​នៅ​ក្នុង​របាយការណ៍​អង្កេត​របស់​ គ.ជ.អ.ប ឆ្នាំ​ ២០១០ បាន​បង្ហាញ​ថា​គឺ​មាន​ពលរដ្ឋ​ ៣១ ​​ភាគរយ មិន​បាន​ធ្វើ​អ្វី​ទាំងអស់​នៅ​ពេល​ឃើញ​មាន​បញ្ហា​ពុករលួយ និង​កង្វះ​តម្លាភាព​នៅក្នុង​ការ​គ្រប់គ្រង​មូលនិធិ​ឃុំ-សង្កាត់ និង​គម្រោង​អភិវឌ្ឍន៍​នានា ៣៤ ​ភាគរយ​បាន​ពិភាក្សា​ជាមួយ​អ្នក​ភូមិ​គ្នា​ឯង ចំណែក​ពលរដ្ឋ ២៣ ​ភាគរយ​បាន​ពិភាក្សា​ជាមួយ​ប្រធាន​ក្រុម​ប្រឹក្សាឃុំ សង្កាត់​។

ធនធាន​មនុស្ស​នៅក្នុង​ចំណោម​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់

កង្វះខាត​ធនធានមនុស្ស និង​សមត្ថភាព​នៅ​ក្នុង​ចំណោម​ក្រុម​ប្រឹក្សាឃុំ សង្កាត់ គឺ​បញ្ហា​ប្រឈម​ដែល​មិន​អាច​ប្រកែក​បាន​ជាពិសេស​នៅ​ក្នុង​ការ​កសាង​ផែនការ​អភិវឌ្ឍន៍ ការ​រៀបចំ​កម្មវិធី​វិនិយោគ ការ​អនុវត្ត​កម្មវិធី​វិនិយោគ ការ​ត្រួតពិនិត្យ និង​វាយតម្លៃ​ការ​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​ហេដ្ឋារចនាសម្ព័ន្ធ​អរូបវន្ត ជាពិសេស​ការ​អភិវឌ្ឍ​សេវា​សង្គម​។

ការ​អនុវត្ត​ការងារ​អភិវឌ្ឍន៍​របស់​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅ​ក្នុង​រយៈពេល​ ១៥ ​ឆ្នាំ​កន្លង​មក​នេះ​គឺ​បាន​ពឹង​ផ្អែក​យ៉ាង​ច្រើន​ទៅ​លើ​ការ​គាំទ្រ​បច្ចេកទេស​ពី​ទីប្រឹក្សា និង​មន្ត្រី​ជំនាញ​តាំងពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​ក្រោម​ជាតិ ជាពិសេស​នៅ​ថ្នាក់​រាជធានី ខេត្ត​។

ទោះបី​ជា​រចនាសម្ព័ន្ធ​សម្រាប់​គាំទ្រ​បច្ចេកទេស​ដល់​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ត្រូវ​បាន​បង្កើតឡើង​នៅ​តាម​​រដ្ឋបាល​ក្រុង ស្រុក និង​ខណ្ឌ​ក៏​​ដោយ​ក៏​ក្រុម​គាំទ្រ​បច្ចេកទេស​នេះ​នៅ​មាន​កម្រិត​នៅ​ឡើយ​។

ការ​ពង្រឹង​តួនាទី​របស់​រដ្ឋបាល​ក្រុង ស្រុក និង​ខណ្ឌ​ទើប​បាន​ចាប់ផ្តើម​នៅ​ឆ្នាំ​ ២០០៩ ពោល​​គឺ​ត្រូវ​បាន​រំលង​ចោល​អស់​រយៈពេល​ជាង ១០ ​ឆ្នាំ​នៅ​ក្នុង​ដំណើរការ​កំណែ​ទម្រង់​អភិបាលកិច្ច​មូលដ្ឋាន​។

ទោះបី​ដំណើរការ​កសាង​ផែនការ​អភិវឌ្ឍន៍​​ ៥ ​ឆ្នាំ និង​ការ​រៀបចំ​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​តាម​ឃុំ សង្កាត់ មាន​លក្ខណៈ​សាមញ្ញ​ ប៉ុន្តែ​វិធីសាស្ត្រ​នេះ​តម្រូវ​ឱ្យ​ការ​ប្រមូល​ទិន្នន័យ​គ្រប់​ជ្រុងជ្រោយ និង​ការវិភាគ​ជា​លក្ខណៈ​ប្រព័ន្ធ​ពោល​គឺ​វា​មិន​​មាន​លក្ខណៈ​ងាយស្រួល​សម្រាប់​ក្រុមប្រឹក្សា​ថ្មី​ទេ​ទោះបី​មាន​សេចក្តី​ណែនាំ​ស្តីពី​បច្ចេកទេស​រៀបចំ និង​ការ​កសាង​ក៏ដោយ​។

ក្រៅពី​នេះ​នៅ​មាន​លិខិត​បទដ្ឋាន​គតិយុត្ត​រាប់សិប​ទៀត ដែល​ក្រុម​ប្រឹក្សា​ថ្មី ត្រូវ​សិក្សា​ស្វែងយល់​ដើម្បី​ឱ្យ​ការ​បំពេញ​ការងារ​របស់​ខ្លួន​មាន​ប្រសិទ្ធភាព​។

ធនធាន​ហិរញ្ញវត្ថុ​សម្រាប់​អភិវឌ្ឍ​មូលដ្ឋាន

ទំហំ​ធនធាន​ហិរញ្ញវត្ថុ​សម្រាប់​អភិវឌ្ឍ​មូលដ្ឋាន​មិន​ទាន់​ឆ្លើយតប​ទៅ​នឹង​ទំហំ​តម្រូវការ​អភិវឌ្ឍន៍​ជាក់ស្តែង​នៅ​ឡើយ​ទេ​។ ការ​ឆ្លើយតប​របស់​ក្រុម​​ប្រឹក្សា​ឃុំ សង្កាត់​ចំពោះ​តម្រូវការ​អាទិភាព និង​បន្ទាន់​របស់​ពលរដ្ឋ​នៅ​មាន​កម្រិត​ទាប​។

នៅ​ក្នុង​របាយការណ៍​អង្កេត​របស់ គ.ជ.អ.ប ​ឆ្នាំ​ ២០១០ បាន​បង្ហាញ​ថា​ពិន្ទុ​​មធ្យម​ដែល​ពលរដ្ឋ​ដាក់​ឱ្យ​ចំពោះ​កម្រិត​ការ​ឆ្លើយតប​របស់​ក្រុម​ប្រឹក្សាឃុំ សង្កាត់ មាន​តែ​ ៣,០៧ ​នៃ​ពិន្ទុ​ពេញ​ចំនួន​ ៥ ​ប៉ុណ្ណោះ​។

អត្រា​ធ្លាក់​ចុះ​ភាពក្រីក្រ​នៅ​តាម​មូលដ្ឋាន​នៅ​មាន​កម្រិត​យឺត​ដោយសារ​លទ្ធភាព​នៃ​ការ​វិយោគ​ថវិកា​សម្រាប់​អភិវឌ្ឍ​ឃុំ សង្កាត់​នៅ​មាន​កម្រិត​។

ជាក់ស្តែង​ប្រសិន​បើ​ឃុំ សង្កាត់ មាន​ថវិកា​ចំណាយ​ប្រមាណ​តែ​ ១៤៣១៧ ​ដុល្លារ​ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ​សម្រាប់​ក្នុង​មួយ​ឃុំ​សង្កាត់​ជាមួយ​នឹង​លទ្ធភាព​អាច​កាត់បន្ថយ​ពិន្ទុ​ភាព​ក្រីក្រ​ជា​មធ្យម​ ២,៩ ​ភាគរយ​ក្នុង​​មួយ​ឆ្នាំ​ក្នុង​មួយ​ឃុំ​សង្កាត់ នោះ​កម្ពុជា​ត្រូវ​ចំណាយ​ពេលវេលា​រហូត​ដល់​ ៤៧ ឆ្នាំ​ដើម្បី​លុប​បំបាត់​ភាព​ក្រីក្រ​នៅ​តាម​ឃុំ សង្កាត់​នៅ​ទូទាំង​ប្រទេស​។

យោង​តាម​លទ្ធផល​ពី​ការ​វិភាគ​ទិន្នន័យ​តាម​បែប​ស្ថិតិ​វិទ្យា​បាន​បង្ហាញ​ថា​ប្រសិន​បើ​មាន​ថវិកា​វិយោគ​កាន់តែ​ច្រើន​សម្រាប់​យក​ទៅ​អភិវឌ្ឍ​ឃុំ សង្កាត់ តាម​បែប​ប្រជាធិបតេយ្យ​នោះ​ភាព​ក្រីក្រ​ក៏​ធ្លាក់​ចុះ​កាន់តែ​ច្រើន​ដែរ​។

ជាមួយ​នឹង​មេគុណ​សមីការ​នៃ​ឥទ្ធិពល​មូលនិធិ​វិយោគ​ឃុំ សង្កាត់​តាមរយៈ​ការ​គណនា​ (Simulation) អាច​វិភាគ​ប៉ាន់​ប្រមាណ​បាន​ថា​ប្រសិន​បើ​យើង​វិនិយោគ​មូលនិធិ​ឃុំ សង្កាត់ ចំនួន​មួយ​សែន​ដុល្លារ​នោះ​ពិន្ទុ​ភាពក្រីក្រ​អាច​កាត់​បន្ថយ​បាន​ ២៣ ​ភាគរយ​ហើយ​ប្រសិន​បើ​យើង​បង្កើន​ដល់​ពីរ​សែន​ដុល្លារ​នោះ​ពិន្ទុ​ភាព​ក្រីក្រ​នឹង​ធ្លាក់​ចុះ​រហូត​ដល់​ ៤៦ ​ភាគរយ​ក្នុង​មួយ​ឆ្នាំ​ជា​មធ្យម​។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​បញ្ហា​ប្រឈម​ក្នុង​ការ​អភិវឌ្ឍ​មូលដ្ឋាន​តាម​បែប​ប្រជាធិបតេយ្យ​នេះ​អាច​ដោះស្រាយ​បាន​ប្រសិន​បើ​មាន​ការ​បញ្ចូល​ឈាម​ថ្មី​នៅក្នុង​រចនាសម្ព័ន្ធ​គ្រប់គ្រង​ថា្នក់​ក្រោម​ជាតិ​ពោល​គឺ​ការ​បញ្ជ្រាប​ចូល​យុវជន​ និង​ធនធានមនុស្ស​ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​ឧត្តម​ឱ្យ​បាន​ច្រើន​។

យុទ្ធសាស្ត្រ​នេះ​មិនមែន​ជា​ការ​រើសអើង​នឹង​អ្នក​ដែល​មិន​មាន​កម្រិត​អប់រំ​ខ្ពស់​ទេ ប៉ុន្តែ​យើង​ត្រូវ​ដាក់​អ្នក​ប្រាជ្ញ​ឱ្យ​រក្សា​ខ្លៅ​ដូច​សំពៅ​ពឹង​សំប៉ាន ពីព្រោះ​បញ្ហា​អភិវឌ្ឍន៍​សម័យ​បច្ចុប្បន្ន​មាន​ភាព​សាំញ៉ាំ​នឹង​តម្រូវ​ឱ្យ​មាន​ការ​គិត និង​វិភាគ​ជា​លក្ខណៈ​ប្រព័ន្ធ​។ ថ្វី​បើ​បទពិសោធ​គឺជា​កត្តា​សំខាន់​មួយ​ក៏ដោយ ប៉ុន្តែ​វា​គ្រាន់​តែ​ជា​អ្វី​ដែល​មនុស្ស​បាន​ជួប​ប្រទះ​ និង​ដោះស្រាយ​ប៉ុណ្ណោះ​។ ​

ចំណែកឯ​កម្រិត​វប្បធម៌​​គឺ​កត្តា​ដ៏ចម្បង​បំផុត​ដែល​ជំរុញ​ឱ្យ​មនុស្ស​ចេះ​គិត ត្រិះរិះ​ពិចារណា​ដោះស្រាយ​បញ្ហា​ប្រកប​ដោយ​ការ​ច្នៃប្រឌិត ទោះបី​មិន​ធ្លាប់​បាន​ជួប​ប្រទះ​ពី​មុន​មក​ក៏ដោយ​។ យន្តការ និង​ផែនការ​អភិវឌ្ឍន៍​សមត្ថភាព​ និង​គាំទ្រ​បច្ចេកទេស​ដល់​ក្រុមប្រឹក្សា​គឺជា​កត្តា​ដែល​មិន​អាច​ខ្វះ​បាន​។ ចំណែកឯ​ការ​បែងចែក​មូលនិធិ​អភិវឌ្ឍន៍​ឃុំ សង្កាត់ គួរ​តែ​បង្កើន​ទៅ​តាម​តម្រូវការ​ជាក់ស្តែង​តាម​ឃុំ សង្កាត់​នីមួយៗ​។

យន្តការ​ត្រួតពិនិត្យ និង​វាយតម្លៃ​គួរ​តែ​បង្កើត​ឡើង​ដោយ​ភា្ជប់​ពី​ថ្នាក់ជាតិ​ដល់​ថ្នាក់ឃុំ សង្កាត់ ដើម្បី​ធានា​ថា​រដ្ឋបាល​តាម​ថ្នាក់​នីមួយៗ​បាន​អនុវត្ត​ទៅ​តាម​គោលការណ៍​ណែនាំ និង​លិខិត​បទដ្ឋាន​គតិយុត្ត​នានា​ដែល​ថ្នាក់​ជាតិ​បាន​ដាក់​ចេញ​។

រីឯ​ព័ត៌មាន​ត្រឡប់​ពី​អ្នក​អនុវត្ត​ផ្ទាល់​នៅ​តាម​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ គួរ​តែ​ប្រមូល និង​វិភាគ​តាម​បច្ចេកទេស​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ត្រឹមត្រូវ​ដើម្បី​យក​​មក​ធ្វើការ​សម្រេច​ចិត្ត​នៅ​ក្នុង​ការ​ធ្វើ​គោលនយោបាយ និង​ផែនការ​នានា​។

នៅ​ពេល​ដែល​មាន​ប្រព័ន្ធ​គ្រប់គ្រង​​តាម​បែប​ប្រជាធិបតេយ្យ​ច្បាស់លាស់ ជាមួយ​នឹង​ធនធាន​មនុស្ស និង​ថវិកា​អភិវឌ្ឍន៍​សមស្រប​ចាំបាច់​ត្រូវ​មាន​ច្បាប់ ឬ​យន្តការ​ដាក់​ទោស​ពិន័យ​ដល់​មន្ត្រី​ដែល​មិន​បាន​អនុវត្ត​តាម​តួនាទី​របស់​ខ្លួន ជាពិសេស​តាមរយៈ​បណ្តឹង​តវ៉ា​របស់​ពលរដ្ឋ​។ ប៉ុន្តែ​យុទ្ធសាស្ត្រ​នេះ​វា​ជា​ការ​ដ៏​សែន​លំបាក​នៅ​ពេល​ដែល​មន្ត្រី​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​សុទ្ធតែ​ជា​សមាជិក​បក្ស​ហើយ​នៅ​ពេល​បក្ស​អនុវត្ត​គោលការណ៍​ដាក់​ទោស​ពិន័យ នោះ​វា​នឹង​​ប៉ះពាល់​ដល់​សមាជិក​របស់​ខ្លួន​។

បញ្ហា​នេះ​ទាមទារ​ឱ្យ​មាន​ការ​សម្រេច​ចិត្ត​ផែ្នក​នយោបាយ​ និង​ប្រយោជន៍​បក្ស​ជា​ចម្បង​។ ​ជា​រួម​គោលនយោបាយ​បក្ស​គឺ​ដើម្បី​ការ​ដឹកនាំ បម្រើ​ផលប្រយោជន៍​ពលរដ្ឋ​ និង​ប្រទេស​ជាតិ​។ ​

ដើម្បី​បាន​អំណាច​ដឹកនាំ​ប្រទេស​ចាំបាច់​ត្រូវ​មាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​រាប់​លាន​នាក់ មិនមែន​មន្ត្រី​បក្ស​ត្រឹម​តែ​រាប់​ម៉ឺន​នាក់​គ្រប់គ្រាន់​នោះ​ទេ​។

​ដូច្នេះ​ការ​បង្កើត​ និង​អនុវត្ត​ច្បាប់​នេះ​គួរ​តែ​អាច​ធ្វើ​បាន​ពីព្រោះ​មន្ត្រី​ដែល​កេងប្រវ័ញ្ច​បក្ស និង​ពលរដ្ឋ​ដើម្បី​ផលប្រយោជន៍​សួនតួ​មាន​មិន​ដល់​មួយ​សែន​នាក់​ទេ​ ចំណែក​ប្រជាពលរដ្ឋ​គ្រប់​អាយុ​បោះឆ្នោត​មាន​រហូត​ដល់​ជិត ១០ លាន​នាក់​។

ការ​អាក់អន់​ស្រពន់​ចិត្ត​ពី​មនុស្ស​មិន​ដល់​មួយ​សែន​នាក់ ប៉ុន្តែ​បក្ស​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​រាប់​លាន​នាក់​នៅ​ក្នុង​ការ​ធ្វើ​គោលនយោបាយ​អភិវឌ្ឍន៍​សម្រាប់​ទាំងអស់​គ្នា គួរ​តែ​ជា​ការ​សម្រេច​ចិត្ត​នៅ​ក្នុង​ការ​វិនិយោគ​ដ៏​វៃឆ្លាត​មួយ​។

បណ្ឌិត ឃុន ស៊ីថុន​ (​ផ្នែក​ប្រជាសាស្ត្រ​), អ៊ីមែលៈ research.specialist@gmail.com

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ