Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ប្រទេស​បង់ក្លាដែស​ជំរុញ​ទំនាក់​ទំនង​មិត្តភាព​ជាមួយ​កម្ពុជា

Content image - Phnom Penh Post
លោក ហ៊ុន សែន ជួប​នាយករដ្ឋមន្ត្រី​បង់ក្លាដែស​លោកស្រី Sheik Hasina​។ រូបថត សហការី

ប្រទេស​បង់ក្លាដែស​ជំរុញ​ទំនាក់​ទំនង​មិត្តភាព​ជាមួយ​កម្ពុជា

ខ្ញុំ​ពិត​ជា​មាន​សេចក្តី​រីករាយ​ខ្លាំង​ណាស់​ដែល​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​តាមរយៈ​ការ​​អញ្ជើញ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​រយៈពេល​ ៣ ​ថ្ងៃ​នេះ​ក្នុង​នាម​ជន​រួមជាតិ និង​រូបខ្ញុំ​ផ្ទាល់​ខ្ញុំ​សូម​សម្ដែង​ការគោរព​រាប់អាន​ដ៏ជ្រាលជ្រៅ​បំផុត​ចំពោះ​ប្រជាជន​កម្ពុជា​ទាំងអស់​។ ប្រទេស​បង់ក្លាដែស និង​កម្ពុជា​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្នា​ដោយ​ឈរ​លើ​​ចំណង​មិត្តភាព​ដ៏រឹងមាំ និង​ការ​គោរព​គ្នា​ទៅវិញ​ទៅមក​ជាពិសេស​គឺ​យើង​មាន​ប្រវត្តិសាស្ត្រ​វប្បធម៌ និង​ទំនៀមទម្លាប់​ប្រហាក់​ប្រហែល​គ្នា​។

ខ្ញុំ​ចាំ​បាន​ថា​ខ្ញុំ​ធ្លាប់​បាន​ជួប​ប្រជុំ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក្នុង​​អំឡុង​ពេល​លោក​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​បង់ក្លាដែស​កាលពី​ថ្ងៃ​ទី​ ១៦ ដល់​ ១៨ ខែ​មិថុនា​ឆ្នាំ​ ២០១៤​។

បើ​ទោះបី​ជា​ទីតាំង​ភូមិសាស្ត្រ​រវាង​ប្រទេស​យើង​ទាំង​ ២ ​នៅ​ឆ្ងាយ​ពី​គ្នា​ក៏ដោយ​ប៉ុន្តែ​ប្រជាជន​យើង​ទាំង​ ២ ​មាន​ទំនាក់​ទំនង​យ៉ាង​ល្អ​ជាមួយ​គ្នា​។ ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ជួយ​កាត់​បន្ថយ​គម្លាត​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ជាមួយ​នឹង​ការ​បង្កើន​ទំនាក់​ទំនង​រវាង​ប្រជាជន ជាពិសេស​គឺ​ពាណិជ្ជករ​នៃ​ប្រទេស​ទាំង​ ២​។

ប្រជាជន​បង់ក្លាដែស​ និង​កម្ពុជា​បាន​តស៊ូ​ជាមួយ​នឹង​អំពើ​ឃោរឃៅ​ប្រហាក់​ប្រហែល​គ្នា​ ខណៈ​ដែល​ពួកគេ​បាន​ខិតខំ​ព្យាយាម​ស្វែងរក​ការ​ប្តេជ្ញាចិត្ត​ដោយ​ខ្លួនឯង​។

ឥឡូវ​នេះ​ប្រទេស​បង់ក្លាដែស​កំពុង​ដើរ​នៅ​លើ​មាគ៌ា​រីកចម្រើន​ឥត​ឈប់ឈរ​មួយ​ទាក់ទង​ទៅ​នឹង​វឌ្ឍនភាព​សេដ្ឋកិច្ច​សង្គម​ដូច​ប្រទេស​កម្ពុជា​ដែរ​។ ក្នុង​ការ​ពុះពារ​ជម្នះ​រាល់​ឧបសគ្គ​កន្លង​មក​នេះ​ប្រទេស​បង់ក្លាដែស​បាន​ក្លាយ​ទៅ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ជាមួយ​នឹង​សេដ្ឋកិច្ច​របស់​ប្រទេស​ខ្លួន​ដែល​ឈរ​លើ​ជំហរ​ដ៏រឹងមាំ​មួយ​។ ​

ខ្ញុំ​ពិត​ជា​សប្បាយ​រីករាយ​ណាស់​ដែល​សព្វ​ថ្ងៃ​នេះ​ខ្ញុំ​បាន​មើល​ឃើញ​ថា​ ប្រទេស​កម្ពុជា​បាន​ក្លាយ​ទៅ​ជា​ប្រទេស​ដែល​មាន​​ចំណូល​មធ្យម​កម្រិត​ទាប ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ចីរភាព​។

ប៉ុន្តែ​ទោះបី​ជា​យ៉ាង​ណា​ក៏ដោយ​ការ​ធ្វើ​ដំណើរ​ដ៏វែង​ឆ្ងាយ​របស់​ប្រទេស​បង់ក្លាដែស​មិនមែន​មាន​ភាព​រលូន​គ្មាន​ឧបសគ្គ​ និង​គ្រោះថ្នាក់​នោះ​ទេ​។ ​ប្រទេស​បង់ក្លាដែស​បាន​កកើត​តាមរយៈ​សង្គ្រាម​បង្ហូរឈាម​ដែល​ដឹកនាំ​ និង​តស៊ូ​ដោយ​បិតា​ជាតិ​បង់ក្លាដែស Bangabandhu Sheikh Mujibur Rahman​។

មនុស្ស​ប្រមាណ​ ៣ ​លាន​នាក់​បាន​បូជាជីវិត​របស់​ពួកគេ ​ហើយ​ស្ត្រី​ប្រមាណ​ ២ ​សែន​នាក់​បាន​បាត់បង់​កិត្តិយស​របស់​ពួកគេ​នៅ​ក្នុង​សង្គ្រាម​។ ​តម្លៃ​មនោគមន៍វិជ្ជា​ត្រូវ​បាន​ជំនួស​ដោយ​មនោគមន៍វិជ្ជា​ចម្រុះ​។ ប្រជាជាតិ​ទាំង​មូល​មិន​មាន​ចរិត​លក្ខណៈ​ដូច​គ្នា​ជាមួយ​ដំណើរ​វិវឌ្ឍន៍​នេះ​ទេ​ដោយ​មាន​មនុស្ស​មួយ​ចំនួន​បាន​ប្រឆាំង​នឹង​ឯករាជភាព​របស់​បង់ក្លាដែស​។

នៅ​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​កន្លះ​នៃ​ឯករាជភាព​របស់​ខ្លួន​លោក​ឪពុក​របស់​ខ្ញុំ និង​បិតា Bangabandhu Sheikh Mujibur Rahman ត្រូវ​បាន​គេ​ធ្វើ​ឃាត​រួម​ជាមួយ​សមាជិក​គ្រួសារ​ចំនួន​ ១៨ ​នាក់​ផ្សេង​ទៀត​នៅ​ថ្ងៃ​ទី​ ១៥ ​ខែ​សីហា​ឆ្នាំ​ ១៩៧៥ ​ខណៈ​ពេល​ដែល​ប្រទេស​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ដំណាក់កាល​ស្ថាបនា​ឡើង​វិញ​ដ៏លំបាក​បំផុត​មួយ​។ រូបខ្ញុំ​ផ្ទាល់​ជាមួយ​នឹង​ប្អូនស្រី​របស់​ខ្ញុំ​ឈ្មោះ Rehana នៅ​រស់រាន​មាន​ជីវិត​ ខណៈ​ដែល​យើង​កំពុង​នៅ​ក្រៅ​ប្រទេស​។

អ្នក​ណា​ដែល​ប្រឆាំង​នឹង​ការ​បង្កើត​ឡើង​វិញ​នៃ​ប្រទេស​បង់ក្លាដែស​បាន​ក្លាយ​ជា​ដៃគូ​អំណាច​របស់​រដ្ឋ​ក្រោយ​ពី​ការ​ធ្វើ​ឃាត​ឪពុក​របស់​ខ្ញុំ​។ ​ស្មារតី​ឯករាជ្យ និង​ការ​រំដោះ​សង្គ្រាម​ត្រូវ​បាន​គេ​វាយប្រហារ​។

​ប្រជាជន​បង់ក្លាដែស​បាន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​យោធា​ជាង​ ២ ​ទសវត្សរ៍​។ ​ការ​សមគំនិត​ជាមួយ​អ្នក​នៅ​ក្នុង​ស្រុក និង​បរទេស​គឺ​មាន​នៅ​ទី​នោះ​ដូច្នេះ​ហើយ​ប្រទេស​បង់ក្លាដែស​មិន​អាច​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ខ្លួន​បាន​ឡើយ​។

បន្ទាប់ពី​ការ​និរទេស​អស់​រយៈពេល​ ៦ ​ឆ្នាំ​ខ្ញុំ​បាន​វិល​ត្រឡប់​មក​ស្រុក​វិញ​នៅ​ឆ្នាំ​ ១៩៨១ ហើយ​បាន​ចាប់​ផ្តើម​ចលនា​មួយ​ដើម្បី​ស្ដារ​ឡើង​វិញ​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ​។ យើង​បាន​បង្កើត​រដ្ឋាភិបាល​នៅ​ឆ្នាំ​ ១៩៩៦​។ ​បន្ទាប់ពី​ខកខាន​រយៈពេល​​ ៥ ​ឆ្នាំ​គណបក្ស​របស់​ខ្ញុំ​ឈ្មោះ Bangladesh Awami League បាន​ទទួល​ជ័យជម្នះ​ជាថ្មី​ម្តង​ទៀត​នៅ​ក្នុង​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​ ២០០៨ ហើយ​បាន​កាន់​អំណាច​ ២ ​អាណត្តិ​ជាប់ៗ​គ្នា​។

បង់ក្លាដែស​គឺជា​ប្រទេស​ដែល​មាន​ប្រជាជន​ច្រើន​បំផុត​មួយ​នៅ​ក្នុង​ពិភពលោក​ជា​ប្រទេស​ដែល​ប្រជាជន​រស់នៅ​ពឹង​ផ្អែក​ទៅ​លើ​ការ​ធ្វើ​ស្រែ​ចម្ការ​តាម​បែប​ធម្មជាតិ​។ ធនធាន​ធម្មជាតិ​គឺ​មិន​គ្រប់គ្រាន់​។ ​ការ​ឈាន​មក​ដល់​កំណើន​សេដ្ឋកិច្ច និង​ការ​កើន​ឡើង​បង្គោល​សន្ទស្សន៍​សេដ្ឋកិច្ច​សង្គម​ដូច​បច្ចុប្បន្ន​នេះ​គឺ​អាច​សម្រេច​ទៅ​បាន​ដោយសារ​តែ​មាន​ការ​រីកម្រើន​នៃ​កម្លាំង​នយោបាយ​បែប​លទ្ធិប្រជាធិបតេយ្យ​ការ​តស៊ូ​គ្មាន​ដែន​កំណត់​រួម​ជាមួយ​នឹង​ភាព​ក្លាហាន និង​គំនិត​ផ្តួចផ្តើម​របស់​ប្រជាពលរដ្ឋ​។

តើ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​បង់ក្លាដែស​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​កន្លង​មក​នេះ​មាន​លក្ខណៈ​យ៉ាង​ដូចម្ដេច​?

អត្រា​ភាព​ក្រីក្រ​មាន​ចំនួន​ ៤១,៥% ​ក្នុង​ឆ្នាំ​ ២០០៥ ​ដែល​បាន​ធ្លាក់​ចុះ​ដល់​មក​នៅ​ត្រឹម​ ២២% ​ប៉ុណ្ណោះ​នាពេល​បច្ចុប្បន្ន​នេះ​ ខណៈ​ដែល​ប្រាក់​ចំណូល​ជា​មធ្យម​ក្នុង​មនុស្ស​ម្នាក់​បាន​កើន​ពី​ ៥៤៣ ​ដុល្លារ​ក្នុង​ឆ្នាំ​ ២០០៥ ​ឡើង​មក​ដល់​ ១៦១៩ ​ដុល្លារ​។

ចំពោះ​អត្រា​ភាព​ក្រីក្រ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្លាក់​ចុះ​មក​នៅ​ក្រោម​ ១៦-១៧% ​ត្រឹម​ឆ្នាំ​ ២០២១ ​។ ​ស្ថានភាព​របស់​ប្រទេស​បង់ក្លាដែស​គឺ​ល្អ​ជាង​ប្រទេស​ជិត​ខាង​នៅ​តំបន់​អាស៊ី​ខាង​ត្បូង​ទាក់ទង​ទៅ​នឹង​អត្រា​មរណៈភាព​កុមារ និង​មាតា​ពេល​ឆ្លង​ទន្លេ និង​អាយុ​រស់នៅ​ជា​មធ្យម​របស់​ប្រជាពលរដ្ឋ​។

អត្រា​មរណៈ​របស់​កុមារ​ត្រូវ​បាន​កាត់​បន្ថយ​មក​នៅ​ត្រឹម​ ២៨ ​នាក់​ក្នុង​ទារក​មួយ​ពាន់​នាក់​ហើយ​អត្រា​មរណភាព​របស់​មាតា​ធ្លាក់​មក​នៅ​ត្រឹម​ ១,៧ ​នាក់​ក្នុង​មួយ​ពាន់​នាក់​។ ​អត្រា​កំណើន​សរុប​បាន​ថយ​ចុះ​ពី ៣,៤ មក​នៅ​ត្រឹម ២,៣ ​ភាគរយ​។ ​អាយុ​រស់នៅ​ជា​មធ្យម​បាន​កើនឡើង​ដល់​ ៧២ ​ឆ្នាំ​ដែល​កាលពី​ ៨ ​ឆ្នាំ​មុន​អាយុ​រស់នៅ​ជា​មធ្យម​មាន​ត្រឹម​តែ​ ៦៥ ​ឆ្នាំ​ប៉ុណ្ណោះ​។

កាលពី​ឆ្នាំ​មុន​ផលិតផល​សរុប​ GDP ​របស់​យើង​បាន​កើនឡើង​ ៧,២៨ ​ភាគរយ​ហើយ​អតិផរណា​គឺ​ក្រោម​ ៦ ​ភាគរយ​ដែល​វា​បាន​បង្ហាញ​ពី​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​របស់​យើង​។ ចំពោះ​សន្តិសុខ​ស្បៀង​អាហារ​សម្រាប់​ប្រជាពលរដ្ឋ​ ១៦០ ​លាន​នាក់​គឺ​ត្រូវ​បាន​ធានា​។​

ប្រទេស​បង់ក្លាដែស​ឈរ​នៅ​លំដាប់​ថ្នាក់​កំពូល​ក្នុង​​ចំណោម​ប្រទេស​នៅ​តំបន់​អាស៊ី​ខាង​ត្បូង​ផ្នែក​សមភាព​យេនឌ័រ​រយៈពេល​ ៣ ​ឆ្នាំ​ជាប់ៗ​គ្នា​ដោយ​មាន​ចំណាត់​ថ្នាក់​ទី​ ៤៧ ​ក្នុង​ចំណោម​ ១៤៤ ​ប្រទេស​។

តំបន់​ជនបទ​របស់​បង់ក្លាដែស​ត្រូវ​បាន​ផ្លាស់ប្តូរ​គួរ​ឱ្យ​កត់សម្គាល់​ដោយសារ​មាន​ផ្លូវ​ថ្នល់​ក្រាល​ក្រួស​តភ្ជាប់​ពី​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ផ្សេង​ទៀត​ខ្វាត់ខ្វែង​សូម្បី​តែ​នៅ​តំបន់​ដាច់ស្រយាល​។ ​ផ្ទះ​ធ្វើ​ពី​ថ្ម​ស្អាតៗ​រឹងមាំ​បាន​ចូល​មក​ជំនួស​ផ្ទះ​ប្រក់​ស្បូវ​ជា​បន្តបន្ទាប់​។ ប្រព័ន្ធ​បន្ទះ​អគ្គិសនី​ពន្លឺ​ព្រះអាទិត្យ​ប្រមាណ​ ៤,៥ ​លាន​គ្រឿង​ត្រូវ​បាន​ផ្គត់ផ្គង់​ទៅ​កាន់​តំបន់​ដាច់​ស្រយាល​ដែល​មិន​ទាន់​មាន​ខ្សែ​បញ្ជូន​អគ្គិសនី​ចូល​ទៅ​ដល់​។

រដ្ឋាភិបាល​របស់​យើង​បាន​ដាក់​អាទិភាព​លើ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ជា​ចម្បង​តាមរយៈ​ការ​ធានា​ដល់​ការ​អប់រំ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ ​កុមារ​ចុះ​ឈ្មោះ​ចូល​រៀន​មាន​ភាគរយ​ខ្ពស់​។

ជាពិសេស​មាន​ប្រាក់​ឧបត្ថម្ភ​ពិសេស​សម្រាប់​សិស្សស្រី​ដែល​មកពី​គ្រួសារ​ក្រីក្រ​ហើយ​ការ​សិក្សា​របស់​ក្មេងស្រី​គឺ​ឥត​គិត​ថ្លៃ​។ មាន​ការ​ចែក​ជូន​សៀវភៅ​សរសេរ​ដោយ​ឥត​គិត​ថ្លៃ​ដល់​សិស្ស​ចាប់ពី​ថ្នាក់​ដំបូង​រហូត​ដល់​កម្រិត​អនុវិទ្យាល័យ​។ ភូមិ​ដែល​នៅ​តំបន់​ដាច់​ស្រយាល​ឆ្ងាយៗ​ត្រូវ​បាន​ភ្ជាប់​បណ្តាញ​ឌីជីថល​។

រដ្ឋាភិបាល​របស់​ខ្ញុំ​បាន​ដាក់​ប្រទេស​បង់ក្លាដេស​នៅ​លើ​ជំហរ​រឹងមាំ​។ ខ្ញុំ​តែងតែ​និយាយ​ថា​ភាព​ក្រីក្រ​គឺជា​សត្រូវ​ដ៏ធំ​បំផុត​របស់​ប្រជាពលរដ្ឋ​។ ​យើង​ស្ទើរតែ​គ្រប់គ្រង​អត្រា​ស្រេក​ឃ្លាន​បាន​ទាំង​ស្រុង​។ ​

យើង​កំពុង​ព្យាយាម​ផ្តល់​សេវ៉ាថែទាំ​ និង​ព្យាបាល​សុខភាព​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​តាមរយៈ​គ្លីនិក​ក្នុង​សហគមន៍​ និង​មណ្ឌល​សុខភាព​តាម​ទីជនបទ​ប្រមាណ​ជិត​ ១៨៥០០ ​កន្លែង​។ បង់ក្លាដេស​ប្រាថ្នា​ចង់​ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​ត្រឹម​ឆ្នាំ​ ២០២១​។ វា​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ​យើង​នឹង​សម្រេច​បាន​ដរាប​ណា​ប្រជាពលរដ្ឋ​របស់​ខ្ញុំ​នៅ​បន្ត​ទទួល​បាន​ជីវភាព​រស់នៅ​ប្រកប​ដោយ​និរន្តរភាព​ និង​មាន​លក្ខណៈ​រីកចម្រើន​ប្រសើរ​ឡើង​ជា​លំដាប់​នោះ​។

បច្ចុប្បន្ន​នេះ​ប្រទេស​បង់ក្លាដេស​កំពុង​ប្រឈម​នឹង​វិបត្តិ​ផ្តល់​ជំនួយ​សប្បុរសធម៌​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ដល់​ជនជាតិ​រ៉ូហ៊ីងយ៉ា​ជាង​មួយ​លាន​នាក់​ដែល​ពួកគេ​បាន​រត់​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​ភូមា​។

យើង​បាន​ផ្តល់​ឱ្យ​ពួកគេ​នូវ​ទីជម្រក​ និង​ជំនួយ​មនុស្សធម៌​ ប៉ុន្តែ​វា​នៅ​តែ​ពិបាក​សម្រាប់​យើង​ក្នុង​ការ​ផ្តល់​អាហារ​ និង​ទីជម្រក​រយៈពេល​យូរអង្វែង​។ ​ប្រទេស​មីយ៉ាន់ម៉ា​ត្រូវ​តែ​ទទួល​យក​ពលរដ្ឋ​របស់​ខ្លួន​ត្រឡប់​ទៅ​វិញ​ឱ្យ​បាន​ឆាប់​បំផុត​ហើយ​ពេល​នេះ​យើង​កំពុង​ស្វែងរក​ជំនួយ​ពី​សហគមន៍​អន្តរជាតិ​ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​នេះ​ផង​ដែរ​។

មនុស្ស​ជាច្រើន​បាន​ទស្សន៍ទាយ​ថា​ប្រទេស​បង់ក្លាដេស​នឹង​ក្លាយ​ទៅ​ជា​ទីតាំង​យោធា​មួយ​ដ៏ធំ​នៅ​តំបន់​អាស៊ី​ខាង​ត្បូង​ បន្ទាប់ពី​ប៉ាគីស្ថាន​មាន​ក្រុម​ជ្រុល​និយម​ជាច្រើន​កើតឡើង​នៅ​ទី​នោះ​។ អំពើ​ភេវរកម្ម​ និង​ក្រុម​ជ្រុលនិយម​ដែល​បង្ក​ហិង្សា​វា​បាន​ក្លាយ​ទៅ​ជា​បាតុភូត​សកល​មួយ​រួច​ទៅ​ហើយ​។ ​គ្មាន​ប្រទេស​ណា​មួយ​ទ្រាំ​មើល​ចំពោះ​ការ​គំរាម​កំហែង​នេះ​បាន​ទេ​។ ​ជោគជ័យ​ដ៏ធំ​ធេង​បំផុត​របស់​យើង​គឺ​ទប់ស្កាត់​ការ​រីករាល​ដាល​អំពើ​ភេវរកម្ម​ជាមួយ​នឹង​គោលនយោបាយ​មិន​អត់ឱន​។

សមត្ថភាព​អនុវត្ត​ច្បាប់​របស់​យើង​ត្រូវ​បាន​ពង្រឹង​ជា​លំដាប់​ដើម្បី​ដោះស្រាយ​ជាមួយ​អំពើ​ភេរវកម្ម​។ ​លើស​ពី​នេះ​ទៀត​ប្រជាពលរដ្ឋ​ភាគច្រើន​របស់​យើង​គឺ​មិន​គាំទ្រ​សកម្មភាព​បំផ្លិច​បំផ្លាញ​ណា​មួយ​ក្នុង​ឈ្មោះ​សាសនា​នោះ​ទេ​។ ​យើង​ក៏​បាន​ចាប់ផ្តើម​យុទ្ធនាការ​រួម​គ្នា​មួយ​ពាក់ព័ន្ធ​នឹង​មេដឹកនាំ​សាសនា​គ្រូបង្រៀន​និង​អ្នក​ដឹកនាំ​ដែល​មាន​គំនិត​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​។

មាន​សាជីវកម្ម​ជាច្រើន​នៅ​ក្នុង​ទិដ្ឋភាព​សេដ្ឋកិច្ច​សង្គម​រវាង​ប្រទេស​បង់ក្លាដេស​ និង​កម្ពុជា​។ ​ប្រទេស​យើង​ទាំង​ពីរ​បាន​ខិតខំ​កែលម្អ​កម្រឹត​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​។ ​

ប្រទេស​បង់ក្លាដេស​ និង​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន​ ៤ ​កាលពី​ឆ្នាំ​ ២០១៤​។ ​កិច្ចសហប្រតិបត្តិការ​ទៅវិញ​ទៅមក​លើ​វិស័យ​កសិកម្ម​អាជីវកម្ម​ពាណិជ្ជកម្ម​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​អប់រំ​ និង​វប្បធម៌​គួរ​តែ​ត្រូវ​បាន​ជំរុញ​ដើម្បី​ប្រយោជន៍​របស់​ប្រជាជន​នៃ​ប្រទេស​យើង​ទាំង​ពីរ​។ ​លើក​នេះ​គឺ​មាន​កិច្ចព្រមព្រៀង​ និង​អនុស្សរណៈ​យោគយល់​គ្នា​ប្រមាណ​ជាង​ ១០ ​ផ្សេង​ទៀត​ដែល​នឹង​ត្រូវ​ចុះហត្ថលេខា​។

ទាំង​ប្រទេស​បង់ក្លាដេស​ និង​កម្ពុជា​សុទ្ធតែ​បាន​បង្កើត​អត្ថប្រយោជន៍​ភាព​ជា​ដៃគូ​ទៅវិញ​ទៅមក​ទាំង​កម្រឹត​ទ្វេភាគី​កម្រឹត​តំបន់​ និង​ពហុភាគី​ហើយ​យើង​កំពុង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​សន្តិភាព​ និង​ស្ថិរភាព​នៅ​ក្នុង​តំបន់​។

​ខ្ញុំ​សង្ឃឹម​ថា​ភាតរភាព​ និង​កិច្ចសហប្រតិបត្តិការ​រវាង​បង់ក្លាដេស​ និង​កម្ពុជា​នឹង​ត្រូវ​បាន​ពង្រឹង​បន្ថែម​ទៀត​តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​ខ្ញុំ​នេះ​៕ NS

លោកស្រី Sheikh Hasina គឺជា​នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន​របស់​ប្រទេស​បង់ក្លាដេស​ និង​ជា​ម្ចាស់​ពាន​រង្វាន់​បរិស្ថាន Champion of the Earth របស់ UN ឆ្នាំ ២០១៥​។

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ