Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ភាព​យឺត​យារ​ដូច​កៅស៊ូ​នៃ​ប្រជាធិបតេយ្យ​ខ្មែរ

Content image - Phnom Penh Post
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​តិចតួច​ចេញ​មុខ​ឈឺឆ្អាល​លោក​ កឹម ​សុខា ពី​ម្សិលមិញ​។ ហេង ជីវ័ន

ភាព​យឺត​យារ​ដូច​កៅស៊ូ​នៃ​ប្រជាធិបតេយ្យ​ខ្មែរ

ថ្វីបើ​បាន​ដឹង​ហើយ​ថា​តំណាងរាស្ដ្រ​បក្ស​សង្គ្រោះ​ជាតិ​ច្រើន​តែ​ចេញ​ក្រៅ​ប្រទេស​ដែល​ភាសា​សាមញ្ញ​ថា​រត់​ចោល​ស្រុក​ពេល​មាន​បញ្ហា តែ​វា​ពិតជា​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខ្លាំង​នៅ​ពេល​ដឹង​ថា​ជាង​ពាក់កណ្ដាល​នៃ​សមាជិក​សភា​ ​និង​ព្រឹទ្ធសភា​នៃ​បក្ស​នេះ​កំពុង​នៅ​ក្រៅ​ប្រទេស​ក្នុង​ពេល​បក្ស​​ខ្លួន​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​។

ពិត​ជា​មិន​ស្មាន​ថា​មាន​ច្រើន​ដល់​ថ្នាក់​នេះ​សោះ​គឺ​ស្មាន​ថា​ប្រហែល​​តែ​ ១០-២០% ​ប៉ុណ្ណោះ​។ មកពី​គ្មាន​មនុស្ស​នៅ​ក្នុង​ស្រុក​អ៊ិចឹង​​ហើយ​ទើប​កូនស្រី​លោក​ កឹម សុខា កញ្ញា​ កឹម មនោវិទ្យា ខក​ចិត្ដ​យ៉ាង​ខ្លាំង​ ខណៈ​មាន​តែ​តំណាងរាស្ដ្រ​ប្រហែល​ ១០ ​នាក់​ក្នុង​ចំណោម​ជាង​ ៥០ ​នាក់​ដែល​ហ៊ាន​ចេញ​មុខ​ពាក់ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន​ឪពុក​របស់​ខ្លួន​។

អ្វី​ដែល​គួរ​ឲ្យ​ហួស​ចិត្ដ​នោះ​គឺ​ការ​ធ្វើ​លិខិត​អំពាវនាវ​ពី​មន្ដ្រី​ជាន់​ខ្ពស់​គណបក្ស​ឲ្យ​សមាជិក​សភា​ និង​ព្រឹទ្ធសភា​ខ្លួន​ដែល​រត់​​ទៅ​បរទេស​ឲ្យ​ប្រញាប់​វិល​វិញ​ជា​បន្ទាន់​តាម​ការ​ចាំបាច់​របស់​គណបក្ស​។ ​

លិខិត​ចេញ​ដោយ​មន្ដ្រី​ជាន់​ខ្ពស់​បក្ស​របៀប​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​បាត់​ម្ចាស់​​ការ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាត់​ភាព​ជា​ខ្លួនឯង ផ្ទុយ​ទៅ​វិញ​​វា​ជា​ការ​ហែក​ចេញ​ដោយ​ខ្លួនឯង​នូវ​រឿង​ដ៏គួរ​ឲ្យ​ខ្មាស​ក្នុង​បក្ស​ជា​សាធារណៈ​។ តើ​អស់​លោក​ដែល​កំពុង​ស្នាក់នៅ​បរទេស​មិន​​ដឹង​ទេ​ឬ​ថា​បក្ស​ខ្លួន​កំពុង​មាន​បញ្ហា​ត្រូវការ​កម្លាំង​សាមគ្គី​មក​ទប់ទល់​នឹង​បញ្ហា​នេះ​? ​ហេតុ​អ្វី​ចាំបាច់​គេ​អំពាវនាវ​បែប​នេះ​?

ម្ដេច​ក៏​ធ្វើ​មើល​តែ​គេ​តាម​ហៅ​កូន​ក្មេង​ដែល​ដើរលេង​ភ្លេច​ផ្ទះ​​សំបែង ភ្លេច​រៀន​សូត្រ​ឲ្យ​វិល​មក​ផ្ទះ​វិញ​បែប​នេះ​? ​គួរ​ណាស់​តែ​លោក​ធំៗ​ទាំង​នោះ​មាន​មនោសញ្ចេតនា​រួម​គ្នា​ដែល​រួម​សុខ​រួមទុក្ខ​ជាមួយ​សមាជិក​ក្នុង​បក្ស​​ហើយ​ស្រឡាញ់​គ្នា​ដូច​បង​ដូច​ប្អូន​ដែល​បើ​មាន​សមាជិក​ណា​ម្នាក់​មាន​បញ្ហា​គឺ​គួរ​តែ​ប្រញាប់​​ជួយ​ដោះស្រាយ​គ្នា ផ្ទុយ​ទៅ​វិញ​​ម្ដេច​ក៏​ចាំ​ឲ្យ​គេ​ហៅ​ដូច​នេះ​?

ប្រសិន​បើ​ក្នុង​លក្ខខណ្ឌ​ធម្មតាៗ តើ​គេ​ចាំបាច់​ចេញ​លិខិត​បែប​នេះ​ដែរ​ទេ​? ​មិន​គិត​មិន​​បាន​សោះ​ថា​លិខិត​នេះ​ធ្វើ​ឡើង​ក្រោម​ឥទ្ធិពល​ណា​មួយ​ដែល​សង្គ្រោះ​ជាតិ​ចាំបាច់​ត្រូវ​តែ​ធ្វើ​ដើម្បី​ប្ដូរ​មក​វិញ​នូវ​លក្ខខណ្ឌ​ណា​មួយ​​បើទោះ​ជា​គេ​ក៏​មិនមែន​មើល​មិន​ធ្លុះ​ថា​នេះ​ជា​ការ​ហែកកេរ្ដិ៍​បក្ស​ខ្លួន​​ឯង​ក៏ដោយ ក៏​គេ​នៅ​តែ​ធ្វើ​។

ប្រសិន​បើ​នោះ​ជា​បេសកកម្ម​នៅ​បរទេស​មែន ហេតុអ្វី​បក្ស​ចាំបាច់​​ចេញ​លិខិត​ហៅ​ឲ្យ​វិល​មក​ជា​ប្រញាប់​ធ្វើ​អ្វី ព្រោះ​បក្ស​មុខ​ជា​ដឹងថា​តំណាង​រូប​ណា​ជាប់​បេសកកម្ម​នៅ​ប្រទេស​ណា​? ​ក្នុង​កិច្ចការ​អ្វី​? ​និង​រយៈពេល​ប៉ុន្មាន​​ត្រូវ​បញ្ចប់​បេសកកម្ម​វិល​ត្រឡប់​​មក​ស្រុក​វិញ​មិន​ខាន​។

ប្រសិន​បើ​ពិតជា​ត្រូវ​តែ​វិល​មក​ស្រុក​វិញ​ជា​កំហិត​មែន​ក៏​ក្នុង​លិខិត​នោះ​​គួរតែ​ប្រើ​ពាក្យ​ដូចជា​ថា​សូម​ប្រញាប់​បញ្ចប់​បេសកកម្ម​ដែល​សេសសល់​នៅ​បរទេស​របស់​ខ្លួន​​មុន​កាល​កំណត់​ហើយ​ត្រឡប់​មក​វិញ​ដោយសារ​មាន​កិច្ច​សំខាន់​បែប​នេះ​មួយ​បែប​នោះ​ពីរ​​ត្រូវ​ដោះស្រាយ​ដែរ មិន​គួរ​បង្ហាញ​លើ​គោក​ថា​លោក​ធំ​ដែល​មាន​ងារ​ជា​អ្នក​ស្នេហា​ជាតិ​រាប់​សិប​នាក់​នោះ​បែរ​ជា​កំពុង​រត់​ចោល​​ស្រុក​ទៅ​សំងំ​សុខ​ ខណៈ​ប្រធាន​បក្ស​ខ្លួន​កំពុង​ស្ថិត​ក្រោម​ការ​ឃុំ​​ខ្លួន​ដូច្នោះ​នោះ​ទេ​។ អ៊ីចឹងៗ​សោះ​ធ្វើ​ឯង​មក​ហៅ​អ្នក​គាំទ្រ​ឲ្យ​នៅ​បន្ដ​ស្ម័គ្រស្មោះ​ទៅ​រួច នៅ​​ពេល​ដែល​លោក​ធំ​ខ្លួនឯង​រត់​ចោល​មេ​ក្នុង​គ្រា​លំបាក​នោះ​។

កាលពី​សប្ដាហ៍​មុន​នៅ​មុខ​ពន្ធនាគារ​ត្រពាំងផ្លុង​លោកស្រី​ មូរ សុខហួរ ពុល​យ៉ាង​ម៉េច​មិន​​ដឹង​ទើប​ស្រែក​ថា បើ​មិន​ដោះលែង​លោក កឹម សុខា ទេ​នោះ​សង្គ្រោះ​ជាតិ​នឹង​មិន​ចូលរួម​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៨ ​ឡើយ​។

ពេល​បានឮ​ដូច្នេះ​ខ្ញុំ​គិត​ថា​សូម​ឲ្យ​សម្ដី​នោះ​វា​ពិត​ម្ដង​ទៅ​ចុះ​លោក​!​ប៉ុន្ដែ​មិន​បាន​ប៉ុន្មាន​ម៉ោង​ផង​អ្នក​នាំ​ពាក្យ​បក្ស​សង្គ្រោះជាតិ​កុំ​ឲ្យ​តែ​ទុក​មុខ​ទុក​មាត់​ឲ្យ​អនុប្រធាន​បក្ស​ខ្លួន​អី​ប៉ុន​សរសៃ​សក់​ដោយ​បាន​ហៅ​លោកស្រី​​មូរសុខហួរ​ឲ្យ​មក​ឈរ​កន្ដឹមៗ​ក្បែរ​នោះ​ហើយ​ស្ដី​ឲ្យ​ស្ពឹក​មុខ​ទៀត​។ ​ការ​សម្រេច​ថា​តើ​សង្គ្រោះជាតិ​ចូលរួម​បោះឆ្នោត​ ឬ​មិន​ចូល​​រួម​មិន​សម្រេច​នៅ​លើ​សង្គ្រោះ​​ជាតិ​ឡើយ​កុំ​ច្រឡំ​។

សង្គ្រោះជាតិ​គ្មាន​ភាព​ម្ចាស់​ការ​សម្រេច​ជោគវាសនា​បក្ស​ខ្លួន​ឡើយ​។ កុំ​​ថា​ឡើយ​ដល់​ខ្លាច​បាត់បង់​តំណែង​​តំណាងរាស្ដ្រ តំណែង​មេឃុំ​ថ្មី​​ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ថ្មី​ហើយ​គេ​មិន​រំលាយ​បក្ស​ខ្លួន បើ​ទោះ​ជា​ពួកគេ​ដាច់​ចិត្ដ​បោះបង់​ចោល​ហើយ​ចង់​រំលាយ​បក្ស​ក៏​គេ​មិន​ដឹង​ថា​តើ​ឈប់​លេង​តាម​មធ្យោបាយ​ណា​កើត​ដែរ បើ​កាល​ណា​បក្ស​​កាន់​អំណាច​មិន​ព្រម​ឲ្យ​ឈប់​លេង​នោះ​។

សង្គ្រោះ​ជាតិ​គ្មាន​ភាព​ឯករាជ្យ​ឡើយ​ហើយ​រឿង​​នេះ​សូម​កុំ​សម្លឹង​ទៅ​បក្ស​កាន់​​អំណាច​ថា​គេ​ធ្វើ​ទុក្ខ​បុកម្នេញ​ខ្លួន​អី ព្រោះ​ថា​គេ​ធ្វើ​បែប​នេះ​បាន​តាំង​ពី​ដើម​មក​ទល់​ពេល​នេះ​កើត​ក៏​ព្រោះ​តែ​សង្គ្រោះ​ជាតិ​ខ្លួនឯង​ទន់ខ្សោយ​ខ្លាំង​ពេក​ខ្សោយ​ល្មម​គេ​បំបែក​បាន​។ ​បើ​ខ្លួន​រឹងមាំ​ផ្ទៃ​ក្នុង​មែន ទោះ​គេ​ចង់​បំបែក ក៏​គេ​មិន​អាច​បំបែក​បាន​ដោយ​ងាយស្រួល​បែប​នេះ​ដែរ​។

ករណី​លោក កឹម សុខា ​ត្រូវ​ស្ថិត​ក្រោម​ការ​ឃុំ​ខ្លួន​ជា​ឧទាហរណ៍​ជាក់ស្ដែង​អំពី​ភាព​ទន់ខ្សោយ​គ្មាន​សាមគ្គីភាព​ក្នុង​បក្ស​។ ដូច​ពាក្យ​ចាស់​ថា​គ្រោះ​ភ័យ​មក​​ដល់​ទើប​ស្គាល់​មុខ​មិត្ដ​ពិត​ជា​ប្រើ​បាន​គ្រប់​សម័យកាល​មែន​។

មាន​គ្នា​រហូត​ដល់​ទៅ​ ៥៥ ​រូប​ដែរ​​តែ​សម្រេច​សម្រួច​កម្លាំង​ស្មើ​សូន្យ​រក​ធ្វើ​អី​ជា​សាច់​ការ​មិន​បាន​ឃើញ​តែ​នាំ​គ្នា​ជួញ​គុក​។

៤ ​ឆ្នាំ​ក្រោយ​បាន​ងារ​ជា​តំណាងរាស្ដ្រ​លោក​ធំ​យើង​រវល់​តែ​ក្រវែល​គុក​មិន​ស្វាង​គ្មាន​បាន​លើក​យក​បញ្ហា​ម្ចាស់​ឆ្នោត​មក​ដោះស្រាយ​សោះ ហើយ​បើ​ថា​ជួប​ព្យុះ​ភ្លៀង​ក្នុង​បក្ស​លោក​ធំៗ​ប្រឹង​រួម​គ្នា​ដោះស្រាយ​ដែរ តែ​ស្ថានភាព​វា​ធ្ងន់​ពេក​ដោះ​មិន​បាន​មិន​ថា​ទេ តែ​នេះ​លេង​រត់​ចោល​មេ​ខ្លួនឯង​តែ​ម្ដង​។ ធ្លាប់​តែ​ឃើញ​លោក​ សម រង្ស៊ី ​រត់​ចោល​កូនចៅ​​លើក​នេះ​លេង​កូនចៅ​រត់​ចោល​មេ​វិញ​ម្ដង​។ ការ​រួបរួម​មួយ​ដែល​កសាង​ដោយ​ឈរ​លើ​ប្រយោជន៍​​ផ្ទាល់​ខ្លួន​របស់​ជន​អាត្មា​និយម​ជា​លទ្ធផល​គឺ​កាលបើ​មាន​គ្រោះភ័យ គេ​មុខ​ជា​ចែក​ជើង​គ្នា​គេច​យក​សុខ​រៀងៗ​ខ្លួន​បែប​នេះ​ឯង​។

កាល​នោះ​ប្រសិន​បើ​មាន​សមាជិក​សភា​បក្ស​កាន់​អំណាច​មួយ​​ចំនួន​ចង់​ជួយ​បោះឆ្នោត​បង្គ្រប់​កូរ៉ុម​ដើម្បី​ឲ្យ​បញ្ឈប់​នីតិវិធី​តុលាការ​លើ​លោក កឹម សុខា ក៏​គេ​រក​ជួយ​មិន​បាន​ដែរ​។ អ៊ីចឹង​តើ​ធ្វើ​​ម្ដេច​គេ​អាច​មក​ប្រជុំ​សភា​ពេល​​នោះ​បាន​? ​សួរ​ថា ទេវតា​ឯណា​អាច​ជួយ​លោក​ កឹម សុខា កើត បើ​អ្នក​ដែល​ហៅ​ខ្លួន​ថា​អ្នក​ស្ម័គ្រ​បក្ខពួក​របស់​លោក​ កឹម សុខា ​ផ្ទាល់​មិន​ទាំង​ជួយ​គាត់​ផង​?

​ពាក្យ​ថា​សមាជិក​សភា​កូតា​សង្គ្រោះ​ជាតិ​ពហិការ​ក្នុង​ការ​​ប្រជុំ​សភា វា​គ្រាន់​តែ​ជា​ឡប់ឡែ​ដែល​បិទបាំង​ភាព​ភ័យខ្លាច និង​ភាព​អាត្មានិយម​រត់​ប្រាស​អាយូស​​ប៉ុណ្ណោះ​។ ​មិន​ឲ្យ​ថា​ពហិការ​យ៉ាង​​ម៉េច បើ​បុ័ងប្រុច​អស់​ទៅ​ហើយ ទោះ​ចង់​ចូល​ប្រជុំ​កុំ​ថា​ដល់​រក​សំឡេង​គាំទ្រ​ពី​បក្ស​កាន់​អំណាច​ត្រឹម​តែ​ប្រមូល​គ្នា​របស់​សង្គ្រោះជាតិ​មក​ប្រជុំ​ក៏​មិន​បាន​ផង​។

ក្នុង​​សង្គ្រោះ​ជាតិ​គ្មាន​ឡើយ​ពាក្យ​ថា​រួម​សុខ​រួមទុក្ខ​ជាមួយ​គ្នា មាន​​តែ​ពាក្យ​ថា​ចែក​ប្រយោជន៍​ផ្ទាល់​​ខ្លួន​។ ​បើ​នៅ​តែ​មិន​ទទួល​ស្គាល់​ថា​គ្មាន​សាមគ្គីភាព​ផ្ទៃក្នុង​ខ្លួន​​ហើយ​ប្រឹង​បំភាន់​ពលរដ្ឋ​តាម​មូលដ្ឋាន​ដែល​គ្នា​ខ្សោយ​មូលដ្ឋាន​ពិចារណា​ថា​សង្គ្រោះ​ជាតិ​នៅ​តែ​រឹងមាំ នោះ​សង្គ្រោះ​ជាតិ​នឹង​ជួប​ព្យុះ​ភ្លៀង​បន្ដ​គឺ​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​ថា​បើ​ទោះ​ជា​ចង់​ដាច់​ខ្យល់​ស្លាប់ ដើម្បី​បាន​ទៅ​ចាប់​ជាតិ​ថ្មី​តាម​អនុសាសន៍​អ្នក​វិភាគ​នយោបាយ​ខ្លះ​ថា​រំលាយ​សង្គ្រោះ​ជាតិ ហើយ​ទៅ​បើក​បក្ស​ថ្មី​ ឬ​ទំ​លើ​បក្ស​​តូច​ដែល​មាន​ស្រាប់​ណា​មួយ ក៏​​សង្គ្រោះ​ជាតិ​ទំនង​ជា​ក្ស័យ​មិន​​បាន​ដែរ​គឺ​មុខ​ជា​ផ្ដឹក​ផ្ដក់ៗ​រស់​ក៏​មិន​កើត ស្លាប់​ក៏​មិន​បាន ហើយ​កុំ​ចេះ​តែ​ឌឺ​គេ​មិន​ឈប់​ថា​បើ​ខ្លាំង​មែន​មក​រំលាយ​សង្គ្រោះ​ជាតិ​មក​បើ​អាច​ប្រឈមមុខ​នឹង​ការ​ចោទ​​ថា​សភា​មិន​ស្រប​ច្បាប់​បាន​។

​ផ្លូវ​​ដែល​គេ​ត្រូវ​ដើរ​មិន​ទៅ​តាម​ការ​​គូសវាស​របស់​សង្គ្រោះ​ជាតិ​ទេ​កុំ​បាច់​គូស​ផ្លូវ​ឲ្យ​គេ​ដើរ ផ្ទុយ​ទៅ​​វិញ​គឺ​សង្គ្រោះ​ជាតិ​ទៅ​វិញ​ទេ ដែល​ត្រូវ​ប្រឹង​រត់​តាម​ក្រឡា​អុក​គេ​ឲ្យ​ទាន់​នោះ​។ តិច​លោ​ច្រឡំ​ថា​ខ្លួន​កំពុង​តែ​មាន​ប្រៀប​លើ​គេ​​ចុះ​? ​អាសូរ​តែ​អ្នក​គាំទ្រ​ដែល​បន្ទរ​ថា​សង្គ្រោះ​ជាតិ​នៅ​តែ​រឹងមាំ​។

បើ​សូម្បី​តែ​លោក​ធំៗ​គ្នា​គេ​ក៏​គេ​រត់​ចោល​គ្នា សួរ​ថា​បើ​អ្នក​​គាំទ្រ​ស្បែក​​ស្ងួតៗ​នៅ​តាម​ជនបទ​នានា​មាន​រឿង​វិញ​តើ​លោក​​ធំ​ទាំង​នោះ​នឹង​អើពើ​ដែរ​ទេ​? ចាស់​ថា​ដាំ​ចេក​ទៅ​។

រឿង​ដែល​គួរ​ឲ្យ​អស់​សំណើច​មួយ​ទៀត​គឺ​ពេល​បាន​ឮ​ហើយ​យល់​ថា​អាណត្ដិ​នេះ​ទំនង​ជា​គេ​​ស៊ី​ស្អាត​ទៀត​នោះ​គឺ​រឿង​ដែល​ទាំង​ថ្នាក់​ដឹកនាំ​សង្គ្រោះ​ជាតិ រួម​​ទាំង​សង្គម​ស៊ីវិល​និន្នាការ​ប្រឆាំង​មួយ​ចំនួន​ក៏​ដូចជា​អ្នក​វិភាគ​នយោបាយ​ធំៗ​បាន​បញ្ចេញ​មតិ​ទាក់ទង​នឹង​ស្ថានភាព​នយោបាយ​​ខ្មែរ​បច្ចុប្បន្ន​។

គេ​នាំ​គ្នា​ទាមទារ​ថា​សូម​ឲ្យ​រដ្ឋាភិបាល​បន្ទន់​ឥរិយាបថ​បើក​ចំហ​ឲ្យ​បាន​ទូលំ​ទូលាយ​ជាង​មុន​ដើម្បី​ឲ្យ​ដំណើរការ​ប្រជាធិបតេយ្យ​វិល​ទៅ​រក​ភាព​ប្រក្រតី​ឡើង​វិញ ខ្លះ​ថា​ត្រឡប់​ទៅ​រក​ស្ថានភាព​នយោបាយ​ធម្មតា​វិញ​។ ខ្ញុំ​ចេះ​តែ​ចង់​​សើច នៅ​ត្រង់​ថា​ «​ដើម្បី​ឲ្យ​ដំណើរការ​ប្រជាធិបតេយ្យ​វិល​ទៅ​​រក​ភាព​ប្រក្រតី​ឡើង​វិញ​» បើ​បែប​នេះ​បាន​ន័យ​ថា​មុន​ពេល​បិទ​វិទ្យាស្ថាន​ អិនឌីអាយ ​គឺ​ប្រទេស​យើង​មាន​ប្រជាធិបតេយ្យ​ធម្មតា​ហើយ​តើ​មែន​ទេ​? ​តិច​ថា​តម្រិះ​ជិះ​ក​ឯង​មក​ស្រែក​បែប​​នេះ​។ អ្វីៗ​មុន​ពេល​គេ​ហៅថា​មាន​ភាព​មិន​ប្រក្រតី​នយោបាយ គេ​ទៅ​ជា​រាប់​ចាប់​ពី​ការ​បិទ​វិទ្យាស្ថាន​ អិនឌីអាយ មក​។

បើ​តាម​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​សង្គ្រោះ​ជាតិ​រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល​ខ្លះ​ក៏​ដូចជា​អ្នក​វិភាគ​នយោបាយ​ធំៗ​លើក​ឡើង​មុន​ព្រឹត្ដិការណ៍​ទាំង​នេះ​គឺ​ដំណើរការ​ប្រជាធិបតេយ្យ​ប្រក្រតី​ល្អ​ធម្មតា​។ បើ​បែប​នេះ​មែន តែ​កាលណា​គេ​ដោះស្រាយ​រឿង​មួយ​ចំនួន​ខាង​លើ​នេះ​រួច នោះ​ដល់​រឿង​បោះឆ្នោត​ជាតិ​ ២០១៨ គេ​ដាច់​ខាត​ត្រូវ​តែ​ទទួល​ស្គាល់​លទ្ធផល​ដែល​​កើត​ក្រោម​បរិយាកាស​នយោបាយ​ដែល​ខ្លួន​គេ​ថា​ធូរស្រាល​ហើយ​នោះ​ជា​មិន​ខាន ព្រោះ​សព្វ​ថ្ងៃ​នេះ​គេ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វិល​ទៅ​រក​ប្រជាធិបតេយ្យ​ធម្មតា​វិញ​។

គេ​គ្មាន​ត្រូវការ​ទាមទារ​អី​ដទៃ​ចាស់ៗ​ទេ ឲ្យ​តែ​ដោះស្រាយ​រឿង​ថ្មីៗ​នេះ​រួច​ «​ប្រក្រតី​វិញ​បាត់​»​។ បក្ស​កាន់​អំណាច​ក៏​ចូលចិត្ដ​លេង​​ល្បែង​ឡូហ្ស៊ិក​ដែរ អ៊ីចឹង​ស៊ី​ស្អាត​ទៀត​ឥឡូវ​ហើយ​ព្រោះ​រឿង​នេះ​ឡូហ្ស៊ិក​ណាស់​។ ​តឹងៗ​ហ្នឹង ធូរ​ក្សុយ​ឥឡូវ​ក៏​បាន​ដែរ​។

ចំណុច​នេះ​ជា​ការ​យល់ឃើញ​ដែល​មិន​ត្រឹមត្រូវ​មួយ​អំពី​រឿង​ប្រជាធិបតេយ្យ តែ​មតិ​ភាគច្រើន​នៅ​ស្រុក​យើង​ច្រើន​មើល​​រំលង​។ កាលណា​មាន​ការ​ចាប់​ចង​សកម្មជន​សិទ្ធិ​មនុស្ស​ណា​​មួយ គេ​ថា​ប្រជាធិបតេយ្យ​ស្រុក​ខ្មែរ​ដើរ​ថយ​ក្រោយ​ហើយៗ​កាល​​ណា​គេ​ដោះលែង​មក​វិញ គេ​ក៏​ស្រែក​ថា​ប្រជាធិបតេយ្យ​ដើរ​​ទៅ​មុខ​ហើយ​។ បើ​បែប​នេះ​មែន ប្រជាធិបតេយ្យ​នៅ​ស្រុក​ខ្មែរ​វា​យារ​យឺត​ដូច​កៅស៊ូ​ម្ដង​យឺត​ទៅ​លិច ម្ដង​យារ​ទៅ​កើត​តាម​​តែ​លោក​ធំ​ទាញ​ទៅ​ហើយ​?

សំណួរ​ដែល​គួរ​យក​មក​ពិចារណា​គ្នា​នោះ​គឺ​ថា តើ​អ្វី​ទៅ​​ជា​ប្រជាធិបតេយ្យ​? ​អ្វី​ជា​គោល​សម្រាប់​វាស់​ប្រជាធិបតេយ្យ​? តើ​នរណា​ជា​តួអង្គ​ប្រជាធិបតេយ្យ​? ​តើ​មាន​យន្ដការ​អ្វី​កសាង​ប្រជាធិបតេយ្យ​បែប​ណា​? ​ជាដើម​។

បើ​តាម​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់​សង្គ្រោះជាតិ សង្គម​ស៊ីវិល​ខ្លះ និង​អ្នក​​វិភាគ​នយោបាយ​លើក​ឡើង ភាគី​ពាក់ព័ន្ធ​នៃ​ប្រជាធិបតេយ្យ​ខ្មែរ​គឺ​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​របស់​សង្គ្រោះ​ជាតិ សង្គម​ស៊ីវិល​និន្នាការ​ប្រឆាំង សកម្មជន​សិទ្ធិមនុស្ស និង​អ្នក​វិភាគ​នយោបាយ​។ កាលណា​ប៉ះពាល់​ដល់​​ជន​ទាំង​នេះ នោះ​មុខ​ជា​ប្រជាធិបតេយ្យ​ស្រុក​ខ្មែរ​យារ​ថយ​​ក្រោយ​មិន​ខាន ហើយ​កាល​ណា​ដោះលែង​ពួកគាត់​មក​វិញ នោះ​ប្រជាធិបតេយ្យ​ឈាន​ទៅ​មុខ​មួយ​ជំហាន​ហើយ​។ តើ​ឯណា​ទៅ​ដែល​ថា​ពលរដ្ឋ​ជា​​ធំ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​?

សូម​ពលរដ្ឋ​យក​រឿង​នេះ​ទៅ​គិត​ពិចារណា កុំ​ចេះ​តែ​ឮ​គេ​ថា​​តេយ្យៗ​ [​ប្រជាធិបតេយ្យ​] ក៏​ចេះ​​តែ​តេយ្យ​តាម​គេ ព្រោះ​តេយ្យ​របស់​គេ គ្មាន​ជាប់​ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​ឡើយ​។

កម្ដៅ​នយោបាយ​ទៀត​សោត តែ​កាល​ណា​លោក​ធំៗ​មិន​ត្រូវ​គ្នា ដឹង​តែ​ក្ដៅ​តែ​ម្ដង ហើយ​អ្នក​ស្លាប់​ទាំង​បើក​ភ្នែក​គឺ​ពលរដ្ឋ​តូចតាច​នេះ​​ឯង​។ មើល​ទៅ​មិន​ដឹង​ថា​ដល់​ពេល​ណា​ទើប​ពលរដ្ឋ​ខ្មែរ​ក្លាយ​ជា​តួអង្គ​សំខាន់​លើ​ទីលាន​នយោបាយ​ទេ បើ​កាលណា​យើង​ជា​ពលរដ្ឋ​នៅ​តែ​មិន​អើពើ មិន​ខ្វល់​រឿង​នយោបាយ​ដោយ​ទុក​ឲ្យ​អ្នក​នយោបាយ​ធ្វើ​តាម​តែ​ចិត្ដ​នោះ​គ្មាន​ថ្ងៃ​ដែល​ពលរដ្ឋ​បាន​ក្លាយ​ខ្លួន​ជា​អ្នក​សម្រេច​លើ​ជោគវាសនា​ប្រទេស​ជាតិ​ឡើយ​៕

ប៉ាង វ៉ាន់ថោន
អ៊ីមែលៈ ​vanthownpang@yahoo.com

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ