Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - វប្បធម៌​លូត​ក្ដិច​ត្រួយ

Content image - Phnom Penh Post
រូបភាព​និមិត្តរូប​នៃ​រឿង​និទាន​កបិលមហាព្រហ្ម និង​ធម្មបាល​កុមារ​ទាក់ទង​នឹង​ពិធី​ចូលឆ្នាំ​ខ្មែរ។ រូបថត ហ្វេសប៊ុក

វប្បធម៌​លូត​ក្ដិច​ត្រួយ

និទាន​កថា​ស្ដីពី​ប្រវត្ដិ​នៃ​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ដោយ​សង្ខេប​គឺ​ធម្មបាល​កុមារ​បាន​រៀនសូត្រ​ចេះ​ដឹង​ពី​គម្ពីរ​នានា​យ៉ាង​ចំណាន​រហូត​អ្នកស្រុក​គោរព​ស្រឡាញ់​រាប់អាន​ជា​អ្នក​ប្រាជ្ញ។

ដំណឹង​ពី​ប្រាជ្ញា​នៃ​កុមារ​នោះ​បាន​លេចឮ​ដល់​កបិល​មហាព្រហ្ម។ ដោយ​មិន​បាន​បង្ហាញ​ហេតុផល​អ្វី​សោះ អ្នកនិពន្ធ​បាន​ឲ្យ​មហាព្រហ្ម​មក​ល្បង​ប្រាជ្ញា​នឹង​ធម្មបាល​កុមារ​ដោយ​ប្រស្នា​ភ្នាល់​ដាក់​ក្បាល​គ្នា។

លុះ​ទទួល​ពាក្យ​ប្រស្នា​មហាព្រហ្ម​រួច​ធម្មបាលកុមារ​មិន​ចេះ​ដោះ​ប្រស្នា​ក៏​រត់​គេច​តែ​ពេល​នោះ​បាន​លួច​ស្ដាប់ឮ​ចម្លើយ​នៃ​ប្រស្នា​នោះ​ដោយ​ចៃដន្យ ទើប​គេ​ឈ្នះ​ការ​ប្រកួត​នោះ ហើយ​កបិលមហាព្រហ្ម​ក៏​ព្រម​កាត់​ក្បាល​ខ្លួនឯង។

ការ​ធ្វើ​ពិធី​សាសនា​ដង្ហែ​ក្បាល​នោះ​មួយ​ឆ្នាំ​ម្ដង បាន​ក្លាយ​ជា​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ជា​រៀងរាល់​ឆ្នាំ។

ហេតុ​អ្វី​បាន​ជា​ធម្មបាល​កុមារ​ចេះ​ដឹង​មិន​បាន ទើប​មហាព្រហ្ម​ត្រូវ​មក​ល្បង​ប្រាជ្ញា? ហើយ​បើ​ចង់​ល្បង​ប្រាជ្ញា​ឲ្យ​ដឹង​ថា​គេ​ចេះ​មែន​ក៏​ប្រឡង​ទៅ ម្ដេច​ក៏​ដាក់​លក្ខខណ្ឌ​កាត់​ក្បាល​គ្នា? តើ​នេះ​ជា​ការ​ល្បង​ប្រាជ្ញា​ឲ្យ​ដឹង​ថា​គេ​ចេះ​ដឹង​ប៉ុន​ណា​ ឬ​ជា​ការ​រក​មធ្យោបាយ​កម្ចាត់​គ្នា? ហេតុ​ម្ដេច​ក៏​មិន​អាច​មាន​អ្នក​ចេះ​ដឹង​ក្រៅ​ពី​ខ្លួន? តើ​នេះ​មិនមែន​ជា​វប្បធម៌​លូត​ក្ដិច​ត្រួយ​ដែល​មាន​អញ​អត់​ឯង​ទេ​ឬ? បើ​អ្នក​ស្រុក​មាន​អ្នក​ចេះដឹង​នោះ​ជា​រឿង​ល្អ តែ​ព្រហ្ម​បែរ​ជា​មក​ដាក់​លក្ខខណ្ឌ​កាត់​ក្បាល​គ្នា​ទៅវិញ។

ការ​ប្រឡង​រក​អ្នក​ចេះដឹង​គឺ​ដើម្បី​យក​មក​ប្រើ​ធ្វើ​ប្រយោជន៍​ដល់​អ្នក​ស្រុក មិនមែន​រក​ឲ្យ​ឃើញ​ដើម្បី​សម្លាប់​ចោល​ឡើយ។ តើ​ការ​ល្បង​ប្រាជ្ញា​នេះ​ចំណេញ​អ្វី​ក្រៅ​តែ​ពី​នាំ​ឲ្យ​បាត់បង់​អ្នក​ចេះដឹង? វា​មិន​ត្រឹម​តែ​ឥតប្រយោជន៍​ខ្លាំង តែ​ថែម​ទាំង​បំផ្លាញ​ខ្លាំង​ណាស់។ ចំណែកឯ​ធម្មបាល​កុមារ​ដែល​ជា​អ្នក​ចេះ​ដឹង ម្ដេច​ក៏​មិន​បដិសេធ​ការ​ល្បង​ប្រាជ្ញា​ដែល​គ្មាន​ហេតុ​ផល​នោះ? ហើយ​បើ​ទទួល​ពាក្យ​គេ​ហើយ ពេល​មិន​ចេះ​ដោះស្រាយ​ម្ដេច​ក៏​រត់​គេច? តើ​នោះ​ ឬ​បុគ្គលិក​លក្ខណៈ​របស់​មនុស្ស​ដែល​អ្នក​ស្រុក​គោរព​ស្រឡាញ់​ចាត់​ទុក​ជា​អ្នក​ប្រាជ្ញ?

អ្នក​ចេះដឹង​ដែល​ជា​តំណាង​របស់​អ្នក​ស្រុក​ម្ដេច​មិន​ចេះ​ទទួល​ខុសត្រូវ​មិន​គោរព​សន្យា គ្មាន​សេចក្ដី​ក្លាហាន​ចំពោះ​អ្វី​ដែល​ខ្លួន​បាន​សន្យា? បើ​មិន​ចេះ​ម្ដេច​ក៏​មិន​នៅ​ទទួល​ថា​ខ្លួន​មិន​ចេះ?

ក្រោយ​ពី​ល្បង​ប្រាជ្ញា​គ្នា​តើ​គេ​បាន​អ្វី​មក​វិញ? ម្ដេច​មិន​ទុក​អ្នក​ចេះ​ដឹង​ឲ្យ​នៅ​ជួយ​បង្ហាត់​បង្រៀន​អ្នក​ស្រុក? តើ​ព្រហ្ម​ចូលចិត្ដ​អ្នក​ស្រុក​ល្ងង់​មែន​ទេ?

ព្រហ្ម​មុខ ៤ តំណាង​នូវ​ព្រហ្មវិហារធម៌​ទាំង ៤ គឺ​មេត្ដា ករុណាមុទិតា និង​ឧបេក្ខា ប៉ុន្ដែ​ម្ដេច​ក៏​ក្បាល​ក្នុង​រឿង​និទាន​នេះ​មិន​នាំ​ចម្រើន​សោះ? គេ​ថា​បើ​បោះ​ក្បាល​នោះ​មក​ផែនដី​ឆេះ​ផែនដី បោះ​ទៅ​អាកាស​បង្កើត​គ្រោះ​រាំងស្ងួត បោះ​ទៅ​សមុទ្រ​រីង​ទឹកសមុទ្រ។

តាមពិត​ក្រោយ​រដូវ​ច្រូតកាត់​ប្រមូលផល​ខ្មែរ​សម្បូរ​ភោគផល​កសិកម្ម​ហូរហៀរ ទំនេរ​ដៃ​ពី​ការងារ​ទើប​ឆ្លៀត​ពេល​មុន​រដូវ​វស្សា​ថ្មី​មក​ដល់​ប្រជាកសិករ​ខ្មែរ​ជួបជុំ​គ្នា​សប្បាយ​រីករាយ​ឆ្លង​ឆ្នាំ​ចន្ទគតិ​ហើយ​នាំ​គ្នា​រៀបចំ​ពិធី​បុណ្យ​គឺ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី។

ការ​លើក​ឡើង​នេះ​មិនមែន​រិះគន់​ពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ទេ តែ​ចង់​រិះគន់​រឿង​និទាន​អំពី​ប្រវត្ដិ​នៃ​ពិធី​បុណ្យ។ ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ជា​បុណ្យ​ដ៏ធំ​របស់​ខ្មែរ​យើង ដូច្នេះ​រឿង​និទាន​នៃ​បុណ្យ​ជាតិ​ដ៏ធំ​បែប​នេះ គួរ​តែ​មាន​ហេតុ​មានផល​អាច​ទទួល​យក​បាន​ដើម្បី​ឲ្យ​កូន​ខ្មែរ​ពេញចិត្ដ​នឹង​ទទួល​យក។

ផ្ទុយ​ទៅវិញ​វា​ជា​រឿង​ដែល​គួរ​ឲ្យ​ហួស​ចិត្ដ​ដែល​យក​រឿង​គ្មាន​ហេតុផល និង​គ្មាន​ប្រយោជន៍​បែប​នេះ​មក​ថា​ជា​ប្រវត្ដិ​បុណ្យ​ធំ​ប្រចាំ​ជាតិ។

បើ​គ្រាន់​តែ​ប្រាប់​ក្មេង​ជំនាន់​ក្រោយ​ថា​យើង​ជា​ជាតិសាសន៍​មួយ​ត្រូវ​មាន​ពិធី​បុណ្យ​ប្រចាំ​ជាតិ​ខ្លួន​ធំ​មួយ​ដែល​ត្រូវ​ធ្វើ​តាម​ទំនៀម​ថា​ត្រូវ​ចូលឆ្នាំ​ថ្មី ហើយ​នាំ​គ្នា​សប្បាយ​រីករាយ​ប្រារព្ធ​ពិធី​ទៅ គ្រាន់​តែ​ប៉ុណ្ណេះ​ក៏​ស្ដាប់​បាន​ហើយ មិន​ឃើញ​ចាំបាច់​អ្វី​ទៅ​បង្កើត​រឿង​និទាន​គ្មាន​ហេតុផល​អ៊ីចឹង​ទេ។ មិន​ដឹង​ថា​រឿង​និទាន​ដែល​មាន​លក្ខណៈ​អវិជ្ជមាន​នេះ​មាន​ទាក់ទង​អ្វី​នឹង​រឿង​គេ​ចេះ​លើស​ខ្លួន​មិន​បាន ដែល​ឃើញ​មាន​ជាទូទៅ​ទាក់ទង​ទៅ​នឹង​របៀប​ធ្វើការ​របស់​ខ្មែរ​ដែល​តែងតែ​ឃើញ​លូត​ពន្លក​ថ្មី​ក៏​តាំង​ក្ដិច​ត្រួយ? មាន​អញ​ត្រូវ​អត់​ឯង!ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី!សុទ្ធ​តែ​ជា​គំនិត​ដែល​បំផ្លាញ​ខ្មែរ។

តើ​ដូចម្ដេច​ទៅ​ហៅ​ថា​លើក​ស្ទួយ​សិល្បៈ​វប្បធម៌​ប្រពៃណី​សាសនា? បើ​និទាន​រក​ខ្លឹមសារ​មិន​បាន​ហើយ​ឃើញ​តែ​បង្កប់​នូវ​សារ​អវិជ្ជមាន តើ​ឲ្យ​លើក​ស្ទួយ​តាម​របៀប​ណា? សិល្បៈ​វប្បធម៌​ប្រពៃណី​នីមួយៗ​បង្កើត​មក​ដើម្បី​ប្រយោជន៍ ចុះ​បើ​គ្មាន​ប្រយោជន៍​លើស​ពី​នេះ​មាន​តែ​បង្ខាត​ប្រយោជន៍​តើ​យើង​នៅ​តែ​លើក​ស្ទួយ​ទាំង​ល្ងិតល្ងង់​ទៅ​ឬ? សិល្បៈ​វប្បធម៌​ប្រពៃណី​ដែល​ចង់​ផ្សារ​ភ្ជាប់​ជាមួយ​មនុស្ស​ជា​អង្វែង លុះត្រា​តែ​វា​ត្រូវ​​បាន​យក​មក​កែលម្អ​ជាប់​ជា​ប្រចាំ។ ទី ១ កែលម្អ​ឲ្យ​វា​ស៊ី​ទៅ​នឹង​សម័យ​កាល​ដែល​វិវឌ្ឍ​ទៅ​មុខ ទី ២ កែលម្អ​ដើម្បី​រក​ប្រយោជន៍​ដល់​អ្នក​បដិបត្ដិ។ ទោះបី​វា​ជា​សិល្បៈ​វប្បធម៌​ប្រពៃណី​ពី​បុរាណ​ក៏ដោយ តើ​នរណា​ហ៊ាន​អះអាង​ថា​វា​ឥតខ្ចោះ​គ្មាន​កំហុស? សម័យ​កាល​ខុស​គ្នា​ប្រាជ្ញា​មនុស្ស​ក៏​មិន​ដូច​គ្នា​ដែរ។

វិទ្យាសាស្ដ្រ​ជា​រឿង​អាច​ពិសោធ​បាន​ផង​នៅ​តែ​មិន​អាច​ត្រូវ​គ្រប់​សម័យកាល ចុះ​ទម្រាំ​រឿង​និទាន?

មាន​មនុស្ស​ខ្លះ​យល់​ថា​វា​ខុស​ក៏ដោយ តែ​វា​ជា​ប្រពៃណី។ បើ​ប្រពៃណី​នាំ​ឲ្យ​យើង​លែង​បែងចែក​ខុស​ត្រូវ តើ​ប្រពៃណី​នោះ​ជា​ប្រពៃណី​បែប​ណា? បើ​រឿង​រ៉ាវ​សិល្បៈ​វប្បធម៌​ប្រពៃណី​សាសនា​មិន​ឆ្លើយតប​នឹង​សម័យកាល​ថ្មី នោះ​វា​មិន​អាច​បន្ដ​ជីវិត​បាន​យូរ​ឡើយ។ បើ​រក​មិន​ឃើញ​ប្រយោជន៍ តើ​ទុក​វា​បន្ដ​ធ្វើ​អ្វី? មាន​តែ​សត្វ​ខ្មូត​ប៉ុណ្ណោះ​ដែល​នៅ​ចាំ​យាម​គ្រប់​គម្ពីរ​ដោយ​មិន​រើស​មើល​ខ្លឹមសារ​គម្ពីរ។ មនុស្ស​មិន​គួរ​ធ្វើ​ដូច​ខ្មូត​ឡើយ។

ជាក់ស្ដែង​កាលពី​ដើម​កូនស្រី​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទៅ​សាលារៀន​ឡើយ ដោយ​ដូនតា​យល់​ថា​នាំ​តែ​ចេះ​អក្សរ ចេះ​សរសេរ​សំបុត្រ​ស្នេហា។ ចន្លោះ​ពេល​ដែល​គួរ​តែ​នៅ​ក្នុង​សាលា​ប្រពៃណី​ខ្មែរ​ឲ្យ​កូនស្រី​ពេញ​ជំទង់​ចូល​ម្លប់​រៀន​ច្បាប់​ស្រី​ដែល​ការ​រៀន​នោះ​មិនមែន​រៀន​អក្សរ​ឡើយ គឺ​រៀន​ដោយ​ការ​ស្ដាប់​ចាស់​ទុំ និយាយ​ប្រដែ​ប្រដៅ​ និង​រៀន​ធ្វើ​កិច្ចការ​ស្រី​ក្នុង​ផ្ទះ។ ក្រោយ​បន្ដិច​មក​ចាស់ៗ​ក៏​ព្រម​ឲ្យ​កូនស្រី​ទៅ​សាលា តែ​ក៏​នៅ​មាន​គំនិត​ថា​មិន​ចាំបាច់​រៀន​ច្រើន​ពេក​ទេ គង់​តែ​នៅ​បង្វិល​ជើង​ចង្ក្រាន និង​ចាំ​ប្រណិប័តន៍​ប្ដី​ដដែល។

ប៉ុន្ដែ​សម័យ​ក្រោយ​មក​នេះ ស្រ្ដី​ដើរ​តួនាទី​ធំ​ណាស់​ក្នុង​សង្គម។ ស្ដ្រី​រៀន​បាន​ជ្រៅជ្រះ​ចេញ​ធ្វើការ​កាន់​តែ​ច្រើន។

សូម្បី​តែ​កូនស្រី​ដែល​រៀន​បាន​តិចតួច​ក៏​គ្នា​ត្រូវ​ប្រឈមមុខ​នឹង​ការ​ចេញ​មក​ធ្វើ​ជា​កម្មការិនី​មិន​តិច​ដែរ​ដើម្បី​ជួយ​ដោះស្រាយ​សេដ្ឋកិច្ច​គ្រួសារ។ ស្ដ្រី​ក៏​មិន​បាន​នៅ​ដេក​ចាំ​បង្វិល​ចង្ក្រាន​ដែរ​គឺ​រ៉ាប់រង​ការងារ​ទាំង​ក្នុង និង​ក្រៅ​ផ្ទះ។ ទាំង​រដ្ឋាភិបាល ទាំង​អង្គការ​សង្គម​ស៊ីវិល​ខិតខំ​ខ្នះខ្នែង​លើក​ស្ទួយ​តម្លៃ​ស្ដ្រី​តាមរយៈ​ការ​ផ្ដល់​ឱកាស​រៀនសូត្រ​ស្មើ​គ្នា​រវាង​កុមារី និង​កុមារា​ ឯ​ក្នុង​កន្លែង​ធ្វើការ​ក៏​ប្រឹងប្រែង​ផ្ដល់​ឱកាស​ឲ្យ​ស្ដ្រី​កាន់តែ​ខ្លាំង​ដែល​ការងារ​នោះ​ជា​រួម​គឺ​ដង្ហោយ​ហៅ​ស្ដ្រី​ឲ្យ​បើក​ទ្វារ​ផ្ទះ​ចេញ​មក​ខាង​ក្រៅ​ចូលរួម​ក្នុង​សកម្មភាព​សង្គម​ឲ្យ​បាន​កាន់តែ​ច្រើន​ឡើងៗ​ដែល​កាលពី​បុរាណ​គេ​យក​ស្ដ្រី​ទុក​ដាក់​តាំង​ក្នុង​ផ្ទះ​ប៉ុណ្ណោះ។ តើ​នេះ​មិនមែន​ជា​ការ​កែប្រែ​ប្រពៃណី​ទំនៀម​ទម្លាប់​ចាស់​ដែល​រកឃើញ​ថា​មិន​មាន​ប្រយោជន៍ និង​ទាញ​បង្អាក់​ដំណើរ​រីកចម្រើន​ទេ​ឬ? ម្ដេច​ក៏​គ្មាន​អ្នក​តវ៉ា​ថា​បាន​បំផ្លាញ​ប្រពៃណី​បុរាណ? ប្រសិន​បើ​សិល្បៈ​វប្បធ​ម៌ប្រពៃណី សាសនា​ណា​ដែល​អួតអាង​ថា​ល្អ​ផូរផង់ តែ​ប៉ះ​មិន​បាន រិះគន់​មិន​បាន កែ​លម្អ​មិន​បាន​គឺ​ឲ្យ​តែ​ប៉ះ​បែរ​ជា​រង​ការ​ចោទប្រកាន់​ថា​មើលងាយ​ដូនតា សួរ​ថា​តើ​វា​អាច​មាន​ជីវិត​បាន​យូរ​ប៉ុន​ណា? ទោះ​អាច​សង្កត់​ក​ក្មេង​ជំនាន់​នេះ​ដោយ​អំណាច​បញ្ជា ប៉ុន្តែ​ប៉ោត​អាច​គ្រប​បាន​តែ​កូន​រុក្ខជាតិ​តូច​ប៉ុណ្ណោះ វា​មិន​អាច​គ្រប​ដើមឈើ​ធំ​ជាប់​ឡើយ ជំនាន់​បន្ទាប់​ទៀត​មុខ​ជា​សើរើ​ទៀត​មិន​ខាន។ បើ​ទោះបី​ជា​រឿង​និទាន​ក៏​ដោយ​ក៏​មិន​គួរ​ចេះ​តែ​ឥត​ទំនង​ដែរ។ ខ្មែរ​យើង​ឥឡូវ​ដូចជា​សប្បាយ​ភ្លើតភ្លើន​នឹង​រឿង​ឥត​បែបបទ​ច្រើន​ណាស់។

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​ធម្មការ និង​សាសនា និង​ក្រសួង​ព័ត៌មាន​មាន​នាទី​ផ្សព្វផ្សាយ​ផ្ដល់​ព័ត៌មាន​មាន​នាទី​ពន្យល់ និង​ផ្ដល់​ចំណេះដឹង​ដល់​ពលរដ្ឋ។ ក្រសួង​ទាំង​នេះ​មាន​នាទី​បណ្ដុះ​ការ​យល់ដឹង​ដល់​ពលរដ្ឋ​ទាំង​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ​គឺ​ផ្ដល់​ការ​យល់​ដឹង​ពី​បញ្ហា​ប្រវត្ដិសាស្ដ្រ អក្សរសាស្ដ្រ​សិល្បៈ​ប្រពៃណី​សាសនា​តាមរយៈ​ការ​ពន្យល់​ពលរដ្ឋ​ដោយ​ផ្ដល់​ហេតុផល​ឲ្យ​ចេះ​ពិចារណា​រកឃើញ​ប្រយោជន៍​នៃ​ទង្វើ​របស់​ខ្លួន។ បែប​នោះ​ទើប​ជា​ការ​បណ្ដុះ​ចំណេះដឹង​ទើប​ជា​ការ​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ជា​មនុស្ស​ពិតប្រាកដ។ បើ​ពន្យល់​ក្មេង​ជំនាន់​ក្រោយ​ឲ្យ​យល់​ថា​តើ​សិល្បៈ​វប្បធម៌​ប្រពៃណី​ណា​នោះ​មាន​តម្លៃ​បែប​នេះ បែប​នោះ ទើប​រាប់​ថា​ជា​ការ​ស្គាល់​សិល្បៈ​វប្បធម៌​ប្រពៃណី។

ស្គាល់​បែប​នោះ​ទើប​ដុះ​ចិត្ដ​ស្រឡាញ់​ពេញ​ចិត្ដ​ហើយ​ចូលរួម​ថែរក្សា​លើក​ស្ទួយ​ការពារ។ បើ​មិន​ត្រឹម​តែ​មិន​ពន្យល់ ផ្ទុយ​ទៅវិញ​បែរ​ជា​សង្កត់​ក​ក្មេង​ឲ្យ​ត្រូវ​តែ​ទទួល​យក​ដោយ​ងងឹត​ងងុល នោះ​បង្ហាញ​ថា​សិល្បៈ​វប្បធម៌​ប្រពៃណី​នោះ​ជិត​ដល់​ថ្ងៃ​សាបសូន្យ​ហើយ។ មាន​តែ​ការ​កែលម្អ​ជា​ប្រចាំ​ទេ​ទើប​អាច​បន្ដ​ជីវិត​ទៀត​បាន​យូរ។

ភាព​ខ្លាំង​របស់​ដូនតា​ខ្មែរ​គឺ​នៅ​ត្រង់​ចេះ​ទទួល​យក​សិល្បៈ​វប្បធម៌​បរទេស​ខ្លះ មក​ច្នៃ​ឲ្យ​មាន​លក្ខណ​ពិសេស​ផ្ទាល់ សម្គាល់​អត្ដសញ្ញាណ​ខ្មែរ​ដោយ​ឡែក​ពី​របស់​ដើម ដោយ​មិន​ទទួល​យក (កូពី/ចម្លង) ទាំង​ដុល។

ដូនតា​ខ្មែរ​មិន​សប្បាយ​ចិត្ដ​ឡើយ​ដែល​កូនចៅ​ជំនាន់​ក្រោយ នៅ​តែ​បន្ដ​ឱប​សិល្បៈ​វប្បធម៌​ប្រពៃណី​សាសនា​ចាស់ៗ​ដោយ​មិន​ពិចារណា​ហើយ​តែង​ចេញ​មុខ​ថា​ខ្លួន​ការពារ​គោរព​ស្រឡាញ់​វប្បធម៌​ខ្មែរ ផ្ទុយ​ទៅ​វិញ​វា​ប្រៀបបី​ដូចជា​សត្វស្វា​បាន​ដូង តែ​មិន​ដែល​បាន​កាប់​យក​ទឹក​ និង​សាច់​ដូង​មក​ហូប​ឲ្យ​ដឹង​រសជាតិ​បែរ​ជា​ដឹង​តែ​ពី​ហុច​បន្ដ​ពី​ជំនាន់​មុន​ទៅ​ជំនាន់​ក្រោយ។ បើ​មិន​ជួយ​កែលម្អ​ដើម្បី​ឲ្យ​សិល្បៈ​វប្បធម៌​ប្រពៃណី សាសនា​ដូនតា​អាច​រលាយ​ជាមួយ​សម័យ​ថ្មី​បាន​ទេ នោះ​បង្ហាញ​ថា​ជំនាន់​យើង​នេះ​កំពុង​តែ​បំផ្លាញ​សមិទ្ធផល​ដូនតា​ដោយ​ប្រយោល។

បើ​កែលម្អ​ទាន់​ពេល សម័យ​ថ្មី​នឹង​នៅ​តែ​បន្ដ​ទទួល​យក​ព្រោះ​វា​មាន​តម្លៃ​ក្នុង​ការ​ទទួល​យក​តែ​បើ​វា​ដាច់​ចេញ​ពី​សម័យ​ទំនើប​ឆ្ងាយ​ហួស​ពេក នោះ​គេ​មាន​តែ​បោះចោល​ទាំង​ស្រុង​ដោយ​មិន​យក​មក​កែលម្អ​ឲ្យ​នៅ​សល់​អត្ដសញ្ញាណ​ចាស់​ខ្លះ​ឡើយ។ រវាង​ការ​កែលម្អ​ទៅ​រក​ភាព​ប្រសើរ​ដើម្បី​បាន​ជា​ប្រយោជន៍ និង​ការ​ដឹង​តែ​ពី​ឱប​ទុក​មិន​ឲ្យ​នរណា​ប៉ះ (អភិរក្ស​ដោយ​ឱប​ឲ្យ​ជាប់​ងាប់​ចោល) តើ​មួយ​ណា​ជា​ការ​គោរព​ស្រឡាញ់​សិល្បៈ​វប្បធម៌​ប្រពៃណី​សាសនា​ដូនតា​ខ្មែរ​ពិតប្រាកដ? ពី​ដើម​បើ​កាលណា​គេ​ឃើញ​បុគ្គល​ណា​ផឹក​ស្រា​លេង​ល្បែង រាំរែក ពាលា​អាវ៉ាសែ គេ​តែង​និយាយ​ថា​អត់​កំណើត តែ​ឥឡូវ​នេះ​ប្រែ​ខុស​ពី​មុន​ហើយ ព្រោះ​សូម្បី​តែ​ឆ្កែ​រត់​បុក​ប៉ោត​ក៏​គេ​អាច​នាំ​គ្នា​រាំ​ពព្រាក់​ពព្រើត​ពេញ​ប្រទេស​កើត​ដែរ។ វា​លើស​ពី​ដើម្បី​កម្សាន្ដ​អារម្មណ៍​លម្ហែ​ចិត្ដ​ហើយ​គឺ​វា​ចូល​ដល់​កម្រិត​ដាច់​បង្ហៀរ។

សូម​កុំ​មួល​ចេតនា​របស់​ខ្ញុំ​ថា​ចង់​បំបាត់​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ។ ជនជាតិ​ណា​ក៏​ត្រូវ​តែ​មាន​ពិធី​បុណ្យ​ប្រចាំ​ជាតិសាសន៍​របស់​ខ្លួន​ដែរ ជនជាតិ​ណា​ក៏​ត្រូវ​តែ​មាន​វប្បធម៌​ជា​អត្ដសញ្ញាណ​ជាតិ​ខ្លួន​ដែរ។

វប្បធម៌​ប្រពៃណី​ទំនៀម​ទម្លាប់​ខ្មែរ​ល្អ​ប្រពៃ​ថ្លៃថ្នូរ​មាន​បែប​មាន​បទ​ណាស់។ អ្វី​ដែល​ចង់​បង្ហាញ​ពេល​នេះ​គឺ​ចង់​ឲ្យ​អ្នក​អាន​ពិចារណា​អំពី​ចំណុច​អវិជ្ជមាន​ធំ​បំផុត​នៃ​រឿង​និទាន​អំពី​ប្រវត្ដិ​ពិធី​បុណ្យ មិនមែន​រិះគន់​រឿង​បុណ្យ​ចូលឆ្នាំ​ឡើយ តែ​រិះគន់​ត្រង់​ម្ដេច​ទើប​យើង​នាំ​គ្នា​លើក​ស្ទួយ​រឿង​និទាន​មួយ​ដែល​បង្ហាញ​ពី​ភាព​ចង្អៀតចង្អល់ មិន​អាច​រួមរស់​ជាមួយ​គ្នា​ដោយ​សុខសាន្ដ​បាន តែ​បែរ​ជា​ឃើញ​លូត​ក៏​លូក​ដៃ​ក្ដិច​ត្រួយ​គ្រវាត់​ចោល? ម្ដេច​ក៏​បើ​មាន​អញ​ត្រូវ​អត់​ឯង មាន​ឯង ត្រូវ​អត់​អញ? បើ​មាន​អ្នក​ចេះដឹង ២ នាក់ និង​បន្ដ​មាន​កាន់តែ​ច្រើន​ឡើងៗ​រស់នៅ​ជុំ​គ្នា រួម​គ្នា​ធ្វើ​ប្រយោជន៍​មនុស្ស​ជាតិ​វា​មិន​កាន់​តែ​ប្រសើរ​ទេ​ឬ? ល្មម​ហើយ​ខ្មែរ​អើយ!ល្មម​រៀន​ចេះ​មេរៀន​បើក​បេះដូង​ទទួល​គ្នា​ហើយ។ តើ​ថ្ងៃ​ណា​ទៅ​ទើប​ខ្មែរ​អាច​យក​ជន​រួម​ឈាម​ទាំងអស់​ដាក់​ក្នុង​បេះដូង​ខ្លួន​បាន?

ប៉ាង វ៉ាន់ថោន
អ៊ីមែលៈ vanthownpang@yahoo.com

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ