Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - សត្រូវ​ ពិតប្រាកដ

Content image - Phnom Penh Post
លោក Donald Trump និង​នាយក CIA លោក John Brennan ។ រូបថត AFP

សត្រូវ​ ពិតប្រាកដ

ប្រសិន​បើ​អ្នក​សម្លឹង​​ទៅ​លើ​ជម្លោះ​រវាង​ប្រធានាធិបតី​ជាប់​ឆ្នោត​លោក​ ដូណាល់ ​ត្រាំ ​និង​ក្រុម​ស៊ើបការណ៍​សម្ងាត់​អាមេរិក​ក្រោម​ការ​ដឹកនាំ​របស់​លោក​ អូបាម៉ា អំពី​ការ​ចោទប្រកាន់​ថា​រុស្ស៊ី​បាន​លួច​ចូល​ក្នុង​ទិន្នន័យ​បោះឆ្នោត​របស់​អាមេរិក​ដែល​រុស្ស៊ី​ហាក់​មាន​ទំនោរ​ទៅ​រក​លោក​ ត្រាំ ​នោះ​វា​អាច​ជួយ​បាន​ច្រើន​បំផុត​ដើម្បី​ស្រាវជ្រាវ​ពី​ប្រវត្តិសាស្ត្រ​ និង​​តម្រុយ​មួយ​ចំនួន​ដែល​​អាច​ពន្យល់​បាន​ថា​ តើ​ប្រធានាធិបតី​ជាប់​ឆ្នោត​អាច​ក្លាយ​​ទៅ​ជា​សត្រូវ​របស់​ភ្នាក់ងារ​ចារកម្ម​ CIA ឬ​យ៉ាង​ណា​?

នៅក្នុង​ឆ្នាំ​ ១៩៥០ លោក​ប្រធានាធិបតី Truman បាន​តែងតាំង​នាយ​ទាហាន​មួយ​រូប​គឺ​នាយឧត្តមសេនីយ៍ Walter Bedell Smith ឲ្យ​ធ្វើ​ប្រធាន​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ CIA ភ្លាមៗ​ បន្ទាប់ពី​ការ​លុក​លុយ​របស់​កូរ៉េ​ខាង​ត្បូង​។

ភ្នាក់ងារ​ CIA ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្នែក​ជាមួយ​ច្បាប់​សន្តិសុខ​ជាតិ​ឆ្នាំ​ ១៩៤៧ ពីព្រោះ​អាមេរិក​មិន​បាន​ត្រៀម​ខ្លួន​សម្រាប់​ការ​វាយប្រហារ​របស់​ជប៉ុន​លើ​កំពង់ផែ Pearl Harbor នោះ​ទេ​។

បន្ទាប់ពី​សង្គ្រាម​លោក​​លើក​ទី​ ២ ​បាន​​បញ្ចប់​ និង​ឈាន​ចូល​ឆ្នាំ​ ១៩៥០​ សហរដ្ឋ​អាមេរិក​មាន​ក្តី​រីករាយ​ចំពោះ​ឥទ្ធិពល​របស់​ខ្លួន​នៅ​ទូទាំង​ពិភពលោក​ និង​កិត្យានុភាព​ដែល​សម្រេច​បាន​ជា​​លទ្ធផល​នៃ​ការ​ចំណាយ​ដ៏ធំធេង​របស់​​មនុស្ស​ និង​ទ្រព្យ​សម្បត្ដិ​ក្នុង​សង្គ្រាម​លោក​លើក​ទី​ ២ ​ដើម្បី​ធ្វើ​ឲ្យ​អាល្លឺម៉ង់​ និង​ជប៉ុន​បរាជ័យ​។

ភ្នាក់ងារ​ CIA នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​ ១៩៥០ មិន​ត្រឹម​តែ​បារម្ភ​អំពី​ឥទ្ធិពល​នៃ​ការ​គំរាម​កំហែង​ពី​សហភាព​សូវៀត​ក្នុង​ទ្វីប​អឺរ៉ុប​​ប៉ុណ្ណោះ​​ទេ ប៉ុន្តែ​ក៏​បារម្ភ​ផង​ដែរ​ពី​ការ​សាប​​ព្រោះ​លទ្ធិ​កុម្មុយនីស្ត​ក្នុង​ពិភពលោក​ទាំង​មូល​។

លោក Truman បាន​យក​​លោក​ Walter Bedell Smith ចូល​មក​ព្រោះ​លោក​គឺ​ជា​ឧត្តមសេនីយ៍​យោធា​កំពូល​ម្នាក់​របស់​លោក Eisenhower ក្នុង​សង្គ្រាម​លោក​លើក​ទី ២ ដើម្បី​ស្តារ​សណ្តាប់​ធ្នាប់​របស់​ភ្នាក់ងារ CIA ឡើង​វិញ​។

អ្នក​ប្រាជ្ញ​សម័យ​​ទំនើប​បាន​បង្ហាញ​ថា​សហភាព​សូវៀត​មិន​ដែល​មាន​ឱកាស​ប្រឆាំង​នឹង​អំណាច​​ដ៏ធំធេង​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​អាមេរិក​ទេ​ហើយ​ភាសា​នៃ​​សង្គ្រាម​ត្រជាក់​ត្រូវ​បាន​​គេ​ផ្សព្វផ្សាយ​ក្នុង​ផ្នែក​ដ៏​ទូលាយ​ជាច្រើន​ដើម្បី​គាំទ្រ​​មេដឹកនាំ​នៃ​ប្រជាជាតិ​នីមួយៗ​ក្នុង​ការ​​គ្រប់គ្រង​ចំនួន​ប្រជាជន​ពួកគេ​តាមរយៈ​ការ​ខ្លាចរអា​គ្នា​ទៅ​វិញ​ទៅ​មក​។

របត់​ដ៏​សំខាន់​​មួយ​បាន​មក​ដល់​ជាមួយ​នឹង​សង្គ្រាម​វៀតណាម​នៅ​​ពេល​ដែល​អ្នក​ស៊ើបការណ៍​សម្ងាត់​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​យ៉ាង​ល្អ​ និង​មាន​ឧត្តមគតិ​​ខ្ពង់ខ្ពស់​របស់​ភ្នាក់ងារ​ CIA ត្រូវ​បាន​អនុវត្ត​ក្នុង​ជីវិត​ជាក់ស្តែង​ និង​ត្រូវ​ប្រឈម​ជាមួយ​ស្ថានភាព​ដ៏គ្រោះថ្នាក់​នៅ​វៀតណាម​ខាង​ត្បូង​ហើយ​អ្នក​ដែល​ហ៊ាន​ប្រឈម​នឹង​គ្រោះថ្នាក់​នោះ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​រៀងរាល់​ថ្ងៃ ខណៈ​ចលនា​ប្រឆាំង​​សង្គ្រាម​នៅ​អាមេរិក​ចាប់ផ្តើម​មាន​កាន់​តែ​ច្រើន​ឡើងៗ​។

វា​បាន​ក្លាយ​ជា​រឿង​ដែល​មិន​អាច​​ទៅ​រួច​សម្រាប់​អ្នក​នយោបាយ​អាមេរិក​​ក្នុង​ការ​បន្ត​គាំទ្រ​សង្គ្រាម​នោះ​។​ ការ​ទទួល​ជ័យជម្នះ​សម្រាប់​​ចលនា​​សន្តិភាព​ប៉ាស៊ីហ្វិក​គឺ​វា​មាន​ន័យ​ថា​ជា​ការ​បរាជ័យ​ដ៏ធ្ងន់​​បំផុត​សម្រាប់​បុគ្គលិក​​រដ្ឋាភិបាល​​​ដែល​ជា​ឧបករណ៍​នយោបាយ​​អាមេរិក​ព្រោះ​ពួកគេ​មាន​ភាព​អង់អាច​ក្លាហាន​ជម្នះ​រាល់​ការ​លំបាក​នៃ​សោកនាដកម្ម​ និង​ទុក្ខព្រួយ​នៃ​សង្គ្រាម​នេះ​ហើយ​​ដែល​ផលប៉ះពាល់​មាន​រហូត​ដល់​សព្វ​ថ្ងៃ​ (​រួម​ទាំង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ផ្ទាល់​​ផង)​។

វា​ជា​ពេលវេលា​ដែល​មេដឹកនាំ​ពិតប្រាកដ​របស់​អាមេរិក​គឺ​ ១ ភាគរយ​​នៃ​​គ្រួសារ​ដែល​មាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ និង​សាជីវកម្ម​ឧស្សាហកម្ម​យោធា​ពួកគេ​គឺជា​ម្ចាស់​ និង​ជា​អ្នក​ត្រួតត្រា​ដោយ​គេ​​ដឹង​​ថា​អ្នក​ណា​ជា​សត្រូវ​ពិតប្រាកដ​របស់​ខ្លួន​ហើយ​មាន​តែ​ពលរដ្ឋ​​អាមេរិក​​ប៉ុណ្ណោះ​​នៅ​ក្នុង​ពិភពលោក​​នេះ​ដែល​ធ្វើឲ្យ​ផែនការ​ពួកគេ​មិន​អាច​សម្រេច​បាន​។

Content image - Phnom Penh Post
លោកស្រី ហ៊ីឡារី គ្លីនតុន ក្នុង​ពេល​ឃោសនា​តែ​ត្រូវ​បរាជ័យ​ដែល​ខ្លះ​ថា​មកពី​ពួក Hacker។ រូបថត AFP

អ្នក​ស៊ើបការណ៍​សម្ងាត់​ទាំងអស់​នោះ​ជា​អ្នក​ដែល​បាន​​ប្រថុយ​ជីវិត​ក្នុង​ប្រទេស​វៀតណាម​ដែល​ពួកគេ​មាន​អារម្មណ៍​ថា​ខ្លួន​ត្រូវ​បាន​​ក្បត់​ដោយ​ប្រជាជន​ខ្លួនឯង​ក្នុង​ប្រទេស​កំណើត​ហើយ​អ្នក​ស៊ើបការណ៍​សម្ងាត់​មួយ​ចំនួន​ទៀត​ក្នុង​ចំណោម​ពួកគេ​ដូចជា​លោក Daniel Ellsberg ដែល​ក្រោយ​​មក​ប្រែ​ទៅ​ប្រឆាំង​នឹង​សង្គ្រាម​​នោះ​វិញ​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា​ក្បត់​។

ការ​បង្ហាញ​របស់​លោក Ellsberg ពី​យុទ្ធសាស្ត្រ​​សម្ងាត់​បាន​ធ្វើឲ្យ​លោក​ប្រឈម​នឹង​​ហានិភ័យ​ខ្លាំង​បំផុត​សម្រាប់​ខ្លួនឯង​ដោយ​បាន​បង្ហាញ​ពី​អ្វី​ដែល​អ្នក​រៀបចំ​ផែនការ​យោធា​​របស់​អាមេរិក​បាន​សរសេរ​ថា​បាទ​! អ្នក​​អាច​បន្ត​ធ្វើ​សង្គ្រាម​​នៅ​​វៀតណាម​បាន​ប៉ុន្តែ​អ្នក​ត្រូវការ​កងទ័ព​ជាច្រើន​ និង​កងពល​បន្ថែម​ទៀត​នៅ​អាមេរិក​​ដើម្បី​បង្ក្រាប​ការ​បះបោរ​ដែល​អាច​កើត​មាន ប្រសិន​បើ​អ្នក​បន្ត​ធ្វើ​សង្គ្រាម​។

វា​ពិតជា​មាន​ប្រយោជន៍​ខ្លាំង​ណាស់​ពេល​សម្លឹង​​ទៅ​លើ​ភ្នាក់ងារ​ CIA ​សព្វ​ថ្ងៃ​នេះ​អម​ជា​មួយ​នឹង​ប្រវត្តិ​របស់​វា​ដែល​​យើង​បាន​ដឹង​ដោយសារ​ភ្នាក់ងារ​មាន​ជំនាញ​ពិតប្រាកដ​ក្នុង​​បច្ចេកទេស​នេះ​ក៏​ដូចជា​កិច្ចការ​ចារកិច្ច​ដទៃ​ទៀត​គឺ​អ្នក​ដែល​ដឹង​ថា​សត្រូវ​ពិត​របស់​ពួកគេ​ជា​នរណា​?

ទូរទស្សន៍​បាន​​ផ្សព្វផ្សាយ​ពី​សង្គ្រាម​ដ៏បង្ហូរ​ឈាម​ និង​ឃោរឃៅ​នៅ​វៀតណាម​ដែល​ទីបំផុត​អាមេរិក​បាន​ចាញ់​សង្គ្រាម​នោះ​យ៉ាង​អាម៉ាស់​ហើយ​​វា​បាន​បង្កើត​នូវ​លក្ខខណ្ឌ​ជាច្រើន​សម្រាប់​គោលនយោបាយ​ការបរទេស​អាមេរិក​ដែល​ត្រូវ​ជំរុញ​ឲ្យ​មាន​រឿងរ៉ាវ​ជាច្រើន​ដូច​ដែល​​យើង​បាន​ឃើញ​រហូត​ដល់​សព្វ​ថ្ងៃ។

លោក​ប្រធានាធិបតី​ រីហ្គែន ​មិន​បាន​​ស្នើ​ឱ្យ​មាន​ការ​ជជែក​គ្នា​ជា​សាធារណៈ​ពី​ប្រតិបត្ដិការ​របស់​អាមេរិក​ក្នុង​ការ​ប្រឆាំង​​របប​កុម្មុយនីស្ត​ណា​មួយ​ឲ្យ​បាន​ច្រើន​ជាង​លោក George W Bush នោះ​ទេ​។ លោក Bush បាន​លុកលុយ​ប្រទេស​អ៊ីរ៉ាក់​នៅ​ក្នុង​ឆ្នាំ​ ២០០៣​។ រដ្ឋបាល​លោក Bush បាន​ចំណាយ​លុយ​រាប់រយ​លាន​ដុល្លារ​​​វាយលុក​ប្រទេស​អ៊ីរ៉ាក់​ជាមួយ​ក្រុមហ៊ុន​ទំនាក់​ទំនង​សាធារណៈ​មួយ​ចំនួន​ដូចជា​ការ​ប្រកួត​កីឡា​បាល់​ទាត់​ជាដើម​​ដែល​គ្រប់​ការ​ប្រកួត​បើក​ឆាក​នីមួយៗ​បើ​អ្នក​អង្គុយ​ញុំា​ពោតលីង​ហើយ​​ទស្សនា​ការ​ប្រកួត​នោះ​អ្នក​នឹង​ឃើញ​ចំណង​ជើង​គេ​សរសេរ​ថា​ «​សង្គ្រាម​នៅ​អ៊ីរ៉ាក់​»​។

ពួក​មេដឹកនាំ​នៃ​កង​ឧស្សាហកម្ម​យោធា​បាន​រៀន​មេរៀន​របស់​ពួកគេ​ជាច្រើន​ពី​ប្រទេស​​វៀតណាម​ហើយ​ពួកគេ​បាន​ដឹង​​រួច​ហើយ​ថា​សាធារណជន​នឹង​ប្រឆាំង​ពួកគេ​។ កិច្ចខិតខំ​ប្រឹងប្រែង​គឺ​ដើម្បី​​ពិភាក្សា​គ្នា​ក្នុង​បំណង​​ចៀសវាង​មិន​​ឲ្យ​កើត​មាន​ឡើង​វិញ​នូវ​អ្វី​ដែល​ធ្លាប់​បាន​កើត​​នៅ​​វៀតណាម​ និង​ជំនួស​មក​វិញ​ដោយ​​ការ​ទទួល​ខុសត្រូវ​ខ្ពស់​។

ជាច្រើន​ឆ្នាំ​កន្លង​ទៅ​លោកស្រី Amy ដែល​ជា​​កូនស្រី​ប្រធានាធិបតី Jimmy Carter ហាក់​បាន​បង្ហាញ​​សញ្ញា​មួយ​ប្រឆាំង​នឹង​ភ្នាក់ងារ​ CIA ខណៈ​​ឪពុក​លោកស្រី​កំពុង​កាន់​តំណែង​នៅ​សេតវិមាន​។ តើ​​រឿង​នេះ​បាន​ប្រាប់​អ្នក​ពី​អ្វី? តើ​វា​បាន​កើតឡើង​យ៉ាង​ដូចម្តេច​ដែល​​ថា​ប្រធានាធិបតី​យើង​បាន​ក្លាយ​ជា​មនុស្ស​ភ័យខ្លាច​ចំពោះ​ភ្នាក់ងារ​ចារកម្ម​​របស់​​ខ្លួន​យ៉ាង​ដូច្នេះ​?

អ្នក​កាសែត​​អូស្ត្រាលី​ដ៏ល្បីល្បាញ​ម្នាក់​គឺ​​លោក Phillip Knightley ដែល​បាន​ស្លាប់​កាលពី​ចុង​ឆ្នាំ​មុន​ធ្លាប់​បាន​រៀបរាប់​ពី​ការ​ពិត​ដូច​គ្នា​នេះ​ដែរ​​ក្នុង​ចំណោម​កិច្ចការ​ចារកិច្ច​នៃ​ប្រទេស​នីមួយៗ​ហើយ​​វា​មិន​ជា​បញ្ហា​អ្វី​ទេ​ប្រសិន​បើ​វា​ជា​ភ្នាក់ងារ KGB ឬ​ CIA ឬ​​សូម្បី​តែ​សេវា​សន្តិសុខ​ផ្លូវការ​រដ្ឋ​របស់​អាល្លឺម៉ង់​ខាង​កើត​ក្ដី​។​ សត្រូវ​ធំ​បំផុត​របស់​ចារកិច្ច​ (​អ្នក​ស៊ើបការណ៍​សម្ងាត់​) ​គឺជា​អង្គការ​របស់​​ពួកគេ​ផ្ទាល់​។ ​

លោក Knightley បាន​ប្រាប់​ខ្ញុំ​ពី​ជីវិត​ដ៏សោកសៅ​របស់​ភ្នាក់ងារ KGB ដែល​ពួកគេ​ចៀស​មិន​រួច​នៅ​ពេល​ជួប​​ព័ត៌មាន​រសើប​ខ្លាំង​ព្រោះ​វា​អាច​ធ្វើឲ្យ​បាត់បង់​អាជីព​របស់​​ខ្លួន​ហើយ​ភាគច្រើន​គឺ​ពួកគេ​ស្ថិត​ក្នុង​កណ្តាប់​ដៃ​ថ្នាក់​លើ​ផ្ទាល់​​តែ​ម្តង​។

គ្មាន​អ្វី​ត្រូវ​ឆ្ងល់​ទេ​ដែល​លោក​ ត្រាំ មិន​ទុក​ចិត្ត​​ភ្នាក់ងារ​ស៊ើបការ​សម្ងាត់ CIA នោះ​។ ហេតុ​អ្វី​បាន​គាត់​មិន​ទុក​ចិត្ត? អតីត​​ប្រធាន CIA លោក Leon Panetta និង​លោក Mike Morrell សុទ្ធតែ​បាន​វាយប្រហារ​លោក​ ត្រាំ​ ដោយ​បើក​ចំហ​ និង​បាន​គាំទ្រ​លោកស្រី​ ហ៊ីឡារី ​ក្នុង​ពេល​បោះឆ្នោត​តាមរយៈ​អត្ថបទ​កាសែត​ និង​សុន្ទរកថា​ផ្សេងៗ​​។ ពួកគេ​ខំ​ធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ​ដើម្បី​លាប​ពណ៌​លោក​ ត្រាំ ​ថា​លោក​ជា​មនុស្ស​គ្មាន​បទពិសោធ​ ឬ​មើល​ងាយ​ស្ត្រីភេទ​ជាដើម​គឺ​ពួកគេ​ប្រើ​យុទ្ធសាស្ត្រ​ដូច​គ្នា​បេះបិទ​នឹង​ការ​បោះឆ្នោត​អាមេរិក​ដែល​ជា​ទម្លាប់ CIA ប្រើ​នៅ​ក្រៅ​ប្រទេស​ដើម្បី​ពិនិត្យ​ការ​បោះឆ្នោត​នៅ​បរទេស​។

ពួកគេ​ក៏​បាន​កេណ្ឌ​សហគមន៍​ស៊ើបការណ៍​សម្ងាត់​ធំៗ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដ៏ខ្លាំង​មួយ​​រួម​មាន​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​កាសែត​ផង​ដែរ​ដើម្បី​ «​គ្រប់គ្រង​ព័ត៌មាន​» ​ក្នុង​អ្វី​ដែល​ពួកគេ​គិត​ថា​ជា​ជ័យជម្នះ​មួយ​យ៉ាង​​ធំ​សម្រាប់​លោកស្រី​ ហ៊ីឡារី ​ដែល​ពួកគេ​ជឿ​ថា​វា​អាច​ធានា​បាន​នូវ​ការ​បន្ត​អាជីព​របស់​ពួកគេ​ផ្ទាល់​តាម​របៀប​​កិច្ចការ​របស់​ភ្នាក់ងារ ០០៧ ជាមួយ​នឹង​ថវិកា​សប្បុរស​​សម្ងាត់​របស់​រដ្ឋាភិបាល​។ ការ​បោក​បញ្ជោត​រដ្ឋាភិបាល​​បរទេស​ឥត​ឈប់ឈរ​ និង​ការ​ធានា​​បន្ត​ឥរិយាបថ​របស់​​ពួកគេ​ដែល​ជា​​ក្រុម​​មនុស្ស​ក្រអឺត​​ក្រទម​គិត​ថា​ខ្លួនឯង​ត្រឹមត្រូវ​ដែល​​ខំ​​បង្ហាញ​ពី​ភាព​​ថ្លៃថ្នូរ​មិន​​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន និង​ជា​អ្នក​ស្នេហា​ជាតិ​ជាដើម​។

ជាមួយ​នឹង​សេណារីយោ​របស់​ភ្នាក់ងារ​ ០០៧ ​គឺ​ថា​ខ្សែ​ភាពយន្ត​ផ្នែក​ស៊ើបអង្កេត​ជែមស៍ប៊ន​​គឺជា​រឿង​ប្រឌិត​។ រឿង​ពិតប្រាកដ​នៃ​កិច្ចការ​ចារកម្ម​គឺ​វា​សាមញ្ញ​ជាង​សោកនាដកម្ម​ និង​​ការ​ឈឺចាប់​ដូចជា​ការ​​ក្បត់​ និង​ការ​បោកបញ្ឆោត​ដែល​​បំផ្លាញ​ជីវិត​អ្នក​ដែល​គេ​បោក​នោះ​។ ភ្នាក់ងារ​តម្រូវ​ឱ្យ​ជ្រើសរើស​​ «​ទ្រព្យសកម្ម​» នៅ​ក្រោម​លេស​មិន​ពិត​ (​ភូតកុហក​ និង​ធ្វើ​ពុត​ជា​មិត្តភក្តិ​ពួកគេ​) ហើយ​គិញ​សម្ងាត់​ត្រូវ​បាន​បង្រៀន​មិន​ឱ្យ​ខ្វល់ខ្វាយ​ពី​ការ​បញ្ជូន​អ្នក​ដែល​​មាន​ចេតនា​ល្អ​ និង​មិន​ល្អ​ទៅ​រក​សេចក្តី​ស្លាប់​របស់​ពួកគេ​នោះ​ទេ​។ អ្វីៗ​ត្រូវ​បាន​សន្មត​ថា​ «​គ្មាន​បញ្ហា​» ​ទេ​ពី​ព្រោះ​វា​ពាក់ព័ន្ធ​នឹង​បញ្ហា​ «​សន្ដិសុខ​ជាតិ​» ជា​កន្លែង​ដែល «​ជីវិត​ប្រឈម​នឹង​គ្រោះថ្នាក់​»​។

អតីត​ប្រធាន​ CIA លោក George Tenet ដែល​ប្រឈម​នឹង​រឿង​ប្រឌិត​ពី​ «​អាវុធ​មហាប្រល័យ​» ​​ជា​លេស​មួយ​ដើម្បី​វាយលុក​ប្រទេស​អ៊ីរ៉ាក់​ក្នុង​ឆ្នាំ​ ២០០៣ ​នោះ​បាន​និយាយ​ថា​វា​ជា​ការ​ «​រុញ​បាល់​ចូល​សំណាញ់​» ​ដោយ​ប្រើ​ «​ការ​ជ្រើសរើស​ហ្មត់ចត់​» ​និង​កុហក​។ «​អ្នក​ស៊ើបការណ៍​សម្ងាត់​» ​ដើម្បី​មេ​ និង​ប្រធានាធិបតី​របស់​​គាត់​គឺ​លោក George W Bush​។ យើង​បាន​រៀន​មេរៀន​ពី​រឿង​​នោះ​យ៉ាងហោច​ណាស់​បាន​ពី​ផ្នែក​ខ្លះ​នៃ​ការងារ​របស់​ប្រធានCIA ដែល​បាន​បង្ហាញ​ព័ត៌មាន​ប្រឌិត​ដើម្បី​គាំទ្រ​នូវ​អ្វីៗ​ដែល​​ប្រធានាធិបតី​ត្រូវការ​ដើម្បី​អនុវត្ត​របៀបវារៈ​ផ្ទាល់​ខ្លួន​ហើយ​ញឹកញាប់​បំផុត​សម្រាប់​ហេតុផល​នយោបាយ​។

វា​ជា​សកម្មភាព​ពិសេស​របស់​ CIA ដែល​បាន​ប្រឌិត​ការ​វាយប្រហារ​ដោយ​ទូក​ប្រដាប់​អាវុធ​ពី​វៀតណាម​ខាង​ជើង​ក្នុង​ឈូង​សមុទ្រ​តុងកឹង​ដើម្បី​តាំង​មូលដ្ឋាន​សម្រាប់​កងទ័ព​អាមេរិក​រាប់ពាន់​នាក់ (​រួម​ទាំង​ឪពុក​ខ្ញុំ​) ​នៅ​ទី​នោះ​ផង។ ដូច្នេះ​កុំ​ឲ្យ​ឆ្ងល់​អំពី​របៀប​ដែល​ប្រធានាធិបតី​ប្រើប្រាស់​ភ្នាក់ងារ CIA ជា​ឧបករណ៍​រេចរឹល​សម្រាប់​បញ្ចប់​បញ្ហា​នយោបាយ​ផ្ទាល់​ខ្លួន​នោះ​។

តើ​ឲ្យ​លោក​ ត្រាំ ​ជឿ​ទុក​ចិត្ត​ការិយាល័យ​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ CIA នៅ​ក្នុង​ប្រព័ន្ធ​រដ្ឋាភិបាល​អាមេរិក​ដូចម្តេច​? ​តាម​គំនិត​របស់​ខ្ញុំ​លោក ​ត្រាំ ​គិត​ត្រឹមត្រូវ​ដែល​អំពាវនាវ​ឱ្យ​មាន​ការ​កែលម្អ​ និង​ផ្លាស់ប្តូរ​ប្រព័ន្ធ​ទាំង​មូល​ដើម្បី​រលាស់​ចេញ​អ្នក​លម្អៀង​ និង​​​អ្នក​ដែល​រង​ឥទ្ធិពល​​នយោបាយ​ខ្លាំង​ដើម្បី​ធ្វើ​ឲ្យ​បុគ្គលិក​មន្ត្រី​រដ្ឋការ​សហរដ្ឋអាមេរិក​ទាំងអស់​ឈរ​លើ​បន្ទាត់​នៃ​កម្មវត្ថុ​រដ្ឋបាល​ថ្មី​មួយ​។ ​ប្រសិន​​បើ​គេ​មិន​ពេញ​ចិត្ត​ពួកគេ​អាច​ឈប់​ពី​ភ្នាក់ងារ​ CIA បាន​។

មេដឹកនាំ​ក្រុម​សំឡេង​ភាគតិច​ព្រឹទ្ធសភា​លោក Chuck Schumer បាន​​ចេញ​សារ​ព្រមាន​ជា​សាធារណៈ​មួយ​នៅក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ថ្លែង​របស់​លោក​ ត្រាំ ​ពី​របៀប​​ដែល​គាត់​មិន​ចាប់​អារម្មណ៍​ជាមួយ​នឹង​ការ​ស៊ើបការណ៍​សម្ងាត់​មួយ​នេះ​។ លោក​​បញ្ជាក់​ថា​៖ «​ខ្ញុំ​សូម​ប្រាប់​អ្នក​ថា​អ្នក​មិន​ពេញ​ចិត្ត​ជាមួយ​នឹង​សហគមន៍​ស៊ើបការណ៍​​សម្ងាត់​នេះ ​ប៉ុន្តែ​ពួកគេ​មាន​វិធីសាស្ត្រ​ចំនួន ៦ ​ដើម្បី​ឆ្លើយតប​ទៅ​កាន់​អ្នក​​វិញ​»​។

ចំណុច​នេះ​វា​គ្រាន់​តែ​មាន​ន័យ​ថា​លោក​ ត្រាំ ​អ្នក​គួរ​ធ្វើ​កំណែ​ទម្រង់​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ CIA ខណៈ​​គាត់​ជា​បុគ្គល​ដែល​មាន​អាទិភាព​ខ្ពស់​​ និង​សំខាន់​បំផុត​ដាច់​ខាត​ពីព្រោះ​​គាត់​នឹង​ចូល​មក​ដឹកនាំ​សហរដ្ឋអាមេរិក​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។

ប្រសិន​បើ​វា​ជា​ការពិត​ដែល​ថា​ក្រុម CIA បាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​​ជួញដូរ​គ្រឿងញៀន​ជា​សកល​ហើយ​​ប្រសិន​បើ​មាន​ភ័ស្តុតាង​គាំទ្រ​ដល់​និក្ខេបបទ​នេះ នោះ​វា​អាច​ជា​ការពិត​​ដែល​ថា​លុយ​រាប់​ពាន់​លាន​ដុល្លារ​រក​បាន​ពី​សកម្មភាព​សម្ងាត់​ហើយ​​ឥឡូវ​​វា​ស្ថិត​ក្នុង​គណនី​ដែល​ទទួល​ទិន្នផល​នៃ​សាច់​ប្រាក់​សម្ងាត់​ដើម្បី​ផ្តល់​មូលនិធិ​ដល់​ប្រភេទ​នៃ​​ប្រតិបត្ដិការ​ដែល​ពួកគេ​គិត​ថា​ធ្វើ​ក្នុង​នាម​ការពារ​ជាតិ​មាតុភូមិ​ ឬ​សម្រាប់​សន្តិសុខ​ជាតិ​ជាដើម​។ វា​ប្រហែល​ជា​កន្លែង​ដែល​ការ​អួតអាង​លេច​ចេញ​មក​នោះ​ឯង​ហើយ​អាច​ជា​គំនិត​ដែល CIA មិន​ខ្វល់​ថា​អ្នក​ណា​ជា​ប្រធានាធិបតី​នោះ​។ គ្មាន​អ្នក​ណា​អាច​​ប៉ះពាល់​យើង​បាន​ទេ​យើង​មាន​លុយ​ផ្ទាល់​ខ្លួន​របស់​យើង​ការ​ត្រួតត្រា​គ្មាន​ដែនកំណត់​​ និង​ជំនាញ​ល្បិចកល​ដ៏កខ្វក់​ហើយ​យក​ល្អ​អ្នក​គួរ​កោតខ្លាច​យើង បើ​មិន​ដូច្នេះ​ទេ​យើង​នឹង​តាម​អង្កេត​អ្នក​ដែរ​។

ប្រសិន​បើ​អ្នក​ជា​ប្រធានាធិបតី​ជាប់​ឆ្នោត​ថ្មី តើ​អ្នក​ចង់​ទទួល​បាន​មរតក​ជា​ប្រភេទ​នៃ​ការ​ប្រឈម​​នឹង​ការ​គំរាម​កំហែង​ពី​ការិយាធិបតេយ្យ​ដែល​​ផ្តល់​មូលនិធិ​សម្ងាត់​ដោយ​ខ្លួនឯង​ឬ​ទេ?

ខ្ញុំ​មិន​ដឹង​ថា​ តើ​វា​ជា​រឿង​ត្រឹមត្រូវ​ដែរ​ឬ​ទេ​ដែល​ប្រព័ន្ធ​សន្ដិសុខ​ជាតិ​ទាំង​មូល​​ជ្រាប​ចូល​ទៅ​ក្នុង​កងយោធា​អាមេរិក ប៉ុន្តែ​វា​គ្រាន់តែ​ជា​ការ​គិត​​ប៉ុណ្ណោះ​។ នៅ​ពេល​ដែល​អ្នក​ចូលរួម​ជាមួយ​យោធា​អាមេរិក​គឺ​ពួកគេ​គ្រប់គ្រង​អ្នក​ដូចជា​ទ្រព្យ​សម្បត្ដិ​រហូត​ដល់​ពេល​អ្នក​ត្រូវ​បាន​រំសាយ​។ វា​ស្ថិត​នៅ​ក្នុង​បរិយាកាស​មួយ​សមរម្យ​បន្តិច​សម្រាប់​កិច្ចការ​សម្ងាត់​ជាង​ការ​ប្រគល់​ពួកគេ​ទៅ​ឱ្យ​មេធាវី​ស៊ីវិល​ដែល​មិន​ល្អ​។ ​ក្រៅ​ពី​នេះ​ទៀត​​ តើ​វា​មិនមែន​ជា​រឿង​ល្អ​ប្រសើរ​សម្រាប់​ទាំង​ប្រជាជន​អាមេរិក​ និង​ប្រជាជន​នៃ​ប្រទេស​ទាំងអស់​ទេ​ ឬ​អី​ជាពិសេស​សម្ព័ន្ធ​មិត្ត ឬ​សត្រូវ​ដែល​មាន​សក្តានុពល ប្រសិន​បើ​អាមេរិក​មាន​ប្រព័ន្ធ​ស៊ើបការណ៍​សម្ងាត់​មួយ​ដែល​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​មេដឹកនាំ​របស់​ខ្លួន​នោះ​? យ៉ាង​ហោច​ណាស់​ក៏​​អាមេរិក​អាច​មាន​ប្រព័ន្ធ​ឯកភាព​មួយ​ដែរ​។

ប្រសិន​បើ​អ្នក​សម្លឹង​ត្រឡប់​មើល​ទៅ​សង្គ្រាម​វៀតណាម​វិញ​ភ្នាក់ងារ​ CIA មាន​គោលបំណង​ដើម្បី​ធ្វើ​ឲ្យ​មាន​ឥទ្ធិពល​លើ​លទ្ធផល​នយោបាយ​នៃ​ប្រទេស​មិនមែន​កុម្មុយនីស្ត​។​ នៅ​ពេល​ដែល​ភ្នាក់ងារ​នេះ​ត្រូវ​បាន​រារាំង​ដោយ​ចលនា​ប្រឆាំង​សង្គ្រាម ប៉ុន្តែ​ជំនាញ​របស់​ពួកគេ​គឺ​នៅ​តែ​មាន​ដដែល​។

គោលការណ៍​ និង​យុទ្ធសាស្ត្រ​នៃ​ការ​គ្រប់គ្រង​ចំនួន​ប្រជាជន​ និង​សង្គម​នយោបាយ​អាច​ត្រូវ​បាន​អនុវត្ត​ទៅ​លើ​យុត្តាធិការ​ភូមិសាស្ត្រ​ណា​មួយ​នៅ​គ្រប់​សម័យកាល និង​ប្រហែល​ជាពិសេស​នៅ​អាមេរិក​ផ្ទាល់​តែ​ម្តង​ដែល​ជា​កន្លែង​កាលពី​ឆ្នាំ​មុន​អតីត​ប្រធាន CIA ​ទាំងអស់​បាន​ព្យាយាម​តែ​បាន​បរាជ័យ​រួច​ហើយ​។ ​រឿង​ដ៏គួរ​ឲ្យ​កត់សម្គាល់​ជាង​នេះ​ទៀត​គឺ​ការ​កម្ចាត់​លោក​ ត្រាំ ​នៅ​ក្នុង​ការ​បោះឆ្នោត​។ មែន​ហើយ​តែ​ឥឡូវ​នេះ​លោក​ ត្រាំ ​ជិត​ក្លាយ​ទៅ​ជា​មេ​របស់​ពួកគេ​ហើយ​។

ប្រសិន​បើ​យើង​សម្លឹង​មើល​ទៅ​អតីតកាល​ថា​ ហេតុ​អ្វី​បាន​ជា​ជនជាតិ​អាមេរិក​ប្រឆាំង​នឹង​ពួក​ណា​ស៊ី​អាល្លឺម៉ង់​ និង​បាន​រិះគន់​ប្រឆាំង​សហភាព​សូវៀត​? ​គឺ​មិនមែន​គ្រាន់តែ​ប្រឆាំង​ពី​របៀប​ដែល​ពួកគេ​ប្រព្រឹត្ត​ចំពោះ​ពលរដ្ឋ​ខ្លួន​យ៉ាង​ឃោរឃៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​ប្រឆាំង​នឹង​ការ​ដែល​ពួកគេ​បាន​នាំ​ចេញ​យ៉ាង​សកម្ម​នូវ​ប្រព័ន្ធ​ដ៏ឃោរឃៅ​ទាំង​នោះ​ទៅ​កាន់​ពិភពលោក​ទាំង​មូល​។

ប្រភេទ​នៃ​ការ​ជិះជាន់​ការ​តាមដាន​ និង​ការ​ជ្រួតជ្រាប​ពី​រដ្ឋាភិបាល​ចូល​ទៅ​ក្នុង​ជីវិត​រស់នៅ​របស់​ប្រជាជន​គឺជា​អ្វី​ដែល​ប្រជាជន​អាមេរិក​ភាគច្រើន​បំផុត​ស្អប់​ខ្ពើម​។ យើង​មិន​អាច​ទ្រាំទ្រ​ចំពោះ​អំពើ​ទុច្ចរិត​បាន​ទេ។ សំខាន់​ជាង​នេះ​ទៀត​ពួក​ណាស៊ី​អាល្លឺម៉ង់​ត្រូវ​បាន​កម្ចាត់​ហើយ​សហភាព​សូវៀត​ក៏​បាន​ដួលរលំ​ផង​ដែរ​។

តើ​ជនជាតិ​អាមេរិក​គួរ​រុះរើ​ផ្នែក​ខ្លះ​ ឬ​កែប្រែ​របត់​សង្គ្រាម​ត្រជាក់​ដែល​អង្គការ​ចារកម្ម​ដ៏ធំ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​អាវុធ​របស់​យើង​ធ្លាប់​ធ្វើ​នៅ​ពេល​សហភាព​សូវៀត​ដួលរលំ​ឲ្យ​រឹត​តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត​ដែល​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ការ​ផ្លាស់ប្តូរ​ពិភពលោក​ឬ​យ៉ាង​ណា​? តើ​មាន​ជម្លោះ​ប៉ុន្មាន​កន្លែង​ដែល​យើង​ជាប់​ពាក់ព័ន្ធ​សព្វ​ថ្ងៃ​នេះ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ជា​អ្វី​ដែល​គេ​ហៅ​ថា​ដើម្បី​លក់​អាវុធ​ឬ​យ៉ាង​ម៉េច​? តើ​សហរដ្ឋ​អាមេរិក​អាច​ធ្វើ​ឲ្យ​មាន​ការ​បង្វែរ​បន្តិច​ម្តងៗ​ពី​ទិសដៅ​មិន​ល្អ​នៅឯ​កម្រិត​ស្ថាប័ន​មួយ​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ការិយាល័យ​រដ្ឋាភិបាល​សម្ងាត់​ដែល​បម្រើ​ឱ្យ​ផលប្រយោជន៍​ខ្លួនឯង​បាន​ដែរ​ឬ​ទេ​? តើ​យើង​បាន​បាត់បង់​គុណធម៌​ដ៏ខ្ពង់ខ្ពស់​របស់​យើង​ក្នុង​សង្គ្រាម​ត្រជាក់​ និង​ក្រោយ​មក​ក្នុង​ព្រឹត្តិការណ៍​ថ្ងៃ ១១ ​ខែ​កញ្ញា​ដែរ​ឬ​ទេ​?

តើ​មាន​អ្វី​កើតឡើង​ប្រសិន​បើ​លោក Edward Snowden និង​លោក Julian Assange ត្រឹមត្រូវ​? ខ្ញុំ​គិត​ថា​លោក​ ត្រាំ គួរ​លើក​លែង​ទោស​ដល់​ពួកគេ​ទាំង​ពីរ​នៅ​ក្រោម​ហេតុផល​ថា​ពួកគេ​បាន​ដាក់​ខ្លួនឯង​ឲ្យ​ស្ថិត​ក្នុង​ហានិភ័យ​ខ្លាំង​ដើម្បី​បង្ហាញ​​ពី​អ្វី​ដែល​បាន​កើតឡើង​ក្នុង​រដ្ឋបាល​​អូបាម៉ា​នៅ​ពេល​​វា​ផ្ទុយ​​នឹង​រដ្ឋធម្មនុញ្ញ​ និង​ទិដ្ឋភាព​នៃ​ការ​​ប្រឆាំង​ពលរដ្ឋ​នៃ​ចក្រភព​ត្រួតត្រា​ជា​សកល​របស់​អាមេរិក​ដែល​បាន​ឆ្លងកាត់​​ល្បែង​ប្រឆាំង​នឹង​គូ​ប្រជែង​រហូត​មិន​អាច​គ្រប់គ្រង​បាន​។

លោក Henry Kissinger ភ្លាមៗ​បន្ទាប់ពី​ជំនួប​ប្រជុំ​ជាមួយ​លោក​ ត្រាំ បាន​បង្ហាញ​ខ្លួន​នៅ​លើ​កញ្ចក់​ទូរទស្សន៍ CNNនិង​បាន​ចង្អុល​បង្ហាញ​ពី​លក្ខណ​ពិសេស​របស់​លោក​ ត្រាំ ​ក្នុង​នាម​ជា​ប្រធានាធិបតី​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​នេះ​ពីព្រោះ​គាត់​មិន​បាន​ជំពាក់​គុណ​នរណា​ម្នាក់​សម្រាប់​ការ​ទទួល​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​ធ្វើ​ជា​ប្រធានាធិបតី​របស់​គាត់​ទេ​គឺ​មាន​តែ​ខ្លួន​គាត់​ផ្ទាល់​តែ​ប៉ុណ្ណោះ​។ ប្រហែល​នេះ​ជា​មូលហេតុ​ដែល​មន្ត្រី​សហគមន៍​ស៊ើបការណ៍​សម្ងាត់​មាន​ការ​ភ័យ​ខ្លាច​។ ពិត​ណាស់​គឺ​ពួកគេ​គួរតែ​ភ័យ​ខ្លាច​។

វា​ជា​រឿង​សមហេតុផល និង​ចាំបាច់​បំផុត​សម្រាប់​ប្រធានាធិបតី​ជាប់​ឆ្នោត​លោក​ ត្រាំ ក្នុង​ការ​គ្រប់គ្រង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ដែល​លោក​ត្រូវ​បាន​គេ​បោះឆ្នោត​ជ្រើសរើស​ឱ្យ​ដឹកនាំ​ និង​ដើម្បី​កែច្នៃ​ទ្រង់ទ្រាយ​ឡើង​វិញ​តាម​គ្រប់​វិធី​​ដែល​គាត់​នឹង​សម្រេច​ថា ​តើ​វិធីសាស្ត្រ​ណា​មួយ​ដែល​មាន​ប្រសិទ្ធភាព​បំផុត​? កន្លែង​ដំបូង​ត្រូវ​ចាប់ផ្តើម​គឺ​ក្រុម​ផ្តល់​សេវា​ស៊ើបការណ៍​សម្ងាត់​នេះ​តែ​​ម្តង​ដែល​សមាជិក​របស់​គេ​បាន​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​កម្ចាត់​លោក​ ត្រាំ​។

ពលរដ្ឋ​អាមេរិកាំង​សហគមន៍​ស៊ើបការណ៍​សម្ងាត់​សម្ព័ន្ធមិត្ត និង​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​ពិភពលោក​​ទាំង​មូល​គួរ​រំពឹង​លើ​លោក​ ត្រាំ ថា​លោក​នឹង​ចាត់​វិធានការ​យ៉ាង​ស្ងាត់ស្ងៀម​ និង​ដាច់​ខាត​​ដើម្បី​កម្ចាត់​ការ​ប្រឆាំង​ណា​មួយ​​ដែល​កើត​ពី​សេវាកម្ម​ស៊ើបការណ៍​សម្ងាត់​របស់​គាត់​គឺ​ដូច​អ្វី​ដែល​គាត់​ធ្លាប់​យក​ឈ្នះ​ក្បាល​ម៉ាស៊ីន​នយោបាយ​លោកស្រី​ ​ហ៊ីឡារី គ្លីនតុន​ និង​កម្ទាត់​លោក​​ អូបាម៉ា ចេញ​ដើម្បី​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ជាដើម​៕

លោក Stuart Alan Becker គឺជា​អ្នក​និពន្ធ​ និង​ជា​អ្នក​កាសែត​មាន​មូលដ្ឋាន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។

លោក​បាន​ធ្វើ​បទសម្ភាស​​ជាមួយ​​អតីត​នាយករង MI5 លោក Peter Wright ជា​អ្នក​បាន​ចេញ​ផ្សាយ​សៀវភៅ Spycatcher ដែល​បាន​ជាប់​កំណត់ត្រា​ជា​ប្រវត្តិសាស្ត្រ​លក់​ដាច់​​បំផុត​ហើយ​ក៏​ធ្លាប់​បាន​សម្ភាស​ជាមួយ​អតីត​ប្រធាន CIA លោក William Colby ផង​ដែរ ដែល​ក្រោយ​មក​បាន​ស្លាប់​នៅ​ក្នុង​អ្វី​ដែល​ត្រូវ​បាន​គេ​ហៅថា​គ្រោះថ្នាក់​ពេល​ជិះ​ទូក​ចែវ​ Canoeing។

ទន្ទឹម​នឹង​នេះ​​​លោក​ក៏​មាន​ចំណង​​មិត្ដភាព​យូរ​អង្វែង​ជាមួយ​លោក Phillip Knightley ជា​អ្នក​កាសែត​ជនជាតិ​អូស្ត្រាលី​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​ដែល​ទើប​ស្លាប់​នាពេល​ថ្មីៗ​នេះ​ដែល​លោក​ប្រហែល​ជា​អ្នក​សរសេរ​រឿង​ចារកម្ម​ និង​របាយការណ៍​ស៊ើបអង្កេត​ល្អ​បំផុត​ក្នុង​សតវត្សរ៍​ទី​ ២០​។

លោក Becker ក៏​បាន​សម្ភាស​លោក ដូណាល់ ត្រាំ ផង​ដែរ​នៅឯ​ការិយាល័យ​របស់​លោក​ក្នុង​អគារ Trump Tower នៅ​ក្នុង​ឆ្នាំ​ ១៩៩៦ កន្លង​ទៅ​ហើយ​​លោក​ក៏​ធ្លាប់​​បាន​រៀបរាប់​ថា​លោក​ ត្រាំ​ គឺជា​ «​មនុស្ស​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ និង​ជា​មនុស្ស​ប្រកប​ដោយ​គុណធម៌​បំផុត​មួយ​រូប​ផង​ដែរ»៕ NS

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ