Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - សហគ្រិន​វ័យ​ក្មេង​ជា​អនាគត​របស់​កម្ពុជា

Content image - Phnom Penh Post
DJ Nana នៅ​ក្នុង​សិក្ខាសាលា​មួយ​នា​ពេល​កន្លង​មក​។ រូបថត សហការី

សហគ្រិន​វ័យ​ក្មេង​ជា​អនាគត​របស់​កម្ពុជា

នាពេល​បច្ចុប្បន្ន​យុវជន​កម្ពុជា​ជាច្រើន​កំពុង​តែ​ជួប​ប្រទះ​បញ្ហា​ប្រឈម​ដ៏សន្ធឹក​សន្ធាប់​នៅ​ពេល​ពួកគេ​ចាប់ផ្ដើម​ជីវិត​ការងារ​របស់​ពួកគេ​។ ​ការ​ខ្វះ​បទពិសោធ ជំនាញ និង​ដើមទុន​របស់​ពួកគេ​ជា​ញឹកញាប់​មាន​ន័យ​ថា​ការងារ​ដែល​ពួកគេ​រក​បាន​គឺជា​ការងារ​ដែល​មាន​គុណភាព​ទាប​ និង​ទទួល​បាន​ប្រាក់​ឈ្នួល​ទាប​។

ការ​ស្រាវជ្រាវ​របស់​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO) ​នៅ​ប្រទេស​កម្ពុជា ​បាន​បញ្ជាក់​ថា​ខណៈ​ពេល​ដែល​អត្រា​នៃ​យុវជន​គ្មាន​ការងារ​ធ្វើ​មាន​កម្រិត​ទាប ត្រឹមតែ ៣,៨ ភាគរយ​អត្រា​នេះ​អាច​បង្ហាញ​ពី​អត្រា​ដ៏ខ្ពស់​នៃ​ការងារ​ដែល​យុវជន​កំពុង​តែ​ធ្វើ​ប្រកប​ដោយ​រងគ្រោះ ឬ​ការងារ​ដែល​កខ្វក់​មាន​គ្រោះថ្នាក់​ និង​ការ​បាត់បង់​កិត្ដិយស​ផង​ដែរ​។

លើស​ពី​នេះ​ទៀត​សម្ពាធ​សង្គម​វប្បធម៌​ និង​គ្រួសារ​គឺជា​បន្ទុក​បន្ថែម​ដែល​អាច​ដាក់​កំហិត​ ឬ​កំណត់​នូវ​សេរីភាព​របស់​ស្ត្រី​ និង​យុវជន​ជាច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​ពី​ការ​ធ្វើអ្វី​តាម​បំណង​ប្រាថ្នា​ពិតប្រាកដ​របស់​ពួកគេ​។

ក្នុង​នាម​នាង​ខ្ញុំ​ជា​យុវជន​វ័យ​ក្មេង​ម្នាក់​ខ្ញុំ​មាន​សំណាង​ណាស់​ដែល​អាច​ទទួល​បាន​អាជីព​មួយ​ដែល​ខ្ញុំ​ស្រលាញ់ ហើយ​អាច​ទទួល​បាន​បទពិសោធ​ការងារ​មុន​ពេល​ខ្ញុំ​បញ្ចប់​វិទ្យាល័យ​។ ខ្ញុំ​ជឿជាក់​ថា​យុវជន​កម្ពុជា​មាន​សក្ដានុពល​ច្រើន ហើយ​ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ដ៏ច្រើន​សន្ធឹក​សន្ធាប់ ប្រសិន​បើ​ឱកាស​ និង​ការ​គាំទ្រ​ត្រូវ​បាន​ផ្ដល់​ជូន​យុវជន​ក្នុង​ការ​សម្រេច​សក្ដានុពល​ដ៏ពេញលេញ​របស់​ពួកគេ​។ ​

ដូច្នេះ​ ហើយ​នាង​ខ្ញុំ​គិត​ថា ការ​ដាក់​បញ្ចូល​សហគ្រិនភាព​ទៅ​ក្នុង​កម្មវិធី​សិក្សា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​គឺជា​ជំហាន​ឆ្ពោះ​ទៅ​កាន់​វិថី​ដ៏ត្រឹមត្រូវ​មួយ​។

មាន​មនុស្ស​ជាច្រើន​នៅ​ប្រទេស​កម្ពុជា​មិន​យល់​ថា​សហគ្រិនភាព​មិន​គ្រាន់​តែ​ជា​ការ​យល់​ដឹង​ពី​របៀប​បើក​អាជីវកម្ម​ និង​រក​លុយ​ប៉ុណ្ណោះ​ទេ តែ​វា​គឺជា​វិធី​ក្នុង​ការ​សម្លឹង​មើល​ពិភពលោក និង​ជំនាញ​មួយ​ដែល​អាច​ជំរុញ​ភាព​ច្នៃ​ប្រឌិត ភាព​ល្អ​ប្រសើរ និង​ការ​រៀនសូត្រ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ពី​បទពិសោធ​ជីវិត​។

សហគ្រិន​មាន​សុទិដ្ឋិនិយម ហើយ​មើល​ទៅ​អនាគត​។ ពួកគេ​ជឿ​ថា​ជោគជ័យ​គឺ​អាច​ធ្វើ​ទៅ​បាន​ហើយ​មាន​ឆន្ទៈ​ក្នុង​ការ​ទទួល​យក​​ហានិភ័យ​។ ពួកគេ​មាន​ការ​ផ្លាស់ប្តូរ​លឿន ហើយ​អាច​ផ្លាស់ប្តូរ​បាន​យ៉ាង​ឆាប់​រហ័ស និង​មាន​ឆន្ទៈ​ក្នុង​ការ​សាកល្បង​វិធីសាស្ត្រ​ផ្សេង​គ្នា និង​វិធី​ថ្មី​ក្នុង​ការ​ធ្វើ​ការងារ​។

សង្គម​មួយ​ដែល​លើក​ទឹក​ចិត្ត​ និង​ផ្តល់​រង្វាន់​ដល់​សហគ្រិន​គឺ​មាន​ភាព​រឹងមាំ​ និង​មាន​ភាព​ប្រសើរ​ឡើង​ក្នុង​ការ​រស់នៅ​ក្នុង​ពិភពលោក​ដ៏ទំនើប ដូច្នេះ​គ្មាន​នរណា​ម្នាក់​មាន​ថាមពល​ និង​សុទិដ្ឋិនិយម​អំពី​សហគ្រិនភាព​ជាង​យុវជន​នោះ​ទេ​។ យើង​មាន​សំណាង​ណាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​យើង​មាន​គំរូ​សហគ្រិន​វ័យក្មេង​ជាច្រើន​ដែល​កំពុង​ជួយ​កសាង​សង្គម​ដ៏ល្អ​ប្រសើរ​ និង​រុងរឿង​ជាង​មុន​។

លោក ហាវ គង់ងី ដែល​ជា​សហគ្រិន​បាន​បង្កើត​ដំណោះស្រាយ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ដើម្បី​ផ្តល់​នូវ​ជម្រើស​ផ្ទះសម្បែង​ដែល​មាន​តម្លៃ​សមរម្យ​ និង​មិន​ប៉ះពាល់​បរិស្ថាន​ដែល​បងប្អូន​ប្រុស​ស្រី​រាប់លាន​នាក់​ទទួល​បាន​ផលប្រយោជន៍​។

សហគ្រិន​ដូច​លោក ធុល រិទ្វី កំពុង​ដឹកនាំ​វិធី​ដើម្បី​ធានា​ថា​វិធី​ថ្មី​នៃ​ការ​គិត​ និង​វិធីសាស្ត្រ​ថ្មី​ត្រូវ​បាន​លើក​ទឹកចិត្ត​ និង​មិន​ត្រូវ​បាន​រារាំង​យុវជន​ដោយ​ប្រមូលផ្តុំ​យុវជន​ក្នុង​ការ​គាំទ្រ​គ្នា​ពី​សហគ្រិន​វ័យ​ក្មេង​សម្រាប់​សហគ្រិន​វ័យក្មេង​។

ជាមួយ​គ្នា​នេះ​ដែរ​សហគ្រិន​ស្ដ្រី​ដូចជា​អ្នកស្រី​ សៀត មុំសុភា ​បាន​ប្រើប្រាស់​ជំនាញ​អាជីវកម្ម​ និង​ភាព​ជោគជ័យ​របស់​គាត់​ដើម្បី​តំណាង​ឱ្យ​សហគ្រិន​វ័យ​ក្មេង​នៅ​ទូទាំង​ប្រទេស​ហើយ​ធានា​ថា​តម្រូវការ​ និង​ការ​ចូលរួម​របស់​ពួកគាត់​ជា​ស្ដ្រី​មិន​ត្រូវ​បាន​មើល​រំលង​ ឬ​ផ្ដល់​តម្លៃ​តិច​ពី​រដ្ឋាភិបាល​ ឬ​ផ្នែក​អាជីវកម្ម​ទេ​។

ឧទាហរណ៍​ទាំង​នេះ​ព្រម​ទាំង​ថាមពល និង​ចំណង់​ចំណូល​ចិត្ត​ក្នុង​ចំណោម​យុវជន​វ័យ​ក្មេង​ដែល​ខ្ញុំ​ឃើញ​ និង​ឮ​គ្រប់​ទីកន្លែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ធ្វើ​ឱ្យ​ខ្ញុំ​មាន​សុទិដ្ឋិនិយម​អំពី​អនាគត​របស់​ប្រទេស​កម្ពុជា​យើង​។

ប៉ុន្តែ​ភាព​ជោគជ័យ​របស់​សហគ្រិន​វ័យក្មេង​របស់​កម្ពុជា​នឹង​តម្រូវ​ឱ្យ​មាន​គោលនយោបាយ គោលដៅ​ និង​សេវាកម្ម​ដែល​អនុញ្ញាត​ឱ្យ​យុវជន​ជំនាន់​នេះ​ឈាន​ដល់​សក្តានុពល​ដ៏ពេញលេញ​របស់​ពួកគេ​។ យុវជន​ត្រូវ​ដឹង​ថា​នៅ​មាន​ឱកាស​ជាច្រើន​សម្រាប់​ការ​ចាប់​ផ្តើម​អាជីវកម្ម​ថ្មី​។

លទ្ធភាព​ទទួល​បាន​ការ​បណ្តុះបណ្តាល​ និង​ការ​អភិវឌ្ឍ​ជំនាញ​សម្រាប់​យុវជន​ទាំង​អស់​គ្រាន់​តែ​ជា​ចំណុច​ចាប់ផ្តើម​។

សម្រាប់​ហេតុផល​នេះ​ខ្ញុំ​សង្ឃឹម​ថា​តាមរយៈ​កិច្ចប្រជុំ​ពិភាក្សា​ថ្នាក់​ជាតិ​ស្តីពី​ភាព​ជា​សហគ្រិន​ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​អប់រំ យុវជន និង កីឡា និង​អង្គការ ILO នៅ​ថ្ងៃ​ទី ២៤ ខែ​សីហា​ឆ្នាំ​ ២០១៧ ​អាច​អំពាវនាវ​ដល់​គ្រប់​វិស័យ​ទាំង​អស់​ដូចជា​អាជីវកម្ម រាជរដ្ឋាភិបាល អង្គការ​អន្តរជាតិ អង្គការ​សង្គម​ស៊ីវិល​ និង​ស្ថាប័ន​អប់រំ​ឆ្លុះ​បញ្ចាំង​លើ​ការ​ពិភាក្សា និង​លើក​ឡើង​ពី​អនុសាសន៍​សំខាន់ៗ​ដែល​លេច​ឡើង​តាមរយៈ​កិច្ចពិភាក្សា​៕

ដោយ DJ Nana សហគ្រិន​វ័យក្មេង​កម្ពុជា

0

Comments

Please, login or register to post a comment