Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - សិទ្ធិ​ស្មើភាព​គ្នា​ ចាប់​ផ្តើម​ពី​ផ្ទះ​ទៅៈ​ទិវា​មោទនភាព​សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ឆ្នាំ​ ២០១៧

Content image - Phnom Penh Post
បុរស​ និង​បុរស​នៅ​ក្នុង​ប្រទេស​ថៃ​រៀបការ​ជាមួយ​គ្នា​កាលពី​ពេល​កន្លង​មក​។ រូបថត សហការី

សិទ្ធិ​ស្មើភាព​គ្នា​ ចាប់​ផ្តើម​ពី​ផ្ទះ​ទៅៈ​ទិវា​មោទនភាព​សម្រាប់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ឆ្នាំ​ ២០១៧

សប្តាហ៍​នេះ​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​កំពុង​ប្រារព្ធ​ទិវា​អន្តរជាតិ​ប្រឆាំង​នឹង​ការ​ស្អប់​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា និង​ការ​ស្អប់​អ្នក​ប្តូរ​យេនឌ័រ (​ហៅ​កាត់​ថា IDAHOT)​។ នេះ​គឺជា​ទិវា​គោរព​សិទ្ធិមនុស្ស​របស់​ស្ត្រី​ស្រឡាញ់​ស្ត្រី បុរស​ស្រឡាញ់​បុរស​ អ្នក​ស្រឡាញ់​ទាំង​ពីរ​ភេទ​អ្នក​ប្តូរ​យេនឌ័រ​ មនុស្ស​អន្តរភេទ និង​មនុស្ស​ពុំ​មាន​ភេទ​ពិតប្រាកដ​ (​ហៅ​រួម​គ្នា​ថា​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​) ​និង​អបអរសាទរ​លក្ខណៈ​ផ្សេងៗ​គ្នា​របស់​ពួកគេ​។

នៅ​ប្រទេស​កម្ពុជា​នៅ​សប្តាហ៍​នេះ​នឹង​មាន​ការ​អបអរសាទរ​ និង​ការ​បង្កើន​ការ​យល់​ដឹង​អំពី​មោទនភាព​របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ឆ្នាំ ២០១៧ ដើម្បី​អបអរសាទរ​ទិវា​អន្តរជាតិ​ប្រឆាំង​នឹង​ការ​ស្អប់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា និង​ការ​ស្អប់​អ្នក​ប្តូរ​យេនឌ័រ​ក្រោម​ប្រធានបទ​ខ្ញុំ​គឺ​ខ្ញុំ​។

នៅ​ក្នុង​សកលលោក​ទាំង​មូល “​គ្រួសារ​” គឺជា​គោលដៅ​នៃ​ទិវា​ IDAHOT ឆ្នាំ​នេះ​។

គ្រួសារ​គឺជា​បេះដូង នៃ​ជីវិត​របស់​យើង​ទាំងអស់​គ្នា​។ គ្រួសារ​គឺជា​ទីកន្លែង​ដែល​យើង​បង្កើត​គុណ​តម្លៃ​របស់​យើង និង​កំណត់​អត្តសញ្ញាណ​របស់​យើង​ដូច្នេះ​គ្រួសារ​គួរតែ​ជា​កន្លែង​ដែល​ផ្តល់​នូវ​សុវត្ថិភាព និង​សន្តិសុខ​ដល់​យើង​ផងដែរ​។

ប៉ុន្តែ ​ដូច​ដែល​រំលេច​ក្នុង​ប្រធានបទ​នៃ​ទិវា​ IDAHOT ឆ្នាំ​នេះ​មនុស្ស​វ័យក្មេង​ដែល​ចម្រើន​វ័យ​ជាមួយ​នឹង​ទំនោរ​ផ្លូវភេទ​ ឬ​អត្តសញ្ញាណ​យេនឌ័រ​មិន​ស្រប​តាម​បទដ្ឋាន​នៃ​សង្គម​របស់​ពួកគេ​ពុំ​បាន​ទទួល​សុវត្ថិភាព និង​សន្តិសុខ​ពី​បរិយាកាស​គ្រួសារ​របស់​ពួកគេ​ជានិច្ចកាល​នោះ​ទេ​។

ក្នុង​ប្រទេស​កម្ពុជា​ក៏​ដូចជា​នៅ​តាម​បណ្តា​ប្រទេស​ផ្សេង​ទៀត​ក្នុង​ពិភពលោក​ដែរ អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា (LGBTIQ) វ័យ​ក្មេង​មួយ​ចំនួន​បែរ​ជា​ទទួល​បាន​បទពិសោធ​ផ្ទុយ​ទៅ​នឹង​អ្វី​ដែល​ពួកគេ​គួរ​ទទួល​បាន​ក្នុង​បរិយាកាស​គ្រួសារ​ទៅវិញ​ពោល​គឺ​ពួកគេ​ទទួល​រង​ការ​មិន​រាប់រក​ការ​រើសអើង​ និង​អំពើ​ហិង្សា​។

អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​វ័យក្មេង​ថែម​ទាំង​លើក​ឡើង​ថា​ពួកគេ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ផ្ទះ​ ឬ​ឪពុកម្តាយ​របស់​ពួកគេ​ហៅ​នគរបាល​ឲ្យ​មក​ធ្វើ​អន្តរាគមន៍​ក្នុង​ទំនាក់ទំនង​ភេទ​ដូច​គ្នា​របស់​ពួកគេ ឬ​ថែម​ទាំង​ត្រូវ​បាន​បង្ខំ​ឲ្យ​ទទួល​“​ការ​ព្យាបាល​” គ្រប់​បែប​យ៉ាង​ទៀត​ផង​។

សប្តាហ៍​មោទនភាព​គឺជា​ឱកាស​មួយ​ដើម្បី​បង្កើន​ការ​យល់​ដឹង​ជា​សាធារណៈ​អំពី​បទពិសោធ​ទាំង​នេះ និង​ទប់ទល់​ជាមួយ​ការ​រើសអើង​ដែល​កើត​មានឡើង​ក្នុង​គ្រួសារ និង​សហគមន៍​។

ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​បែប​នេះ​ គឺ​មាន​សារៈសំខាន់​ដោយ​ហេតុ​ថា​យើង​ទាំងអស់​គ្នា​សុទ្ធ​តែ​បាន​ដឹង​ថា​ដោយសារ​តែ​ការ​រើសអើង​ និង​ការ​ភ័យខ្លាច​ក្នុង​ចំណោម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ដប់​នាក់​មាន​ជិត​បី​នាក់​មិន​ហ៊ាន​បញ្ចេញ​អត្តសញ្ញាណ​របស់​ខ្លួន​សូម្បី​តែ​ចំពោះ​គ្រួសារ និង​មិត្តភក្តិ​ជិតស្និទ្ធ​របស់​ពួកគេ​។

អ្នក​តាក់តែង​គោលនយោបាយ​នៅ​កម្ពុជា​ចូលរួម​កាន់តែ​ច្រើន​ក្នុង​ការ​ពិភាក្សា​អំពី​របៀប​ដែល​គោលនយោបាយ​រដ្ឋាភិបាល​អាច​ផ្តល់​ការ​គាំទ្រ​ដល់​សិទ្ធិ​របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​។ ជា​ការពិត​កិច្ច​ពិគ្រោះ​យោបល់​គោលនយោបាយ​គឺជា​សកម្មភាព​មួយ​ក្នុង​ចំណោម​សកម្មភាព​នានា​ដែល​នឹង​មាន​ក្នុង​សប្តាហ៍​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​អបអរសាទរ​ទិវា​មោទនភាព​ឆ្នាំ​ ២០១៧​។

គោលនយោបាយ​សំខាន់ៗ​ជាច្រើន​បាន​ទទួល​ស្គាល់​រួច​ទៅ​ហើយ​នូវ​បញ្ហា​ជាក់លាក់​ដែល​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ជួប​ប្រទះ​។

ឧទាហរណ៍ ​ផែនការ​សកម្មភាព​ជាតិ​ដំណាក់កាល​ទី​ពីរ​ស្តីពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​លើ​ស្ត្រី​ទទួល​ស្គាល់​ពី​ភាព​ងាយ​ប្រឈម​នឹង​អំពើ​ហិង្សា​ដែល​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ជួប​ប្រទះ​។ នេះ​គឺជា​ការ​បោះ​ជំហាន​ជា​វិជ្ជមាន​មួយ​ដ៏សំខាន់ ប៉ុន្តែ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​យើង​ក៏​ដឹង​ផង​ដែរ​ថា​អំពើ​ហិង្សា​ចំពោះ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​តែ​ជា​ការ​ព្រួយបារម្ភ​ដ៏ធ្ងន់ធ្ងរ​មួយ​។

​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា បាន​ចាត់​ទុក​វិធានការ​ប្រឆាំង​បទល្មើស​ស្អប់​ក្រុម​ណា​មួយ​គឺជា​អាទិភាព​សំខាន់​។ ដូច្នេះ​អ្វី​ដែល​សំខាន់​ផង​ដែរ​គឺ​ត្រូវ​ពង្រឹង​ការ​អនុវត្ត​ដើម្បី​ឲ្យ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ដែល​ប្រឈម​នឹង​អំពើ​ហិង្សា​មិន​ថា​ក្នុង​គ្រួសារ​ ឬ​ក្នុង​សហគមន៍​អាច​ទទួល​បាន​សេវា​ និង​យុត្តិធម៌​។

ការ​ជ្រើសរើស​យក​ប្រធានបទ​គ្រួសារ​មក​ធ្វើ​ជា​ប្រធានបទ​សម្រាប់​ទិវា​នេះ​ក៏​រំលេច​ឲ្យ​ឃើញ​ផង​ដែរ​ពី​បញ្ហា​ដែល​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​ជុំវិញ​ពិភពលោក​កំពុង​ជួប​ប្រទះ​ក្នុង​ការ​កសាង​គ្រួសារ​ដោយ​មាន​ការ​ការពារ​តាម​ផ្លូវ​ច្បាប់​ស្មើភាព​គ្នា​។ សិទ្ធិ​កសាង​គ្រួសារ​ និង​ទទួល​បាន​ការ​ទទួល​ស្គាល់​ និង​ការ​ការពារ​ក្នុង​សង្គម​ និង​តាម​ផ្លូវ​ច្បាប់​គឺជា​សិទ្ធិ​មួយ​ដែល​ប្រជាពលរដ្ឋ​ភាគច្រើន​មិន​សូវ​ជា​កត់សម្គាល់​។

ទិវា​អន្តរជាតិ​ប្រឆាំង​នឹង​ការ​ស្អប់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា និង​ការ​ស្អប់​អ្នក​ប្តូរ​យេនឌ័រ​រំឭក​ប្រាប់​យើង​ទាំងអស់​គ្នា​ថា​សេចក្តី​ប្រាថ្នា​ជា​មូលដ្ឋាន​របស់​មនុស្ស​ក្នុង​ការ​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​ចំពោះ​អ្នក​ដែល​យើង​ស្រឡាញ់ និង​ទទួល​បាន​ការ​ការពារ​ចំពោះ​សកម្មភាព​ដែល​ខ្លួន​ធ្វើ​ទាំង​នេះ​ត្រូវ​បាន​គេ​បដិសេធ​មិន​ផ្តល់​ដល់​ក្រុម​ភាគតិច​។

ការ​ស្រាវជ្រាវ​ក្នុង​ប្រទេស​កម្ពុជា​បាន​បង្ហាញ​ថា​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​បាន​ចាត់​ទុក​ការ​ទទួល​បាន​សិទ្ធិ​ស្មើភាព​គ្នា​ថា​ជា​អាទិភាព​សំខាន់​ជាង​គេ​ដើម្បី​ឲ្យ​ស្ថានភាព​របស់​ពួកគេ​កាន់តែ​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​។

ពួកគេ​បាន​លើក​ឡើង​ជាពិសេស​អំពី​ការ​ព្រួយបារម្ភ​ជុំវិញ​សិទ្ធិ​ស្មុំ​កូន​សិទ្ធិ​រៀបការ​ជាមួយ​មនុស្ស​ដែល​មាន​ភេទ​ដូច​ពួកគេ និង​សិទ្ធិ​ទទួល​បាន​ឯកសារ​ច្បាប់​ដែល​ឆ្លុះបញ្ចាំង​ពី​អត្តសញ្ញាណ​យេនឌ័រ​ផ្សេងៗ​គ្នា​របស់​ពួកគេ​។

ការ​ព្រួយបារម្ភ​ទាំង​នេះ​គឺជា​ការ​អំពាវនាវ​ឲ្យ​មាន​ការ​ផ្តល់​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​ស្មើៗ​គ្នា​ដល់​មនុស្ស​គ្រប់​រូប​។

ក្នុង​សប្តាហ៍​មោទនភាព​នេះ​អ្វី​ដែល​សំខាន់​ផង​ដែរ​គឺ​ត្រូវ​ទទួល​ស្គាល់ និង​អបអរសាទរ​វឌ្ឍនភាព​ដែល​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ និង​អង្គការ​ធ្វើ​ការងារ​ជាមួយ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​សម្រេច​បាន​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​ដែល​មាន​លក្ខណៈ​ច្នៃប្រឌិត​ថ្មី​ចំពោះ​បញ្ហា​ពាក់ព័ន្ធ​នឹង​កិច្ចការពារ​ផ្លូវ​ច្បាប់​។

អង្គការ​សង្គម​ស៊ីវិល​បាន​ផ្តល់​ការ​គាំទ្រ​ដល់​សកម្មភាព​នានា​ដែល​ធ្វើ​ឡើង​ដោយ​សហគមន៍ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​ផ្សព្វផ្សាយ​ និង​អបអរសាទរ​គ្រួសារ​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ និង​សមិទ្ធផល​នានា​ដែល​គ្រួសារ​ទាំង​នេះ​សម្រេច​បាន​ក្នុង​សង្គម​កម្ពុជា​។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​អង្គការ​សង្គម​ស៊ីវិល និង​មេធាវី​បាន​ធ្វើ​ការងារ​ជាមួយ​នឹង​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ជួយ​គ្រួសារ​ទាំង​នេះ​បង្កើត​នូវ​កិច្ចសន្យា​ដែល​ផ្តល់​ឲ្យ​ពួកគេ​នូវ​ការ​ការពារ​ផ្លូវ​ច្បាប់​មួយ​ចំនួន​។ ​ជោគជ័យ​នៃ​វិធានការ​ទាំង​នេះ​បើ​ទោះបី​ជា​ក្នុង​ទ្រង់ទ្រាយ​តូច​ក៏ដោយ​បាន​ឆ្លុះបញ្ចាំង​ពី​ភាព​បើក​ចំហ​ដែល​គួរ​ជា​ប្រភព​ផ្តល់​នូវ​ក្តីសង្ឃឹម និង​មោទនភាព​។

សេចក្តី​ស្រឡាញ់​អត្តសញ្ញាណ​ និង​សន្តិសុខ​គឺជា​ក្តី​ប៉ងប្រាថ្នា​ជា​មូលដ្ឋាន​ធំ​បំផុត​ដែល​យើង​ទាំងអស់​គ្នា​មាន​ដូចៗ​គ្នា និង​ចង់​បាន​ក្នុង​ក្រុម​គ្រួសារ​ និង​សហគមន៍​របស់​យើង​។

សម្រាប់​សប្តាហ៍​មោទនភាព និង​ទិវា​អន្តរជាតិ​ប្រឆាំង​នឹង​ការ​ស្អប់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា និង​ការ​ស្អប់​អ្នក​ប្តូរ​យេនឌ័រ​ឆ្នាំ​នេះ​យើង​ទាំងអស់​គ្នា​ត្រូវ​តាំង​ចិត្ត​បោះ​ជំហាន​ទៅ​មុខ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ចក្ខុវិស័យ​របស់​យើង​ដែល​ចង់​បាន​សង្គម​ប្រកប​ដោយ​ភាព​ចម្រុះ​មួយ​ដែល​មនុស្ស​គ្រប់​គ្នា​ទទួល​បាន​ការ​គោរព​ និង​ការ​ការពារ​ក្នុង​រង្វង់​គ្រួសារ​របស់​ពួកគេ​ក៏​ដូចជា​ក្នុង​គ្រួសារ​មនុស្ស​របស់​យើង​ទាំងអស់​គ្នា​៕

Saleem Muhammad មន្ត្រី​ទទួល​បន្ទុក​នៃ UNAIDS
Debora Comini ​តំណាង​ប្រចាំ​ប្រទេស​នៃ UNICEF
Wan-Hea Lee ​តំណាង​ប្រចាំ​ប្រទេស​នៃ UNOHCHR
Janet Wong ​តំណាង​ប្រចាំ​ប្រទេស​នៃ UN Women

0

Comments

Please, login or register to post a comment