Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - សុបិន​រាស្ត្រ

Content image - Phnom Penh Post
សម្រែក​ទាមទារ​ឲ្យ​មាន​យុត្តិធម៌​ក្នុង​សង្គម​របស់​អ្នកភូមិ​បឹងកក់​នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កន្លង​មក​។ ផា លីណា

សុបិន​រាស្ត្រ

មិនមែន​យើង​ចាំបាច់​ទៅ​ស្តាប់​ចាំ​ជជីក​សួរ​ទៅ​ពលរដ្ឋ​គ្រប់​រូបៗ​ថា​គាត់​សុបិន​ឃើញ​អ្វី​យប់​មុន​ ឬ​យប់​មិញ​ហើយ​ក៏​មិន​មែន​យើង​ទៅ​ជជីក​សួរ​រឿង​សុបិន​ចង់​ឃើញ​ការ​អភិវឌ្ឍ​ជាតិ​តើ​គាត់​ចង់​ឱ្យ​ជាតិ​របស់​គាត់​ទៅ​ជា​យ៉ាងណា​? ​ឬ​ចង់​ឱ្យ​បាន​បែប​ណា​នោះ​ឡើយ​។

ដូច​ឆ្ងល់​ចុះ​បើ​យើង​​មិន​បាន​ទៅ​ជួប​ពួកគាត់​ផង តើ​យើង​យល់​ពី​សុបិន​រាស្ត្រ​ម្តេច​បាន​? ​ហើយ​បុគ្គល​ម្នាក់ៗ​មាន​សុបិន​រៀងៗ​ខ្លួន សូម្បី​ប្តី​ប្រពន្ធ​ ឬ​មនុស្ស​ពីរ​នាក់​គេង​លើ​គ្រែ​ ឬ​​កន្ទេល​ជាមួយ​គ្នា​ក៏​គង់​សុបិន​​ខុសៗ​គ្នា ចុះ​បើ​យ៉ាង​នេះ តើ​អ្វី​ជា​សុបិន​រាស្ត្រ​?

រឿង​សុបិន បើ​និយាយ​តាម​កត្តា​ជីវសាស្ត្រ​ ឬ​ចិត្តសាស្ត្រ​មនុស្ស​ដែល​សុបិន​រវើរវាយ​ច្រើន​ដេក​មមើ អ្នក​នោះ​បែប​មិន​ស្រួល​ហើយ​បើ​មិន​គួរ​តែ​ទៅ​ស្រោច​ទឹក​ក៏​គួរ​តែ​ទៅ​ឱ្យ​ពេទ្យ​ពិនិត្យ​ដែរ​ ឬ​ក៏​អាច​ឈាន​ទៅ​ដល់​​ជំងឺ​ផ្លូវចិត្ត​ក៏​ថា​បាន​។

ស្រដៀង​គ្នា​ដែរ​រាស្ត្រ​រស់នៅ​ក្នុង​នគរ​​មួយ​ដែល​សុបិន​ច្រើន ដូចជា​​សុបិន​ចង់​បាន​មន្ទីរពេទ្យ​ល្អ​មាន​គុណភាព សុបិន​ចង់​បាន​តុលាការ​យុត្តិធម៌ ឪពុកម្តាយ​សុបិន​ឃើញ​កូន​មាន​ការងារ​ធ្វើ​ (​មិន​​ចំណាកស្រុក​) ​កូន​សុបិន​ឃើញ​​ម្តាយ​មាន​ការ​ធានា​សុខភាព​​ដោយ​រដ្ឋ​មាន​ការ​ហូបចុក​មិន​ខ្វះ​ព្រឹក​ខ្វះ​ល្ងាច​អ្នក​ស្រែ​សុបិន​មាន​ប្រព័ន្ធ​ធារាសាស្ត្រ​ល្អ​គ្រប់គ្រាន់​តម្លៃ​កសិផល​ត្រូវ​បាន​ធានា​សមរម្យ រីឯ​អ្នក​ទីក្រុង​សុបិន​កុំ​ឱ្យ​ស្ទះលូ ចរាចរណ៍ ចរន្ត​សេដ្ឋកិច្ច​ប្រក្រតី នយោបាយ​ល្អ​បញ្ញវន្ត យុវជន​សុបិន​ថា​ខ្លួន​មាន​ឱកាស​ចូលរួម​កិច្ចការ​បម្រើ​សង្គម​​មាន​សេរីភាព​ចូលរួម​មាន​ការ​ធានា​ពី​សិទ្ធិ​សេរីភាព​ និង​ចែករំលែក​​ ឬ​ទទួល​បាន​ប្រព័ន្ធ​អប់រំ​ល្អ​។​ល​។

បើ​និយាយ​ពី​មេ​ឆ្នោត​ក៏​វង្វេង​ដែរ​ព្រោះ​មិន​ដឹង​គួរ​តម្រង់​ឱ្យ​​ចេញ​លេខ​មួយណា បើ​សម្បូរ​អ្នក​យល់​សុបិន​មក​ចាក់​លេខ​​ឆ្នោត​ច្រើន​យ៉ាង​នេះ​ហើយ​ម្នាក់ៗ​មាន​ច្រើន​យល់​សប្តិ​ទៀត​។

និយាយ​ត្រឹម​នេះ​សិន​ចុះ​ក្រែង​និយាយ​ច្រើន​តិច​ថា​ខ្ញុំ​សុបិន​​ច្រើន​ដែរ​។

ឃើញ​មនុស្ស​លោក​សុបិន​​ច្រើន ក្តី​ប្រាថ្នា​ច្រើន តែ​ទេវតា​ហាក់​មិន​សូវ​ប្រណី​សោះ​! ទោះបី​រាស្ត្រ​សែន​ថ្វាយ​ដល់​អាស្រម​ហើយ​នៅ​តែ​ធ្វើ​ហី​ ឬ​ពេល​ខ្លះ​បាន​ត្រឹម​តែ​សន្យា​ក៏​មាន​។ ​មាន​រាស្ត្រ​មួយ​ក្រុម​នោះ​អត់​ខ្លាច​ហើយ​បែរ​ទៅ​ដាក់​បណ្តាសា​​កង​សេនា​ទេវតា​ទៀត ព្រោះ​ខឹង​កង​សេនា​មិន​ព្រម​ដោះស្រាយ​បញ្ហា​សុបិន​របស់​ពួកគេ​។ គេ​ហាក់​មិន​សូវ​ស្អប់​ទេវតា​ទេ តែ​គេ​មិន​ពេញ​ចិត្ត​ចំពោះ​ពលសេនា​ថ្នាក់​ក្រោម​ដូចជា ពពួក​អ្នកតា​ចាំ​ស្រុក អ្នកតា​ឃុំ អ្នកតា​ក្រុង​ អ្នកតា​លូ អ្នកតា​ថ្នល់ បឹង អ្នកតា​ព្រំដែន អ្នកតា​កុងត្រូល​ជា​​ដើម​។ ​តើ​នេះ​ជា​កំហុស​មនុស្ស​​លោក​ដែល​រស់​ពឹង​តែ​វាសនា​ទេវតា​ប្រទាន​ ឬ​កំហុស​ទេវតា​ដែល​មិន​ព្រម​មើល​ថែ​មនុស្ស​​លោក​ និង​បំពេញ​ក្តី​សុបិន​របស់​ពួកគេ​? ​កុំ​បន្ទោស​ទេវតា​អី​ព្រោះ​ទេវតា​មិន​បាន​ហូបបាយ​ដូច​មនុស្ស​លោក​ឯណា​?

មិនមែន​ខ្ញុំ​ចេះ​ជាង​ទេវតា​ទេ​ហើយ​ក៏​មិនមែន​ហែក​កេរិ៍្ត​ទេវតា ឬ​និយាយ​ដើម​មនុស្ស​លោក​ដែរ​។ តែ​យើង​អាច​ពិចារណា​ទៅ​លើ​ជ្រុង​ទាំង​ពីរ​ហើយ​សាក​ដើរតួ​ជា​អ្នក​រូត​វាំងនន​វិញ​។ ​ប្រសិន​បើ​ទេវតា​មាន​មហិច្ឆតា​សម្រេច​ក្តី​សុបិន​នោះ​នឹង​ប្រសើរ​ហើយ​។ តែ​សុបិន​ខ្លះ​ក៏​អាក្រក់​ដែរ​បើ​មហិច្ឆតា​នៃ​សុបិន​ចង់​ឱ្យ​រីកចម្រើន​តែ​ក្រុម​ និង​បក្ស​របស់​​ខ្លួន ញាតិវង្ស​ខ្លួន​ក៏​ពិបាក​លើស​ថ្ងែ​ហ្នឹង​ទៅ​ទៀត​តែ​បើ​សុបិន​​នោះ​វិជ្ជមាន​វិញ​បូករួម​នឹង​ទេវតា​មាន​សមត្ថភាព​ឆន្ទៈ​ និង​ឧត្តមគតិ​ធ្វើ​វា​នោះ​ឋាន​ទេវតា​ និង​មនុស្ស​លោក​ច្បាស់​ជា​សម្បូរ​សប្បាយ​ និង​រស់នៅ​សុខដុម​មិន​ខាន​ឡើយ​។ លើស​ពី​នេះ​ទេវតា​នឹង​ទទួល​បាន​សំណែន​ភ្ញីផ្កា​មាន​ក្លិន​ក្រអូប​មាន​កេរ្តិ៍ឈ្មោះ​ល្អ​ និង​ត្រូវ​បាន​មនុស្ស​​លោក​ឈប់​ទៅ​រំខាន​ ឬ​ថ្វាយ​លិខិត​ទៀត​ហើយ​។

ក្នុង​នោះ​ដែរ​ទាំង​ផ្នែក​អាណាចក្រ​ និង​សាសនាចក្រ​គឺជា​ចំណុច​សំខាន់​ដើម្បី​បំពេញ​ក្តី​សុបិន​រាស្ត្រ​។ ​

មាន​រមណីយដ្ឋាន​ស្អាត​សេវា​ល្អ​មាន​ទឹក​ភ្លើង​តុលាការ​ស្អាតស្អំ ការ​អប់រំ​ និង​មន្ទីរពេទ្យ​មាន​គុណភាព​លុប​បំបាត់​គ្រឿង​​ញៀន​ល្បែង​ស្រី​ស្រា​មាន​ផ្លូវ​ដង្ហើម​​សេដ្ឋកិច្ច​ស្រួល​ផ្តល់​សេរីភាព​ពេញលេញ​លែង​ធ្វើ​ឱ្យ​មនុស្ស​លោក​ឈឺចាប់​លែង​ទទួល​តែ​សំណែន​/​សំណូក​កខ្វក់​មិន​បក្ខ​​ពួក​តាមដាន​យក​ចិត្ត​ទុក​ដាក់​ការ​អនុវត្ត​ពលសេនា​របស់​ខ្លួន​ចុះ​សួរសុខទុក្ខ​មនុស្ស​លោក​ប្រជារាស្ត្រ​ដោះស្រាយ​សំណូមពរ​របស់​រាស្ត្រ​បែងចែក​ផល​លាភ​ឱ្យ​រាស្ត្រ​ដោយ​សមធម៌ ចេះ​គាំទ្រ​ទង្វើ​ល្អ ដាក់ទោស​មនុស្ស​ធ្វើ​អាក្រក់​ជាដើម​។ ​

ខាង​សាសនាចក្រ​វិញ​គឺ​លើក​តម្កើង​សីលធម៌​សង្គម​ផ្តល់​តម្លៃ​ដល់​អ្នក​គិត​តម្លៃ​សាសនា ការ​អប់រំ​របស់​ព្រះធម៌ ការ​បង្រៀន​របស់​សាសនា​នានា​ឱ្យ​តម្លៃ​អ្នក​វិភាគ​អ្នក​ស្រាវជ្រាវ​អប់រំ​ឱ្យ​មនុស្ស​ស្គាល់​តម្លៃ​មនុស្ស តម្លៃ​សច្ចធម៌​បំបាត់​ការ​រើសអើង​ ឬ​ការ​លាប​ពណ៌​ក្នុង​សង្គម​នយោបាយ​ និង​ចេះ​ស្រឡាញ់​ និង​រួមរស់​ជាមួយ​គ្នា​ក្នុង​នាម​ជា​មនុស្ស​ជាតិ​។

ដូច្នេះ​គឺ​ទេវតា​មាន​កាតព្វកិច្ច​ធានា​ចំពោះ​សន្តិភាព​។ ​សន្តិភាព​​មិនមែន​គ្រាន់តែ​ជា​អវត្តមាន​នៃ​សង្គ្រាម​នោះ​ទេ​តែ​វា​ជា​សន្តិភាព​​ទាំង​ផ្លូវកាយ​ និង​ផ្លូវចិត្ត​។ ​បន្ថែម​ពី​នេះ​ទេវតា​មិន​គួរ​និម្មិត​ខ្លួន​ជាយ​ក្ស​មក​ជួប​មនុស្ស​លោក​ឡើយ​។

ប៉ុន្តែ​ថ្មីៗ​នេះ​ឮ​ថា​ទេវតា​កំពុង​តាំង​សិល្ប៍​ហាត់​វិជ្ជា​គុណ​បំប៉ន​​កម្លាំង​ និង​បង្កើន​ស្បៀង​សង្ឃឹម​​ថា​នឹង​មក​ចែក​អំណោយ​សង្គ្រោះ​​ប្រជារាស្ត្រ​ឋាន​មនុស្ស​លោក​ចុះ​។ ​តែ​កុំ​តែ​ខឹង​រាស្ត្រ​បាន​ហើយ​នៅ​ពេល​ចុះ​មក​ជួប​រាស្ត្រ​ពេល​រាស្ត្រ​សំណូមពរ​ច្រើន​ ឬ​សុបិន​រាស្ត្រ​ច្រើន​ពេក​។

រឿង​មនុស្ស​វិញ​ម្តង​។ ​មនុស្ស​មិន​គួរ​ទាមទារ​ក្តី​សុបិន​ណា​មួយ​​ចំពោះ​ទេវតា​ដោយ​អំពើ​ហិង្សា​ដោយ​ខ្វះ​ការ​ជជែក​សួរ​គ្នា​ទៅ​​វិញ​ទៅ​មក​ឡើយ​។ ​រឿង​អ្វី​ក៏ដោយ​​ត្រូវ​ដោះស្រាយ​ដោយ​សន្តិវិធី​។ ​ក្រៅ​ពី​នេះ​ចំណុច​ធំ​ពីរ​ដែល​មនុស្ស​​លោក​គួរ​រៀបចំ​ខ្លួន​គឺ​ទី​មួយ​៖ ​គួរ​ស្វែង​យល់​បន្ថែម​ពី​ភាព​ជា​ពលរដ្ឋ​ [​អ្នក​] ​នយោបាយ (Political Citizenship) ​ជា​អ្នក​​តាមដាន​នយោបាយ សិទ្ធិ​ និង​ការ​ទទួល​ខុសត្រូវ​ក្នុង​នាម​ជា​អ្នក​សមាជិក​សង្គម​ទាំង​ផ្នែក​នយោបាយ​សេដ្ឋកិច្ច​ និង​កាតព្វកិច្ច​សង្គម​។ ​ទី​ពីរ​៖ ​ជា​ពលរដ្ឋ​ជា​អ្នក​សារព័ត៌មាន​ (Citizen Journalists) ​មាន​សមត្ថភាព​ទទួល​បាន​ព័ត៌មាន​វិភាគ​ព័ត៌មាន​​ក្តាប់​បាន​ព័ត៌មាន​ និង​ចែករំលែក​​ព័ត៌មាន​ដើម្បី​សម្រេច​ចិត្ត​បាន​​ត្រឹមត្រូវ​។​ល​។

បន្ថែម​ពី​នេះ​បើ​ទេវតា និង​មនុស្ស​លោក​ចេះ​សហការ​រួមរស់​ដើម្បី​កសាង​សុខដុម​នីយកម្ម​វិបុលភាព​មិន​ប្រកាន់​ឋានៈ វណ្ណៈ​ទេវតា និង​មនុស្ស​ដោយ​និយាយ​គ្នា​សម្បទាន​ឱ្យ​គ្នា​ទៅវិញ​ទៅមក​។ ​បើ​ភាគី​ទាំង​ពីរ​ស្រុះ​ស្រួល​គ្នា​មិន​ដឹង​ពូ​សុខ​មីងសៅ សប្បាយ​ចិត្ត​យ៉ាង​ណា​ទេ​។

នេះ​យើង​គ្រាន់​តែ​និយាយ​​ពី​សុបិន​ថ្នាក់​ជាតិ​មិន​ទាន់​បាន​ជជែក​ពី​សុបិន​ថ្នាក់​អន្តរជាតិ​ផង​។ យើង​មិន​ចង់​ឱ្យ​កម្ពុជា​យក​ពុម្ព​ប្រជាធិបតេយ្យ​សេរីភាព ទម្រង់​ការ​សេដ្ឋកិច្ច​ជាដើម​មក​បោះ​ផ្សាយ​នៅ​ស្រុក​យើង​ទេ​ពីព្រោះ​រូបភាព​នៃ​ប្រជាធិបតេយ្យ​ស្រុក​គេ​អាច​ខុស​ពី​ស្រុក​រំដួល​ទាំង​ផ្នែក​នយោបាយ​​ផ្នត់​គំនិត​ប្រជាជន​ភូមិសាស្ត្រ​សាសនា​ជាដើម​។ ​

អ្នក​ខ្លះ​ទៅ​ស្រុក​​គេ​ឃើញ​គេ​ទំនើប​មាន​ប្រព័ន្ធ​កសិឧស្សាហកម្ម​ល្អ​ទំនើប​ប្រព័ន្ធ​អប់រំ​មាន​គុណភាព មន្ទីរពេទ្យ​មាន​ស្តង់ដារ​មនុស្ស​មាន​​គុណភាព​ និង​នយោបាយ​ស្រុក​គេ​មាន​ប្រព័ន្ធ​ច្បាស់លាស់​ជាដើម​ក៏​ស្រមៃ​ចង់​ឃើញ​ស្ថានភាព​​ស្រុក​ខ្លួន​ដូច​នោះ​ដែរ​។ អ្នក​ខ្លះ​ក៏​ខំ​ចម្លង​ម៉ាក​ម៉ូដ​ (​ម៉ូដ​សក់​សម្លៀកបំពាក់​...)​ទម្រង់​រូបភាព​ឈ្មោះ​ដូចជា ស្តង់ដារ​បរទេស​ដូចជា​សាលា​បង្រៀន​បែប​ស្តង់ដារ​អាមេរិក សិង្ហបុរី ហាង​បារាំង ផលិតផល​នាំ​ចូល​ពី​បរទេស គ្រូបង្រៀន​ជនជាតិ​បរទេស​។​ល​។

សន្ធឹកសន្ធាប់​ស្ទើរ​ក្លាយ​ជា​បរទេស​និយម​។ ការ​ធ្វើ​ទំនើបកម្ម​ជាតិ​ខ្លួន​ឱ្យ​បាន​ប្រសើរ​ឡើង​ពិតជា​គំនិត​ដ៏ល្អ​តែ​អ្វី​ដែល​ជនជាតិ​ខ្មែរ​គួរ​យក​​ចិត្ត​ទុក​ដាក់​នោះ​គឺ​ការ​ស្រឡាញ់​​ និង​ចូលរួម​ដើម្បី​ផ្តល់​តម្លៃ​នូវ​អ្វី​ដែល​ខ្មែរ​មាន​ដោយ​កសាង​ដំណើរ​នៃ​ការ​ស្រុះស្រួល​ជជែក​គ្នា​សន្ទនា​គ្នា​គ្រប់​ភាគី​ដែល​មិន​​អាច​ខ្វះ​បាន​។ ​នេះ​មិនមែន​យើង​បដិសេធ​តម្លៃ​បរទេស​នោះ​ទេ​តែ​យើង​សន្ទនា​គ្នា​ដើម្បី​ធ្វើ​សមាហរណកម្ម​ជាតិ​ និង​អន្តរជាតិ​ដើម្បី​បង្កើត​តម្លៃ​កម្រិត​ជាតិ​ស័ក្ដិសម​សម្រាប់​ជាតិ​។

ជាធម្មតា​មនុស្ស​មិន​អាច​ប្រឹង​ជុះ​តាម​ដំរី​បាន​នោះ​ទេ តែ​យើង​អាច​យក​អាចម៍​ដំរី​មក​ធ្វើ​ជី​ដាក់​ដំណាំ​យើង​បាន ហើយ​យក​ដំណាំ​នោះ​ឱ្យ​ដំរី​ស៊ី​វិញ​។ ​ទាំង​សុបិន​បែប​ជាតិ​ និង​បែប​អន្តរជាតិ​សុទ្ធ​តែ​ផ្តល់​ផល​ល្អ​សម្រាប់​​កម្ពុជា​។

សុបិន​អន្តរជាតិ​ជួយ​​ឱ្យ​ខ្មែរ​ចេះ​បើក​បង្អួច​ទៅ​មើល​​ពី​ទិដ្ឋភាព​វឌ្ឍនភាព​របស់​ជាតិ​សាសន៍​គេ​ និង​ខិតខំ​អភិវឌ្ឍ​ខ្លួន​ឱ្យ​ទាន់​សភាពការណ៍​នៃ​ការ​​វិវត្ត​របស់​សកលលោក​។ ​សុបិន​​ជាតិ​ឱ្យ​ខ្មែរ​ចេះ​សាមគ្គី​ផ្ទៃក្នុង​ស្គាល់​ខ្លួនឯង​បង្ហាញ​ពី​អ្វី​ដែល​ស័ក្ដិសម​ពង្រីក​ខ្លួន​ការ​ផ្សះផ្សា​ផ្ទៃក្នុង​ដូច​ពាក្យ​ចាស់​ថា​សាមគ្គី​រស់​បែកបាក់​ស្លាប់​ ឬ​ទំនាស់​ផ្ទៃក្នុង​ដែល​បង្ក​ភ័ព្វសំណាង​ដល់​​សត្រូវ​។

ជាពិសេស​អ្នក​ដឹកនាំ​​គួរ​តែ​មាន​គោលការណ៍​នៃ​ការ​​ដឹកនាំ​ច្បាស់លាស់​ដោយ​ការ​​ចូលរួម​បែប​អហិង្សា​ និង​ការ​​សហការ​។ ដូច​ទស្សនៈ​និយម​ខ្មែរ​ថា​អាក្រក់​បៀម​ល្អ ស​បៀម​ខ្មៅ ក្តៅ​បៀម​ត្រជាក់ ប្រុស​ និង​ស្រី មេ​ និង​បា​។ រាល់​ដំណោះស្រាយ​ទាំងអស់​មិន​ត្រូវ​យក​ហិង្សា​តទល់​នឹង​ហិង្សា​ឡើយ​។ ​ច្បាប់​ធម្មជាតិ​តែង​បំពេញ​ឱ្យ​គ្នា​ទៅវិញ​ទៅមក​។ ​អាក្រក់ និង​ល្អ​ខុស​ ឬ​ត្រូវ​ដើរ​ទន្ទឹម​គ្នា​។

យើង​អាច​ឃើញ​សុបិន​របស់​រាស្ត្រ​តាម​របៀប​ណា​? ​ជា​សាមញ្ញ​​យើង​អាច​មើល​សូចនាករ​នៃ​បញ្ហា​នៅ​ក្នុង​សង្គម បញ្ហា​អំពើ​​ពុករលួយ ការ​បែងចែក​ផល​នៃ​សង្គម​មិន​សមធម៌​ជំងឺ​ឆ្លង​បញ្ហា​​ធុញ​ថប់​ផ្នែក​នយោបាយ​ខ្វះ​ការ​​ធានា​ភោគផល​ក្នុង​ស្រុក​ធ្វើ​ស្រែ​ពឹង​ទេវតា​ចំណាក​ស្រុក​ជាដើម​។

និយាយ​សាមញ្ញ​ទោះ​ឱ្យ​ក្មេង​បឋម​សិក្សា​រៀបរាប់​ក៏​មិន​អស់​ដែរ តែ​បើ​សួរ​ពី​ដំណោះស្រាយ​គេ​ប្រហែល​ពិបាក​រាប់​ណាស់​ព្រោះ​កម្រ​ឃើញ​។ បើ​បញ្ហា​ទាំង​នេះ​ត្រូវ​បាន​ដោះស្រាយ​នោះ​ទាំង​សុបិន​របស់​ទេវតា​ និង​សុបិន​រាស្ត្រ​គឺ​បាន​ដោះស្រាយ​។

សរុប​មក​ជាតិសាសន៍​មួយ​ដែល​មាន​តែ​ជម្លោះ​គំរាម​ហិង្សា​ខ្វះ​ការ​បែងចែក ខ្វះ​សន្ទនា ខ្វះ​ការ​ទទួល​ខុសត្រូវ​នោះ​ជាតិ​សាសន៍​​នោះ​នឹង​វិនាស​អន្តរាយ​ជា​មិន​​ខាន​។ ផ្ទុយ​មក​វិញ​បើ​ជាតិសាសន៍​នោះ​ចេះ​សន្ទនា​គ្នា សន្ទនា​នយោបាយ សង្គម សេដ្ឋកិច្ច​សាសនា​ និង​សន្ទនា​បញ្ញវន្ត​នោះ​​ជាតិ​នោះ​នឹង​អាច​បង្កើត​នូវ​ដំណើរការ​នៃ​ការ​ស្រុះស្រួល​តម្លៃ​ជាតិ​សាមគ្គី​ជាតិ​ និង​ផល​មោទនភាព​ជូន​ជាតិ​ជា​មិនខាន​។ ​

ដូច្នេះ​​សុបិនរាស្ត្រ​នឹង​ត្រូវ​បាន​បញ្ចប់​ ឬ​កាត់បន្ថយ​ពីព្រោះ​មេដឹកនាំ​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ​អាច​ផ្តល់​​នូវ​ទំនុក​ចិត្ត​សង្គម​ និង​ទំនុក​​ចិត្ត​ស្មារតី ព្រោះ​បាន​កសាង​នូវ​មាគ៌ា​ដែល​អាច​សម្រេច​ក្តី​សុបិន​មុន​រាស្ត្រ​មក​ឆាឆៅ​។ ​

បច្ចុប្បន្ន​​ភាព​មេដឹកនាំ​គួរ​ធ្វើ​ឱ្យ​រាស្ត្រ​សុបិន​ល្អ​ពី​ខ្លួន​ជា​ជាង​ធ្វើ​ខ្លួន​ឱ្យ​រាស្ត្រ​សុបិន​អាក្រក់​អំពី​ខ្លួន​ហើយ​​វា​នឹង​ក្លាយ​ជា​សុបិន​អាក្រក់​ក្នុង​ប្រវត្តិសាស្ត្រ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ស្តីបន្ទោស​​ផង​ដែរ​។

ធួន មុន្នី

និស្សិត​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​ទស្សនវិជ្ជា
អ៊ីមែលៈ thuonmunny22@gmail.com

0

Comments

Please, login or register to post a comment