Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ស្ត្រី​ធ្វើការ​ដើម្បី​ការ​អភិវឌ្ឍ​ ឯ​ការ​អភិវឌ្ឍ​ត្រូវ​ផ្ដល់​ប្រយោជន៍​ដល់​ស្ត្រី​វិញ

Content image - Phnom Penh Post
នារី​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​នៅ​ភ្នំពេញ​ក្នុង​ពេល​កំពុង​នាំ​គ្នា​ទិញ​អាហារ​ថ្ងៃត្រង់​បរិភោគ​នៅ​ម៉ោង​សម្រាក។ រូបថត សហការី

ស្ត្រី​ធ្វើការ​ដើម្បី​ការ​អភិវឌ្ឍ​ ឯ​ការ​អភិវឌ្ឍ​ត្រូវ​ផ្ដល់​ប្រយោជន៍​ដល់​ស្ត្រី​វិញ

ស្ត្រី​ជា​អ្នក​ចូលរួម​វិភាគ​ទាន​យ៉ាង​សំខាន់​ចំពោះ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​។ ​គ្រាន់​តែ​មើល​ជុំវិញ​ខ្លួន​យើង​ក៏​យើង​អាច​ឃើញ​ស្ត្រី​បំពេញ​តួនាទី​យ៉ាង​សំខាន់​ក្នុង​វិស័យ​សំខាន់ៗ​ដូចជា​វិស័យ​កសិកម្ម​​ទេសចរណ៍​​ ពាណិជ្ជកម្ម​​ និង​ឧស្សាហកម្ម​កាត់ដេរ​ជាដើម​។ ​ទិន្នន័យ​ស្ថិតិ​ក៏​ប្រាប់​ឲ្យ​យើង​ដឹង​ដូច​គ្នា​នេះ​ដែរ​គឺ​ថា​​អត្រា​ចូលរួម​ក្នុង​កម្លាំង​ពលកម្ម​របស់​ស្ត្រី​នៅ​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​អត្រា​ខ្ពស់​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​នៅ​ក្នុង​តំបន់​។ ប៉ុន្តែ​តើ​កំណើន​នេះ​បាន​ផ្តល់​ប្រយោជន៍​ដល់​ស្ត្រី​វិញ​ដែរ​ឬ​ទេ​? បទពិសោធ​ពី​គ្រប់​ទិសទី​ក្នុង​ពិភពលោក​បង្ហាញ​ថា​កំណើន​សេដ្ឋកិច្ច​ពុំ​បាន​ផ្តល់​ប្រយោជន៍​ដល់​ស្ត្រី​ និង​បុរស​ឲ្យ​ស្មើៗ​គ្នា​នោះ​ទេ​។​ តាមពិត​គេ​បណ្តោយ​ឲ្យ​ទីផ្សារ​បន្ត​ពង្រីក​វិសមភាព​ដែល​កំពុង​តែ​កើតឡើង​រួច​ទៅ​ហើយ​នោះ​ឲ្យ​កាន់​តែ​សាយភាយ​បន្ថែម​ទៅ​វិញ​។

ហេតុ​នេះ​ហើយ​បាន​ជា​ទិវា​នាទី​អន្តរជាតិ​ ៨​ មីនា​ឆ្នាំ​នេះ​ផ្តោត​លើ​ប្រធានបទ​ស្ត្រី​នៅ​ក្នុង​របត់​ផ្លាស់ប្តូរ​នៃ​ពិភព​ការងារ​។ ​

ក្នុង​ប្រទេស​កម្ពុជា​ ស្ត្រី​គឺជា​អ្នក​ដែល​សកម្ម​ខ្លាំង​ក្នុង​សេដ្ឋកិច្ច​ ប៉ុន្តែ​ពួកគេ​ប្រមូល​ផ្តុំ​ក្នុង​វិស័យ​មិន​រៀបរយ​ដែល​មាន​ន័យ​ថា​ ពួកគេ​ទំនង​ជា​មិន​សូវ​ទទួល​បាន​ការ​ការពារ​ពី​ការ​កេងប្រវ័ញ្ច​ការ​រំលោភ​បំពាន​ ការ​ជួញដូរ​ និង​ការ​ផ្តល់​ប្រាក់​ឈ្នួល​ទាប​ឡើយ​។​

ស្ត្រី​ជាច្រើន​នាក់​ជា​អ្នក​​ប្រកបរបរ​ចិញ្ចឹម​ជីវិត​ដោយ​ខ្លួនឯង​ ប៉ុន្តែ​ពួកគេ​ខ្វះ​លទ្ធភាព​ទទួល​​បាន​ទុន ​និង​ធនធាន​ផ្សេង​​ទៀត​ដូចជា​ដីធ្លី​ជាដើម​ហើយ​​សហគ្រាស​របស់​ពួកគេ​ទៀត​​សោត​ក៏​នៅ​តែ​បន្ត​មាន​ទំហំ​តូច​។

ប្រទេស​​កម្ពុជា​បាន​អនុវត្ត​សកម្មភាព​សំខាន់ៗ​ជា​ជំហានៗ​ក្នុង​ការ​រៀបចំ​ច្បាប់​ដើម្បី​ការពារ​សិទ្ធិ​របស់​ស្ត្រី​នៅ​កន្លែង​ធ្វើការ​។ ​

ច្បាប់​នេះ​ចែង​ថា​បុរស និង​ស្ត្រី​ត្រូវ​ទទួល​បាន​ប្រាក់​ឈ្នួល​ស្មើ​គ្នា​សម្រាប់​ការងារ​ដែល​មាន​តម្លៃ​ស្មើ​គ្នា​ហើយ​ការ​រើសអើង​ភេទ​ក្នុង​ការ​ជួល​បុគ្គលិក​គឺជា​អំពើ​ខុស​ច្បាប់​។​ សិទ្ធិ​សម្រាក​លម្ហែ​មាតុភាព​ និង​សិទ្ធិ​បំបៅ​កូន​ក៏​ត្រូវ​​បាន​​ការពារ​ដោយ​ច្បាប់​នេះ​ផង​ដែរ​។​ ប៉ុន្តែ​ដើម្បី​ឲ្យ​កំណើន​សេដ្ឋកិច្ច​ផ្តល់​ប្រយោជន៍​​ដល់​ស្ត្រី​ប្រការ​សំខាន់​គឺ​ត្រូវ​ពិចារណា​អនុវត្ត​វិធានការ​ដើម្បី​បង្កើន​ការ​ចូលរួម​របស់​ស្ត្រី​ភាព​​ប្រកួត​ប្រជែង​ និង​ការ​ការពារ​ដែល​ឆ្លើយតប​ចំពោះ​តម្រូវ​ការ​របស់​ស្ត្រី​ទៅ​តាម​អ្វី​ដែល​កំណត់​​ដោយ​ស្ត្រី​ខ្លួនឯង​។

ឧបសគ្គ​ធំ​មួយ​ដែល​រារាំង​ដល់​ការ​​ចូលរួម​របស់​ស្ត្រី​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​បាន​ប្រាក់​កម្រៃ​គឺ​បន្ទុក​ការងារ​ថែទាំ​ច្រើន​លើសលប់​ដែល​ស្ត្រី​ត្រូវ​រ៉ាប់រង​ដូចជា​ការ​សម្អាត​ ដាំស្ល​ និង​ថែទាំ​កូន​ជាដើម​។

នៅ​ក្នុង​ប្រទេស​កម្ពុជា​ស្ត្រី​ត្រូវ​ធ្វើ​ការងារ​ថែទាំ​ច្រើន​​ជាង​បុរស ៤ ​ដង​។​ ប្រសិន​បើ​ពុំ​មាន​​ការ​បំពេញ​ការងារ​ថែទាំ​បែប​នេះ​ទេ​គ្រួសារ​ និង​សហគមន៍​​ពុំ​អាច​បំពេញ​មុខងារ​បាន​ឡើយ​ហើយ​កំណើន​សេដ្ឋកិច្ច​ក៏​មិន​អាច​សម្រេច​បាន​នោះ​ដែរ​ ប៉ុន្តែ​ការងារ​នេះ​គឺជា​ការងារ​ដែល​​ពុំ​បាន​​ទទួល​កម្រៃ​ មិន​សូវ​មាន​គេ​ឲ្យ​តម្លៃ​ និង​ជាទូទៅ​មិន​ត្រូវ​បាន​គេ​ដាក់​បញ្ចូល​ទៅ​ក្នុង​ការ​វិភាគ​សេដ្ឋកិច្ច​ឡើយ​។​ ការ​វិនិយោគ​លើ​វិស័យ​​សង្គម​អាច​កាត់​បន្ថយ​បន្ទុក​ការងារ​ផ្តល់​ការ​​ថែទាំ​ផ្តល់​សេរីភាព​ឲ្យ​ស្ត្រី​អាច​​ចូលរួម​នៅក្នុង​សកម្មភាព​សេដ្ឋកិច្ច​ដែល​បាន​ទទួល​ប្រាក់​កម្រៃ​ និង​ទទួល​បាន​ភាគ​ផល​ពី​កំណើន​សេដ្ឋកិច្ច​។

ឱកាស​អប់រំ​គឺជា​ជំហាន​ទីមួយ​ដ៏​សំខាន់​​ដើម្បី​បង្កើន​ភាព​ប្រកួត​ប្រជែង​របស់​ស្ត្រី​នៅក្នុង​សេដ្ឋកិច្ច​ដែល​ពោរពេញ​ទៅ​ដោយ​ការ​ផ្លាស់ប្តូរ​បែប​នេះ​។

ប្រទេស​កម្ពុជា​បាន​សម្រេច​យុគភាព​យេនឌ័រ​នៅ​កម្រិត​អប់រំ​បឋម​សិក្សា​ ប៉ុន្តែ​ក្មេងស្រី​មាន​លទ្ធភាព​តិចតួច​ជាង​ក្មេង​ប្រុស​ក្នុង​ការ​បញ្ចប់​ការ​អប់រំ​កម្រិត​​មធ្យមសិក្សា​ និង​មហាវិទ្យាល័យ​។ នៅ​ប្រទេស​កម្ពុជា​កំពុង​រៀបចំ​គំនិត​ផ្តួចផ្តើម​គោលនយោបាយ​ថ្មីៗ​សម្រាប់​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ក្នុង​គោលបំណង​បង្កើន​ជំនាញ​ដែល​ទីផ្សារ​ត្រូវការ​នៃ​កម្លាំង​ពលកម្ម​របស់​ខ្លួន​ និង​ទាញ​ប្រយោជន៍​សេដ្ឋកិច្ច​ឲ្យ​បាន​ច្រើន​​បំផុត​ពី​ប្រជាជន​វ័យ​ក្មេង​។​

ស្ត្រី​វ័យក្មេង​ក៏​ត្រូវ​ទទួល​បាន​ប្រយោជន៍​ពី​កម្មវិធី​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​នេះ​ផង​ដែរ​។ ​

ការ​បណ្តុះបណ្តាល​មិន​គួរ​បង្ក​ឲ្យ​​មាន​ផ្នត់​គំនិត​យេនឌ័រ​ដោយ​ជំរុញ​ឲ្យ​ស្ត្រី​វ័យក្មេង​ជ្រើសរើស​មុខរបរ​ដែល​ភាគច្រើន​ធ្វើ​ឡើង​ដោយ​ស្ត្រី​កន្លង​មក​ និង​ជ្រើសរើស​ការងារ​ដែល​មាន​​គុណភាព​ និង​គុណ​តម្លៃ​ទាប​នោះ​ទេ​។ ដើម្បី​ចូលរួម​ក្នុង​សេដ្ឋកិច្ច​ឌីជីថល​ និង​ទទួល​បាន​ភាគផល​ពី​កាលានុវត្តភាព​ដែល​មាន​តម្លៃ​ខ្ពស់​ពី​សេដ្ឋកិច្ច​ឌីជីថល​​បែប​នេះ ស្ត្រី​ចាំបាច់​ត្រូវ​តែ​មាន​លទ្ធភាព​ទទួល​បាន​នូវ​ការ​អប់រំ​បណ្តុះបណ្តាល​លើ​មុខ​ជំនាញ​ដែល​ភាគច្រើន​សម្បូរ​តែ​បុរស​រៀន​នា​ពេល​កន្លង​មក​​ដូចជា​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​ និង​គណិតវិទ្យា​ជាដើម​។

លើស​ពី​នេះ​ទៀត​ស្ត្រី​អាច​បំពេញ​តួនាទី​កាន់​តែ​សកម្ម​បន្ថែម​ទៀត​ក្នុង​វិស័យ​សេដ្ឋកិច្ច​នៅ​ពេល​ដែល​ការ​សម្រេច​ចិត្ត​ជ្រើសរើស​​របស់​ពួកគេ​មិន​ទទួល​រង​ការ​កំហិត​ដោយសារ​អំពើ​ហិង្សា​ និង​ការ​បៀតបៀន​ដូច្នេះ​ហើយ​ការ​ការពារ​ស្ត្រី​ពី​ការ​រំលោភ​បំពាន​នានា​ក៏​ផ្តល់​នូវ​ប្រយោជន៍​ខាង​សេដ្ឋកិច្ច​ដល់​ពួកគាត់​ផង​ដែរ​។

នៅ​ប្រទេស​​កម្ពុជា​ច្បាប់​ និង​គោលនយោបាយ​ស្តីពី​អំពើ​ហិង្សា​លើ​​ស្ត្រី​មាន​សម្រាប់​អនុវត្ត​ហើយ​មាន​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ច្រើន​ដើម្បី​ធ្វើ​ឲ្យ​សេវា​សម្រាប់​ស្ត្រី​ និង​ក្មេងស្រី​ដែល​ប្រឈម​នឹង​អំពើ​ហិង្សា​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន​ដូចជា​គំនិត​ផ្តួចផ្តើម​ប្រយុទ្ធ​នឹង​ការ​បៀតបៀន​ផ្លូវ​ភេទ​នៅ​​កន្លែង​ធ្វើការ ​និង​ក្នុង​សហគមន៍​​ជាដើម​ ប៉ុន្តែ​សាច់​រឿង​​របស់​ស្ត្រី​ដែល​រង​ផលប៉ះពាល់​បាន​​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្រើន​លើសលប់​ពី​ចំណុច​ខ្វះខាត​ក្នុង​ការ​អនុវត្ត​។ ​

ការ​ជំរុញ​ឲ្យ​បុរស​ និង​​ក្មេងប្រុស​ចូលរួម​ឲ្យ​បាន​យ៉ាង​សកម្ម​ក្នុង​ការ​បង្ការ​អំពើ​ហិង្សា​ ការ​វិនិយោគ​លើ​ការ​ឆ្លើយតប​របស់​វិស័យ​សុខាភិបាល​ប្រព័ន្ធ​យុត្តិធម៌​ និង​សេវា​សង្គម​ចំពោះ​អំពើ​ហិង្សា​ និង​​ការ​លើក​កម្ពស់​តួនាទី​របស់​វិស័យ​ឯកជន​ក្នុង​ការ​ធានា​ឲ្យ​កន្លែង​ធ្វើការ​គ្មាន​ការ​បៀតបៀន​ និង​ការ​រំលោភបំពាន​គឺ​សុទ្ធ​តែ​ជា​រឿង​ដែល​មាន​សារៈសំខាន់​។

បទពិសោធ​ជា​សកល​បាន​បង្ហាញ​ថា​ខណៈ​ពេល​ដែល​កំណើន​​សេដ្ឋកិច្ច​មិនមែន​ចេះ​តែ​​នាំ​មក​នូវ​សមភាព​យេនឌ័រ​សមភាព​យេនឌ័រ​ពិតជា​រួម​ចំណែក​ដល់​កំណើន​សេដ្ឋកិច្ច​។ ​

ដើម្បី​បង្កើន​ការ​រួម​វិភាគទាន​របស់​ស្ត្រី​ចំពោះ​សេដ្ឋកិច្ច​ចាំបាច់​ត្រូវ​តែ​ជម្នះ​ទៅ​នឹង​បទដ្ឋាន​នៃ​សង្គម​ដែល​ផ្តល់​​តម្លៃ​ទាប​ដល់​ស្ត្រី​ និង​ចាំបាច់​ត្រូវ​មាន​ការ​ចាត់​វិធានការ​ដើម្បី​ឆ្លើយតប​ចំពោះ​វិសមភាព​ដែល​បង្ក​​ឡើង​ដោយសារ​បទដ្ឋាន​នៅ​ក្នុង​សង្គម​ទាំង​នេះ​។

ការ​ធានា​យ៉ាង​ណា​ឲ្យ​កំណើន​​សេដ្ឋកិច្ច​ដ៏អស្ចារ្យ​របស់​ប្រទេស​កម្ពុជា​ផ្តល់​ប្រយោជន៍​ដល់​ស្ត្រី​គឺជា​គន្លឹះ​ដើម្បី​សម្រេច​ចក្ខុវិស័យ​ជា​សកល​ដូច​ដែល​ត្រូវ​បាន​ដាក់​ចេញ​នៅក្នុង​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ជា​ការ​ប្តេជ្ញា​ចិត្ត​ដែល​សម្រួច​របៀបវារៈ​អភិវឌ្ឍន៍​សកល​ដោយ​ការ​មិន​ទុក​អ្នក​ណា​ម្នាក់​ចោល​៕

Claire Van der Vaeren អ្នក​សម្រប​សម្រួល​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​ក្នុង​នាម​ប្រព័ន្ធ​សហប្រជាជាតិ​នៅ​កម្ពុជា

0

Comments

Please, login or register to post a comment