Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - អាត្មា​និយម

Content image - Phnom Penh Post
ព្រះពុទ្ធ​បាន​បង្រៀន​មនុស្ស​ឲ្យ​ឃើញ​នូវ​សច្ចធម៌ និង​បើក​ចិត្ត​ទទួល​យក​ការពិត​។ រូបថត google

អាត្មា​និយម

បច្ចុប្បន្ន​ការ​លើក​ឡើង​ថា All for one and one for all ដែល​អាច​បកប្រែ​ឲ្យ​ងាយ​យល់​ថា​មនុស្ស​ទាំងអស់​ធ្វើ​អ្វីៗ​ដើម្បី​បុគ្គល​ម្នាក់ ហើយ​បុគ្គល​ម្នាក់ៗ​ធ្វើ​អ្វីៗ​ដើម្បី​មនុស្ស​ទាំងអស់​គ្នា​ហាក់​ដូចជា​ពេញនិយម​យ៉ាង​ខ្លាំង​។

ការ​លើក​ឡើង​នេះ​មាន​ន័យ​ថា ទាំងអស់​គ្នា​ខំប្រឹងប្រែង​សម្រេច​កិច្ចការ​ណា​មួយ ដើម្បី​ប្រយោជន៍​យើង​ម្នាក់ៗ​ផង​ហើយ​ការ​ខំប្រឹងប្រែង​ផ្ទាល់​របស់​យើង​ម្នាក់ៗ ក៏​ដើម្បី​ជា​ប្រយោជន៍​ដល់​យើង​ទាំងអស់​គ្នា​ផង​ដែរ​។

ការ​លើក​ឡើង​នេះ​ត្រូវ​បាន​យក​ទៅ​ធ្វើជា​ស្លោក​ដ៏ពេញនិយម​ក្នុង​ន័យ​ទាញ​ការ​ចាប់​អារម្មណ៍​បុគ្គល កុំ​ឲ្យ​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន តែ​ឲ្យ​បែរ​មក​គិត​ប្រយោជន៍​រួម ហើយ​ក៏​ចង់​បង្ហាញ​ដែរ​ថា​រវាង​បុគ្គល​ម្នាក់ៗ និង​បណ្ដុំ​នៃ​បុគ្គល​ដែល​រស់នៅ​ក្នុង​សង្គម​ជាមួយ​គ្នា​មិន​អាច​កាត់​ផ្ដាច់​ចេញ​ពី​គ្នា​បាន​ឡើយ​។ យ៉ាងណា​ក៏ដោយ​ការ​លើក​ឡើង​នេះ​នៅ​តែ​បង្ហាញ​ពី​ភាព​អាត្មានិយម​ជាប់​នឹង​សកម្មភាព​រួម​នោះ​ដដែល​។

គំនិត​ដែល​ថា​យើង​ម្នាក់ៗ​ខំប្រឹង​ដើម្បី​ទាំងអស់​គ្នា​គឺ​ព្រោះ​តែ​បុគ្គល​នោះ យល់​ឃើញ​ថា​កាលណា​គេ​ខំប្រឹង​សម្រេច​ប្រយោជន៍​រួម​ណា​មួយ​នៅ​ក្នុង​ផល​ពី​ប្រយោជន៍​រួម​នោះ​មាន​រូប​គេ​ដែរ ទើប​គេ​ចូលរួម​ធ្វើ​តែ​បើ​ក្នុង​ប្រយោជន៍​រួម​នោះ គ្មាន​វត្ដមាន​របស់​អ្នក​មក​ទទួល​ផល​ជាមួយ​គេ​ទេ តែ​វា​បាន​ជា​ប្រយោជន៍​ដល់​មនុស្ស​ទូទៅ​តើ​អ្នក​នឹង​មិន​ធ្វើ​កិច្ចការ​នោះ​ទេ​មែន​ទេ​?

រឿង​នេះ​គឺ​ស្ថិត​នៅ​ក្នុង​រឿង​អាត្មានិយម​ដែល​គេ​ខំប្រឹង​គិត​ប្រយោជន៍​រួម​ព្រោះ​បើ​ប្រយោជន៍​រួម​នោះ​បាន​សម្រេច គេ​មុខ​ជា​បាន​ចំណែក​ផល​ដែរ​តែ​មនុស្ស​អាត្មានិយម គ្មាន​ថ្ងៃ​ហ៊ាន​បូជា​ជីវិត ដើម្បី​ធ្វើ​អ្វី​មួយ​ឡើយ​ព្រោះ​គេ​គិត​ថា បើ​គេ​ស្លាប់​បាត់ តើ​បាន​នរណា​ទទួល​ផល​? អ៊ីចឹង​រឿង​អី​គេ​ព្រម​បូជាជីវិត​ដើម្បី​ប្រយោជន៍​អ្នក​ដទៃ​? គេ​ច្រើន​គិត​ថា​ឲ្យ​តែ​ផុត​ពី​អាត្មានិយម​នោះ​មុខ​ជា​ក្លាយ​ជា​មនុស្ស​ដែល​គិត​ពី​ប្រយោជន៍​រួម​មិន​ខាន តែ​កម្រិត​បន្ទាប់ពី​អាត្មានិយម​គឺ​ក្រុម​និយម​។

អាត្មានិយម​គឺ​ធ្វើ​អ្វីៗ​ដើម្បី​តែ​បាន​មក​ខ្លួន ដោយ​មិន​ខ្ចី​ខ្វល់​ថា​ពេល​ធ្វើ​ទៅ​អាច​មាន​នរណា​ឈឺចាប់​ដោយសារ​ទង្វើ​របស់​ខ្លួន​ឬ​អត់​? គឺ​ដឹង​តែ​ពី​ប្រមូល​បូម​ធ្វើ​ម្ដេច​ឲ្យ​តែ​បាន​មក​ខ្លួន ឯ​ក្រុម​និយម​វិញ​គឺ​ការ​​និយម​ក្រុម​គឺ​គេ​ធ្វើ​អ្វីៗ​ដើម្បី​តែ​បាន​មក​ក្រុម​។ វា​អាច​ល្អ​លើស​ពី​អាត្មានិយម​តែ​បន្ដិច​គឺ​បុគ្គល​នោះ​ចេះ​សម្លឹង​ទៅ​ប្រយោជន៍​ក្រុម​ខ្លួន​ដោយ​មិន​ទាញ​យក​ផល​តែ​ម្នាក់​ឯង ប៉ុន្ដែ​ទម្រង់​នេះ​ក៏​វា​នៅ​តែ​លោត​មិន​រួច​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដដែល ព្រោះ​ក្រុម​នោះ​គឺ​ត្រូវ​តែ​ជា​ «​ក្រុម​របស់​អញ​»​។ ​

បើ​កាល​ណា​ក្រុម​នោះ​មិនមែន​ជា​ក្រុម​របស់​អញ​ទេ គឺ​មិន​បាន​។

រស់​ក្នុង​សង្គម​តែ​មួយ​ជាមួយ​គ្នា​មិន​អាច​ឡើយ​ដែល​យើង​កាត់​ផ្ដាច់​ខ្លួន​ចេញ​ពី​សង្គម​ដោយ​គិត​ខ្វល់​តែ​ពី​ខ្លួនឯង​គ្រួសារ​ឯង ក្រុម​បក្ខ​ឯង​ដោយ​មិន​រវល់​ពី​សុខទុក្ខ​អ្នក​ដទៃ​ទៀត​ដែល​រស់​ក្នុង​សង្គម​ជាមួយ​ខ្លួន​ដែរ​។ ច្បាស់​ណាស់​ថា គ្មាន​អ្វី​មួយ​អាច​កើត​ដាច់​តែ​ឯង​ឡើយ​។ ពេល​សង្គម​រីកចម្រើន​ទោះ​តិច​ ឬ​ច្រើន ដោយ​ផ្ទាល់​ ឬ​ដោយ​ប្រយោល​មុខ​តែ​មនុស្ស​ក្នុង​សង្គម​បាន​ទទួល​ផល​មិន​ខាន​។

បើ​កាលណា​សង្គម​ជា​រួម​ជា​សង្គម​ថ្លៃថ្នូរ សម្បូរ​សប្បាយ នោះ​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​សង្គម​នោះ​ជា​រួម​គឺ​មុខ​ជា​បាន​សេចក្ដីសុខ​។ ការ​ក្ដោប​ព្រំដែន​សកម្មភាព​ខ្លួន​ថា​ធ្វើ​តែ​រឿង​ណា​ដែល​មាន​ប្រយោជន៍​ជា​រឿង​ត្រឹមត្រូវ តែ​តើ​អ្វី​ទៅ​ជា​រឿង​ដែល​យើង​តែង​ហៅ​ថា​ជា​រឿង​មាន​ប្រយោជន៍​? ជាទូទៅ​រឿង​មាន​ប្រយោជន៍​គឺ​រឿង​ណា​ដែល​មាន​ប្រយោជន៍​ដល់​ខ្លួន​។

យ៉ាង​ណា​ក៏ដោយ​មិនមែន​ពេល​ធ្វើ​កិច្ចការ​ណា​មួយ​ចិត្ដ​យើង​ផ្ដោត​តែ​ថា ដើម្បី​តែ​ក្រុមបក្ខ​ខ្លួន​បាន​ប្រយោជន៍​នោះ​ឡើយ វា​គួរ​តែ​ក្ដោប​ថា ដើម្បី​មនុស្ស​ទាំង​អស់​បាន​សុខ​។ មនុស្ស​ទាំងអស់​នោះ​ទៀត​សោត​លើស​ពី​កម្រិត ខ្ញុំ + អ្នក = យើង តែ​ជា​កម្រិត​ចិត្ដ​ដែល​បើ​ទោះបី​ជា «​គ្មាន​ខ្ញុំ​» នៅ​ចាំ​ទទួល​ផល​ពី​ទង្វើ «​របស់​ខ្ញុំ​» ក៏ដោយ ក៏ «​ខ្ញុំ​» នៅ​តែ​ធ្វើ​ក្នុង​ន័យ​ថា​លះបង់​មិន​គិត​ពី​ខ្លួនឯង​គឺ​បើ​កាល​ណា​ពិចារណា​ទៅ​ឃើញ​ថា​ទង្វើ​នោះ​នឹង​បាន​ផល​ទៅ​​មនុស្ស​ទូទៅ​រហូត​ដល់​មនុស្ស​ជំនាន់​ក្រោយ​។ ទោះ​មិន​បាន​ផល​មក​ខ្លួន​គេ​ភ្លាមៗ ឥឡូវ​ក៏​គេ​នៅ​តែ​ធ្វើ​ទង្វើ​នោះ នោះ​ទើប​ជា​ចិត្ដ​ដែល​និយម​សកល​ទៅ​ហួស​ផុត​ពី​ភាព​អាត្មានិយម​។

បេះដូង​បុគ្គល​ដែល​អះអាង​ថា​ខ្លួន​ជា​អ្នក​ជាតិនិយម​ក៏​នៅ​ក្នុង​ទម្រង់​អាត្មានិយម​ដែរ​។ អ្នក​ជាតិនិយម​ជា​អ្នក​ដែល​ស្រលាញ់​តែ​ជាតិ​សាសន៍​ឯង តែ​តែង​រុញ​ចេញ​នូវ​ជាតិសាសន៍​ដទៃ​ចេញ​ពី​បេះដូង​របស់​ខ្លួន​។ ​ជាតិសាសន៍​មួយ​មិន​ជា​ខុស​អ្វី​ពី​ក្រុម​មួយ​ឡើយ វា​គ្រាន់​តែ​មាន​ទំហំ​ធំ​ជាង​ក្រុម​មួយ​ប៉ុណ្ណោះ​។

បើ​កាល​ណា​ការពារ​តែ​ជាតិសាសន៍​ខ្លួន​រក​ប្រយោជន៍​មក​ជាតិ​សាសន៍​ខ្លួន ដោយ​វិធី​បំពាន​មិន​គិត​ពី​សុខទុក្ខ​ជាតិ​សាសន៍​ដទៃ​ដែល​អាច​រង​ផលប៉ះពាល់​ពី​ទង្វើ​ការពារ​ជាតិ​សាសន៍​ខ្លួន​នោះ​ជា​ទង្វើ​អាត្មានិយម​។

ជា​ឧទាហរណ៍​ជាក់​ស្ដែង​យើង​ឃើញ​វីរបុរស​នៃ​ជាតិ​សាសន៍​ជិត​ខាង​យើង​ជា​បុគ្គល​សក្ការៈ​របស់​ជាតិ​សាសន៍​គេ​ដែល​គេ​គោរព​ថា​ជា​អ្នក​ស្នេហា​ជាតិ និង​បាន​ធ្វើ​គុណូបការៈ​ចំពោះ​ពូជសាសន៍​គេ ប៉ុន្ដែ​គេ​មិន​បាន​គិត​ពី​សុខទុក្ខ​ជាតិ​សាសន៍​យើង​ឡើយ គឺ​ចង់​ជាតិសាសន៍​ណា​ស្លាប់​ដាច់​ពូជ​ក៏​គេ​មិន​ខ្វល់ ធ្វើ​ម្ដេច​ឲ្យ​តែ​ជាតិ​សាសន៍​គេ​រស់​។
ការ​បិទ​ព្រំដែន​បេះដូង​ត្រឹម​រង្វង់​ជាតិសាសន៍​ខ្លួន​ដោយ​មិន​ខ្វល់​ពី​សុខទុក្ខ​ជាតិ​សាសន៍​ដទៃ​ជា​ទម្រង់​នៃ​ភាព​អាត្មានិយម​ក្នុង​ក្របខ័ណ្ឌ​ពូជសាសន៍​។

ពូជសាសន៍​ណា​ដែល​សម្បូរ​ដោយ​មនុស្ស​អាត្មានិយម​មិន​អាច​រស់​សុខ​ស្រួល​តែឯង​ជា​រៀងរហូត​ឡើយ​។ គេ​អាច​រីកចម្រើន​មួយ​រយៈ​ដំបូង តែ​មិន​យូរ​មិន​ឆាប់​គេ​មុខ​តែ​ហែកហួរ​គ្នា​ក្នុង​រង្វង់​ពូជសាសន៍​គេ​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​មិន​ខាន​។

ចំណែកឯ​អ្នក​ប្រជាធិបតេយ្យ​វិញ​អាច​មាន​បេះដូង​ក្ដោប​លើស​ពី​នេះ​បន្ដិច តែ​ក៏​នៅ​តែ​ទៅ​មិន​ឆ្ងាយ​ផុត​ពី​ព្រំដែន​អាត្មានិយម​ដែរ​។ សមាគម​អាស៊ាន​គោរព​គោលការណ៍​ប្រជាធិបតេយ្យ​ថា​អ្វីៗ​សម្រេច​យក​តាម​មតិ​ភាគច្រើន តែ​គាំពារ​មតិ​ភាគ​តិច​។

ទស្សនាទាន​នេះ​ពីរោះ​ស្ដាប់​ណាស់​តែ​ប្រទេស​ទន់​ខ្សោយ​មុខ​ជា​ត្រូវ​គេ​ទំពា​ស៊ី​ទាំង​ឆ្អឹង​មិន​ខាន​។ អ្វីៗ​ស្ថិត​នៅ​លើ​តម្លៃ​ព្រមព្រៀង​គ្នា វា​ពីរោះ​ស្ដាប់​ណាស់​តែ​ន័យ​ដើម​របស់​វា​គឺ​បើ​ឯង​តូច ល្ងង់ ទន់ខ្សោយ នោះ​អញ​មុខ​ជា​ស៊ី​ពី​ឯង​បាន​ច្រើន​មិន​ខាន​។

សួរ​ថា តើ​គេ​ចង​​សម្ព័ន្ធ​គ្នា ប៉ុន្មាន​ប្រទេស​នោះ ព្រោះ​គេ​ស្រឡាញ់​ជាតិ​សាសន៍​ដទៃ​ដូច​គេ​ស្រឡាញ់​ជាតិ​សាសន៍​ផ្ទាល់​របស់​គេ​ឬ​? ទេ​! គេ​ដឹង​ច្បាស់​ថា បើ​ប្រទេស​គេ​នៅ​ដាច់​តែ​គេ ដោយ​មិន​មក​ចងសម្ព័ន្ធ​គ្នា​នោះ គេ​អាច​ស្លាប់ តែ​បើ​គេ​ចង​បាច់​គ្នា គេ​រស់​ដោយ​គេ​លើក​ឡើង​ថា Alone we will die, together we thrive​។ នេះ​ជា​ភាព​មិន​ស្មោះត្រង់​មួយ​ធំ​ណាស់​ដែល​គេ​មក​ធ្វើ​ហាក់បី​ដូចជា​ស្រឡាញ់​គ្នា​សម្បើម​ណាស់ តែ​ការ​ពិត​គេ​សម្លឹង​រក​ប្រយោជន៍​ពី​គ្នា​ទៅវិញ​ទៅមក​ប៉ុណ្ណោះ​។ គេ​រួបរួម​គ្នា​ព្រោះ​តែ​គេ​ខ្លាច​ជាតិ​សាសន៍​គេ​ស្លាប់ មិនមែន​ព្រោះ​តែ​គេ​អាណិត​ស្រឡាញ់​ជាតិ​សាសន៍​ដទៃ​ដែល​ទន់ខ្សោយ និង​កំពុង​រង​ទុក្ខ​ឡើយ​។

មនុស្ស​អាត្មានិយម​ងាយ​សម្គាល់​បាន​ណាស់​គឺ​បើ​គេ​ធ្វើ​អ្វី​មួយ​គេ​ចង់​បាន​ទទួល​ផល​ច្រើន​ភ្លាមៗ ហើយ​ត្រូវ​តែ​បាន​ផល​មក​ខ្លួន​គេ គ្រួសារ និង​ក្រុម​បក្ស​គេ​។ គំនិត​បែប​នេះ​ធ្វើឲ្យ​គេ​ឃ្លាត​ចាក​ពី​គំនិត​នៃ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្ដរភាព​ដែល​ទទួល​ផល​ថ្ងៃ​នេះ​ដោយ​មិន​ធ្វើឲ្យ​មាន​ផលប៉ះពាល់​ដល់​សិទ្ធិ​នៃ​ការ​ទទួល​ផល​របស់​ជំនាន់​ក្រោយ​។

កាលណា​គេ​ចង់​បាន​ផល​ច្រើន​ភ្លាមៗ គេ​មុខ​ជា​គ្មាន​ទស្សនវិស័យ​វែង​ឆ្ងាយ គិត​ដល់​ផលប៉ះពាល់​នានា​ទាំង​ផ្នែក​សង្គម និង​បរិស្ថាន​មិន​ខាន​គឺ​គេ​ផ្ដោត​ជា​ចម្បង​ទៅ​លើ​តែ​ការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច (Economic growth) ​ដែល​មើល​ឃើញ​នឹង​ភ្នែក​ដូចជា​ការ​រីកចម្រើន​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ជាង​លើ​ការ​​អភិវឌ្ឍ​ប្រកប​ដោយ​និរន្ដរភាព (Sustainable development)​ ​ដែល​ត្រូវ​ឈរ​លើ​លំនឹង​នៃ​សសរស្ដម្ភ​បី​គឺ​ ១- សង្គម​ល្អ​ដែល​ពោរពេញ​ដោយ​ធនធាន​​មនុស្ស​ដែល​មាន​ទាំង​គុណភាព​ផ្នែក​ខួរក្បាល និង​បេះដូង ២- អភិវឌ្ឍ​សេដ្ឋកិច្ច​និង ៣- បរិស្ថាន​ល្អ​។

មិន​ដឹង​ថា​ទាំង​ប្រទេស​​អភិវឌ្ឍន៍ និង​កំពុង​អភិវឌ្ឍន៍​ដឹង​ឬ​អត់ ថា​គេ​កំពុង​តែ​នាំ​គ្នា​ដើរ​លើ​ផ្លូវ​ដែល​មិន​ត្រឹមត្រូវ​ដែល​ការ​រីក​ចម្រើន​ផ្នែក​វិទ្យាសាស្ដ្រ​មាន​សម្បូរបែប​ដូច​សព្វ​ថ្ងៃ​តែ​គេ​ត្រូវ​ប្រឈម​នឹង​ផលប៉ះពាល់​ផ្នែក​បរិស្ថាន​ការ​ខ្ទេចខ្ទី ហិនហោច​ធនធាន​ធម្មជាតិ បម្រែបម្រួល​អាកាសធាតុ ការ​ឡើង​កម្ដៅ​ផែនដី​ជាដើម​។

នេះ​ហើយ​ជា​ផល​បាន​មកពី​ការ​គិត​តែ​ពី​ការ​រីកចម្រើន​ដែល​មើល​ឃើញ​នឹង​ភ្នែក​។ អភិវឌ្ឍ​ដោយ​មិន​គិត​ពី​និរន្ដរ​ភាព​មិន​អាច​ជួយ​ឲ្យ​គុណភាព​ជីវិត​បាន​ល្អ​ប្រសើរ​ឡើង​ឡើយ​។

ការ​សិក្សា​ពី​មេរៀន​របស់​ព្រះសម្មាសម្ពុទ្ធ បង្រៀន​មនុស្ស​ឲ្យ​ឃើញ​សច្ចធម៌ ស្ដើង​ទៅ​នូវ​ការ​ប្រកាន់​ហើយ​អាច​បើក​ចិត្ដ​ទទួល​យក​ការពិត​ថា អ្វី​ទាំងអស់​ដែល​មាន​អត្ថិភាព​ទាំង​មនុស្ស​សត្វ និង​វត្ថុ​នានា​សុទ្ធតែ​ស្ថិត​ក្រោម​ត្រៃលក្ខណ៍ គឺ​អនិច្ចំ ទុក្ខំ និង​​អនត្តា​ដូចៗ​គ្នា​។ គ្មាន​អត្ថិភាព​ណា​មួយ​អាច​រត់​រួច​ផុត​ពី​ច្បាប់​ធម្មជាតិ​នេះ​ឡើយ​។

បុគ្គល​ដែល​មាន​បេះដូង​សកល​មាន​ព្រះសម្មាសម្ពុទ្ធ​ជា​គម្រូ​។ បេះដូង​របស់​ទ្រង់​ក្ដោប​គ្រប់​សព្វ​សត្វ​ទាំងអស់​ដោយ​ទ្រង់​ប្រោស​មិន​រើសអើង​ឋានៈ សង្គម មិន​រើសអើង​ជាតិ​សាសន៍ មិន​រើសអើង​ពណ៌​សម្បុរ មិន​រើសអើង​សាសនា​។

បុគ្គល​ណា​ក៏ដោយ​ទោះ​កាន់​សាសនា​អ្វី​ក៏ដោយ ក៏​អាច​ចូល​មក​បដិបត្ដិធម៌​ដើម្បី​រំដោះ​ទុក្ខ​បាន​ទាំងអស់​ព្រោះ​ព្រះអង្គ​ឈ្វេង​យល់​ដោយ​មេត្ដា​ចិត្ដ​ថា​គ្រប់​សត្វ​មាន​ជីវិត​ទាំងអស់​សុទ្ធតែ​មាន​ទុក្ខ មិនមែន​ថា​ជា​ពុទ្ធបរិស័ទ​ទើប​មាន​ទុក្ខ ចំណែកឯ​គ្រិស្ដបរិស័ទ មូស្លីម​បរិស័ទ​ផ្សេង​ទៀត​គ្មាន​ទុក្ខ​នោះ​ទេ​។

ជនជាតិ​ខ្មែរ​ក៏​កើត​ចាស់​ឈឺ​ស្លាប់ ជនបរទេស​ដទៃ​ក៏​គ្មាន​ជាតិ​សាសន៍​ណា​មួយ​អាច​រត់​រួច​ពី​ច្បាប់​ធម្មជាតិ​នេះ​បាន​។ ដូច្នេះ​ហេតុ​អ្វី​ក៏​អ្នក​នៅ​តែ​បណ្ដោយ​ឲ្យ​របង​ជាតិសាសន៍ ពណ៌​សំបុរ និង​សាសនា​រុំព័ទ្ធ​ក្បាល និង​បេះដូង​អ្នក​? ត្រឹម​ក្របខ័ណ្ឌ​គ្រួសារ យើង​ជា​កូន​នៃ​គ្រួសារ​មួយ​។ ត្រឹម​ក្របខ័ណ្ឌ​ពូជសាសន៍ យើង​ជា​សាច់​ឈាម​នៃ​ពូជសាសន៍​មួយ​។ ត្រឹម​ក្របខ័ណ្ឌ​ពិភពលោក យើង​គឺជា​​មនុស្ស​ជាតិ​ជា​សមាជិក​ពិភពលោក​ដូច​គ្នា​។ ត្រឹម​ក្របខ័ណ្ឌ​សត្វ​មាន​ជីវិត យើង​គ្រាន់​តែ​ជា​សភាវៈ​មួយ​ដែល​ស្ថិត​ក្រោម​ច្បាប់​ធម្មជាតិ​នៃ​ការ​កើត​រលត់​តែ​មួយ​ដូច​គ្នា​។ មិន​ឃើញ​មាន​អ្វី​ខុស​គ្នា​ ឬ​ពិសេស​ជាង​គ្នា​សោះ​គឺ​ឃើញ​តែ​ជីវិត​នេះ​សុទ្ធ​តែ​ពុកផុយ​រហែករហោក​ដូច​តែ​គ្នា​តែ​ម្ដេច​ក៏​ឃើញ​តែ​គេ​ខំ​ប្រជ្រៀត​ក្បាល​គ្នា​ខាំ​កកេរ​ដណ្ដើម​ហែកហួរ​ចែក​ផែនដី​គ្នា​ម្ល៉េះ​ហ្ន​?

ម្ដេច​ក៏​គេ​មិន​ចេះ​ធុញ​ទ្រាន់​នឹង​ប្រជែង​ដណ្ដើម​គ្នា​សោះ​អ៊ីចឹង​ហ្ន​? តើ​មនុស្ស​ជាតិ​ទាំងអស់​ពិតជា​មិន​អាច​រស់នៅ​រួម​លោក​នេះ​ជាមួយ​គ្នា​ដោយ​សុខសាន្ដ​បាន​ឬ​?

ប៉ាង វ៉ាន់ថោន
អ៊ីមែលៈ vanthownpang@yahoo.com

0

Comments

Please, login or register to post a comment