Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - អាស៊ាន​អាយុកាល ៥០ ឆ្នាំ​នឹង​បន្ត​ទៅ​មុខ​ទៀត

Content image - Phnom Penh Post
ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក និង​ប្រមុខ​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​អាស៊ាន​នៅ​ប្រទេស​ឡាវ​កាលពី​ឆ្នាំ​មុន។ រូបថត AFP

អាស៊ាន​អាយុកាល ៥០ ឆ្នាំ​នឹង​បន្ត​ទៅ​មុខ​ទៀត

គិត​ត្រឹម​ថ្ងៃ​ទី​ ៨ ខែ​មករា​ឆ្នាំ​ ២០១៧ ​កន្លង​ទៅ​ថ្មីៗ​នេះ​គឺ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (អាស៊ាន) ​មាន​អាយុកាល​ ៥០ ​ឆ្នាំ​មក​ហើយ​ (​របាយការណ៍​អាស៊ាន​)។

វា​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អង្គការ​ក្នុង​តំបន់​មួយ​នេះ​ដែល​បាន​បង្កើត​ឡើង​ដោយ​ប្រទេស​ចំនួន​ ៥ ​នៅ​ក្នុង​ចំណុច​ខ្ពស់​មួយ​នៃ​សង្គ្រាម​ត្រជាក់​ដែល​ធ្វើ​ដំណើរ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​។

ចាប់​តាំងពី​ពេល​នោះ​មក​បណ្តា​ប្រទេស​​ជា​សមាជិក​របស់​ខ្លួន​បាន​ផ្លាស់ប្តូរ​អាស៊ាន​ឱ្យ​ទៅ​ជា​អង្គភាព​មួយ​​ដែល​រួម​បញ្ចូល​ច្បាប់​ជា​មូលដ្ឋាន​នៃ​បណ្តា​ប្រទេស​ទាំងអស់​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ​។ នៅ​ចុង​បញ្ចប់​ឆ្នាំ​ ២០១៥ ​សហគមន៍​អាស៊ាន​ត្រូវ​បាន​ចាប់ផ្តើម​ជា​ផ្លូវការ​។

អ្នក​ដែល​បាន​បង្កើត​សហគមន៍​នេះ​ច្បាស់​ជា​មាន​មោទនភាព​យ៉ាង​ខ្លាំង​ចំពោះ​​សមិទ្ធផល​ដែល​កើត​ចេញ​ពី​ការ​ពិភាក្សា​ដែល​​មាន​រយៈពេល​បី​ថ្ងៃ​នៅ​ក្នុង​សប្តាហ៍​ទី​មួយ​នៃ​ខែ​សីហា​ឆ្នាំ​ ១៩៦៧ ​​នៅ​​រមណីយដ្ឋាន​មាត់​សមុទ្រ Bang Saen ដែល​មាន​ចម្ងាយ​ប្រមាណ​​ ៨០ ​គីឡូម៉ែត្រ​ពី​ទីក្រុង​បាងកក​ប្រទេស​​ថៃ​។

ជាក់ស្តែង​ចំពោះ​រង្វាន់​ដ៏ធំ​បំផុត​សម្រាប់​សហគមន៍​នេះ​គឺ​ការ​រក្សា​បាន​នូវ​សន្តិភាព​ស្ថិរភាព និង​វិបុលភាព​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក​ទាំង​ ១០ ​ប្រទេស ​និង​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃគូ​សន្ទនា​របស់​ខ្លួន​។

មូលបត្រ​បំណុល​មាន​ស្ថិរភាព​ទាំង​នេះ​បាន​​ជំរុញ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ទ​នៅក្នុង​សហគមន៍​នេះ​ហើយ​បាន​បង្កើន​មុខមាត់​របស់​ខ្លួន​នៅ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ​។ តាមរយៈ​កម្រិត​ឡើង​ចុះ​នៃ​បរិបទ​នយោបាយ​ក្នុង​តំបន់ ​និង​អន្តរជាតិ​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៩០ ​និង​ឆ្នាំ​ ២០០០ អាស៊ាន​បាន​គ្រប់គ្រង ​និង​ជម្រះ​រាល់​បញ្ហា​ប្រឈម​ជាច្រើន​ជាមួយ​គ្នា​ដែល​ធ្វើ​ឲ្យ​មាន​​ផលវិជ្ជមាន​ជាច្រើន​រហូត​មក​ទល់​ពេល​នេះ​។

វា​បាន​ក្លាយ​ជា​បទដ្ឋាន​មួយ​នៅ​ក្នុង​អាស៊ាន​ដែល​គេ​យក​ការ​ពិភាក្សា​គ្នា​ជា​ចម្បង​ព្រោះ​វា​បាន​ធ្វើឲ្យ​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​ការ​ធ្វើ​ឱ្យ​មាន​សង្គ្រាម​ ឬ​ការ​​បណ្ដោយ​ខ្លួន​តាម​អាកប្បកិរិយា​ដែល​នាំ​ឱ្យ​កើត​មាន​ជម្លោះ​ផ្សេងៗ​។ វិធីសាស្ត្រ​របស់​អាស៊ាន​បាន​អនុញ្ញាត​ឱ្យ​មាន​ដំណោះស្រាយ​ប្រកប​ដោយ​សន្តិភាព​នៃ​ជម្លោះ​ផ្សេងៗ​នៅ​ក្នុង​សហគមន៍​​នេះ​។

លោក​បណ្ឌិត ស៊ូរិន ពិតសុវ៉ាន់ អតីត​អគ្គលេខាធិការ​អាស៊ាន​ពី​ឆ្នាំ ២០០៨-២០១២ បាន​បញ្ជាក់​ពី​អាស៊ាន​ថា​មេដឹកនាំ​អាស៊ាន​ទាំងអស់​បាន​ដឹង​នូវ​វិធីសាស្ត្រ​ដ៏ល្អ​បំផុត​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​​ទៅ​នឹង​ការ​គំរាមកំហែង​ពី​ខាង​ក្រៅ​ហើយ​នេះ​ជា​មូលហេតុ​ដែល​រក្សា​សហគមន៍​នេះ​ឲ្យ​មាន​ការ​រួមគ្នា​បាន​យ៉ាង​ល្អ​។

លោក​សង្កត់​ធ្ងន់​ថា​៖ «​ជាមួយ​នឹង​ស្ថានភាព​សកល​ដែល​មិន​ប្រាកដ​ប្រជា​នាពេល​បច្ចុប្បន្ន​នេះ​អាស៊ាន​មិន​ត្រូវ​សម្រាក​ក្នុង​ភារកិច្ច​របស់​ខ្លួន​ត្រឹម​នេះ​ទេ​។ អាស៊ាន​ត្រូវ​តែ​សម្រួល​​ និង​រក្សា​កិច្ចការ​របស់​ខ្លួន​ជាមួយ​នឹង​និន្នាការ​ពិភពលោក​»​។

លោក​បាន​សង្កេត​ឃើញ​ថា​ខណៈ​ដែល​ប្រទេស​ជា​សមាជិក​អាស៊ាន​រួម​ទាំង​សមាជិក​ថ្មី​ផ្សេង​ទៀត​បាន​រីកចម្រើន​កាន់​តែ​ខ្លាំង​ទាំង​ផ្នែក​សេដ្ឋកិច្ច​ និង​នយោបាយ​នោះ​ក្រម​ប្រតិបត្តិ​របស់​សមាគន៍​អាស៊ាន​ត្រូវ​តែ​មាន​ថាមពល​ច្រើន​ជាង​មុន និង​បើក​ចំហ​ដើម្បី​ជួយ​សម្រួល​ដល់​កិច្ចសន្ទនា​ឲ្យ​កាន់តែ​មាន​អត្ថន័យ​ និង​ការ​ពិគ្រោះ​យោបល់​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​ជាង​មុន​។

លោក​បន្ត​ថា​៖ «​គោលបំណង​គឺ​ដើម្បី​បង្កើន​នូវ​សាមគ្គីភាព​ និង​ការ​យោគយល់​គ្នា​ទៅវិញ​ទៅមក​ក្នុង​ចំណោម​សមាជិក​អាស៊ាន​ទាំងអស់​។ វិធីសាស្ត្រ​នេះ​នឹង​ធ្វើ​ឲ្យ​អាស៊ាន​រឹងមាំ​ និង​មិន​អាច​រង្គោះរង្គើ​បាន​» ​។

បន្ទាប់ពី​ការ​អនុម័ត​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​ ១៩៧៦​ សន្ធិសញ្ញា​មិត្តភាព​ និង​កិច្ចសហប្រតិបត្តិការ​មាន​តួនាទី​សំខាន់​ក្នុង​ការ​រួបរួម​អាស៊ាន​ និង​ណែនាំ​ការ​ឆ្លើយតប​របស់​ខ្លួន​ទៅ​នឹង​ពិភពលោក​ខាង​ក្រៅ​។ គោលការណ៍​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​បាន​ផ្តល់​ឲ្យ​រដ្ឋ​ជា​សមាជិក​របស់​ខ្លួន​នូវ​ទំនុក​ចិត្ត​ដែល​ត្រូវ​ការ​កាន់តែ​ច្រើន​ជាង​មុន​ដែល​ថា​ប្រទេស​ជា​សមាជិក​ផ្សេង​ទៀត​នឹង​មិន​ជ្រៀតជ្រែក​ចូល​​កិច្ចការ​ផ្ទៃក្នុង​របស់​សមាជិក​ដទៃ​។

ទោះ​ជា​យ៉ាង​ណា​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ត្រូវ​បាន​គេ​លើក​យក​មក​ពិភាក្សា​ជា​សកល​អស់​រយៈពេល​ប្រាំមួយ​ឆ្នាំ​កន្លង​មក​នេះ​បាន​លើក​ឡើង​ពី​ការ​សង្ស័យ​មួយ​ចំនួន​ថា​ តើ​ប្រទេស​ជា​សមាជិក​អាស៊ាន​អាច​ធ្វើការ​ជាមួយ​​គ្នា​ដើម្បី​ការពារ​ផលប្រយោជន៍​រួម​របស់​ពួកគេ​ ឬ​មួយ​យ៉ាង​ណា​? ជានិច្ចកាល​ការ​សម្រេច​ចិត្ត​ដ៏យឺតយ៉ាវ​របស់​អាស៊ាន​បាន​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​យ៉ាង​ខ្លាំង​។ បណ្ឌិត​ខាង​នយោបាយ​ជាច្រើន​ចង់​ឃើញ​អាស៊ាន​ធ្វើការ​សម្រេច​ចិត្ត​ដោយ​ផ្អែក​ទៅលើ​វិធីសាស្ត្រ​លទ្ធផល​តម្រង់​ទិស​។

លោក​ ស៊ូរិន ពិតសុវ៉ាន់ បាន​រំឭក​ឡើង​វិញ​ថា​នៅ​ពេល​អនាគត​អាស៊ាន​ត្រូវ​តែ​ធ្វើការ​សម្រេច​ចិត្ត​ឲ្យ​បាន​លឿន​ជាង​មុន ប៉ុន្តែ​ការ​សម្រេច​ទាំង​នេះ​ត្រូវ​ផ្អែក​លើ​ការ​មូលមតិ​គ្នា​។ ​

លោក​បាន​ចង្អុល​បង្ហាញ​ថា​៖ «វិធីសាស្ត្រ​ជាច្រើន​ដែល​យើង​ធ្វើ​ត្រូវ​តែ​ធានា​ថា​អាស៊ាន​អាច​ឆ្លើយតប​ទៅ​នឹង​វិបត្តិ​ ឬ​ភាព​បន្ទាន់​ឲ្យ​ទាន់​ពេលវេលា ជាពិសេស​ជាប់​ទាក់ទង​ទៅ​នឹង​ផលប៉ះពាល់​នៅ​ក្នុង​តំបន់​នេះ»​។

ខណៈ​ពេល​ដែល​ប្រទេស​ហ្វីលីពីន​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ក្នុង​ឆ្នាំ​នេះ​មាន​បញ្ហា​ប្រឈម​ថ្មីៗ​ជាច្រើន​ដែល​តម្រូវ​ឲ្យ​ការ​ដឹកនាំ​របស់​ប្រធាន​អាស៊ាន​មាន​ភាព​ស្វិតស្វាញ​ឲ្យ​បាន​ខ្លាំងក្លា​។ ​

ក្រៅពី​នេះ​ទៀត​ ក៏​មាន​ការ​រំពឹង​ទុក​ខ្ពស់​ផង​ដែរ​ថា​ប្រទេស​ដែល​ផ្តល់​កំណើត​ដល់ ​«​អំណាច​ប្រជាជន​» ប្រទេស​ហ្វីលីពីន​គួរ​ពង្រឹង​បន្ថែម​ទៀត​នូវ​យុទ្ធសាស្ត្រ​នៃ​ការ​គិត​ពី​ប្រយោជន៍​ប្រជាជន​ជា​សំខាន់​របស់​សហគមន៍​អាស៊ាន​។

លោក​បណ្ឌិត Suriya Chindawong អគ្គនាយករង​នៃ​នាយកដ្ឋាន​អាស៊ាន​នៅ​ក្រសួង​ការបរទេស​ថៃ​បាន​ថ្លែង​ថា​ «​របាយការណ៍​អាស៊ាន​» ​គឺ​អាស៊ាន​ត្រូវ​រួម​គ្នា​ឲ្យ​បាន​ខ្លាំង​ជាង​មុន​នឹង​គិត​ពី​ប្រយោជន៍​ប្រជាជន​ជាទូទៅ​។​ បន្ទាប់មក​សុខុមាលភាព​របស់​ពលរដ្ឋ​អាស៊ាន​នឹង​ក្លាយ​ជា​ឧបករណ៍​ស្ទង់​ពី​ជោគជ័យ​នាពេល​អនាគត​របស់​អាស៊ាន និង​និរន្តរភាព​របស់​ខ្លួន​»​។

លោក​ថ្លែង​ថា​បញ្ហា​ប្រឈម​ផ្សេង​ទៀត​របស់​អាស៊ាន​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ​គឺ​មាន​ទាំង​បញ្ហា​ដែល​មាន​ស្រាប់​ និង​បញ្ហា​ដែល​មិន​ទាន់​កើត​មាន​ដូចជា​បញ្ហា​ផ្លាស់ប្តូរ​អាកាសធាតុ​ សន្តិសុខ​ស្បៀង​ សុវត្ថិភាព ភេរវកម្ម ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ការ​លុប​បំបាត់​ភាពក្រីក្រ​ព្រម​ទាំង​បញ្ហា​ដែល​ទាក់ទង​ទៅ​នឹង​ការ​ការពារ​សង្គម​ជាដើម​។

ក្នុង​នាម​ជា​សហគមន៍​អាស៊ាន​ដែល​ធ្វើ​សមាហរណ​ផ្នែក​សេដ្ឋកិច្ច​ចូល​​ដល់​ឆ្នាំ​ទី​ពីរ​របស់​ខ្លួន​នោះ​គឺ​វា​បាន​សំដៅ​ទៅ​លើ​មេដឹកនាំ​អាស៊ាន​ដែល​ថា​ក្រៅ​ពី​កម្មវត្ថុ​ផ្នែក​នយោបាយ​ និង​សេដ្ឋកិច្ច​គឺ​ទិដ្ឋភាព​សំខាន់​បំផុត​នៃ​កិច្ចសហប្រតិបត្តិការ​អាស៊ាន​នៅ​តែ​ជា​ផ្នែក​នៃ​ការ​អភិវឌ្ឍ​ដដែល​។

ដោយ​ចង់​សំដៅ​ទៅ​ដល់​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​​និរន្តរភាព​របស់​អង្គការ​សហប្រជាជាតិ​ (SDGs) ដែល​បាន​​អនុម័ត​នៅ​ក្នុង​ខែ​កញ្ញា​ ឆ្នាំ​ ២០១៦​ លោក​បណ្ឌិត Suriya បាន​បន្ថែម​ថា​៖ «​អាស៊ាន​មាន​ចក្ខុវិស័យ​ច្បាស់លាស់​ដើម្បី​បន្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព​ទាំង​ក្នុង​បរិបទ​តំបន់​ និង​អន្តរជាតិ​»​។

លោក​បញ្ជាក់​ថា​៖ «​ប្រទេស​ថៃ​កំពុង​ធ្វើ​​ជា​អ្នក​សម្រប​សម្រួល​រវាង​អាស៊ាន​ និង​អង្គការ​សហប្រជាជាតិ​ដើម្បី​​ធានា​ថា​គោលដៅ​អភិវឌ្ឈន៍​ប្រកប​​ដោយ​និរន្តរភាព​ (SDGs) ​ត្រូវ​បាន​ដាក់​បញ្ចូល​គ្នា ​និង​បំពេញ​ដល់​គ្នា​ទៅវិញ​ទៅមក​។​ ធ្វើ​ដូចនេះ​អាស៊ាន​អាច​ធ្វើ​ដំណើរ​ទៅ​មុខ​ជាមួយ​នឹង​ពិភពលោក​ផ្សេង​ទៀត​បាន​»​។

គេ​នៅ​ចាំ​មើល​ថា​ តើ​អាស៊ាន​នឹង​ផ្លាស់​ប្រែ​យ៉ាង​ម៉េច​ក្នុង​អំឡុង​ពេល​ទីក្រុង​ម៉ានីល​ធ្វើ​ជា​ប្រធាន​អាស៊ាន​នេះ​។

ទោះ​ជា​យ៉ាង​ណា​វា​ច្បាស់​ណាស់​ចាប់​ពី​ពេល​នេះ​តទៅ​អាស៊ាន​ជា​អង្គការ​សមូហភាព​មួយ​ដែល​មិន​អាច​នៅ​ស្ងៀម​ដូច​អ្វី​ដែល​ខ្លួន​ធ្លាប់​ធ្វើ​នៅ​ក្នុង​អតីតកាល​នោះ​ទេ​។ ឥឡូវ​នេះ​បណ្តា​រដ្ឋ​ជា​សមាជិក​របស់​ខ្លួន​ហាក់​សកម្ម​ជាង​មុន​នៅ​ក្នុង​ការ​ចូលរួម​ក្នុង​កិច្ចការ​តំបន់​ និង​សកលលោក​៕ NS

Kavi Chongkittavorn គឺជា​អ្នក​កាសែត​មួយ​រូប​របស់​កាសែត​ «The Nation» និង​ជា​សមាជិក​ជាន់​ខ្ពស់​នៅ​វិទ្យាស្ថាន​សិក្សា​ផ្នែក​សន្តិសុខ​ និង​អន្ដរជាតិ​​នៅ​សាកលវិទ្យាល័យ​ជូឡាឡុងកន​ក្នុង​ទីក្រុង​បាងកក​ប្រទេស​ថៃ​ (ចូល​ទៅ​របាយការណ៍​អាស៊ាន www.aseannews.net)

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ