Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - អ្នក​ជួយ​ពិតប្រាកដ​​ មិន​ដែល​មាន​អារម្មណ៍​ថា ​ចាញ់

Content image - Phnom Penh Post
លោក កឹម សុខា មេដឹកនាំ​ CNRP ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​ខែ​កញ្ញា ឆ្នាំ ២០១៦។ ហេង ជីវ័ន

អ្នក​ជួយ​ពិតប្រាកដ​​ មិន​ដែល​មាន​អារម្មណ៍​ថា ​ចាញ់

ក្រោយ​ការ​ដួលរលំ​នៃ​របប​ ប៉ុល ពត​ ការ​បោះឆ្នោត​លើក​ទី​មួយ​នៅ​​ឆ្នាំ 1993 ត្រូវ​បាន​រៀបចំ​ឡើង​​ក្រោម​ការ​ចាត់ចែង និង​គាំទ្រ​របស់​អង្គការ​សហប្រជាជាតិ (United Nations Transitional Authority in Cambodia [UNTAC]) ដែល​មាន​​គណបក្ស​នយោបាយ​​​ជាង 30 បាន​ចូលរួម​ប្រកួត​ប្រជែង។

ម្ភៃ​ឆ្នាំ​ក្រោយ​មក​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ 2013 មាន​គណបក្ស​តែ 8 ប៉ុណ្ណោះ​ចូលរួម​ប្រកួត​ប្រជែង។

គណបក្ស​​នីមួយៗ​​សុទ្ធតែ​បង្ហាញ​ប្រាប់​ពលរដ្ឋ​ថា​ពួកគេ​ជា​គណបក្ស​​ដែល​​ល្អ​ជាង​គេ​តម្កល់​ផលប្រយោជន៍​ប្រទេស​ជាតិ​ជា​ធំ​ជាង​គេ ​និង​លះបង់​ផលប្រយោជន៍​​ផ្ទាល់​ខ្លួន​ដើម្បី​ជាតិ​ជាង​គេ។ ​​

ជាទូទៅ​គណបក្ស​នយោបាយ​​តែង​​សន្យា​ចំពោះ​មុខ​​ពលរដ្ឋ​ថា​ក្រោយ​ពេល​ជាប់​ឆ្នោត​រដ្ឋាភិបាល​​ដែល​ដឹកនាំ​ដោយ​គណបក្ស​គេ​នឹង​ធ្វើ​នេះ​​ ឬ​ធ្វើ​នោះ​ដើម្បី​ឱ្យ​ពលរដ្ឋ​រស់នៅ​ក្នុង​សន្ដិសុខ ​សុវត្ថិភាព​ សុភមង្គល​ យុត្តិធម៌​ សមធម៌​ បូរណភាព​ទឹកដី។ល។ ជា​រួម​គណបក្ស​នយោបាយ​​នីមួយៗ​សុទ្ធតែ​អះអាង​ថា​ពួកគេ​ជា​អ្នក​​ជួយ​​ជាតិ។ ប៉ុន្តែ​គណបក្ស​មួយ​ចំនួន​ធំ​លេច​មុខ​តែ​ក្នុង​រដូវកាល​ឃោសនា​បោះឆ្នោត​មួយ​ភ្លែត​​តែ​ប៉ុណ្ណោះ។

ក្រោយ​ការ​ប្រកាស​​លទ្ធផល ពលរដ្ឋ​ក៏​លែង​​ឮ​ឈ្មោះ​គណបក្ស​ទាំង​នោះ​ហើយ​​គេ​នឹង​ត្រលប់​មក​កំដរ​​ល្ខោន​នយោបាយ​​ជាថ្មី​ដើម្បី​​​ឱ្យ​ឃើញ​ថា​​កម្ពុជា​កំពុង​តែ​ប្រកាន់​របប​នយោបាយ​សេរី​ពហុបក្ស​ដែល​មាន​ការ​បោះឆ្នោត​ជា​​ទៀងទាត់។

ជាទូទៅ​គណបក្ស​នយោបាយ​​​តែង​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​ខ្លួន ដើម្បី​ទាក់ទាញ​យក​សន្លឹក​ឆ្នោត​ពី​ពលរដ្ឋ​តាម​ការ​សន្យា​​​ប្លែកៗ​ដូចជា​សង​បំណុល​​​ធនាគារ​ជំនួស​ពលរដ្ឋ​ដំឡើង​ប្រាក់​ខែ​មន្ត្រី​រាជការ ​ដំឡើង​ថ្លៃ​ផលិតផល​​​កសិកម្ម បញ្ចុះ​ថ្លៃ​សាំង បញ្ចុះ​ថ្លៃ​ទំនិញ ឱ្យ​គោ​ឱ្យ​មាន់​ទៅ​ពលរដ្ឋ​ចិញ្ចឹម ឱ្យ​ដី​ទៅ​​គូ​ស្រករ​រៀបការ​ថ្មី​ថ្មោង​។ល។

គោលនយោបាយ​ទាំងនោះ​ត្រូវ​បាន​​និយាយ​ចេញ​​ពី​​​មាត់​របស់​ប្រធាន​គណបក្ស​ដើម្បី​តែ​ឆ្លើយតប​នឹង​ស្ថានភាព​​របស់​​ពលរដ្ឋ​ដែល​ចូលរួម​ស្ដាប់​សារ​​នយោបាយ​​​តាម​សហគមន៍​នីមួយៗ​​ប៉ុណ្ណោះ​។

យោង​តាម​ស្មារតី​នៃ​ការ​បោះឆ្នោត​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ការ​បង្ហាញ​ការ​គាំទ្រ​របស់​ពលរដ្ឋ​តាម​រយៈ​សន្លឹកឆ្នោត​​គឺជា​ការ​បញ្ជាក់​ថា​ពលរដ្ឋ​ភាគច្រើន​គិត​ដូច​គ្នា​ក្នុង​ការ​គាំទ្រ​គោលនយោបាយ​គណបក្ស​​ណា​មួយ។

ក្នុង​ប្រទេស​ប្រជាធិបតេយ្យ អ្នក​ចាញ់​មិន​ប្រឆាំង​នឹង​លទ្ធផល​បោះឆ្នោត​ទេ ពីព្រោះ​គេ​ដឹង​ថា​នោះ​គឺជា​ឆន្ទៈ​របស់​ពលរដ្ឋ​ភាគច្រើន។ ​ភាគី​ដែល​ចាញ់​ឆ្នោត​ត្រូវ​ទទួល​ស្គាល់​ការពិត​ថា​គោល​នយោបាយ​​របស់​ខ្លួន​មិន​ទាន់​អាច​បំពេញ​ចិត្ដ​អ្នក​បោះឆ្នោត​ភាគច្រើន​បាន​នៅ​ឡើយ។ ​ជា​ការ​ពិត​ណាស់​ការ​តវ៉ា​លទ្ធផល​បោះឆ្នោត​តែង​កើត​មាន​​ជារឿយៗ ប៉ុន្តែ​រាល់​ការ​តវ៉ា​ក្រោយ​​ការ​បោះឆ្នោត​មិន​ត្រូវ​​មាន​​​បក្ស​ណា​មួយ​ដែល​ជា​គូប្រកួត​​​ជា​អ្នក​ដឹក​មុខ ឬ​នៅ​ពី​ខាង​ក្រោយ​នោះ​ទេ។ ការ​តវ៉ា​ត្រូវ​តែ​ជា​​​ឆន្ទៈ​ផ្ទាល់​របស់​ពលរដ្ឋ​ដែល​​​មិន​ព្រម​នឹង​លទ្ធផល​។

អ្នក​នយោបាយ​គ្រាន់តែ​ជា​តំណាង​ពលរដ្ឋ​ក្នុង​ការ​ដឹកនាំ​ប្រទេស​តែ​ប៉ុណ្ណោះ។ ក្នុង​សង្គម​​​ប្រជាធិបតេយ្យ​ពលរដ្ឋ​បោះឆ្នោត​រើស​តំណាង​ថ្នាក់​ជាតិ​ និង​​​​ថ្នាក់​ក្រោម​ជាតិ​រាប់​ចាប់​ពី​មេភូមិ ​មេឃុំ ចៅហ្វាយ​ខេត្ត​ជាដើម។

កាលណា​ពលរដ្ឋ​លើស​ពី ៥០ ភាគរយ​ឡើង​ទៅ​ចង់​បាន​យ៉ាង​ណា​នោះ​អ្នក​នយោបាយ​ត្រូវ​តែ​គោរព​តាម។ ក្រោយ​ការ​បង្ហាញ​លទ្ធផល​​បោះឆ្នោត​គណបក្ស​នយោបាយ​​ដែល​មិន​ឈ្នះ​ឆ្នោត​មិន​ត្រូវ​កៀរគរ​ពលរដ្ឋ​ធ្វើ​ជា​​ចំណាប់​ខ្មាំង​តវ៉ា​មិន​ទទួល​​យក​លទ្ធផល​បោះឆ្នោត​ក្រោម​ហេតុផល​ថា​ការ​បោះឆ្នោត​​មិន​​ប្រក្រតី មិន​ត្រឹមត្រូវ និង​មិន​​យុត្តិធម៌​​​នោះ​ទេ។

រឿង​ទាំង​នេះ​គួរ​តែ​ដោះស្រាយ​គ្នា​ឱ្យ​ដាច់​ស្រេច​មុន​​ចូលរួម​ការ​បោះឆ្នោត​ដើម្បី​ចៀសវាង​រឿង​ដែល​​ខ្លួន​យល់​ថា​ជា​ការ​បោះឆ្នោត​​មិន​​ប្រក្រតី​មិន​ត្រឹមត្រូវ និង​មិន​យុត្តិធម៌​​នោះ​នៅ​តែ​បន្ដ​អូសបន្លាយ​ពី​មួយ​អាណត្ដិ​ហើយ​​មួយ​អាណត្ដិ​ទៀត។ ទាំង​នោះ​គឺជា​កិច្ចការ​របស់​តំណាងរាស្ត្រ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​នៃ​អាណត្ដិ​របស់​ខ្លួន​ត្រូវ​ធ្វើ​ការ​តស៊ូ​មតិ។

ក្រោយ​ការ​ស្បថ​ចូល​​បំពេញ​មុខ​នាទី​ជា​តំណាងរាស្ត្រ​រួច​ហើយ​ពួកគាត់​មាន​កាតព្វកិច្ច​ពិនិត្យ សើរើ និង​ធ្វើ​វិសោធនកម្ម​ច្បាប់​ពាក់ព័ន្ធ​ទាំង​ឡាយ​ណា​ដែល​ពួកគាត់​គិត​ថា​​មិន​​បម្រើ​ផលប្រយោជន៍​សាធារណៈ​រួម​បញ្ចូល​ទាំង​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​​ផង​ដែរ។

ការ​តស៊ូ​មតិ​​របៀប​នេះ​គឺជា​ការ​តស៊ូ​មតិ​របស់​តំណាងរាស្ត្រ​ដែល​ធ្វើការ​ដើម្បី​​​ប្រយោជន៍​ជាតិ​មិនមែន​ដើម្បី​​ប្រយោជន៍​​បក្ស និង​ផលប្រយោជន៍​ផ្ទាល់​ខ្លួន។ ក្នុង​រយៈពេល​​ប្រាំ​ឆ្នាំ​នៃ​អាណត្ដិ​ការងារ​តំណាងរាស្ត្រ​នៃ​ក្រុម​មតិ​ភាគ​តិច​មាន​ឱកាស​ច្រើន​ណាស់​ដើម្បី​បង្ហាញ​​ពលរដ្ឋ​ម្ចាស់​ឆ្នោត​អំពី​គោលនយោបាយ​របស់​ខ្លួន​សម្រាប់​ការ​បោះឆ្នោត​លើក​ក្រោយ។

ការ​ជំទាស់​លទ្ធផល​បោះឆ្នោត និង​ការ​​កៀរគរ​ពលរដ្ឋ​ឱ្យ​ចូលរួម​​ក្នុង​​ការ​តវ៉ា​តាមរយៈ​បាតុកម្ម​បាន​​ត្រឹម​បំផ្លាញ​ពេលវេលា​ពលរដ្ឋ​បង្ក​ឧបសគ្គ​ដល់​ការ​អនុវត្ត​គោល​នយោបាយ​របស់​គណបក្ស​ឈ្នះឆ្នោត​ និង​បង្ហាញ​ពី​ការ​បែកបាក់​ជាតិ​​តែ​ប៉ុណ្ណោះ​។

ឧទាហរណ៍​៖ ការ​តវ៉ា​របស់​គណបក្ស​ប្រឆាំង​ក្រោយ​ការ​បោះឆ្នោត​គឺ​ពាក់ព័ន្ធ​នឹង​រឿង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) នីតិវិធី​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត ការ​បោះឆ្នោត និង​ការ​រាប់​សន្លឹក​ឆ្នោត។

សំណួរ​​​សួរ​ថា​តើ​កំណែ​ទម្រង់ គ.ជ.ប អាច​​នឹង​កើត​មាន​ឬ​ទេ ប្រសិន​បើ​គ្មាន​ការ​តវ៉ា​តាមរយៈ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​របស់​គណបក្ស​ប្រឆាំង? ចម្លើយ​ក៏​អាច​ថា​ គ.ជ.ប នឹង​នៅ​ដដែល​គ្មាន​កំណែ​ទម្រង់​អ្វី​នោះ​ទេ​ប្រសិន​បើ​គ្មាន​ការ​តវ៉ា។

ចម្លើយ​ក៏​អាច​ដែរ​ថា​កំណែ​ទម្រង់ គ.ជ.ប អាច​​នឹង​បាន​ចាប់​ផ្តើម​តាំង​ពី​មុន​ហ្នឹង​ម្ល៉េះ ប្រសិន​បើ​គណបក្ស​ប្រឆាំង​មិន​បាន​អូសបន្លាយ​​​​ពេលវេលា​ចូល​សភា។ បើ​សមាជិក​សភា​បំពេញ​​តួនាទី​របស់​ខ្លួន​ដោយ​សុចរិត​ដោយ​គ្មាន​ចេតនា​កេង​ចំណេញ​​នយោបាយ​លើ​គណបក្ស​ម្ខាង​ទៀត ដើម្បី​ឆ្លៀត​លើក​តម្កើង​គណបក្ស​របស់​ខ្លួន និង​បន្ដ​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​ដោយ​ស្មោះ​ត្រង់​ហើយ​បន្ដ​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​​របស់​គណបក្ស​ខ្លួន​នោះ​ពលរដ្ឋ​នឹង​មើល​ឃើញ​មិន​ខាន។ ប៉ុន្ដែ​បើ​តំណាងរាស្ត្រ​ប្រឹងប្រែង​ធ្វើការ​​ដោយ​មនោសញ្ចេតនា​ដោយ​សុចរិត​ស្មោះត្រង់​ចំពោះ​ជាតិ​ហើយ​ពលរដ្ឋ​មិន​គាំទ្រ​នោះ​អ្នក​ដែល​ចាញ់​គួរ​តែ​ជា​ពលរដ្ឋ។

តំណាងរាស្ត្រ​ដែល​ធ្វើការ​ដើម្បី​ផលប្រយោជន៍​ពលរដ្ឋ​ពិតប្រាកដ​គ្មាន​រឿង​អី​ត្រូវ​មក​ក្រហល់​ក្រហាយ​ចំពោះ​រឿង​ពលរដ្ឋ​ឱ្យ​លើស​ពី​ពលរដ្ឋ​ផ្ទាល់​នោះ​ទេ​ព្រោះ​ថា​អ្នក​នយោបាយ​ក្នុង​​គណបក្ស​នីមួយៗ​ប្រៀប​បាន​ទៅ​នឹង​គម្រប​ឆ្នាំង ឯ​ពលរដ្ឋ​ប្រៀប​បាន​ទៅ​នឹង​គូទ​ឆ្នាំង។

កាលណា​ឆ្នាំង​ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​ដាំបាយ​លើ​ចង្ក្រាន​នោះ​គូទ​ឆ្នាំង​ដែល​នៅ​ជាប់​​ភ្លើង​ត្រូវ​តែ​ក្ដៅ​មុន និង​ក្ដៅ​ខ្លាំង​ជាង​គម្រប​ឆ្នាំង។ អ្នក​ដែល​ចង់​ផ្លាស់ប្ដូរ​របៀប​ដឹកនាំ​ប្រទេស​​មុន​គេ​គឺ​ត្រូវ​តែ​ជា​ពលរដ្ឋ​ដែល​ជា​ម្ចាស់​ប្រទេស​ដែល​ជា​ទូទៅ​មាន​ជីវភាព​រស់នៅ​លំបាក​វេទនា​ជាង​អ្នក​នយោបាយ។ បើ​ពលរដ្ឋ​ទោះ​​រស់នៅ​ក្នុង​ស្ថានភាព​លំបាក​យ៉ាងណា​ក៏​នៅ​តែ​ព្រម​ល្មម​នឹង​ស្ថានភាព​របស់​ខ្លួន​នោះ​គឺ​មាន​ន័យ​ថា​ពលរដ្ឋ​មិន​ត្រូវការៗ​ផ្លាស់ប្ដូរ​ឡើយ​។

​ប៉ុន្ដែ​បើ​គម្រប​ឆ្នាំង​ដែល​នៅ​ឆ្ងាយ​ពី​ភ្លើង​ធៀប​នឹង​គូទឆ្នាំង បែរ​ជា​មក​​ក្ដៅ​មុន​គូទ​ឆ្នាំង នោះ​ច្បាស់​ជា​មាន​​ពាក់ព័ន្ធ​នឹង​រឿង​ប្រយោជន៍​ផ្ទាល់​ខ្លួន​ណា​មួយ ដូចជា​​ លាភ យស សរសើរ និង​សុខ មិន​ខាន។

បើ​អ្នក​នយោបាយ​​ពិតជា​ធ្វើ​​នយោបាយ​ដើម្បី​​​ជួយ​​ពលរដ្ឋ​​ប្រាកដ​​មែន នោះ​គ្មាន​រឿង​អ្វី​ដែល​​គេ​ត្រូវ​មក​ក្ដៅ​ក្រហាយ​​នឹង​ពលរដ្ឋ​ដែល​មិន​គាំទ្រ​ពួកគាត់​ឱ្យ​ឈ្នះ​ឆ្នោត​នោះ​ទេ។ «អ្នក​ជួយ​​ពិតប្រាកដ​មិន​​ដែល​មាន​អារម្មណ៍​ថា​ចាញ់​ឡើយ។ អ្នក​ដែល​មាន​អារម្មណ៍​ថា​​ចាញ់​ក្រោយ​ការ​បោះឆ្នោត​ម្តងៗ​មិនមែន​ជា​អ្នក​ជួយ​ពិតប្រាកដ​នោះ​ទេ»។

ភារកិច្ច​របស់​អ្នក​នយោបាយ​គឺ​ស្វែងរក​ក្ដីសុខ​ជូន​ពលរដ្ឋ។ អ្នក​នយោបាយ​ត្រូវ​តែ​ជា​មនុស្ស​​​ដែល​មាន​មនោសញ្ចេតនា​ចំពោះ​ជាតិ មាន​ទស្សនវិស័យ​មុត​ស្រួច​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាតិ។

ដូច្នេះ​អ្នក​នយោបាយ​គ្រាន់តែ​បង្ហាញ​គោលនយោបាយ​របស់​ខ្លួន​មក​ពលរដ្ឋ ហើយ​ពន្យល់​គោលនយោបាយ​​របស់​ខ្លួន​ឱ្យ​ពលរដ្ឋ​យល់​​ជា​ការ​​​ស្រេច។ ឯ​ការ​សម្រេច​ថា​បោះឆ្នោត​ឱ្យ​អ្នក​នយោបាយ​​រូប​ណា​នោះ​​ជា​សិទ្ធិ​របស់​ពលរដ្ឋ។ បើ​គោលនយោបាយ​​របស់​គណបក្ស​ខ្លួន​ពិត​ជា​ល្អ​មែន​ ប៉ុន្ដែ​ពលរដ្ឋ​បែរ​ជា​យល់​មិន​បាន​​​ថា​ល្អ​នោះ​អ្នក​ចាញ់ មិនមែន​​អ្នក​នយោបាយ​ដែល​ពលរដ្ឋ​មិន​​ជ្រើស​យក​ឡើយ​តែ​គឺ​ពលរដ្ឋ​ខ្លួនឯង​ទេ​ដែល​ជា​អ្នក​ចាញ់។​ សម្រាប់​អ្នក​នយោបាយ​​​ដែល​​​ធ្វើ​នយោបាយ​ដើម្បី​បម្រើ​ពលរដ្ឋ​ស្រប​តាម​មនោសញ្ចេតនា និង​ឧត្តមគតិ​របស់​ខ្លួន ពួកគាត់​មិន​តូច​ចិត្ត​នឹង​លទ្ធផល​ឆ្នោត​លើស​ពី​ពលរដ្ឋ​នោះ​ទេ​។ ពួកគាត់​ក៏​មិន​មាន​អារម្មណ៍​​ថា​ចាញ់​ដែរ។

ពលរដ្ឋ​​ត្រូវ​តែ​តាមដាន​អ្នក​នយោបាយ​ឱ្យ​បាន​ជាប់​ជា​ប្រចាំ​ដើម្បី​ឱ្យ​ដឹង​ថា​អ្នក​នយោបាយ​ណា​ជា​អ្នក​ជួយ និង​អ្នក​នយោបាយ​ណា​ជា​​អ្នក​ជំនួញ​ដែល​​ដើម្បី​​តែ​​នឹង​ទទួល​បាន​លាភ យស សរសើរ និង​សុខ​ពី​សកម្មភាព​នយោបាយ។ ​

នៅ​ពេល​​ដែល​ពលរដ្ឋ​ចូលរួម​ក្នុង​កិច្ចការ​​នយោបាយ​ជា​កម្លាំង​សរុប​​ជាប់​ជា​ប្រចាំ​ដោយ​ការ​យល់​ដឹង និង​ទទួល​ខុស​​​ត្រូវ​គណបក្ស​ដែល​ពលរដ្ឋ​ភាគច្រើន​គាំទ្រ​អាច​ទៅ​ធ្វើ​កំណែ​ទម្រង់​សំខាន់ៗ​ក្នុង​អាណត្តិ​នៃ​ការ​ដឹកនាំ​របស់​គណបក្ស​នោះ​បាន​។

ការ​​​ទម្លាក់​សន្លឹក​ឆ្នោត​មួយ​សន្លឹក​ទៅ​ក្នុង​ធុង​​ដោយ​ខ្វះ​ការ​យល់​​ដឹង​ ការ​ទទួល​ខុស​ត្រូវ​ និង​​ការ​តាមដាន​​នឹង​មិន​​​ធ្វើ​ឱ្យ​​ប្រទេស​ជាតិ​ប្រែ​មុខ​មាត់​ជា​សារវន្ត​នោះ​ទេ៕

ឈិញ ស៊ីថា
chhinhsitha02@gmail.com

0

Comments

Please, login or register to post a comment