សៀមរាប: សប្តាហ៍មុន ភ្នំពេញ ប៉ុស្ដិ៍ បានបង្ហាញពីផ្សាររាត្រីអេ ហ្វែល ថាមខនធេនន័រ សៀមរាប ដែលជាផ្សារសម្បូរទៅដោយបណ្តុំម្ហូបឆ្ងាញ់ៗ ជាពិសេសម្ហូបប្រចាំតំបន់តែម្តង។
ក្រៅពីមានម្ហូបឆ្ងាញ់ៗ ទីនោះនៅមានកន្លែងលក់ស្រាក្រឡុក និងស្រាបៀរ ជាមួយការច្នៃប្រឌិតប្លែក។
នៅហាងតាខេកែវរ៉យ ដែលមានការតុបតែងស្អាតនោះ ម្ចាស់ហាងបានច្នៃយកឪទឹនស្រាបិតរបស់ជនជាតិភាគតិច យកមកដាក់ស្រាបៀរ និងស្រាក្រឡុកជំនួសវិញ។ ការច្នៃប្រឌិតនេះបានទាក់ទាញភ្ញៀវជាច្រើនចូលមកកុម្ម៉ង់ ថតរូបសែលហ្វ៊ី ហើយរីករាយនឹងការបឺតស្រាក្រឡុក និងស្រាបៀរ ពីឪទឹនដ៏ប្លែកអារម្មណ៍។
អ្នកនាង សែន ផារី ម្ចាស់ហាង តាខេកែវរ៉យ បាននិយាយថា៖ «មុននឹងបើកហាងនេះឡើងគឺប៉ារបស់ខ្ញុំគាត់ចង់ឲ្យដាក់ឈ្មោះ តាខេកែវរ៉យ ជាឈ្មោះភូមិចាស់បុរាណ ដែលគាត់ធ្លាប់រស់នៅជំនាន់ប៉ុល ពត និងបានជួយជីវិតគាត់ឲ្យរស់មកដល់សព្វថ្ងៃនេះ»។
ម្ចាស់ហាងរូបនេះបានឲ្យដឹងទៀតថា៖ «សម្រាប់ភេសជ្ជៈមួយឪទឹននេះគឺអាចញ៉ាំស្រា ឬស្រាបៀរបាន ៤ នាក់ ទៅតាមអ្នកពូកែផឹក ក្នុងមួយឪទឹនមានតម្លៃ ៤ ដុល្លារ យើងគិតតាមប្រភេទស្រា ដែលភ្ញៀវកុម្ម៉ង់»។
ចង់ប្លែកអារម្មណ៍ផឹកស្រាបៀរ ក្នុងឪទឹនទេ? ពិសេសតម្លៃក៏ថោកសមរម្យ ដោយត្រឹមតែ ៤ ដុល្លារល្មមស្រវឹង។ តោះ! ទៅសាកនៅហាង តាខេកែវរ៉យ ដែលស្ថិតនៅក្នុង ផ្សាររាត្រីអេ ហ្វែល ថាមខនធេនន័រ សៀមរាប ទាក់ទងទូរស័ព្ទលេខ ០៩២ ៩២៥៥៥១៕