ភ្នំពេញ: ជាហាងដែលសម្បូរតារាសិល្បៈល្បីៗជាម៉ូយប្រចាំនោះ ភូមិគ្រឹះលៀស ពោរពេញទៅដោយម្ហូបម្ហា ខ្យង ខ្ចៅ គ្រំ លៀស និង ក្តាមស្រែ មុនដំបូងគេនៅទីក្រុងភ្នំពេញ។
ម្ចាស់ហាងវ័យក្មេង ឌី សុចិត្រា បាននិយាយថា៖ «ហាងរបស់ខ្ញុំបើកលក់ជិត ៣ ឆ្នាំ មកហើយ គឺយើងនៅរក្សារសជាតិដើមប្រចាំហាងដដែល»។
ម្ចាស់ហាងដែលកំពុងតែដុតលៀសក្នុងចានដែកបានបន្តថា៖ «នៅភូមិគ្រឹះលៀស នៅតែផ្តោតសំខាន់ទៅលើម្ហូបប្រចាំហាងគឺ លៀសសមុទ្រ លៀសទន្លេ ខ្យង កង្កែប និងក្តាមស្រែជាដើម ព្រោះថា គ្រប់ភ្ញៀវដែលមកទីនេះកម្ររំលងកុម្ម៉ង់ម្ហូបហ្នឹងណាស់»។
ក្រៅពីម្ហូបចម្អិនពីសត្វមានសម្បក ភូមិគ្រឹះលៀសក៏មានបម្រើនូវអាហារផ្សេងទៀតដូចជា តៅហ៊ូទឹកកាពិ នំបញ្ចុកផ្ទាប់បន្លែសាច់ ស៊ុបខួរ តុមយ៉ាំលៀសសមុទ្រ បង្កងអាំង និងម្ហូបបែបខ្មែរជាច្រើនមុខទៀត សម្រាប់អាហារថ្ងៃត្រង់ ដូចជាឆា ស្ងោរ ប្រហុក ផ្អក ដោយរសជាតិឆ្ងាញ់ជាប់មាត់។
ដូចជានៅក្នុងរូបភាពនេះគឺជាសម្លតុមយ៉ាំលៀសសមុទ្រ ដែលមានបន្លែ និងម្ទេសក្រហមឆ្អិនឆ្អៅ។ សម្លតុមយ៉ាំនេះមានរសជាតិ និងក្លិនប្លែកពីតុមយ៉ាំទូទៅ។ ក្នុងមួយកូនឆ្នាំងនេះមានតម្លៃ ប្រមាណ ៤ ដុល្លារ ដែលភ្ញៀវអាចកុម្ម៉ង់ទទួលទានជាមួយបាយ ស នៅពេលថ្ងៃត្រង់ ឬក៏ពេលល្ងាច ដើម្បីជួយកាត់បន្ថយចំហាយហឹរនៃសម្ល។
ម្ហូបនៅភូមិគ្រឹះលៀសមានតម្លៃពី ២ ទៅ ៦,៥ ដុល្លារ។ ភូមិគ្រឹះលៀសអាចទាក់ទងតាមទូរស័ព្ទលេខ ០១៦ ២០៩ ០០០៕