ភ្នំពេញ: ចង់​ពញ្ញាក់​អារម្មណ៍​មនុស្ស​ជាទី​ស្រឡាញ់ ឬ​ឪពុកម្តាយ និង​មិត្តភក្តិ ក្នុង​ថ្ងៃ​ខួប​កំណើត​របស់​ពួកគេ​ទេ?

ដោយ​វិធី​ច្នៃ​ប្រឌិត​ថ្មី​ជំនួស​ពី​ការ​ទិញ​នំ​ខួប​កំណើត​ធម្មតា មក​សាកល្បង​ធ្វើជា​ផ្លែ​ឈើ​ដោយ​ស្នាដៃ​ខ្លួនឯង​វិញ​ម្តង​មើល​ថា តើ​ម្ចាស់​ខួប​មាន​អារម្មណ៍​យ៉ាងណា​វិញ​នៅ​ពេល​ដែល​យើង​បង្ហាញ​ពី​ស្នាដៃ​ធ្វើ​ផ្លែ​ឈើ​ចេញ​ជា​រូបរាង​ស្រស់​ស្អាត​បែប​នេះ​ទៅ​ដល់​ពួកគេ។

បើសិនជា​យើង​គិតថា ទិញ​នំ​ខេក​ដូចជា​ដដែលៗ​ពេក អ្នក​អាច​ចំណាយ​ពេល​ធ្វើ​បន្តិច​ដោយ​ខ្លួនឯង ឬក៏​ជាមួយ​មិត្តភក្តិ​របស់​យើង បង្កើត​ជា នំ​ផ្លែ​ឈើ​ខួប​កំណើត​មួយ​យ៉ាង​ជាពិសេស​សម្រាប់​ជូន​ដល់​អ្នក​ដែល​យើង​ស្រឡាញ់ និង​បុគ្គល​ពិសេស​ក្នុង​បេះដូង។

ការច្នៃ​ផ្លែឈើ​មក​ធ្វើ​ជានំ​ខួបកំណើត​គឺ​ពិត​ជា​មាន​អត្ថន័យ​ខ្លាំង ដោយ​អ្នក​ធ្វើ​បាន​បញ្ចេញ​ពី​ការ​តាំង​ចិត្ត​អត់​ធ្មត់ ជាមួយ​ស្នាដៃ​រៀបចំ​តុបតែង​ធ្វើ​យ៉ាង​ណា​ឲ្យ​ស្អាត សម្រាប់​មនុស្ស​ពិសេស​របស់​ពួកគេ។

វិធី​ងាយៗ​សម្រាប់​ការ​រចនា​នំខេក​ពី​ផ្លែឈើ គឺ​គ្រាន់​តែ​យើង​ចំណាយ​ពេល​ជ្រើស​រើស​ផ្លែឈើ​ណា​មាន​ពណ៌​ស្រស់​ស្អាត ស៊ីគ្នា​ជាដើម ពិសេស​ជាង​នេះ​ទៅ​ទៀត​គឺ​គុណភាព​នៃ​ផ្លែឈើ​ត្រូវតែ​ស្រស់​ល្អ​ទើប​ធ្វើ​ឲ្យ​ផ្លែឈើ​ខួប​កំណើត មាន​រូបរាង​ស្អាត ស្រស់ និង​រសជាតិ​ឆ្ងាញ់។

ចំពោះ​ការ​រចនា​ផ្លែឈើ​ជានំ​ខួប​កំណើត​នេះ​គឺ​ចំណាយ​ថវិកា​ប្រមាណ​ជិត ២០ ដុល្លារ អាស្រ័យ​ទៅ​តាម​ប្រភេទ​ផ្លែឈើ​ដែល​យើង​ជ្រើស​រើស។ សាកល្បង​មើល!៕