ភ្នំពេញ: អ្នកដំណើរឆ្លងកាត់វត្តស្វាយពពែ អាចចាប់អារម្មណ៍ឃើញហាងកាហ្វេជាទូកុងតឺន័រស្រោបកញ្ចក់ ស្លាកយីហោ Frank Coffee។
ហាងដែលផ្ដើមចេញពីតូបរទេះ រហូតវិវឌ្ឍខ្លួនជាសំណង់កញ្ចក់ ក្នុងបរិវេណអារាមនេះ គឺអាហារដ្ឋានពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជាទីបម្រើអាហារ និងភេសជ្ជៈដល់សិស្សានុសិស្ស និងភ្ញៀវទូទៅផងដែរ។
ក្នុងទូកុងតឺន័រពណ៌លឿងលាយខៀវ លោក បឿន ចំរើន ជាម្ចាស់អាហារដ្ឋាន បានរៀបរាប់ថា៖ «កាលពីមុនខ្ញុំធ្លាប់លក់ភេសជ្ជៈក្នុងរទេះនៅជិតរបងទូរទស្សន៍អប្សរា មានអតិថិជនច្រើនគាំទ្រភេសជ្ជៈរបស់ខ្ញុំ ដោយសារតែយើងធ្វើខុសប្លែកពីគេ ដូចជាកាហ្វេលាយជាមួយគ្រាប់ជីរ តែទឹកដោះគោលាយគ្រាប់ជីរ និងភេសជ្ជៈក្រឡុកលាយគ្នាចម្រុះរសជាតិប្លែកមាត់ ដែលខ្ញុំច្នៃដោយខ្លួនឯង ទើបធ្វើឲ្យយើងមានភ្ញៀវមកទិញញ៉ាំច្រើន។ ខ្ញុំលក់នៅទីនោះមិនបានយូរប៉ុន្មានទេ ដោយសារតែគេមិនឲ្យលក់ វាប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ទើបចម្រេចផ្លាស់ប្តូរទីកន្លែងលក់តែម្តងទៅ»។
កំពុងញាប់ដៃជើងឆុងកាហ្វេ ម្ចាស់ហាងរូបនេះ ឆ្លៀតប្រាប់បន្តទៀតថា៖ «ដោយសារតែមិនចង់បាត់បង់ជំនាញដែលខ្លួនមានស្រាប់ ខ្ញុំទទួលបានរាជានុញ្ញាតពីសម្តេចសង្ឃរាជ ប៊ូ គ្រី បើកលក់ភេសជ្ជៈនៅក្នុងពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា ដើម្បីងាយស្រួលដល់សិស្សានុសិស្ស រៀននៅទីនេះរកភេសជ្ជៈ និងអាហារទទួលទានជាដើម»។
នៅទីនេះល្បីបាយស្លឹកឈូកសាច់ជ្រូក (៥០០០៛) ឆ្អឹងជំនីរ អាំងអំបិលម្ទេស (៦០០០៛) និងបាយសាច់គោងៀតអាំង (៨០០០៛) ក្រៅពីនេះក៏មាននំបញ្ចុកកំពតសាច់ជ្រូកអាំង និង គុយទាវហ្វឺរ (១០០០០៛) រីឯភេសជ្ជៈវិញតម្លៃចាប់ពី ៣០០០។
ចង់ប្តូរបរិយាកាសញ៉ាំបាយវត្ត? តោះទៅ Frank Coffee ក្នុងបរិវេណវត្តស្វាយពពែ ទំនាក់ទំនងលេខទូរស័ព្ទ ០១២ ៤៤៩ ៨៨៩៕