ភ្នំពេញ: បើនិយាយពីភូមិគ្រឹះលៀស អ្នកដែលនិយមញ៉ាំពពួកសត្វសិប្បីជាតិ ពិតជាស្គាល់ហាងភូមិគ្រឹះលៀស ច្បាស់ជាមិនខាន ដោយសារតែនៅទីនោះពោរពេញទៅដោយម្ហូបម្ហា ខ្យង ខ្ចៅ គ្រំ លៀស និង ក្តាមស្រែ មុនដំបូងគេនៅទីក្រុងភ្នំពេញ។
លោក ឌី សុចិត្រា ម្ចាស់ហាងវ័យក្មេង រូបស្អាត ដែលកំពុងតែដុតលៀសក្នុងចានដែកបាននិយាយថា៖ «ហាងរបស់ខ្ញុំបើកលក់ជិត ៣ ឆ្នាំ មកហើយ គឺយើងនៅតែរក្សារសជាតិដើមប្រចាំហាងដដែល»។
លោកបន្តថា៖ «ណាមួយគ្រឿងផ្សំទាំងអស់នៅក្នុងហាងនេះគឺធ្វើឡើងដោយស្នាដៃរបស់ម៉ាក់ខ្ញុំ គាត់មានជំនាញធ្វើម្ហូបស្រាប់អ៊ីចឹងគឺរាល់មុខម្ហូបនៅក្នុងហាងនេះរក្សារសជាតិនៅដដែលតាំងពីថ្ងៃបើកហាងរហូតមកដល់ឥឡូវនេះ»។
សម្រាប់ភ្ញៀវមកកាន់ភូមិគ្រឹះលៀស ឬជាម៉ូយចាស់ នៅតែមានការគាំទ្រច្រើនដដែល ទោះបីជាហាងខ្លះបើកលក់ដូចគ្នាក៏ដោយ តែយើងសង្កេតឃើញថា ភូមិគ្រឹះលៀស មានភ្ញៀវចូលជាហូរហែ រហូតដល់ពង្រីកហាងធំជាងមុន និងបន្ថែមម្ហូបពិសេសៗជាច្រើនមុខបន្ថែម ដូចជា តៅហ៊ូទឹកកាពិ នំបញ្ចុកផ្ទាប់បន្លែសាច់ ស៊ុបខួរ តុមយុំាលៀសសមុទ្រ បង្កងអាំង និងម្ហូបបែបខ្មែរជាច្រើនមុខទៀត សម្រាប់អាហារថ្ងៃត្រង់ ដូចជាឆា ស្ងោរ ប្រហុក ផ្អក ដោយរសជាតិឆ្ងាញ់ជាប់មាត់។
លោក សុចិត្រា បានបន្តថា៖ «នៅភូមិគ្រឹះលៀស នៅតែផ្តោតសំខាន់ទៅលើម្ហូបប្រចាំហាងដដែលគឺ លៀសសមុទ្រ លៀសទន្លេ ខ្យង កង្កែប និងក្តាមស្រែជាដើម ព្រោះថា គ្រប់ភ្ញៀវដែលមកទីនេះកម្ររំលងកុម្ម៉ង់ម្ហូបទាំងអស់នេះណាស់។
ម្ហូបនៅភូមិគ្រឹះលៀសមានតម្លៃពី ២ ទៅ ៦,៥ ដុល្លារ។ ភូមិគ្រឹះលៀសអាចទាក់ទងតាមទូរស័ព្ទលេខ ០១៦ ២០៩ ០០០៕