Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - មី​អ៊ីតាលី​ម្រះព្រៅ​ពី​ Vego

មី​អ៊ីតាលី​ម្រះព្រៅ​ពី​ Vego

Content image - Phnom Penh Post

ភ្នំពេញ : ជម្រាប​សួរ​មិត្ត​អ្នក​អាន​ភ្នំពេញ ប៉ុស្ដិ៍ ជា​ទី​មេត្រី! សប្ដាហ៍​នេះ​ខ្ញុំ​នឹង​នាំ​លោក​អ្នក​ទៅ​ស្គាល់​ហាង​បើក​ថ្មី​មួយ​កន្លែង ដែល​មាន​ការ​រចនា​តុប​តែង​យ៉ាង​ត្រជាក់​ភ្នែក និង​ប្រកប​ដោយ​ផាសុកភាព។

នោះ​គឺ​ហាង Vego Salad Bar ដែល​គ្រាន់​តែ​ឮ​ឈ្មោះ​ភ្លាម លោក​អ្នក​ប្រាកដ​ជា​នឹក​ឃើញ​ដល់​បន្លែ​បៃតង លឿង និង​ក្រហម​ស្រស់ៗ​ស្រូប​ដោយ​ទឹក​ជ្រលក់​ជូរ​តិចៗ​ជា​មិនខាន។ ប៉ុន្តែ​តាម​ការ​ពិត ភោជនីយដ្ឋាន​នេះ​មាន​បម្រើ​ម្ហូប​អាហារ​បែប​ខ្មែរ និង​បរទេស​ជា​ច្រើន​មុខ​ទៀត បន្ថែម​ពី​លើ​អាហារ​ផ្សំ​ពី​ជម្រើស​បន្លែ​សាលាដ​ចម្រុះ​តម្រៀប​គ្នា​ជា​ច្រើន​មុខ។

Content image - Phnom Penh Post
130129_22a
130129_22a

ថ្ងៃ​នេះ​ខ្ញុំ​សូម​បង្ហាញ​នូវ​អាហារ​កូន​កាត់​អាស៊ី​អឺរ៉ុប​គឺ​ស្បាយ​ហ្គេត​ធី​គ្រឿង​សមុទ្រ​ម្រះ​ព្រៅ ដែល​មាន​ក្លិន​ឈ្ងុយ​ឈ្ងប់​គួរ​ឲ្យ​ចង់​ស្រក់​ទឹក​មាត់​តែ​ម្ដង។

គ្រឿង​គ្រៅ​សម្រាប់​ចម្អិន ស្បាយ​ហ្គេត​ធី ឬ​មី​អ៊ីតាលី​គ្រឿង​សមុទ្រ​នេះ​រួម​មាន មី​អ៊ីតាលី បង្គា មឹក ប៉េងប៉ោះ ប៉េង​ប៉ោះ​ហាល​ក្រៀម ផ្កា​ខាត់​ណា​បៃតង ប្រូខូលី ការ៉ុត ម្ទេស​ប្លោក ផ្សិត​ស ស្លឹក​ម្រះ​ព្រៅ ឈីស Feta ឈីស Parmesan ប្រេង​អូលីវ ទឹក​ក្រែម និង​ខ្ទឹម​ស។

ដំបូង​ត្រូវ​យក​មី​អ៊ីតាលី​ទៅ​ស្ងោរ​ឲ្យ​ផុយ។ បន្ទាប់​មក​យក​គ្រឿង​សមុទ្រ​ទៅ​លាង​ទឹក​ឲ្យ​ស្អាត។ យក​ខ្ទះ​ចាក់​ប្រេង​អូលីវ​រួច​ឆា​គ្រឿង​សមុទ្រ​ជាមួយ​ខ្ទឹម​ស មុន​នឹង​បន្ថែម​ទឹក​ក្រែម​១​ស្លាប​ព្រា ផ្កា​ខាត់​ណា​បៃតង​ប្រូខូលី ការ៉ុត ម្ទេស​ប្លោក ផ្សិត​ស ស្លឹក​ម្រះ​ព្រៅ ប៉េងប៉ោះ​ក្រៀម និង​ប្រេង​អូលីវ​នោះ​ជា​ការ​ស្រេច។

នៅ​ពេល​ដែល​គ្រឿង​ផ្សំ​ខាង​លើ​ឆ្អិន​ល្មម​ហើយ ត្រូវ​បន្ថែម​ឈីស Feta ហើយ​កូរ​ឲ្យ​សព្វ​រយៈ​ពេល​១​នាទី។ បន្ទាប់​មក​ត្រូវ​បន្ថែម​ឈីស Parmesan និង​កូន​ប៉េងប៉ោះ​តូចៗ។ ដំណាក់​កាល​ចុង​ក្រោយ ត្រូវ​ដាក់​មី​អ៊ីតាលី​ចូល​ជាមួយ​គ្រឿង​ខាង​លើ​នោះ​ជា​ការ​ស្រេច។

បើ​លោក​អ្នក​ចង់​ញ៉ាំ​ស្បាយ​ហ្គេត​ធី​គ្រឿង​សមុទ្រ​ម្រះ​ព្រៅ និង​បន្លែ​សាលាដ​ជា​ច្រើន​មុខ​ដែល​តម្លៃ​មាន​សមរម្យ​និង​រសជាតិ​ឆ្ងាញ់​ពិសា​នោះ សូម​សាក​ល្បង​ទៅ​ភោជនីយដ្ឋាន Vego Salad Bar នៅ​ផ្ទះ​លេខ​២១B ផ្លូវ​២៩៤​ជិត​ផ្សារ​កាប់​គោ​ឬ​ទាក់​ទង​តាម​ទូរស័ព្ទ​លេខ ០១២ ៩៨ ៤៥ ៩៦។

បណ្ដា ភោជនីយដ្ឋាន និង​សាលា​បង្រៀន​ធ្វើ​ម្ហូប​ដែល​ចង់​រំលេច​ស្នាដៃ​ចម្អិន​ម្ហូប​របស់​ខ្លួន​លើ​ទំព័រ​សារព័តមាន​ភ្នំពេញ ប៉ុស្ដិ៍ សូម​ទាក់​ទង​លេខ ០៧៧ ៧១៧ ៧១៥ និង ០១៦ ៩៣ ១៣ ១៣ ៕

0

Comments

Please, login or register to post a comment