សៀមរាប: អ្នក​ដែល​ទៅ​លេង​ទឹកដី​សៀមរាប​អង្គរ ក្រៅ​ពី​ដើរ​ទស្សនា​ប្រាង្គ​ប្រាសាទ​នៅ​ពេល​ថ្ងៃ វេលា​រាត្រី​ចូល​មក​ដល់ ភ្ញៀវទេសចរ​ភាគ​ច្រើន​ប្រាកដ​ជា​ទៅ​លេង​តំបន់​ផាប់ស្ទ្រីត​ជា​មិន​ខាន។

តែ​បច្ចុប្បន្ន​នេះ មាន​កន្លែង​ដើរ​លេង និង​ញ៉ាំ​អាហារ​ជាច្រើន​កន្លែង​នា​ពេល​យប់​ក្រៅ​ពី​តំបន់​ផាប់ស្ទ្រីត ដូចជា​ផ្សារ​រាត្រី និង​ផ្សារ​កុងតឺន័រ ជា​រសនិយម​ថ្មី​សម្រាប់​យុវជន​សម័យ​នេះ។

ស្ថិតនៅ​មិន​ឆ្ងាយ​ពី​ផាប់ស្ទ្រីត ផ្សារ​រាត្រី​កុងតឺន័រ​ថ្មី​មួយ​ទើប​តែ​នឹង​បើក គឺ ផ្សារ​រាត្រី​អេហ្វែល​ថាម​ខនធេនន័រ សៀមរាប Eiffel Time Container Night Market - Siem Reap រៀបចំ​រចនា​ប្លែក​ជាមួយ​ភ្លើង​ពណ៌​ចម្រុះ។

ជាពិសេស​ការ​រចនា​តូប​កុងតឺន័រ​នីមួយៗ​ស្អាត​ខុសប្លែក​ពីគ្នា។ នៅ​ក្នុង​ផ្សារ​រាត្រី​នេះ​គឺ​សម្បូរ​ទៅ​ដោយ​ម្ហូប​ខុសៗ​គ្នា និង​ភេសជ្ជៈ​ដ៏​ច្រើន​ជម្រើស។

នៅក្នុង​ចំណោម​តូប​ទាំងអស់​នោះ​មាន​តូប​មួយ​លក់ ស៊ុប​ប្រហិត​យក្ស មាន​ក្លិន​ឈ្ងុយ​កាត់​ច្រមុះ​តែម្តង ដោយ​នៅ​ក្នុង​ប្រហិត​យក្ស​នេះ​មាន​បង្កប់​នូវ​ពង​ទា សាច់​ជ្រូក​ចិញ្ច្រាំ និង​ពោត ធ្វើ​ឲ្យ​រសជាតិ​វា​ឆ្ងាញ់​ប្លែក​មាត់។

ភ្ញៀវ​អាច​កុម្ម៉ង់​ដាក់​ក្នុង​កំប៉ុង​ក្រដាស​ងាយ​ស្រួល​ដើរ​កាន់​ញ៉ាំ​ទៅ​កន្លែង​មួយ​ទៀត។ ក្នុង​ស៊ុប​ប្រហិត​មួយ​កំប៉ុង​ក្រដាស​នេះ មាន​ជា​ប្រហិត​យក្ស​មួយ​ដុំធំ នុយ និង​ស៊ុប​ឆ្អឹង​ជ្រូក លាយ​ជា​ល្ហុង និង​ការ៉ុត មាន​តម្លៃ ៤០០០ រៀល អាច​ញ៉ាំ​បាន​ម្នាក់​ឯង​ឆ្អែត​ល្មម។

ផ្សារ​រាត្រី​អេហ្វែល​ថាមខនធេនន័រ សៀមរាប ស្ថិត​នៅ​ផ្លូវ​ស៊ីវត្ថា ទល់​មុខ​ឆៀង​ខាងត្បូង​កាណាឌីយ៉ា ១០ ម៉ែត្រ ទូរស័ព្ទ​លេខ ០៩៨ ៩៩៩៩៨៨៕