ភ្នំពេញ: ភោជនីយដ្ឋាន The Hut នៅសៀមរាបបានធ្លាប់បង្ហាញពីទីកន្លែងបែបធម្មជាតិ និងមាន់ស្រែដុតចំបើងល្បីរបស់ខ្លួនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិរួចម្តងហើយ ឥឡូវនេះខាងម្ចាស់ហាងបានបង្ហាញ ណែម ធ្វើពីស្លឹកតើយរុំជាមួយបន្លែ ជ្រលក់ទឹកត្រីផ្អែម។
អ្នកស្រី ហៀប រតនាម្ចាស់ភោជនីយដ្ឋាន The Hut បាននិយាយថា៖ «ដោយសារតែនៅទីនេះសម្បូរស្លឹកតើយស្រាប់អ៊ីចឹងខ្ញុំក៏គិតថាបើសិនជាយើងច្នៃស្លឹកតើយនេះមកធ្វើជាម្ហូបប្រហែលជាល្អ និងប្លែកម្យ៉ាង ទើបខ្ញុំសម្រេចចិត្តយកស្លឹកតើយកិនជាទឹកធ្វើសម្បកណែមតែម្តងទៅ ដោយរុំជាមួយបន្លែជ្រលក់ទឹកត្រី ល្អសម្រាប់អ្នកដែរមិនចង់ញុំាសាច់ ឬក៏មិនចង់ឡើងទម្ងន់ ដោយសារតែណែមនេះគ្មានជាតិធាត់នោះទេ ណាមួយសុទ្ធតែបន្លែធម្មជាតិទាំងអស់»។
ម្ហូបទាំងអស់នៅទីនេះគឺមិនមានការលួចចម្លងពីគេឡើយ ដោយម្ចាស់ហាងអះអាងថា៖ «ខ្ញុំជឿជាក់ទៅលើស្នាដៃប្រឹងប្រែងស្វែងរកអ្វីថ្មីដោយខ្លួនឯងដោយមិនចាំបាច់ទៅលួចចម្លងពីគេនោះទេ ដូចជាក្នុងកន្លែងរបស់ខ្ញុំមានណែមធ្វើពីស្លឹកតើយរុំជាមួយនឹងបន្លែជ្រលក់ទឹកត្រី រសជាតិឆ្ងាញ់ប្លែកមាត់ ដែលហាងដទៃមិនមាន»។
ម្ហូបនៅ The Hut មានតម្លៃ ចាប់ពី ១ ម៉ឺន ទៅដល់ ៥ ម៉ឺនរៀល។ ភោជនីយដ្ឋាន The Hut មានអាសយដ្ឋាន ស្ថិតនៅជិតប្រាសាទ បាគងទល់មុខផ្លូវទៅកំពង់ភ្លុក។
ព័ត៌មានលម្អិត សូមទាក់ទងទូរស័ព្ទលេខ ០១២ ៩២៦ ៣៩១៕