
វ៉ាលិសវៃឆ្លាតតម្លៃ ១១០០ ដុល្លារ ដើរតាមម្ចាស់វានិងជួយវាស់ស្ទង់ទម្ងន់អីវ៉ាន់។
ក្រុងឡាសវេហ្គាស: ទម្លាប់អូសរុញវ៉ាលិសផ្ទាល់ខ្លួនអាចក្លាយជាសកម្មភាពអតីត ដោយអរគុណដល់ក្រុមអ្នកវិទ្យាសាស្ដ្រឡេបឡប់ប៉ុន្មាននាក់ដែលមានបំណងធ្វើឲ្យជីវិតរស់នៅរឹតតែស្រួល។
រថយន្ដបើកបរស្វ័យប្រវត្ដិ អាចនឹងបង្ហាញវត្ដមានក្នុងពេលឆាប់ៗខាងមុខ តែវ៉ាលិសស្វ័យប្រវត្ដិ ក៏បានមកដល់ហើយដែរ។
បច្ចេកវិទ្យាទំនើបៗមួយចំនួនដែលប្រើក្នុងរថយន្ដស្វ័យប្រវត្ដិត្រូវបានផលិតចេញជារូបរាងដោយបង្ហាញនៅពិព័រណ៍អេឡិចត្រូនិកឆ្នាំ ២០១៨ នៅក្រុងឡាសវេហ្គាស ដើម្បីជួយអ្នកដំណើរទុកដាក់អីវ៉ាន់ធ្ងន់។
«វ៉ាលិសយន្ដ» របស់ក្រុមហ៊ុនថ្មី Travelmate នៅកាលីហ្វ័រនីញ៉ា អាចត្រូវបានបញ្ជាដោយប្រើកម្មវិធីទូរស័ព្ទ និងអាចអូសខ្លួនតាមម្ចាស់នៅល្បឿន ១១ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយកាច់ចង្កូតគ្មានឧបសគ្គ។
ស្ថាបនិកក្រុមហ៊ុន និងជាអគ្គនាយក Maximillian Kovtun ថ្លែងថា៖ «វាពិតជារ៉ូបូតដើរតាមអ្នកជាប់ជានិច្ច»។
Travelmate បានរចនាឧបករណ៍ ដែលបំពាក់ខួរក្បាលវៃឆ្លាត ដោយមានសមត្ថភាពអូសខ្លួនតាមសម្ទុះល្បឿនម្ចាស់ ឬវាត្រូវបានបញ្ជាដោយកម្មវិធីទូរស័ព្ទ មិនខុសពីការបញ្ជាដ្រូន។
វ៉ាលិសយន្ដបំពាក់កង់ អូមនី គឺអាចអូសខ្លួនគ្រប់ទិសតំបន់។ អ្នកភ្ជាប់ទំនាក់ទំនងរវាងវ៉ាលិស Travelmate លើសពី ១ គ្រឿងដើម្បីឲ្យពួកវាដើរតាមអ្នកជាខ្សែ។ ពួកវាថែមទាំងចេះចៀសគ្នាផងដែរ។
វ៉ាលិសក៏អាចថ្លឹងទម្ងន់អីវ៉ាន់ថែមទៀត។ ដូច្នេះ អ្នកមិនចាំបាច់បារម្ភពីការផ្ទុកលើសចំណុះឡើយ។
តម្លៃប្រមាណ ១១០០ ដុល្លារ វានឹងចេញលក់លើទីផ្សារអាមេរិក អឺរ៉ុប និងជប៉ុន ក្នុងខែកុម្ភៈ៕