ក្រុងតូក្យូ: ក្រុមហ៊ុន​វិស្វកម្ម​តូច​មួយ​ក្នុង​ប្រទេស​ជប៉ុន បាន​អះអាង​ថា ខ្លួន​បាន​ផលិត​រថយន្ដ​ស្រប​ច្បាប់​ដំបូង​ក្នុង​លោក​ដែល​មាន​សម្ទុះ​ល្បឿន​ពី ០ ទៅ ១០០ គីឡូម៉ែត្រ ក្រោម​ថិរវេលា​មិន​ដល់ ២ វិនាទី។

Aspark Owl ត្រូវបាន​តាំង​បង្ហាញ​នៅ​ពិព័រណ៍​រថយន្ដ​ហ្រ្វេងហ្វឺត កាល​ពី​ឆ្នាំ​មុន ហើយ​អ្នក​ផលិត​បាន​និយាយ​ថា វា​មាន​កម្លាំង ៤៣០ សេះ ថាមពល​បង្វិល ៥៦៣ ផោនហ្វីត។ បច្ចុប្បន្ន Aspark បាន​បញ្ចេញ​វីដេអូ​ឃ្លីប​ដ៏អស្ចារ្យ​បង្ហាញ​ពី​កំពូល​រថយន្ដ​អគ្គិសនី​មាន​សម្ទុះ​ល្បឿន​តិច​ជាង ២ វិនាទី មក​ត្រឹម​តែ ១,៩២១ វិនាទី​ប៉ុណ្ណោះ លឿន​ជាង​រថយន្ដ​ប្រណាំង Formula 1 គ្រប់​សែ​ស្រឡាយ​ទាំង​អស់។

យោងតាម​ព័ត៌មាន​ពី ក្រុង​ហ្រ្វេងហ្វឺត កាលពី​ឆ្នាំមុន រថយន្ដ Aspark Owl បាន​ដំណើរការ​ម៉ូទ័រ ៤០ គីឡូវ៉ាត់​មួយគូ ដោយ​ផ្ដល់នូវ​កម្លាំង ៤២៩ សេះ និង​ថាមពល​បង្វិល ៥៦៣ ផោនហ្វីត។

នៅមាន​អាគុយ​មួយ និង​ប្រព័ន្ធ​ប្រដាប់​បញ្ចូល​ភ្លើង​ភ្លោះ (បញ្ចូល​ថាមពល​ក្រោយ​ជាន់​ហ្រ្វាំង) ថែម​ទៀត។

ថាមពល​ត្រូវបាន​បញ្ជូនទៅ​កាន់​កង់​ទាំង ៤ ដែល​ជំរុញ​ល្បឿន​ឲ្យ​កាន់តែ​លឿន​អស្ចារ្យ ហើយ​ម៉ូទ័រ​របស់​វា​មាន​ទំហំ​តូច ដោយ​រថយន្ដ​មាន​ទម្ងន់​ត្រឹម​តែ ៨៥០ គីឡូក្រាម និង​កម្ពស់​តែ ៩៩០ មិល្លី​ម៉ែត្រ​ពី​ដី។

Aspark បាន​បង្កើន​សមត្ថភាព​ល្បឿន​កំពូល​របស់ Owl ដល់ ២៨០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ជា​ល្បឿន​ដ៏​មហា​សែន​លឿន​ដែល​អាច​ប៉ះពាល់​ដល់​សមត្ថភាព​ថាមពល​អគ្គិសនី​ដោយ​កំណត់​ត្រឹម ១៥០ គីឡូម៉ែត្រ​ក្នុង ១ ម៉ោង។

បរិក្ខារ​បំពាក់​ខាង​ក្នុងកំពូល​​រថយន្តអគ្គិសនី​ជប៉ុន ​Aspark Owl​​។

Aspark បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​គ្រោង​ផលិត​រថយន្ដ​នេះ ៥០ គ្រឿង ហើយ​អតិថិជន​នឹង​ត្រូវ​ហ៊ាន​ចាយ ៤,១៩ លាន​ដុល្លារ​ដើម្បី​ក្លាយជា​ម្ចាស់​កំពូល​រថយន្ដ​នេះ។

ការបើកបរ​សាកល្បង​ទំនងជា​ត្រូវបាន​ធ្វើ​ឡើង​នៅ​ទីលាន​ក្រោយ​ក្រុមហ៊ុន ជា​ទីកន្លែង​ដែល​កំពូល​រថយន្ដ​នេះ​ត្រូវ​បាន​ផលិត​ឡើង។ ទោះ​មានការ​បង្ហាញ​ពី​វីដេអូ អ្នក​និយម​រថយន្ដ​ខ្លះ​បាន​បង្ហាញ​នូវ​មន្ទិល​មួយ​ចំនួន។

ពួកគេ​បានចង្អុល​បង្ហាញ​ថា គ្មាន​ឧបករណ៍​វាស់​ល្បឿន ឬ​វាស់​ពេលវេលា ឬ​ល្បឿន​ត្រូវ​បាន​លាត​ត្រដាង​ជាក់​លាក់​ឡើយ។ ពួកគេ​ក៏បាន​និយាយ​ថា ទីតាំង​បើកបរ​សាកល្បង​មាន​ទំហំ​តូច​សម្រាប់​បញ្ចេញ​សមត្ថភាព​រថយន្ដ​ជាន់​ដល់​ល្បឿន​ពី ០ ទៅ​ដល់ ១០០ គីឡូម៉ែត្រ​ក្នុង ១ ម៉ោង។

ក្រុម​ជំនាញ​តាមដាន​រថយន្ត​ទំនើប​ក៏បាន​កត់សម្គាល់​ឃើញថា រថយន្ដ​គំរូ​នេះ​ត្រូវបាន​បំពាក់​ជាមួយ​ប្រភេទ​កង់​រថយន្ដ​ប្រណាំង ខុស​ពី​ច្បាប់​បើកបរ​លើ​ដង​ផ្លូវ ដែល​កាន់​តែ​ជួយ​ឲ្យ​រថយន្ដ​បង្កើន​ល្បឿន​កាន់​តែ​លឿន​ថែម​ទៀត៕HR