ក្រុងឡាសវេហ្គាស: ក្រុមហ៊ុន​ចិន​មួយ​បាន​បង្ហាញ​រថយន្ដ​អនាគត​កាល​របស់​ខ្លួន​កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​បាន​សន្យា​ចេញ​រថយន្ដ «ស្គាល់​ពី​អារម្មណ៍ និង​វៃឆ្លាត» ទៅ​កាន់​ទីផ្សារ​សកលលោក​នៅ​ឆ្នាំក្រោយ​ដោយ​មាន​តម្លៃ​ចាប់​ពី ៤៥០០០ ដុល្លារ។

រថយន្ដ​ក្នុង​ក្ដី​ស្រមៃ​ដើរ​ដោយ​ថាមពល​អគ្គិសនី​ដែល​ត្រូវបាន​បង្ហាញ​ដោយ​ក្រុមហ៊ុន Byton នៅ​ពិព័រណ៍ អេឡិច​ត្រូនិក​ឆ្នាំ ២០១៨ ក្រុង​ឡាសវេហ្គាស ទទួល​ស្គាល់​ជា​ឧបករណ៍​កុំព្យូទ័រ​លើកង់​ទាំង ៤ បំពាក់​ជាមួយ​នូវ​កាប៊ីន​ឌីជីថល រំលេច​នូវ​ទស្សនីយភាព​ប៉ារ៉ូណាម៉ា​ដោយ​មាន​មុខងារ​ជា​កន្លែង​កាច់​ចង្កូត ការ​កម្សាន្ដ និង​ថែមទាំង​ត្រួតពិនិត្យ​សុខភាព​អ្នក​បញ្ជា​ផងដែរ។

Byton ដឹកនាំ​ដោយ​អតីត​ក្រុម​ប្រតិបត្ដិ​មក​ពី Tesla, BMW, Apple និង Google បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​បើក​សម្ពោធ​នៅ​ប្រទេស​ចិន​ក្នុង​ឆ្នាំ ២០១៩ ព្រមទាំង​សហរដ្ឋអាមេរិក និង​អឺរ៉ុប​នៅ​ឆ្នាំ ២០២០។

រថយន្ដ​របស់ Byton នឹង​ប្រើ​បច្ចេកវិទ្យា​ដោះ​សោ​តាម​ទម្រង់​ផ្ទៃមុខ និង​ចេះ​បន់​បែន​តាម​អ្នក​បើកបរ ការ​បញ្ជា​តាម​សំឡេង ការ​បញ្ជា​តាម​ការ​ស្ទាប​កាន់ និង​កាយវិការ។

វា​ក៏នឹង​បន្ថែម​ប្រព័ន្ធ​ទំនាក់​ទំនង 5G ដើម្បី​ភ្ជាប់​អ៊ីនធឺណីត​ល្បឿន​លឿន និង​បង្កើន​សមត្ថភាព​មុខងារ​ខួរក្បាល​សិប្បនិម្មិត។ វា​មាន​សមត្ថភាព​បរបាន​ចម្ងាយ​ផ្លូវ ៥០០ គីឡូម៉ែត្រ​មុនពេល​ត្រូវការ​សាក​ថ្ម ដែល​ត្រូវ​ចំណាយ​ពេល​សាក​ពី ១៥ ទៅ ៣០ នាទី។

វា​នឹងត្រូវ​បានផ្ដល់​ស្ដង់ដារ​កម្រិត​ទី ៣ ដែល​ជា​ប្រភេទ​រថយន្ដ​គ្មាន​មនុស្ស​បើក និង​អាច​ឈរ​កម្រិត​ទី ៤ ចាប់​ពី​ឆ្នាំ ២០២០ ទៅ​មុខ៕