ក្រុងឡុងដ៍: ឈ្មោះថា Flying Huntsman 110 6x6 Double Cab Pickup Soft-Top វាជារថយន្ដ Land Rover Defender និមិត្តរូបដោយបន្ថែមកង់ ២ ទៀតដើម្បីធានាពីសុវត្ថិភាព ពុះជ្រែកផ្លូវលំបាកជាមួយកង់ទាំង ៦។
វាក៏នៅមានដំបូលក្រណាត់បើកបិទសម្រាប់ដំណើររដូវក្ដៅ ឬឆ្លងកាត់វាលខ្សាច់ថែមទៀតផង។ នេះមិនមែនជាលើកដំបូងដែលអ្នកជំនាញបំលែងម៉ូដែលទាហានកង់ ៤ ទៅម៉ូដែលកង់ ៦ នោះទេ កាលពីឆ្នាំ ២០១៥ ក្រុមហ៊ុនក៏បានបង្ហាញម៉ូដែល Flying Huntsman របស់ Kahn Design ជាលើកដំបូង បំពាក់ថាមពលម៉ាស៊ីនម៉ាស៊ូត V8 ១៧០ សេះ ចំណុះ ២,២ លីត្រដែលអាចបើកក្នុងល្បឿន ២១០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ប៉ុន្ដែម៉ូដែល Soft Top ថ្មីសន្លាងនេះ នឹងមានថាមពលខ្លាំងជាងមុនជាមួយម៉ាស៊ីនម៉ាស៊ូត V8 ៤៣០ សេះ ចំណុះ ៦,២ លីត្រ និងមានសមត្ថភាពអូសសណ្ដោងរហូតដល់ជាង ២ តោន។
វាត្រូវបានពង្រីកតួកាប៊ីនខាងក្រោយ ដែលអាចបន្ថែមអ្នកដំណើរពី ៥ ទៅ ៧ នាក់ និងផ្ដល់បទពិសោធពុះជ្រែកផ្លូវលំបាកៗដល់អ្នកអង្គុយពីក្រោយកាន់តែច្រើនគ្នា។
ជាមួយម៉ូដែលកង់ ៦ ដែលមានប្រវែងរហូតដល់ ៥,១៨ ម៉ែត្រ ធ្វើឲ្យអ្នកជំនាញអូសសណ្ដោងមួយនេះពិបាកចូលចំណតធម្មតាណាស់។
បច្ចុប្បន្ននេះ វាកំពុងស្ថិតក្នុងដំណាក់កាលឌីហ្សាញនៅឡើយ តែក្រុមហ៊ុនបានអះអាងថា ផលិតផលសម្រេចនឹងរំលេចរូបរាងដ៏ពិតប្រាកដនៅពេលណាមួយក្នុងឆ្នាំ ២០១៨ ខាងមុខ ដែលទំនងជាចំពេលពិព័រណ៍រថយន្ដក្រុងហ្សឺណែវ ថ្ងៃទី ៦ ខែមីនា។
តើវាមានតម្លៃប៉ុន្មាន? ម៉ូដែលដើម Flying Huntsman 6x6 មានតម្លៃប្រមាណជាង ២០ ម៉ឺនដុល្លារ (ជាង ២៥ ម៉ឺនដុល្លារ សម្រាប់រថយន្ដមួយឈុត) ជាមួយម៉ាស៊ីនចំណុះ ២,២ លីត្រ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុនច្នៃរថយន្តនេះបានឲ្យដឹងថា៖ «ដោយទទួលបានការកោតសរសើរចំពោះស្នាដៃរចនាម៉ូដរបស់ម៉ូដែល Flying Huntsman 110 6X6 Double Cab Pick Up និងម៉ូដែល Wide Body រថយន្ដចុងក្រោយរបស់យើងដែលជាប្រភេទ 6x6 គ្រោងនឹងបង្ហាញវត្ដមាននាពេលឆាប់ៗខាងមុខ ដោយនាំមកជាមួយនូវឧបករណ៍ សម្រាប់ដំណើរផ្សងព្រេង វិស្វកម្ម និងភាពរ៉ូមេនទិក ដល់ម្ចាស់រថយន្តម៉ូដែល Defender និងអ្នកនិយម Land Rover ប្រភេទពុះជ្រែកឧបសគ្គ ប្រភេទ Flying Huntsman នេះ»៕HR