ក្រុងមីឈីហ្គេន: ក្នុង​ទីក្រុង​ដេទ្រូត សប្ដាហ៍​នេះ ក្រុមហ៊ុន Nissan បាន​បង្កើត​ភាព​លេច​ធ្លោ​នូវ​អ្វី​ដែល​ជា​ម៉ូដែល​រថយន្ដ Rogue ឬ Pathfinder នៃ​ថ្ងៃ​អនាគត​ត្រូវ​បាន​បង្ហាញ ដែល​គ្រោង​បង្ហាញ​វត្ដមាន​នៅ​ក្នុង​ឆ្នាំ ២០២០។

Nissan Xmotion ឬ (Cross Motion) ៣ ជួរ​សម្រាប់​អ្នក​ដំណើរ ៦ នាក់ បន្ថែម​រចនាប័ទ្ម​ហត្ថកម្ម និង​ឌីហ្សាញ​បែប​ជប៉ុន និង​អាមេរិក រួម​នឹង​បច្ចេកវិទ្យា Nissan Intelligent Mobility ចុង​ក្រោយ​បំផុត។

Xmotion Concept ស្រោប​ពណ៌​ប្រាក់ ត្រូវបាន​ដាក់​តាំង​បង្ហាញ​នៅ​ពិព័រណ៍​រថយន្ដ​អន្ដរជាតិ​អាមេរិក​ខាងជើង​ឆ្នាំ ២០១៨ ក្នុង​ក្រុង​ដេត្រយ ដែល​បញ្ចូល​រចនាប័ទ្ម​វប្បធម៌​លោក​ខាងលិច​និង​ខាងកើត​ជាមួយ​បច្ចេកវិទ្យា​អ៊ីនធឺណិត​ជាន់​ខ្ពស់។

ចំពោះ​រូបរាង​ខាងក្រៅ Nissan បាន​បង្ហើប​ប្រាប់​ពី​សាមញ្ញ​ភាព​ជាមួយ​រូបរាង​អក្សរ «U» ចម្រឹង​ខ្យល់​រាង​អក្សរ «V» និង​ចង្កៀង​មុខ​រាង​ផ្លែ​ដាវ។ Xmotion Concept បំពាក់​កង់​យ៉ាន់​អាលុយ​មីញ៉ូម​ទំហំ ២១ អ៊ិញ​ដែល​អាច​ប្រើ​ជាមួយ​ប្រភេទ​កៅស៊ូ​កង់​សម្រាប់​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ​ទាំងអស់។

ជាមួយ​គម្លាត​ភ្លៅ​ឆ្ងាយ ទំហំ​ទទឹង​ធំ​និង​ទ្វារ​បើក​ឡើង​ធំ​ទាំង​សង​ខាង Xmotion បាន​បន្ថែម​ប្រអប់​ជាប់​ដំបូល​ដែល​អាច​ទាញ​ចេញ​ចូល​បាន និង​ការ​ឌីហ្សាញ​ភ្លើង​គូទ​ក្រោយ​រត់​ប្រដេញ​យ៉ាង​ស្រស់​ស្អាត​ដែល​យក​លំនាំ​តាម​ហ្គេម​ផ្គុំ​រូប​ឈើ​ជប៉ុន។

រថយន្ត Nissan Xmotion រចនាប័ទ្ម​ជប៉ុន​កាត់​អាមេរិក។ AFP

បរិក្ខារ​ផ្ទៃក្នុង Xmotion Concept ត្រូវ​បាន​ឌីហ្សាញ​ឡើង​ដើម្បី​ផ្ដល់​ទីធ្លា​ធំ​ទូលាយ​សម្រាប់​សមាជិក​គ្រួសារ​ដែល​មាន​កូន និង​សត្វ​ចិញ្ចឹម។ ឆ្លុះបញ្ចាំង​ពី​ធម្មជាតិ បរិក្ខារ​ផ្ទៃក្នុង​រចនាប័ទ្ម​ជប៉ុន​ត្រូវបាន​ឌីហ្សាញ​ឡើង​ជាមួយ​រូបភាព​ទន្លេ​លើ​កម្រាល និង​បរិវេណ​ថត​កណ្ដាល​ជា​ស្ពាន​ឈើ។

រចនា​ពណ៌​ផ្ទៃក្នុង​មាន​ដូចជា ក្រហម​ឆ្អៅ ស និង​ខ្មៅ ជា និមិត្តរូប​ព្រះអាទិត្យ ភាព​ល្អ​បរិសុទ្ធ និង​ប្រពល​ភាព។ គំនូរ​ម៉ូដ និង​ស្នាដៃ​ហត្ថកម្ម​ជប៉ុន​តាម​រឹម​ភ្លី និង​ក្បាច់​ក្បូរ​ផ្សេងៗ​មាន​លក្ខណៈ​សម្បូរ​បែប​សម្បូរ​តែ​នៅ​ក្រោយ​កៅអី​រថយន្ដ។

ក្រៅពី​ការ​រចនា​បែប​ប្រពៃណី ធម្មជាតិ​ដ៏​ស្មុគ​ស្មាញ​របស់​ជប៉ុន Xmotion Concept ក៏បាន​បន្ថែម​បច្ចេកវិទ្យា​ជំនួយ​ដល់​អ្នក​បើកបរ​និង​អ្នក​ដំណើរ​ចុងក្រោយ​បំផុត​គ្រប់​ម៉ូដែល​ខ្ពស់ SUV ដែល​បញ្ជា​ដោយ​កាយវិការ រចនា​ភ្នែក និង​សំឡេង។

កាប៊ីន​មុខ​បំពាក់​អេក្រង់​ឌីជីថល​ចំនួន ៧ ដោយ​មាន ៣ ផ្នែក​ធំៗ ទាំង​ខាង​ឆ្វេង និង​ខាង​ស្ដាំ ដែល​លាត​សន្ធឹង​ពេញ​តាប្លូ។ នៅ​មាន​កញ្ចក់​ឌីជីថល​មួយ​ទៀត​នៅ​ពីលើ​ពិតាន និង​នៅ​ថត​ចន្លោះ​កៅអី​មុខ​ទាំង ២។

រថយន្ត​គំរូ​នេះ​មិន​មាន​ព័ត៌មាន​ពី​តម្លៃ​ទេ៕HR