ក្រុងតូក្យូ: ឧបករណ៍​ស្រដៀង​នឹង​បន្ទះ​កៅ​អៀក កម្រាស់​តែ ១ មីល្លីម៉ែត្រ និង​អាច​តាម​ដាន​ទិន្នន័យ​សុខភាព​ដ៏​សំខាន់ ព្រម​ទាំង​បញ្ជូន និង​ទទួល​សារ​ថែម​ទៀត រួម​ទាំង រូប​សញ្ញា​អេម៉ូជី។

លោក តាកាអុ សូម៉េយ៉ា ជា​សាស្ដ្រាចារ្យ​សាកល​វិទ្យាល័យ​ក្រុង​តូក្យូ ដែល​បាន​ផលិត​ឧបករណ៍​នេះ បាន​ចាត់​ទុក​វា​ជា​ជំនួយការ​សម្រាប់​អ្នក​ជំនាញ​វេជ្ជសាស្ដ្រ​ដោយ​ប្រើ​លើ​អ្នកជំងឺ​សម្រាក​លើ​គ្រែ ឬ​នៅ​ឆ្ងាយ ព្រម​ទាំង​ក្រុម​គ្រួសារ​រស់នៅ​ឆ្ងាយ​ពី​គ្នា។

លោក​បាន​ប្រាប់ AFP ថា៖ «ជាមួយ​ឧបករណ៍​នេះ ទោះ​ស្ថិត​ក្នុង​ការ​ថែទាំ​នៅផ្ទះ លោក​អ្នក​អាច​ចែក​រំលែក​នូវ​ទិន្នន័យ​វេជ្ជសាស្ដ្រ​គ្មាន​ដែន​កំណត់​ជាមួយ​វេជ្ជបណ្ឌិត​ប្រចាំ​គ្រួសារ ដែល​បន្ទាប់​មក នឹង​អាច​ធ្វើ​ការ​ទាក់​ទង​ទៅ​កាន់​អ្នក​ជំងឺ​វិញ»។

លោក​បាន​បន្ថែម​ថា៖ «ខ្ញុំ​គិតដល់ ជីតា​ម្នាក់ ដែល​ទទួល​សារ​ដោយ​សរសេរ​ថា (ចៅ​ស្រឡាញ់​តា) ពី​ចៅ​របស់​គាត់ ពួកគេ​ប្រាកដ​ជា​មាន​អារម្មណ៍​កក់ក្ដៅ​ណាស់»។

ការបង្ហាញ​នោះ​មាន​អេក្រង់ LED ធុន​តូច​ទំហំ ១៦ គុណ ២៤ និង​អាច​ទាញ​ដូច​ជ័រ​ទន់។ វា​ក៏​បំពាក់​សេនស័រ​ទម្ងន់​ស្រាល​ផ្ទុក​អេឡិច​ត្រុង «Nanomesh» សម្រាប់​ខ្យល់​ចេញ​ចូល និង​ប្រព័ន្ធ​ទាក់ទង​ឥត​ខ្សែ។ វា​ត្រូវ​បាន​បំពាក់​លើ​រាងកាយ​មនុស្ស​មួយ​សប្ដាហ៍ ដោយ​វា​មាន​ទម្ងន់​ស្រាល ដែល​អ្នក​ប្រើប្រាស់​អាច​ភ្លេច​ថា ខ្លួន​កំពុង​ពាក់​ឧបករណ៍​តាម​ដាន​នេះ​ទៀត។

លោក សូ​ម៉េ​យ៉ា បាន​ផលិត​ឧបករណ៍​នេះ​ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​យក្ស​ជប៉ុន Dai Nippon Printing ដែល​រំពឹង​ថា​នឹង​ដាក់​លក់​លើ​ទីផ្សារ​នៅ​ពេល ៣ ឆ្នាំ​ទៀត៕