ការផ្តល់មូលនិធិសម្រាប់ក្រុមហ៊ុនចាប់ផ្តើមថ្មីៗនៅក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជាបានកើនឡើង ប៉ុន្តែបញ្ហាប្រឈមនៅតែមានសម្រាប់សហគ្រិនវ័យក្មេងដែលពួកគេសង្ឃឹមថានឹងអាចទាក់ទាញការវិនិយោគសម្រាប់អាជីវកម្មថ្មីថ្មោងរបស់ពួកគេ។
ការវិនិយោគក្នុងពិភពក្រុមហ៊ុនចាប់កំណើតថ្មីនៅក្នុងប្រទេសកម្ពុជាត្រូវបានគ្របដណ្តប់អស់រយៈពេលជាច្រើនឆ្នាំដោយការផ្តល់មូលនិធិគ្រាប់ពូជតិចតួចដែលជាទូទៅមានចំនួនប្រាក់តែពី ២ ទៅ ៣ ពាន់ដុល្លារតែប៉ុណ្ណោះត្រូវបានផ្តល់ជូនតាមរយៈការប្រកួតខ្នាតតូច។
ថ្មីៗនេះមូលនិធិធំៗបានចាប់ផ្តើមការផ្តោតលើការលើកកម្ពស់ក្រុមហ៊ុនអាជីវកម្មថ្មីរបស់កម្ពុជាជាមួយនឹងការរួមចំណែកខាងហិរញ្ញវត្ថុច្រើនជាងមុន។ យ៉ាងណាមិញអ្នកបង្កើតក្រុមហ៊ុនថ្មីៗនៅក្នុងស្រុកជាច្រើននៅតែនិយាយថា ពួកគេមានភាពពិបាកក្នុងការទាក់ទាញការវិនិយោគដដែល។
លោកស្រី Melanie Mossard ប្រធានសហគមន៍នៅក្រុមហ៊ុនសហការិយាល័យសម្រាប់ក្រុមហ៊ុនអាជីវកម្មថ្មីហៅថា ImpactHub បានថ្លែងថា កង្វះការផ្តល់មូលនិធិគឺជាបញ្ហាប្រឈមមួយក្នុងចំណោមបញ្ហាប្រឈមដ៏ធំបំផុតដែលក្រុមហ៊ុនអាជីវកម្មថ្មីកំពុងប្រឈមនៅកម្ពុជា។
លោកស្រីបន្តថា៖ «យើងឃើញមានបញ្ហាប្រឈមចម្បងចំនួន ៣ សម្រាប់ការចាប់ផ្ដើមអាជីវកម្មនៅកម្ពុជាក្នុងនោះមានលទ្ធភាពក្នុងការស្វែងរកខ្សែបណ្តាញទំនាក់ទំនងជំនាញបច្ចេកទេសអាជីវកម្ម និងលទ្ធភាពទទួលបានមូលនិធិ។ មានជម្រើសតិចតួចណាស់នៅក្នុងប្រទេសកម្ពុជា ប៉ុន្តែខ្ញុំមានសុទិដ្ឋិនិយមអំពីអនាគត»។
លោកស្រីបានបន្ថែមថាការបង្កើតនៃមូលនិធិច្នៃប្រឌិតឌីជីថល Smart Axiata (SADIF) កាលពីឆ្នាំមុនដែលជាមូលនិធិវិនិយោគចំនួន ៥ លានដុល្លារអាមេរិកដែលផ្តោតលើការលើកកម្ពស់ការផ្តល់ហិរញ្ញប្បទានទៅកាន់ក្រុមហ៊ុនអាជីវកម្មថ្មីក្នុងវិស័យបច្ចេកវិទ្យាដោយការឧបត្ថម្ភទឹកប្រាក់រវាង ២៥០០០ ដុល្លារទៅ ៥០០០០០ ដុល្លារទៅក្នុងក្រុមហ៊ុនអាជីវកម្មថ្មីណាដែលមើលទៅស័ក្តិសមនឹងទទួលបានហើយមូលនិធិនេះបានបើកទ្វារពិភពឌីជីថលនៅប្រទេសកម្ពុជាទៅកាន់ឱកាសជាច្រើន។
លោកអ្នកស្រីបាននិយាយថា៖ «ក្រុមហ៊ុនអាជីវកម្មថ្មីភាគច្រើនជ្រើសរើសចាប់ផ្ដើមប្រតិបត្តិការរបស់ពួកគេដោយប្រើប្រាស់ប្រាក់សន្សំផ្ទាល់ខ្លួនប្រាក់របស់មិត្តភក្តិ ឬក្រុមគ្រួសារ ឬក៏ប្រាក់រង្វាន់ដែលពួកគេបានឈ្នះនៅក្នុងការប្រកួត។ ប៉ុន្តែការបើកដំណើរការថ្មីនៃ SADIF និងបណ្តាញវិនិយោគិនថ្មីៗដែលចូលមកក្នុងប្រទេសកម្ពុជាបង្ហាញពីក្តីសង្ឃឹមមួយថានឹងមានមូលនិធិច្រើនជម្រើសជាងពេលបច្ចុប្បន្ននេះ»។
លោក Kem Bora (កឹម បូរ៉ា) អ្នកគ្រប់គ្រងវិនិយោគនៅក្រុមហ៊ុន Mekong Strategic Partners បានពន្យល់ថា SADIF បានវិនិយោគរួចទៅហើយក្នុងក្រុមហ៊ុនអាជីវកម្មថ្មីៗនៅក្នុងស្រុកមួយចំនួនហើយក្នុងអំឡុងពេលដែលកម្មវិធីនេះបានធ្វើប្រតិបត្តិការអស់រយៈពេលមួយឆ្នាំកន្លងមកនេះកម្មវិធីបានទទួលក្រុមហ៊ុនអាជីវកម្មថ្មីដែលទទួលបានភាពជោគជ័យខ្លាំងជាងគេបំផុតគឺក្រុមហ៊ុនដែលមានមូលដ្ឋានអតិថិជនដែលមានភាពស្មោះស្ម័គ្រ។
លោកបានបន្តទៀតថា៖ «មានក្រុមហ៊ុនអាជីវកម្មថ្មីចូលប្រឡូកក្នុងវិស័យច្រើនណាស់នៅកម្ពុជា ប៉ុន្តែមិនមានអ្នកដែលខ្លាំងលេចធ្លោជាងគេនោះទេ។ យើងត្រូវសួរខ្លួនឯងថា តើយើងអាចបន្ថែមគុណភាពតាមរបៀបណាបើក្រុមហ៊ុនអាជីវកម្មថ្មីៗរមែងតែជួបបញ្ហាជាច្រើនមិនចេះចប់ និងរារាំងនៅគ្រប់ដំណាក់កាលទាំងអស់»។
យោងតាមលោក Roman di Geronimo សហស្ថាបនិកនៃវេទិកាប្រព័ន្ធផ្សព្វផ្សាយតាមអ៊ីនធឺណិតដែលផ្តោតលើវិស័យបច្ចេកវិទ្យានៅកម្ពុជាបានឲ្យដឹងថាបញ្ហាប្រឈមមួយនៅក្នុងវិស័យបច្ចេកវិទ្យានៅប្រទេសកម្ពុជាគឺកង្វះលទ្ធភាពក្នុងការភ្ជាប់ទំនាក់ទំនងជាមួយនឹងអ្នកកាន់ភាគហ៊ុន។
លោក diGeronimo បានថ្លែងថា៖ «ភាគច្រើននៃក្រុមហ៊ុនអាជីវកម្មថ្មីនៅកម្ពុជាគឺមានមូលដ្ឋានលើបច្ចេកវិទ្យាហើយវិស័យឌីជីថលកំពុងរីកចម្រើនយ៉ាងខ្លាំង។ ប៉ុន្តែក្រុមហ៊ុនអាជីវកម្មថ្មីមួយចំនួនពិបាកខ្លាំងណាស់ក្នុងការស្វែងរកមូលនិធិ។ ដូច្នេះយើងកំពុងបង្កើតវេទិកាមួយដែលមានឈ្មោះថា Startup Cambodia ដែលនឹងជួយឲ្យអ្នកវិនិយោគចាប់គ្នាជាដៃគូជាមួយនឹងក្រុមហ៊ុនអាជីវកម្មថ្មី និងជំរុញឲ្យមានការលូតលាស់»។
កង្វះទំនាក់ទំនងរវាងក្រុមហ៊ុនអាជីវកម្មថ្មី និងអ្នកផ្តល់មូលនិធិដែលមានសក្តានុពលមិនមែនជាបញ្ហាតែមួយគត់ដែលសហគ្រិនវ័យក្មេងនៅកម្ពុជាជួបប្រទះនោះទេ។ យោងតាមអ្នកតំណាងនៃក្រុមហ៊ុនវិនិយោគទុនជាច្រើនបានឲ្យដឹងថា ក្រុមហ៊ុនអាជីវកម្មថ្មីភាគច្រើនមិនបានបង្ហាញពីគុណសម្បត្តិដែលវិនិយោគិនកំពុងស្វែងរកនោះទេ។
លោក Witt Gatchell អ្នកគ្រប់គ្រងការវិនិយោគជាន់ខ្ពស់នៅក្រុមហ៊ុន Belt Road Capital Management បានឲ្យដឹងថាក្រុមហ៊ុនរបស់លោកមានបំណងវិនិយោគក្នុងចន្លោះ ២ លានដុល្លារទៅ ៧ លានដុល្លារក្នុងក្រុមហ៊ុនបច្ចេកវិទ្យាបង្កើតថ្មីដែលមានមូលដ្ឋាននៅក្នុងតំបន់ហើយមានសមត្ថភាពក្នុងការរកប្រាក់ចំណេញ។
លោកបានបន្តទៀតថា៖ «អ្នកត្រូវតែផ្តោតសំខាន់ទៅលើប្រាក់ចំណូល។ ក្រុមហ៊ុនអាជីវកម្មថ្មីជាច្រើនផ្តោតលើការពង្រីកមូលដ្ឋានអ្នកប្រើប្រាស់របស់ពួកគេតែពួកគេត្រូវផ្តោតលើប្រាក់ចំណូលនៅដំណាក់កាលដើមដំបូងបំផុតដើម្បីឲ្យពួកគេមានឱកាសកាន់តែប្រសើរឡើងក្នុងការបង្កើនដើមទុន និងបន្តអាជីវកម្មទៅមុខទៀត»។
បើសិនជាមិនមានប្រាក់ចំណេញលោក Gatchell បានថ្លែងថាក្រុមហ៊ុនអាជីវកម្មថ្មីនឹងត្រូវទទួលបានការលំបាកជាច្រើនដើម្បីទាក់ទាញវិនិយោគិនណាមួយ។
លោក ShivamTripathi នាយកគ្រប់គ្រងក្រុមហ៊ុនវិនិយោគ Obor Capital បានថ្លែងថា បច្ចុប្បន្នក្រុមហ៊ុនរបស់លោកកំពុងស្វែងរកឱកាសដើម្បីផ្តល់មូលនិធិដល់អាជីវកម្មបច្ចេកវិទ្យាបង្កើតថ្មីនៅកម្ពុជា ប៉ុន្តែលោកបានបន្ថែមថាជាញឹកញាប់វាមានភាពលំបាកក្នុងការស្វែងរកបេក្ខជនដែលគួរឲ្យទុកចិត្តក្នុងការវិនិយោគថវិកាច្រើន។
លោកបានមានប្រសាសន៍ថា៖ «មិនទាន់មានចំនួនអាជីវកម្មបង្កើតថ្មីច្រើននៅទីនេះដែលអាចវិវឌ្ឍទៅជាក្រុមហ៊ុនធំៗបានទេដោយសារតែពួកគេមានបញ្ហាជាមួយនឹងសមត្ថភាពក្នុងការកាន់កាប់ការងារមានបន្ទុកធ្ងន់ ឬមានបញ្ហាជាមួយក្រុមការងាររបស់ពួកគេ។ មានមនុស្សជាច្រើនមានឆន្ទៈក្នុងការវិនិយោគ ១០០០០ ដុល្លារទៅ ៣០០០០ ដុល្លារហើយថវិកាប៉ុណ្ណេះគឺស្រួលរកជាទីបំផុត ប៉ុន្តែមិនមានមនុស្សច្រើននាក់ដែលហ៊ានវិនិយោគដល់ទៅខ្ទង់សែននោះទេ»។
ខណៈពេលដែលមិនមានអ្នកវិនិយោគជាច្រើនផ្តោតការយកចិត្តទុកដាក់ទៅលើការបញ្ចូលមូលនិធិទៅក្នុងការចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជាទេនោះវាអាចមានភាគរយច្រើនណាស់ដែលវិនិយោគិននៅកម្ពុជាស្រាប់អាចនឹងចាប់ផ្តើមផ្តល់មូលនិធិទៅដល់វិស័យបច្ចេកវិទ្យា នៅពេលដែលពួកគេឃើញមានបេក្ខជនជើងខ្លាំងដែលសមនឹងទទួលបានការផ្គត់ផ្គង់។
លោក Tripathi បានថ្លែងថា៖ «មានក្រុមហ៊ុនតិចតួចណាស់ដែលកំពុងតែមានចំណាប់អារម្មណ៍ដ៏ខ្លាំងក្លាក្នុងការវិនិយោគយ៉ាងសកម្មនៅក្នុងប្រទេសកម្ពុជាហើយមិនមានមូលនិធិជាច្រើនទេដែលប្តេជ្ញាចិត្តមុតមាំគាំទ្រ។ ប៉ុន្តែវិនិយោគិននឹងចូលមកកាន់តែច្រើននៅពេលដែលអ្នកបង្ហាញពួកគេថាប្រទេសកម្ពុជាពោរពេញដោយឱកាសក្នុងការរីកចម្រើន»៕