Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - កម្មវិធី​ទូទាត់​ប្រាក់​អនឡាញ PayWay បង្ហាញ​វត្តមាន​ជា​លើក​ដំបូង

Content image - Phnom Penh Post

កម្មវិធី​ទូទាត់​ប្រាក់​អនឡាញ PayWay បង្ហាញ​វត្តមាន​ជា​លើក​ដំបូង

​​នា​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ វិស័យ​អាជីវកម្ម​ពាណិជ្ជកម្ម​អេឡិចត្រូនិក​នៅ​កម្ពុជា​កំពុង​រីក​លូតលាស់​ទៅ​មុខ​គួរ​ជា​ទី​កត់សម្គាល់ ខណៈ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ (fintech) ​ជាច្រើន​កំពុង​តែ​ស្វះស្វែង​រក​ការ​អភិវឌ្ឍ​ខ្លួន​នៅ​ក្នុង​ទីផ្សារ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ដែល​កំពុង​តែ​បោះជំហាន​ទៅ​មុខ​យ៉ាង​ឆាប់​រហ័ស​។

ក្នុង​នោះ​ធនាគារ ABA កំពុង​តែ​លេចធ្លោ​នាំ​មុខ​គេ​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​តាមរយៈ​ផលិតផល​ថ្មី​គឺ​ PayWay​។ នេះ​គឺជា​សេវា​ទូទាត់​សាច់ប្រាក់​អនឡាញ​ថ្មី​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ធនាគារ ABA ផ្ទាល់​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​លក់​ដូរ​ជា​លក្ខណៈ​អនឡាញ​។

សេវាកម្ម​នេះ​អនុញ្ញាត​ឲ្យ​អ្នក​ជំនួញ​នានា​អាច​បញ្ចូល​នូវ​ប្រព័ន្ធ​ទូទាត់​សាច់​ប្រាក់​ទៅ​ក្នុង​គេហទំព័រ​របស់​ខ្លួន ឬ​បញ្ចូល​ទៅ​ក្នុង​កម្មវិធី​ទូរស័ព្ទដៃ (mobile app) យ៉ាង​ងាយស្រួល​ដើម្បី​ចាប់ផ្តើម​នូវ​ការ​លក់ដូរ ឬ​ផ្តល់​សេវា​ដោយ​ទូទាត់​សាច់ប្រាក់​តាម​បណ្តាញ​អនឡាញ​តែ​ម្តង​។

នាពេល​បច្ចុប្បន្ន​នេះ PayWay ផ្តល់​នូវ​សេវា​ទូទាត់​ប្រាក់​តាមរយៈ​កាត​អន្តរជាតិ​ធំៗ​ដូចជា Visa និង Mastercard​។ នាពេល​អនាគត​ឆាប់ៗ​នេះ​សេវា​នេះ​នឹង​ចាប់ផ្តើម​បើក​ទទួល​ការ​ទូទាត់​សាច់ប្រាក់​សម្រាប់​កាត​ប្រភេទ UnionPay International (UPI) និង​ការ​ទូទាត់​សាច់ប្រាក់​ក្នុង​ស្រុក​។

លោក Zokhir Rasulov មន្ត្រី​ស្មៀន​ផ្នែក​ឌីជីថល​របស់​ធនាគារ ABA បាន​ថ្លែង​ថា ៖ «​នៅ​ធនាគារ ABA យើង​តែងតែ​តាមដាន​នូវ​ការ​ផ្លាស់ប្តូរ​ក្នុង​ទីផ្សារ​ក្នុង​ស្រុក​ជានិច្ច​។ ជាមួយ​នឹង​កំណើន​អ្នក​ប្រើប្រាស់​អ៊ីនធើណេត និង​កំណើន​អ្នក​ប្រើប្រាស់​ស្មាតហ្វូន និង​ឧបករណ៍​ចល័ត​ឥរិយាបថ​របស់​អ្នក​ប្រើប្រាស់​ក៏​ផ្លាស់ប្តូរ​ទៅ​តាម​នោះ​ដែរ​។ ដោយសារ​តែ​បែប​នេះ​ហើយ​យើង​បាន​បង្កើតឡើង​នូវ​កម្មវិធី PayWay នេះ​ឡើង​ដើម្បី​នឹង​ជួយ​ដល់​វិស័យ​ពាណិជ្ជកម្ម​អនឡាញ​នៅក្នុង​ទីផ្សារ​នេះ​ហើយ​ផ្តល់​សេវា​នេះ​ទៅ​ដល់​អាជីវកម្ម​ជាច្រើន​ប្រភេទ​ផង​ដែរ​»​។

មុន​ពេល​កម្មវិធី​នេះ​ចាប់​កំណើត​ឡើង​ធនាគារ ABA បាន​រៀបចំ​នូវ​ការ​សិក្សា​ស្រាវជ្រាវ​ដើម្បី​ស្វែងយល់​ពី​ដំណើរការ​នៃ​ការ​អភិវឌ្ឍ​របស់​ទីផ្សារ​សេវា​ធនាគារ​ឌីជីថល​។ វិស័យ​ពាណិជ្ជកម្ម​អនឡាញ និង​វិស័យ​ទូទាត់​ប្រាក់​អនឡាញ​បាន​ចាប់ផ្តើម​រីកលូតលាស់​កាលពី​រយៈកាល​ថ្មីៗ​កន្លង​ទៅ​នេះ​នៅ​កម្ពុជា ដូច្នេះ​ហើយ​ការ​បង្កើត​ឡើង​នូវ​កម្មវិធី​ប្រភេទ​នេះ​គឺជា​ជំហាន​ដ៏ល្អ​មួយ​របស់ ABA​។

ធនាគារ​នេះ​បាន​បង្កើត PayWay ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវ​ការ​ទូទាត់​ប្រាក់​អនឡាញ​ដោយ​ផ្តោត​លើ​ចំណុច​ចំនួន​ ២ ​។ ទី ​១ គឺ​ដើម្បី​ផ្តល់​មធ្យោបាយ​ទូទាត់​ប្រាក់​ថ្មី​ដល់​ជំនួញ​អាជីវកម្ម​នៅ​កម្ពុជា​ហើយ​ទន្ទឹម​នឹង​នេះ​ដែរ​កម្មវិធី​នេះ​អនុញ្ញាត​ឲ្យ​ពួកគេ​អាច​ទូទាត់​ប្រាក់​ជា​លក្ខណៈ​អន្តរជាតិ​តែ​ម្តង ដោយ​អាច​លក់​ផលិតផល ឬ​សេវា​ដល់​អតិថិជន​ក្រៅ​ស្រុក និង​ធ្វើឲ្យ​អតិថិជន​កម្ពុជា និង​ជំនួញ​ក្នុង​ស្រុក​កាន់តែ​ងាយស្រួល​ក្នុង​ការ​ទិញ​លក់ និង​ប្រកប​ដោយ​សុវត្ថិភាព​មិន​ថា​នៅ​ផ្ទះ ឬ​កន្លែង​ធ្វើការ​នោះ​ទេ​។

ធនាគារ ABA បាន​បង្កើត​កម្មវិធី​នេះ​ឡើង​ដោយ​ផ្តោត​លើ​ភាព​ឈាន​មុខ​នៃ​អត្ថប្រយោជន៍​សម្រាប់​ម្ចាស់​អាជីវកម្ម និង​អតិថិជន​របស់​គេ​។

ការ​ភ្ជាប់​ទៅ​កាន់​សេវា​នេះ​ដោយ​ងាយស្រួល និង​ការ​រួម​បញ្ចូល​ទៅ​ក្នុង​កម្មវិធី ឬ​គេហទំព័រ​របស់​ម្ចាស់​អាជីវកម្ម​បាន​ដោយ​ងាយស្រួល​ក្នុង​ការ​ទូទាត់​តាម​ប្រព័ន្ធ​គ្រប់គ្រង​ប្រាក់​បែប​បច្ចេកវិទ្យា​ចុងក្រោយ និង​ប្រព័ន្ធ​តាមដាន​ត្រួតពិនិត្យ​សម្រាប់​ម្ចាស់​អាជីវកម្ម​។

បន្ថែម​លើស​ពី​នោះ​ក៏​មាន​សេវា​ឆ្លើយតប​ទៅ​នឹង​សំណួរ​ផ្សេងៗ និង​ការ​កែលម្អ​មាន​គុណភាព​ខ្ពស់​ពី​ក្រុម​ការងារ ABA តាមរយៈ​ការ​សហការ​រួមគ្នា​ដូច្នេះ​ម្ចាស់​អាជីវកម្ម​មិន​ចាំបាច់​ទទួល​បន្ទុក​លើ​សេវា​នេះ​តែ​ម្នាក់ឯង​នោះ​ទេ​។

ដោយ​ផ្តល់​ជូន​អត្រា​កម្រៃ​សេវា​សមរម្យ​សម្រាប់​ម្ចាស់​អាជីវកម្ម និង​មិន​គិត​កម្រៃ​សម្រាប់​អតិថិជន​ជាពិសេស​តាមរយៈ​ការ​បង្ហាញ PayWay​។ ការ​ប្រើប្រាស់​មាន​លក្ខណៈ​ងាយស្រួល និង​ទាន់​សម័យកាល​ (​ដំណើរការ​ប្រើប្រាស់​នៅ​ពេល​ទូទាត់​ប្រាក់​) ​ជាមួយ​នឹង​បច្ចេកវិទ្យា​ការពារ​សុវត្ថិភាព​ខ្ពស់​ចុងក្រោយ​ធានា​ដល់​ការ​ការពារ​ទិន្នន័យ និង​ការ​ទូទាត់​ប្រាក់​តាម​អនឡាញ​។

លោក Rasulov បាន​បន្ត​ថា៖ «PayWay គឺជា​ជម្រើស​មធ្យោបាយ​ទូទាត់​ប្រាក់​បន្ថែម​ថ្មី​មួយ​ទៀត​សម្រាប់​អ្នក​ផ្តល់​សេវាសាធារណៈ ឬ​ម្ចាស់​អាជីវកម្ម​ដែល​ចង់​ផ្តល់​សេវា​លក់​ទិញ​អនឡាញ​។ វា​អាច​ជួយ​ឲ្យ​ម្ចាស់​អាជីវកម្ម​អាច​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​លក់ដូរ​របស់​ខ្លួន​តាមរយៈ​មធ្យោបាយ​ពាណិជ្ជកម្ម​អនឡាញ និង​ផ្តល់​ភាព​ងាយស្រួល​ព្រម​ទាំង​សុវត្ថិភាព​ទៅ​ដល់​អតិថិជន​របស់​ខ្លួន​នៅ​ពេល​ទូទាត់​ប្រាក់​»៕

0

Comments

Please, login or register to post a comment