កម្មវិធីហៅយានយន្តឈ្នួលសម្រាប់ធ្វើដំណើរកាន់តែមានភាពពេញនិយមក្នុងទីក្រុងភ្នំពេញហើយកម្រៃសេវាកាន់តែទាបក្រោយពេលក្រុមហ៊ុនយក្ស Uber និង Grab បានមកដល់កម្ពុជា។
នៅពេលដែលលោក ហោ ដាលុច បានបញ្ចេញនូវកម្មវិធីហៅតាក់ស៊ីជាលើកដំបូងសម្រាប់ឲ្យប្រជាជនខ្មែរប្រើប្រាស់កាលពីពេល ២ ឆ្នាំកន្លងទៅម្ចាស់រថយន្តតាក់ស៊ីមានភាពភ្ញាក់ផ្អើលជាមួយនឹងបច្ចេកវិទ្យាព្រមទាំងឱកាសនៃការរកប្រាក់បន្ថែមសម្រាប់ពួកគាត់យ៉ាងខ្លាំង។
ដូចគ្នាទៅនឹងក្រុមហ៊ុន Uber ជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកដែលផ្តល់នូវកម្មវិធីហៅរថយន្តតាក់ស៊ី និងមានលក្ខណៈប្រភេទមុខជំនួញ ដូច្នេះដែរកម្មវិធី ExNet របស់លោក ដាលុច ប្រើប្រព័ន្ធបណ្តាញ GPS លើស្មាតហ្វូនដើម្បីស្វែងរកទាំងអតិថិជន និងអ្នកបើករថយន្តតាក់ស៊ី និងភ្ជាប់គ្នាហើយធ្វើការគណនាតម្លៃធ្វើដំណើរផ្ទាល់តែម្តង។ ខណៈដែលភ្ញៀវបរទេសជាច្រើនបានដឹងអំពីកម្មវិធីប្រភេទនេះរួចទៅហើយនោះមានអ្នកបើកបររថយន្តតាក់ស៊ីខ្មែរតិចតួចប៉ុណ្ណោះដែលបានដឹងអំពីកម្មវិធីប្រភេទនេះ។
លោក ដាលុច បន្ថែមថា៖ «ពីដំបូងឡើយវាជារឿងមួយលំបាកយ៉ាងខ្លាំងក្នុងការស្វែងរកម្ចាស់រថយន្តតាក់ស៊ីមកដោយសារតែពួកគាត់មិនទាន់យល់អំពីកម្មវិធីប្រភេទនេះ។ ដូច្នេះហើយយើងបញ្ជូនបុគ្គលិករបស់យើងឲ្យចុះទៅជួបពួកគាត់ដោយផ្តល់ជាវគ្គបង្រៀន និងរង់ចាំឲ្យម្ចាស់រថយន្តតាក់ស៊ីនិយាយតៗគ្នាអំពីអ្វីដែលពួកយើងកំពុងធ្វើនាពេលនោះ»។
លោក ដាលុច បានបញ្ចេញកម្មវិធី ExNet របស់ខ្លួនកាលពីខែមិថុនាឆ្នាំ ២០១៦ ដោយមានអ្នកបើកបររថយន្តតាក់ស៊ីធ្វើការជាមួយក្រៅម៉ោងតែ ២ នាក់ប៉ុណ្ណោះ បើទោះបីជាក្នុងរយៈពេល ២ ខែក្រោយមកមានម្ចាស់រថយន្តតាក់ស៊ី ៦០ នាក់បន្ថែមទៀតបានមកចុះឈ្មោះធ្វើការជាមួយខ្លួន។ គិតត្រឹមពេលនោះដៃគូប្រកួតប្រជែងរបស់ ExNet បានមកដល់ដែរទៅហើយ។ បន្ទាប់មកក៏មានក្រុមហ៊ុនផ្សេងៗទៀត។
«ខ្ញុំសម្រេចចិត្តបញ្ចេញនូវកម្មវិធីនេះឲ្យគេប្រើប្រាស់នៅពេលដែលខ្ញុំមើលឃើញនូវប្រជាប្រិយភាពរបស់ស្មាតហ្វូន iPhone ក្នុងប្រទេសកម្ពុជា ដូច្នេះហើយខ្ញុំបានទាក់ទងក្រុមហ៊ុនអន្តរជាតិមួយឲ្យបង្កើតកម្មវិធីនេះសម្រាប់ខ្ញុំហើយបានផ្តល់នូវសេវាកម្មហៅតាក់ស៊ីលើស្មាតហ្វូនផ្ទាល់តែម្តង»។ នេះបើតាមការរំឭករបស់លោក ដាលុច។ «ខ្ញុំជាម្ចាស់កម្មវិធីប្រភេទនេះដំបូងគេហើយមានក្រុមហ៊ុនផ្សេងៗប្រភេទនេះជាច្រើនទៀតបានមកដល់ឆាប់ៗបន្ទាប់ពីនោះ»។
ដោយសារតែបញ្ហាកកស្ទះចរាចរណ៍ និងការរិះគន់លើការយកតម្លៃសេវាធ្វើដំណើរបស់រ៉ឺម៉កកង់ ៣ ដ៏ខ្ពស់ផងនោះវាជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើលដែរដែលកម្មវិធីហៅរថយន្តតាក់ស៊ីនេះបានទទួលការពេញនិយមក្នុងរយៈពេលដ៏ខ្លី។ គិតត្រឹមចុងឆ្នាំ ២០១៧ មានក្រុមហ៊ុនហៅរថយន្តតាក់ស៊ីច្រើនជាង ៦ ឯណោះដែលបានចូលខ្លួនមកប្រកួតក្នុងទីផ្សារនេះ ខណៈដែលក្រុមហ៊ុន Grab របស់សិង្ហបុរី និង Uber របស់សហរដ្ឋអាមេរិកបានមកដល់ដែរហើយបានបន្សាយសេវារបស់ខ្លួនទៅក្នុងរាជធានីរបស់ព្រះរាជាណាចក្រមួយនេះ។
លោក ដា លុយ ថ្លែងថាដោយសារតែមានដៃគូប្រជែងច្រើនហើយកំពុងតែវាយលុកតម្លៃផងដែរនោះកម្មវិធីហៅរថយន្តតាក់ស៊ីដែលជោគជ័យនឹងជាក្រុមហ៊ុនដែលផ្តល់នូវកម្មវិធីដែលងាយស្រួលចុះឈ្មោះ និងងាយប្រើប្រាស់ជាងគេ។
លោកថ្លែងថា៖ «ខ្ញុំគិតថារឿងដំបូងដែលសំខាន់សម្រាប់ភាពជោគជ័យរបស់កម្មវិធីហៅរថយន្តតាក់ស៊ីមួយគឺកម្មវិធីប្រើប្រាស់ផ្ទាល់តែម្តង។ ព្រោះថាប្រសិនបើកម្មវិធីនោះពិបាកក្នុងការប្រើវានឹងមិនជោគជ័យនោះទេ»។
ខណៈដែលកម្មវិធីហៅយានយន្តតាក់ស៊ីទាំងអស់ផ្តល់នូវផែនទីដែលអាចពង្រីក និងបង្រួមបានដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចកំណត់នូវចំណុចឲ្យម្ចាស់រថយន្តតាក់ស៊ីទៅទទួល និងកំណត់ចំណុចគោលដៅឲ្យហើយបានជាមុន និងបង្ហាញទីតាំងរបស់រថយន្តតាក់ស៊ីផងដែរនោះមានក្រុមហ៊ុនហៅរថយន្តតាក់ស៊ីក្នុងស្រុកយ៉ាងហោច ៣ នៅកម្ពុជាដែលផ្តល់នូវកម្មវិធីមួយដែលមានលក្ខណៈស្រដៀងគ្នាយ៉ាងខ្លាំងដោយមើលតែមួយភ្លែតគឺសឹងតែដូចគ្នាសុទ្ធតែម្តង។
នេះមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេដោយសារតែ ExNet, PassApp និង Ugo 711 គឺសុទ្ធតែជួលឲ្យក្រុមហ៊ុនតែមួយនៅសហរដ្ឋអាមេរិកបង្កើតកម្មវីធីនេះឡើងដែលតែងតែបន្តផ្តល់នូវជំនាន់ថ្មីកែលម្អថ្មីដើម្បីធ្វើឲ្យកម្មវិធីនេះកាន់តែល្អប្រសើរ និងយកកម្រៃសេវាប្រចាំខែផងដែរ។
«កម្មវិធី [ហៅរថយន្តតាក់ស៊ីក្នុងស្រុក] របស់យើងមួយចំនួនគឺសុទ្ធតែដូចគ្នា សូម្បីតែតម្លៃដែលយើងគិតពីអតិថិជនក៏ដូចគ្នាដែរ» នេះបើយោងតាមសម្តីរបស់លោក តុបនិមល ស្ថាបនិកកម្មវិធី PassApp។ «អ្វីដែលធ្វើឲ្យយើងខុសពីគេគឺវិធីដែលយើងបញ្ចុះបញ្ចូលអតិថិជនឲ្យប្រើសេវាកម្មរបស់យើង»។
ខណៈដែល ExNet ជាកម្មវិធីផ្តល់សេវាហៅយានយន្តតាក់ស៊ីដំបូងគេនៅកម្ពុជា បើទោះជាកម្មវិធីនេះបានពង្រីកសេវាកម្មដោយរួមបញ្ចូលប្រភេទរថយន្តតាក់ស៊ីផ្សេងៗទៀតជាបន្តបន្ទាប់ក្តីកម្មវិធី PassApp គឺជាកម្មវិធីដំបូងគេដែលផ្តល់សេវាកម្មហៅរ៉ឺម៉កឡំប្រឺតាតាក់ស៊ីសម្រាប់ធ្វើដំណើរ។
លោក និមល បន្តថា៖ «នៅពេលនោះមានក្រុមហ៊ុន ៣ ឬ ៤ ផ្សេងទៀតដែលព្យាយាមបញ្ចេញនូវកម្មវិធីរបស់ខ្លួនស្របពេលដែលខ្ញុំចាប់ផ្តើមក្នុងខែវិច្ឆិកាឆ្នាំ ២០១៦ ប៉ុន្តែបានបរាជ័យទៅវិញទាំងអស់»។
លោក និមល បានថ្លែងថាជោគជ័យរបស់ PassApp គឺដោយសារតែបណ្តាញអតិថិជនដែលលោកមានស្រាប់ទៅហើយតាមរយៈមុខជំនួញដំបូងដែលមានឈ្មោះថា EZGo ដែលជាក្រុមហ៊ុនទទួលទូរស័ព្ទអតិថិជនដែលមានចំណាប់អារម្មណ៍ចង់ហៅរ៉ឺម៉កឡំប្រឺតាយកកម្រៃតាមចម្ងាយម៉ែត្រដើម្បីធ្វើដំណើរដែលជារ៉ឺម៉កកង់ ៣ ម៉ាក Bajaj។
« EZGo គឺជាមុខជំនួញដំបូងរបស់ខ្ញុំដោយគ្រាន់តែជាកន្លែងសម្រាប់ទទួលទូរស័ព្ទខលចូលមួយប៉ុណ្ណោះដែលខ្ញុំបានបង្កើតឡើងក្នុងខែមីនាឆ្នាំ ២០១៦ សម្រាប់អតិថិជនទាំងឡាយណាដែលចាប់អារម្មណ៍ចង់ [កុម្ម៉ង់] ហៅរ៉ឺម៉កកង់ ៣ ឥណ្ឌា»។
លោកថ្លែងបន្តថា៖ «ប៉ុន្តែវាជារឿងមួយលំបាកក្នុងការចុះឈ្មោះម្ចាស់រ៉ឺម៉កតាមរយៈទូរស័ព្ទដៃហើយរឹតតែពិបាកសម្រាប់អតិថិជនក្នុងការពន្យល់ប្រាប់ពីទីតាំងទៅទទួលពួកគាត់ ឬកន្លែងដែលដាក់ពួកគាត់ចុះ។ ខ្ញុំដឹងថាខ្ញុំមិនអាចពង្រីកសេវាកម្មរបស់ខ្ញុំដោយគ្មានការកែប្រែធំមួយបានទេ»។
ការផ្លាស់ប្តូរពីការប្រើ EZGo ទៅ PassApp វិញបានផ្តល់នូវគ្រឹះដ៏រឹងមាំសម្រាប់កម្មវិធីមួយនេះ ខណៈដែលមធ្យោបាយកុម្ម៉ង់រ៉ឺម៉កកង់បីដោយហៅតាមទូរស័ព្ទដៃនៅតែមានបើក ២៤ ម៉ោងដើម្បីជួយអតិថិជនឲ្យពួកគាត់អាចហៅយករបស់ពួកគាត់ភ្លេចលើរ៉ឺម៉កមកវិញបានហើយបានជួយឲ្យកម្មវិធីមួយនេះលូតលាស់ទៅមុខបានផងដែរ។
«គ្រាន់តែក្នុងទីក្រុងភ្នំពេញយើងមានម្ចាស់រថយន្តតាក់ស៊ីប្រហែល ១ ពាន់នាក់ទៅហើយ» លោកថ្លែងដោយបន្ថែមទៀតថា អតិថិជនភាគច្រើនបានប្រើកម្មវិធីនេះដើម្បីហៅរ៉ឺម៉កកង់ ៣ ខណៈម្ចាស់យានយន្តត្រឹមតែ ៣០ ភាគរយប៉ុណ្ណោះនៃម្ចាស់រថយន្តតាក់ស៊ីសរុបដែលបានទទួលការកុម្ម៉ង់របស់អតិថិជន។
លោកបន្តថា៖ «បច្ចុប្បន្នយើងជាកម្មវិធីហៅរថយន្តតាក់ស៊ីដំបូងគេដែលបានពង្រីកទៅកាន់តំបន់ផ្សេងៗទៀតក្រៅពីទីក្រុងភ្នំពេញដោយយើងបានទៅដល់សៀមរាបកាលពី ១ ខែមុន និងខេត្តព្រះសីហនុប្រហែល ២ សប្តាហ៍មុន»។
Mom Cleomora ដែលជាអគ្គនាយកក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុក iTsumo បានថ្លែងថាចំណុចខុសពីគេរបស់កម្មវិធីហៅរថយន្តតាកស៊ីរបស់ក្រុមហ៊ុន លោកគឺដោយសារតែវាជាកម្មវិធីហៅរថយន្តតាក់ស៊ីតែមួយគត់ដែលត្រូវបានបង្កើតឡើងដោយក្រុមការងារខ្មែរសុទ្ធតែម្តង។
«បើតាមអ្វីដែលខ្ញុំដឹងក្រុមហ៊ុនហៅរថយន្តតាក់ស៊ីផ្សេងៗទៀតសុទ្ធតែត្រូវបានបង្កើតឡើងដោយប្រទេសផ្សេងទៀតលើកលែងតែ iTusmo ប៉ុណ្ណោះហើយយើងពិតជាមានមោទនភាពយ៉ាងខ្លាំង» នេះបើតាមប្រសាសន៍របស់លោក Cleomora។ «វាជាក្តីមោទនៈមួយក្នុងការបង្ហាញទៅកាន់តែមហាជននូវអ្វីដែលវិស្វករជំនាញក្នុងស្រុកអាចធ្វើបានហើយយើងពិតជាមានក្តីរំភើបអំពីរឿងនេះជាខ្លាំង។
ដោយទើបតែដាក់បញ្ចេញឲ្យអតិថិជនប្រើប្រាស់កាលពីខែមករាឆ្នាំ ២០១៧ នេះ iTsumo មានចំនួនម្ចាស់រថយន្តតាក់ស៊ីចុះឈ្មោះដល់ទៅ ១៥០០ នាក់ខណៈដែលពាក់កណ្តាលជាម្ចាស់រថយន្តតាក់ស៊ី និងពាក់កណ្តាលទៀតមានទាំងរ៉ឺម៉កកង់ ៣ និងម៉ូតូឌុប។ បន្ទាប់ពីដាក់បញ្ចេញឲ្យប្រើក្នុងទីក្រុងភ្នំពេញនោះក្រុមហ៊ុននេះក៏កំពុងតែពង្រីកទៅកាន់តំបន់ផ្សេងទៀតផងដែរដោយកាលពីរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗកន្លងទៅនេះក្រុមហ៊ុនបានពង្រីកសេវាមានកំណត់របស់ខ្លួនទៅកាន់ខេត្តសៀមរាប ខេត្តព្រះសីហនុ និងកំពតផងដែរ។
លោក Cleomaro ដែលជាអ្នកគ្រប់គ្រងក្រុមការងារដែលមានសមាជិកទើបនឹងបញ្ចប់ការសិក្សាផ្នែកបច្ចេកវិទ្យាចំនួន ៥ នាក់ដែលបានរួមគ្នាបង្កើត iTsumo នេះឡើងបានថ្លែងថា កម្មវិធីរបស់លោកក៏មានចំណុចលេចធ្លោមួយទៀតលើគូប្រកួតរបស់ខ្លួនផងដែរហើយនោះគឺជាតម្លៃ។ iTsumo យកកម្រៃសេវាតែ ៩ ភាគរយប៉ុណ្ណោះពីអ្នកបើករថយន្តតាក់ស៊ីរបស់ខ្លួនដែលគិតជាកម្រៃសម្រាប់ការកុម្ម៉ង់ហៅដែលអាចថា ជាកម្រៃទាបជាងគេបំផុតមួយក្នុងចំណោមកម្មវិធីដែលជាគូប្រកួតរបស់ខ្លួនលើទីផ្សារបច្ចុប្បន្ននេះ។
លោកថ្លែងថា៖ «ចាប់តាំងពីយើងបង្កើត iTsumo ដោយខ្លួនឯងមកយើងមិនចាំបាច់បង់ថ្លៃបង្កើត ឬថ្លៃកែលម្អអ្វីផ្សេងៗដូចកម្មវិធីផ្សេងឡើយ ដូច្នេះហើយយើងអាចយកកម្រៃទាបជាងគេបាន»៕