ជាមួយ​ការ​អនុវត្ត​គម្រោង​ដែល​មាន​កិច្ចសហ​ប្រតិបត្តិការ​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ដោយ​មាន​ជំនួយ​ថវិកា​ពី​កម្មវិធី​ជំនួយ​អូស្ត្រាលី (AusAid) ដែល​មាន​ឈ្មោះ​ថា មូលនិធិ​សង្គម​ស៊ីវិល អនាម័យ បង្គន់​សុវត្ថិភាព និង​ទឹក​ស្អាត (Civil Society Water, Santination and Hygiene Fund-CS WASH Fund) ដើម្បី​គាំទ្រ​ដល់​ការ​អនុវត្ត​គម្រោង WASHOBA​។

យ៉ាង​ហោច​ណាស់​មាន​គ្រួសារ​ប្រជាជន​ក្រីក្រ​ចំនួន១ ៣០០០​គ្រួសារ និង​មនុស្ស ៨១ ០០០​នាក់​ទទួល​បាន​បង្គន់​អនាម័យ និង​ទឹក​ស្អាត​ប្រើប្រាស់​នៅ​តាម​ស្រុក​ជា​ច្រើន​នៃ​ខេត្តកំពង់ចាម​, ក្រចេះ និង ១៣​ឃុំ នៅ​ក្នុង​ខេត្ត​ព្រៃវែង​។

លោក គឹម ហ៊រ នាយក​ប្រចាំ​ប្រទេស​កម្ពុជា អង្គការ​មូលនិធិ East Meets West Foundation បាន​ថ្លែងថា អង្គការ​របស់​លោក​បាន​ទទួល​ជំនួយ​ថវិកា​ពី​ប្រទេស​អូស្ត្រាលី សម្រាប់​ការ​បង្កើន​គុណ​ភាព​ស្តង់ដារ​រស់នៅ​របស់​ប្រជាជន​ខ្មែរ​យើង ដែល​រស់​នៅតាម​ទីជនបទ ពិសេស​អ្នក​ដែល​ត្រូវ​បាន​រាប់​ចូលក្នុង​បញ្ជី IDPoor «​ពួកគាត់​ជា​គ្រួសារ​ក្រីក្រ​»​។

កម្មវិធី​នេះ​ត្រូវ​បាន​អនុវត្ត​ជា​ជំហានៗ​ដើម្បី​ណែនាំ​ដល់​ប្រជាជន​ខ្មែរ​អំពី​សុវត្ថិ​ភាព​សុខភាព ដើម្បី​ជួយ​ឲ្យ​ពួក​គាត់ «មាន​​សុខភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ប្រកប​ដោយ​អនាម័យ​យល់​ដឹង​អំពី​ប្រភព​នៃ​ជំងឺ ឬ​បង្ការ​ ពី​ជំងឺឆ្លង​ដោយ​មេរោគ​មួយ​ចំនួន»។

ជំហាន​ដំបូង​បង្អស់ គឺ​ការ​ស្នើ និង​ណែនាំ​ឲ្យ​ពួកគាត់​ប្រើប្រាស់​ទឹកស្អាត និង​មាន​សុវត្ថិភាព​ក្នុង​ការ​រស់នៅ​ប្រចាំថ្ងៃ​។ «​យើង​បាន​ប្រាប់​ពួកគាត់​ថា នៅ​ពេល​ដែល​យើង​ប្រើ​ទឹក​មាន​សុវត្ថិភាព យើង​អាច​ចៀសវាង​ពី​ជំងឺ និង​មេរោគ​ឆ្លង​បាន ២៧ ​ភាគរយ​ ហើយ​ប្រសិន​បើ​យើង​មាន​បង្គន់​អនាម័យ​ប្រើ​ទៀត​នោះ យើង​នឹង​អាច​ចៀសវាង​ពី​ជំងឺ និង​បាក់​តេរី​បាន ២៥​​ ភាគរយ​បន្ថែម​ទៀត​»។ នេះ​បើ​យោង​តាម​អ្វី​ដែល​លោក ហ៊រ បាន​អះអាង​។

កុមារី​ម្មាក់​ឈរ​នៅ​ពី​មុខ​បន្ទប់​បង្គន់​នៃ​គ្រួសារ​របស់​នាង។ រូបថត សហការី

លោក ហ៊រ ថ្លែង​បន្ត​ថា រីឯ ៤៨​ ភាគ​រយ​ទៀត ដែល​នៅសល់​គឺអាច​ការពារ​បាន​​តាម​រយៈ «​ការ​លាងដៃ​នឹង​សាប៊ូ​មុន​ពេល​​​ទទួលទាន​អាហារ និង​ក្រោយពេល​ប្រើ​បង្គន់​រួច​»​។

លោក​បន្តថា ជំងឺ​ទាំងនោះ​មាន​ដូច​ជា ជំងឺ​អាសន្ន​រោគ ជំងឺ​រាករូស​(​ជាពិសេស​បើ​កើត​លើ​កុមារ​វា​មាន​គ្រោះថ្នាក់​លឿន) ជំងឺ​ក្រពះ ពោះ​វៀន និង​ជំងឺ​សើ​ស្បែក​ជាដើម​។

លោក ហ៊រ បន្ថែម​ថា​ ៖ «​យើង​បាន​ស្ថិតិ​ទាំង​នេះ​ពី​អ្នក​វិទ្យាសាស្ត្រ និង​ផ្នែក​ស្រាវជ្រាវ​មកពី​ក្រសួង​សុខាភិបាល របស់​ប្រទេស​កម្ពុជា​។ ក្រោយ​ពេល​ដែល​ពួក​គាត់​បាន​យល់​រួចហើយ ពួក​គាត់​ចាប់​ផ្តើម​សង់​បន្ទប់​បង្គន់ ទឹក​ស្អាត ដោយ​មាន​ជំនួយ​បច្ចេកទេស និង​មូលនិធិ​ខ្លះៗ​ជា​ជំនួយ​។ បន្ទាប់​មក​មន្ត្រី​អង្គការ​របស់​យើង​ក៏​បាន​ពន្យល់​ដល់​ពួក​គាត់​អំពី​របៀបប្រើ​ប្រាស់​ផង​ដែរ​»​។

បង្គន់​អនាម័យ​មួយ ចំណាយ​ប្រាក់​ប្រមាណ​៦៩​ដុល្លារ​អូស្ត្រាលី (​ប្រហែល ៥៥​ដុល្លារ​អាមេរិក​) ហើយ​ខាង​អង្គការ​ជួយផ្តល់​ជា​ជំនួយ​ចំនួន២៦​ដុល្លារ​អូស្ត្រាលី សម្រាប់​ប្រជាជន​ដែល​ស្ម័គ្រ​ចិត្ត​ធ្វើ​បង្គន់​អនាម័យ​។

អ្នក​ស្រី Georgia DAVIS ប្រធាន​ផ្នែក​សិក្សា និង​ចំណេះ​ដឹង​ប្រចាំ​តំបន់ អង្គការ​មូលនិធិ East Meets West Foundation (EMW) បាន​លើក​ឡើង​ថា កម្មវិធី WASHOBA នេះ​បាន​អនុញ្ញាត​ឲ្យ​អង្គការ EMW សាកល្បង និង​សិក្សា ថា​តើ​ជំនួយ​ដែល​ត្រូវ​បាន​សម្រិត​សម្រាំង​ផ្តោត​តែ​លើ​គ្រួសារ​ក្រីក្រ (IDPoor) អាច​ជួយ​ឲ្យ​ពួក​គាត់​សង់​បន្ទប់​បង្គន់ និង​ប្រព័ន្ធ​ទឹកស្អាត និង​មាន​អនាម័យ​បាន​រហ័ស​ជាង​វិធី​ផ្សេងៗ ក្នុង​ការ​បង្កើត​គុណភាព​អនាម័យ និង​ជីវភាព​រស់នៅ ឬ​យ៉ាង​ណា​?

មន្ត្រី EMW ចុះ​ទៅ​ត្រួត​ពិនិត្យ​សិប្បកម្ម​ផលិត​បង្គន់។ រូបថត សហការី

អង្គការ EMW ទើបតែ​បាន​បញ្ចប់​គម្រោង​មួយ​ក្រោម​ជំនួយ​មូលនិធិ​កម្មវិធី CS WASH របស់​គម្រោង​ជំនួយ​អូស្ត្រាលី​។ គម្រោង​នេះ​ត្រូវ​បាន​អនុវត្ត​តាំងពី​ឆ្នាំ​ ២០១២ ដល់​ឆ្នាំ​ ២០១៧ ហើយ​បាន​ទទួល​ជំនួយ​ចំនួន ១,៧១​ លាន​ដុល្លារ​អូស្ត្រាលី​។ គម្រោង​នេះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះថា WASHOBA ហើយ​ត្រូវ​អនុវត្ត​នៅ​ក្នុង​ខេត្ត​កំពង់ចាម និង​ខេត្ត​ក្រចេះ​។

នៅ​ពេល​សួរថា តើ​ជំនួយ​នេះ​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន និង​អាជ្ញាធរ​យ៉ាង​ណា​នោះ អ្នកស្រី​បាន​លើក​ឡើង​ថា គ្រួសារ​ដែល​មាន​បង្គន់​អនាម័យ និង​ទឹក​ស្អាត​ទាំង​នេះ​បាន​ប្រាប់ថា វា​ផ្តល់​ភាព​ងាយ​ស្រួល និង​ធ្វើ​ឲ្យ​ពួក​គាត់​មាន​សុវត្ថិភាព ដែល​មាន​ន័យ​ថា ពួក​គាត់​មិន​ចាំ​បាច់​​ទៅ​ទីវាល​ពេល​យប់​ដើម្បី​បត់​ជើង​នោះ​ទេ​។ ជំនួយ​មូលនិធិ​ពី​គម្រោង​នេះ​បាន​ជួយ​ដល់​ពួក​គាត់​យ៉ាង​ច្រើន ហើយ​ក៏​បាន​ជួយ​ចេញ​ថ្លៃ​ធ្វើ​បង្គន់ សម្រាប់​គ្រួសារ​ក្រីក្រ​ផង​ដែរ​។

សម្រាប់​សហគមន៍ និង​អាជ្ញាធរមូល​ដ្ឋាន​វិញ កម្មវិធី​នេះ​គឺជា​វិធីសាស្ត្រ​មួយ​ក្នុង​ការ​លើក​កម្ពស់​បរិស្ថាន​ឲ្យ​បាន​ស្អាត​ជាង​មុន ហើយ​ពួក​គាត់​នឹង​មាន​សុខភាព​កាន់​តែ​ល្អប្រសើរ​ថែម​ទៀត​។

អ្នក​ស្រី Georgia បាន​បន្ត​បកស្រាយ​ថា ក្រោម​ជំនួយ​កម្មវិធី WASHOBA នេះ ប្រជាជន​ច្រើន​ជាង​ ១៣ ០០០ ​គ្រួសារ មាន​បង្គន់​អនាម័យ​ប្រើប្រាស់ ឬ​ ច្រើន​ជាង ៦២ ០០០ ​នាក់ បាន​សាងសង់​បន្ទប់​ទឹក​ស្អាត​រួចរាល់ ហើយ​ក្រោយ​ពេល​ដែល​គម្រោង​នេះ​បញ្ចប់​ថ្នាក់​ដឹក​នាំ​ខេត្ត​ទាំង​២ បានស្នើ​ឲ្យ​អង្គការ EMW បន្ត​គម្រោង​នេះ​ទៅ​មុខ​ទៀត​។

សម្រាប់​ទឹកស្អាត​វិញ អង្គការ EMW បាន​ចាប់ដៃ​ជាមួយ​អង្គការ GRET ដែល​ជា​អង្គការ​បារាំង ដើម្បី​អនុវត្ត​សាកល្បង​នូវ​ដំណើរ​ការរត់​ឯកសារ​សុំ​អាជ្ញាប័ណ្ណ​លំបាកៗ​មួយ​សម្រាប់​សហគ្រាស​ឯក​ជន​លើ​បញ្ហា​ទឹកស្អាត​។ គម្រោង​ទឹកស្អាត​ចំនួន​៤​ត្រូវបាន​បង្កើត និង​កែលម្អ​ថ្មី ហើយ​​មនុស្ស​ច្រើន​ជាង ​១៩ ០០០ ​នាក់ «​ឥឡូវនេះ​មាន​ទឹកស្អាត​ប្រើ​ដោយ​ភ្ជាប់​ទុយោ​ដល់ផ្ទះ​របស់​ពួកគេ​តែ​ម្តង​»​។

កាន់​តែ​ពិសេស​ជាង​​នេះ «​គម្រោង Water for Women នឹង​ជួយ​ដល់​អង្គការ EMW ក្នុង​ការបង្កើន​ប្រសិទ្ធភាព និង​ផ្តល់​ជំនួយ​ដល់​គម្រោង​របស់​យើង​។ យើង​ផ្តល់​ជំនួយ​កាន់​តែ​ច្រើន​ថែមទៀត​ដល់​គ្រួសារ​ដែល​ងាយ​នឹងរង​គ្រោះ [ឧទាហរណ៍ ដូចជា គ្រួសារ​ក្រីក្រ​ដែល​មាន​​សមាជិក​ជា​ជនពិការ​] និង​ជួប​ជាមួយ​អាជ្ញាធរ​ថ្នាក់​ខេត្ត ថា្នក់​ស្រុក និង​ឃុំ ដើម្បី​រួម​គ្នា​ផ្តល់​ជំនួយ​ហិរញ្ញប្បទាន​ដល់​គ្រួសារ​ក្រីក្រ​ទាំង​នោះ​» នេះ​បើតាម​ការអះ​អាង​របស់​អ្នកស្រី Georgia​។ «​ដូច​នឹង គម្រោង​មូលនិធិ CS WASH ដែរ គម្រោង Water for Women ត្រូវបាន​អនុវត្ត​ក្នុង​​ខេត្ត​កំពង់ចាម និង​ក្រចេះ ហើយ​នឹង​បន្ត​ទៅ​ខេត្ត​ចំនួន​៣​ទៀត គឺ​ខេត្ត​ពោធិ៍សាត់ ខេត្ត​សៀមរាប និង​ខេត្តកំពង់ធំ​»​។

ស្ត្រី​អ្នក​ភូមិ​កំពុង​ចូល​រួម​ស្តាប់​ការ​ពន្យល់​ពី​ភ្នាក់​ងារ EMW។ រូបថត សហការី

គម្រោង​មូលនិធិ​ទាំង ២ CS WASH Fund (២០១២ ​ដល់​ ២០១៧) និង​ Water for Women (២០១៨ ​ដល់​ ២០២២) បាន​ទទួល​ជំនួយ​ធំៗ​រយៈពេល​វែង​ពី​ប្រទេស​អូស្ត្រាលី ដើម្បី​ជួយ​ដល់​ប្រជាជន​ខ្មែរ​ក្នុង​ការ​បង្កើត​ប្រព័ន្ធ​ទឹក​ស្អាត និង​លើក​កម្ពស់​អនាម័យ​ផងដែរ​។ ពិសេស តាមរយៈ​ជំនួយ​មូលនិធិ​ទាំង​នេះ គម្រោង​ទាំង ​២ ពិតជា​បាន​ជួយ​ដល់​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ដែល​ងាយ​រងគ្រោះ​បំផុត ក្នុងកា​សាងសង់​បង្គន់​អនាម័យនិង​​ប្រព័ន្ធ​ទឹកស្អាត​មាន​សុវត្ថិភាព​ផង​ដែរ​។

លើស​ពី​នេះ មូលនិធិ Water for Women នឹង​សហការ​ជាមួយ​សហគ្រិន​ទឹក​ឯកជន និង​សមាគម​ទឹក​ស្អាត​កម្ពុជា (Cambodian Water Association) ដើម្បី​ផ្តល់​ជំនួយ​ដល់​ការ​ពង្រីក​គម្រោង​ទឹក​ស្អាត​ចំនួន​២​ទៀត​។ ការ​ផ្តល់​មូលនិធិ​ពី​អូស្ត្រាលី នឹង​ត្រូវ​បាន​យក​ទៅ​ប្រើ​ដើម្បី​បំពេញ​ចន្លោះ​ខ្វះខាត​សម្រាប់​គម្រោង​ពង្រីក​​បន្ថែម​ដែល​សហគ្រិន​អាច​នឹង​មិន​ចូល​រួម​វិនិយោគ​៕