អូស្ត្រាលី បានចូលរួមធ្វើការវិនិយោគដើម្បីបង្កើនផលិតផលកសិកម្មនៅប្រទេសកម្ពុជា អស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។
ក្នុងអំឡុងពេល ៧ ឆ្នាំចុងក្រោយនេះ ជំនួយរបស់ប្រទេសអូស្ត្រាលី បានជួយធ្វើឲ្យជីវិតរបស់ប្រជាកសិករតូចតាចមានភាពល្អប្រសើរជាលំដាប់ ពិសេសតាមរយៈការចាប់ដៃគូជាមួយវិស័យឯកជន ដើម្បីផ្តល់នូវព័ត៌មានដែលមានអត្ថប្រយោជន៍ដល់កសិករ និងការលើកកម្ពស់ការប្រើប្រាស់គ្រឿងចក្រទំនើបៗទៀតផង។
The Cambodian Agricultural Value Chain Program (CAVAC) បានបង្កើតភាពជាដៃគូដើម្បីជួយដល់ប្រជាកសិករឲ្យយល់ដឹងអំពីរបៀបដែលអាចបង្កើនទិន្នផល និងប្រាក់ចំណូលបន្ថែម និងបើកច្រកកាន់តែធំទូលាយទៅកាន់ទីផ្សារ។
ការទាក់ទាញអ្នកច្នៃប្រឌិតឲ្យចូលរួមបង្កើតជាគំនិតសម្រាប់ជួយដល់ប្រជាកសិករខ្មែរ
កម្មវិធីប្រកួត ICT4Ag បានប្រព្រឹត្តទៅតាមសាលារៀន និងមហាវិទ្យាល័យនានាទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញលើកទឹកចិត្តឲ្យក្រុមការងារសហការគ្នាដោះស្រាយបញ្ហាក្នុងវិស័យកសិកម្ម។
ការប្រកួតដែលនឹងបញ្ចប់នៅថ្ងៃទី២៥ ខែកុម្ភៈ ខាងមុខនេះ នឹងផ្តល់រង្វាន់ ៥ ០០០ ដុល្លារអាមេរិក ដល់ក្រុមជយលាភីចំនួន ៥ ដើម្បីស្វែងរកដំណោះស្រាយបន្តទៀត ជាមួយនឹងការលើជាគំនិត ឬអនុវត្តជាផ្លូវការតែម្តង។
អ្នកច្នៃប្រឌិតទាំងអស់ដែលមានចំណាប់អារម្មណ៍ អាចចូលរួមក្នុងការប្រកួតនេះដែលមានទាំងភាសាខ្មែរ និងភាសាអង់គ្លេសតាមរយៈគេហទំព័រ www.cavackh.org/ict4ag និងផ្ញើពាក្យរបស់ខ្លួនទៅអ៊ីមែល៖ innovation@cavac.org
ចាប់ដៃគូជាមួយរោងចក្រដើម្បីណែនាំបច្ចេកវិទ្យាថ្មីៗ
CAVAC កំពុងជំរុញការលើកកម្ពស់ការប្រើប្រាស់វិធីសាស្ត្រក្នុងការជួយដល់ប្រជាកសិករដើម្បីបង្កើនទិន្នផលស្រូវទន្ទឹមនឹងការកាត់បន្ថយការប្រើកម្លាំងពលកម្ម ដែលនេះជាបញ្ហាត្រូវដោះស្រាយជាអាទិភាព ខណៈនៅតំបន់ជនបទនាពេលបច្ចុប្បន្ននេះកំពុងតែបាត់បង់កម្លាំងពលកម្មអ្នកធ្វើស្រែចម្ការ ដោយសារបញ្ហាលំហូរចំណាកស្រុកមកកាន់ទីក្រុង។
CAVAC បានចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុកឈ្មោះថា Agri-Smart ដែលកំពុងតែផលិតឧបករណ៍ដាំគ្រាប់ស្រូវយ៉ាងទំនើប ដែលជាវិធីសាស្ត្រមួយចំណាយថវិកាតិច និងបានទទួលអាជ្ញាប័ណ្ណពីសហរដ្ឋអាមេរិក។ គេអាចយកវាទៅភ្ជាប់នឹងត្រាក់ទ័រកង់២ដែលកសិករភាគច្រើនមានស្រាប់ ហើយអាចដាំគ្រាប់ស្រូវស្មើៗគ្នាបានក្នុងដីសើមដែលគ្របដណ្តប់នៅក្នុងប្រទេសកម្ពុជា។
ឧបករណ៍ដាំគ្រាប់ស្រូវនេះ មានសារៈប្រយោជន៍ជាច្រើនដូចជា គ្រាប់ស្រូវត្រូវបានដាំទៅក្នុងដីជាស្រេច មានសុវត្ថិភាពពីសត្វល្អិត និងកណ្តុរ ហើយដាំជាជួរៗស្មើៗគ្នា បានយ៉ាងល្អ ដែលធ្វើឲ្យការដកស្ទូងកាន់តែមានភាពងាយស្រួល។
យ៉ាងណាមិញ សារៈប្រយោជន៍ដែលធំជាងគេនោះ គឺកសិករចំណាយគ្រាប់ពូជស្រូវកាន់តែតិចជាមុន បើប្រៀបធៀបទៅនឹងការដាំដោយដៃ។
តាមរយៈបទពិសោធក្នុងបណ្តាប្រទេសដទៃ បានបង្ហាញថា ការដាំគ្រាប់ស្រូវដោយឧបករណ៍នេះបានកាត់បន្ថយគ្រាប់ពូជស្រូវពី ២០ ទៅ ៦០ គីឡូក្រាមក្នុងដី ១ ហិកតា កាត់បន្ថយការចំណាយរបស់កសិករ និងធ្វើឲ្យពួកគាត់កាត់បន្ថយការទិញគ្រាប់ពូជ ហើយវាបង្កើនគុណភាពស្រូវសម្រាប់យកទៅកិន និងលក់។
ដើម្បីជំរុញឲ្យការប្រើប្រាស់បច្ចេកវិទ្យានេះកាន់តែទូលំទូលាយ CAVAC ក៏បាននិងកំពុងផ្តល់ជំនួយដល់ Agri-Smart ដើម្បីចុះតាមតំបន់សម្រាប់ការណែនាំបង្ហាញ និងធ្វើសកម្មភាពទីផ្សារមួយចំនួនទៀត។ ដើម្បីស្វែងយល់បន្ថែម ថាតើឧបករណ៍ទាំងនេះអាចជួយបង្កើនទិន្នផល ដោយប្រើប្រាស់គ្រាប់ពូជតិចជាងមុននោះ សូមមើលវីដេអូតាមរយៈ ៖ www.youtube.com/cavackh៕