ខាង​ក្រោម​នេះ​គឺជា​ភោជនីយដ្ឋាន​ល្បីៗ​ មួយ​ចំនួន​ទៀត​ដែល​មាន​បម្រើ​ជូន​នូវ​អាហារ​មាន​ឱជា​រស​ឆ្ងាញ់ៗ​អម​ជាមួយ​នឹង​បរិយាកាស​ដ៏​ត្រកាល​ត្រជាក់​អារម្មណ៍ និង​ជាប់​ចំណាត់​ថ្នាក់​ជា​បណ្តា​ភោជនីយដ្ឋាន​កំពូលៗ​របស់​រាជធានី​ភ្នំពេញ​។

ភោជនីយ​ដ្ឋាន Le Royal

Le Royal ដែល​ជា​ភោជនីយដ្ឋាន​ដ៏​ប្រណីត​បំផុត​មួយ​ក្នុង​សណ្ឋាគារ Raffles Hotel Le Royal ផ្ទាល់​តែ​ម្តង​នោះ គឺជា​ភោជនីយដ្ឋាន​ដែល​បង្កប់​នូវ​មន្ត​ស្នេហ៍​ឆក់​យក​អារម្មណ៍​ភ្ញៀវដែល​បាន​ទៅ​​ទីនោះ ហើយ​ជា​កន្លែង​ដ៏​ប្រណីត​មួយ​ដោយ​ស្ថិត​ក្នុង​អគារ​ពី​សម័យ​អាណានិគម​បារាំង និង​​បាន​តុប​តែង​បែប​សម័យ​បុរាណ​ផង​ដែរ​។

កន្លែង​ពិសា​អាហារ​ធំ​ទូលាយ​ជា​មួយ​នឹង​ការតុបតែង​គ្រឿង​សង្ហារិម​ដ៏​ស្រស់​ស្អាត​បំផុត​រួម​នឹង​អំពូល​ព្យូរ​ពី​ពិតាន​​ដ៏​ធំ និង​ពិតាន​ដែល​ត្រូវបាន​គូរ​ដោយ​​ផ្ទាល់​ដៃ​របស់​វិចិត្រករ​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​ទៀត​ផង​។

រីឯ​ មុខ​ម្ហូប​ដែល​មាន​ទាំង​អាហារ​របស់​បារាំង​សុទ្ធសាធ និង​អាហារ​ប្រពៃណី​ខ្មែរ​ពិតៗ មាន​ឱជារស​ឆ្ងាញ់​ដក់​ជាប់​​ក្នុង​ចិត្ត​អ្នក​ពិសា​ផង​នោះ ត្រូវ​បាន​ចម្អិន​យ៉ាង​សម្រិត​សម្រាំង​ប្រកប​ដោយ​គុណភាព​ខ្ពស់ និង​មាន​សោភ័ណភាព​ទាក់ភ្នែក​គួរ​ឲ្យ​ចង់​ទទួល​ទាន​ផង​ដែរ​។

សណ្ឋាគារ Raffles Hotel Le Royal

លេខ​៩២ រុក្ខវិថី​

ទូរស័ព្ទ​ ៖ ០២៣ ៩៨១ ៨៨៨

​ភោជនីយដ្ឋាន Do Forni

មុខ​ម្ហូប​ដែល​មាន​បម្រើ​ជូន​ក្នុង​ភោជនីយដ្ឋាន Do Forni នេះ​គឺមាន​រសជាតិ​ឆ្ងាញ់​គ្រប់​ម៉ាត់ និង​ប្លែក​ពី​ភោជនីយដ្ឋាន​ដទៃ​ផង​ដែរ ហើយ​ត្រូវបាន​ស្គាល់​ថា ជា​ភោជនីយដ្ឋាន​អាហារ​អុីតាលី​ឆ្ងាញ់​ផុត​លេខ​ក្នុង​រាជ​ធានី​ភ្នំពេញ​។

ម្ហូប​អាហារ​ទាំង​អស់​ត្រូវ​បាន​ចម្អិន​ដោយ​ចុងភៅ​អុីតាលី ដោយ​ប្រើ​នូវ​ស្នាដៃ​ចម្អិន​យ៉ាង​ចំណាន​មក​ពី​ប្រទេស​កំណើត​របស់​ខ្លួន និង​បត់បែន​គ្រប់​រដូវ​កាល​ថែម​ទៀត​ផង។ ម្ហូប​ទាំង​អស់​ត្រូវ​បាន​ចម្អិន​ដោយ​ប្រើ​គ្រឿង​ផ្សំ​ស្រស់ៗ​បំផុត ប្រកប​ដោយ​ភាព​សម្រិត​សម្រាំង អមដោយ​បរិយាកាស​កន្លែង​ទទួល​ទាន​ស្អាត​គួរ​ឲ្យ​ស្លុង​អារម្មណ៍ ហើយ​រឹតតែ​ពិសេស​នោះ គឺ​ចង្ក្រាន​គ្មាន​ជញ្ជាំង​ដែល​អ្នក​ទៅ​ទទួលទាន​អាច​មើល​ឃើញ​នូវ​ការ​ចម្អិន​អាហារ​ដ៏​ចំណាន​របស់​ចុងភៅ និង​ជញ្ជាំង​កញ្ចក់​ក្បែរ​អាង​ហែល​ទឹក​ផង​ដែរ​។

រីឯ ​ស្រា​វិញ​គឺ​សុទ្ធ​តែ​មាន​​រសជាតិ​ស៊ីគ្នា​ទៅ​នឹង​អាហារ​ដែល​បម្រើ​ជូននៅ​ទីនេះ​ជា​ទីបំផុត ហើយ​មាន​ច្រើន​ជាង​៦០​មុខ សម្រាប់​ជ្រើសរើស​រួម​ទាំង​ប្រភេទ​ស្រា​របស់​អុីតាលី​ ដែល​មាន​គុណភាព​ខ្ពស់ និង​រសជាតិ​ឆា្ងញ់​ពិសា​ថែម​ទៀត​ផង។

សណ្ឋាគារ​សូហ្វីតែល​ភូគីត្រា​ភ្នំពេញ

លេខ​២៦ មហាវិថី​ព្រះ​សុធារស​

ទូរស័ព្ទ​៖ 023 999 200

ភោជនីយដ្ឋាន​ក្រវាញ​

ភោជនីយដ្ឋាន​ក្រវាញ​គឺជា​ភោជនីយដ្ឋាន​ដែល​ត្រូវ​បាន​រចនា​តុបតែង​ឡើង​ជា​មួយ​នឹង​ម៉ូដ​ខ្មែរ​បុរាណ និង​សម័យ​បញ្ចូល​គ្នា​ដ៏​ប្រណីត​។

ភោជនីយដ្ឋាន​ក្រវាញ​មាន​បម្រើ​ជូន​នូវ​អាហារ​ខ្មែរ និង​អាហារ​ដែល​បម្រើ​ជូន​ខ្សែ​រាជវង្ស​របស់​ខ្មែរ ​ដោយ​ត្រូវ​បាន​ចម្អិន និង​​តុបតែង​យ៉ាង​ទាក់ទាញ ព្រមទាំង​អាហារ​ប្រពៃណី​ជាទី​ពេញ​និយម​បំផុត ក៏​ដូច​ជា​អាហារ​ឆ្ងាញ់ៗ​របស់​ខ្មែរ​ដែល​មហាជន​ភាគ​ច្រើន​មិន​បាន​ដឹង និង​មិន​ទាន់​បាន​ភ្លក្ស​ផងដែរ​។

អាហារ​នៅ​ក្រវាញ​មាន​រសជាតិ​ពិសេស​ប្លែក​គេ ហើយ​ត្រូវ​បានរៀបចំ​ចម្អិន​ប្រកប​ដោយ​គុណភាព​ខ្ពស់ ដោយ​ប្រើតែ​គ្រឿង​ផ្សំ​ស្រស់ៗ​បំផុត​ក្នុង​ប្រទេស​ខ្មែរ​ផ្ទាល់​តែម្តង ដែល​អ្នក​ពិសា​មិន​អាច​បំភ្លេច​បាន​។

អគារ​១១២ វិថី​សុធារស ក្បែរ​មហា​វិថី​ព្រះ​សីហនុ​ ទូរស័ព្ទ​៖០១២ ៥៣៩ ៩៧៧

​អគារ​លេខ​៦៧ ផ្លូវ​លេខ​៤៥០ ក្បែរ​ផ្សារ​ទួល​ទំពូង​

​ទូរស័ព្ទ​៖ ០១២ ៣១៩ ១១១

​ភោជនីយដ្ឋាន​ខេម៉ា

​ទីតាំង​ទាំង​២​របស់​ភោជនីយដ្ឋាន​ខេម៉ា​មាន​កិត្តិ​ស័ព្ទ​ល្បី​រន្ទឺ​ដោយ​សារ​តែ​តម្លៃ​ម្ហូប​អាហារ​ដ៏​សមរម្យ ប៉ុន្តែ​ឱជា​រស​ម្ហូប​អាហារ​ឆ្ងាញ់​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ដែល​ជា​ភោជនីយដ្ឋាន​បារាំង​លំដាប់​កំពូល​មួយ។

ម្ហូបអាហារ​ដែល​ត្រូវ​បាន​ចម្អិន និង​តុបតែង​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ពិសេស​គឺ​មាន​ទាំង​អាហារ​បារាំង និង​អាហារ​អឺរ៉ុប​ផង​ដែរ ដែល​ត្រូវបាន​ចម្អិន​ដោយ​ផ្ចិតផ្ចង់ និង​មាន​គុណភាព​ខ្ពស់​។ ភោជនីយដ្ឋាន​នេះ​ក៏មាន​ហាង​នំប៉័ង​មួយ និង​ហាង​លក់​សាច់​មួយ​ក្នុង​នោះ​ស្រាប់​ផង​ដែរ ព្រម​ទាំង​ម្ហូប​អាហារ​ដែល​ធ្វើ​ដោយ​ផ្ទាល់​ដៃ​សម្រាប់​ការ​ខ្ចប់​ទៅ​ពិសា​ខាង​ក្រៅ​ទៀត​ផង​។

រីឯ ​តម្លៃ​វិញ​គឺ​ពិតជា​សមរម្យ​គួរ​ឲ្យ​ចាប់​អារម្មណ៍ ហើយ​អាហារ​ប៊ូហ្វេ​ពេល​ព្រឹក​វិញ​គឺជា​ការ​ផ្តល់ជូន​ដ៏​លេចធ្លោ​មួយ​មិន​គួរ​រំលង​សម្រាប់​អ្នក​រស់​នៅ​ក្នុង​ទីក្រុង​ដ៏​ស្រស់​ស្អាត​នេះទេ​។

ភោជនីយដ្ឋាន​ខេម៉ា ​ផ្លូវ​ប៉ាស្ទ័រ (Khema Pasteur)

ស្ថិត​ក្នុង​សណ្ឋាគារ​អរុណរះ​ជាន់​ផ្ទាល់​ដី អគារ​លេខ​១៦៣ ផ្លូវ​លេខ​៥១

ទូរស័ព្ទ៖ ០២៣ ២១៣ ៩៦៩

ភោជនីយដ្ឋាន​ខេមា​ក្បែរ​ប្រៃសណីយ៍ (Khema la Poste)

​លេខ​៤១ ផ្លូវ​លេខ​១៣ (​កែង​ផ្លូវ​លេខ​៩៨)

​ទូរស័ព្ទ​៖ ០១៥៨៤១៨៨៨

ភោជនីយដ្ឋាន​ទន្លេ​បាសាក់

ជាមួយ​នឹង​ទីតាំង​ចំនួន​ ២ ​ក្នុង​ទីក្រុង​ភ្នំពេញ ភោជនីយដ្ឋាន​ទន្លេ​បាសាក់​គឺជា​កន្លែង​ពិសា​អាហារ​ប៊ូហ្វេ​ដ៏​ល្បីល្បាញ់​យ៉ាង​ខ្លាំង​ដែល​រួម​មាន​នូវ​អាហារ​បែប​អាស៊ី​ដែល​មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ដល់​ទៅ​ជាង​ ២០០ ​មុខ​។

បើទោះជា​មាន​កៅអី​សម្រាប់​បម្រើ​ភ្ញៀវ​ដល់​ទៅ​រាប់រយ​នាក់​ក្តី ក៏​ភោជនីយដ្ឋាន​មួយ​នេះ​មាន​ភ្ញៀវ​ជា​ក្រុមៗ និង​គ្រួសារ​ចូល​ពេញៗ​មិន​ដែល​ខាន ដើម្បី​ទៅ​ពិសា​សាច់​អាំង គ្រឿង​សមុទ្រ និង​អាហារ​សម្រាប់​អ្នក​ញ៉ាំ​តែ​បន្ថែម​ដែល​មាន​រសជាតិ​ឆ្ងាញ់​ពិសា​ផង​ដែរ​។

រីឯ​ តម្លៃ​វិញ​អាច​និយាយ​បាន​ថា​សមរម្យ​បំផុត បើ​យើង​គិត​ដល់​ទាំង​គុណ​ភាព និង​ជម្រើស​អាហារ​ប៊ូហ្វេ​យ៉ាង​ច្រើន​មុខ​ផង​នោះ​។

អគារ​លេខ ១៧៧ មហាវិថី​ម៉ៅ​សេ​ទុង ក្បែរ​ផ្សារ​ទួល​ទំពូង​

​ទូរស័ព្ទ​៖ ០២៣ ២១០ ០១៩

​អគារ​លេខ​៥៣៤ មហាវិថី​ព្រះមុនីវង្ស ក្បែរ​ស្ពាន​អាកាស​ក្បាល​ថ្នល់​

​ទូរស័ព្ទ​៖ ០៨១ ៩១៣ ៨៨៨