ទន្ទឹម​ពេល​ប្រទេស​កម្ពុជា ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តជាតិ​ជាង ៥ ​លាន​នាក់ ចូល​មក​ទស្សនា​រាជាណាចក្រ​នេះ ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​រួម​ទាំង​ផ្លូវ​ថ្នល់ សេវា​ដឹក​ជញ្ជូន សេវា​ស្នាក់នៅ និង​ជា​ពិសេស​សេវា​ម្ហូប​អាហារ ​(​ភោជនីយដ្ឋាន​) គឺជា​រឿង​មួយ​ដ៏​សំខាន់​បំផុត ហើយ​អ្នក​ជំនាញ​ថា វា​ក៏​ត្រូវ​ការ​ការ​វិនិយោគ​ផ្នែក​នេះ​បន្ថែម ដោយ​សារ​របាយ​ភោជនីយដ្ឋាន​មាន​ច្រើន​តែ​នៅ​ទីក្រុង រីឯ​ ទីប្រជុំជន​ខ្លះ​ទៀត​នៅ​ខ្វះខាត​នៅ​ឡើយ​។

លោក គីម សិរី​រ័ត្ន (Kim Sereyroth) ប្រធាន​នាយកដ្ឋាន​សេវាកម្ម​ស្នាក់​នៅ និង​ម្ហូប​អាហារ នៃ​ក្រសួង​ទេសចរណ៍ បាន​ថ្លែងថា រហូត​មក​ទល់​ពេល​នេះ​ក្រសួង​ទេសចរណ៍​បាន​ផ្តល់​អាជ្ញា​ប័ណ្ណ​សម្រាប់​ប្រតិបត្តិ​ករ​ភោជនីយដ្ឋាន​ «​នៅ​ទូទាំង​ប្រទេស​បាន​ចំនួន ២ ២៣៩​ ទីតាំង ដោយ​ភោជនីយដ្ឋាន​ទាំង​អស់​នោះ​មាន​ចំនួន​កៅអី​អង្គុយ​សរុប​មាន​ចំនួន​ ១៣០ ៨៨៥ ​កៅអី​»​។

លោក​ពន្យល់​ថា ការ​ផ្តល់​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ទេស​ចរណ៍ នេះ​គឺ​ផ្អែក​ទៅ​តាម​ឯកសារ និង​លិខិត​បទដ្ឋាន​នានា​ដែល​អាជីវករ​ទទួល​បាន​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ដូច​ជា ច្បាប់​សាងសង់ លិខិត​អាជីវកម្ម ដោយ​ឡែក​ផ្នែក​នេះ​ត្រូវ​មាន​លិខិត​បញ្ជាក់​ពី​ក្រសួង​សុខាភិបាល និង​លិខិត​បញ្ជាក់​អំពី​ប្រព័ន្ធ​ការពារ​អគ្គិសភ័យ​»​។

លោក សិរីរ័ត្ន បន្តថា ជាមួយ​ឯកសារ ឬ​លិខិត​បញ្ជាក់​ទាំង​ឡាយ​នោះ រួម​ទាំង​អាជ្ញាប័ណ្ណ​ពី​ក្រសួង​ទេសចរណ៍​គឺ​បាន​បញ្ជាក់​ថា «​ភោជនីយដ្ឋាន​នេះ​មាន​ច្បាប់​អនុញ្ញាត​ត្រឹម​ត្រូវ និង​អាច​ទុក​ចិត្ត​បាន​សម្រាប់​អតិថិជន​»​។

លោក គួច សុខលី (Kuoch Sokly) ទីប្រឹក្សា​សមាគម​ភោជនីយដ្ឋាន​កម្ពុជា បាន​ឲ្យ​ដឹង​ថា នៅ​មាន​អាជីវករ និង​ភោជនីយដ្ឋាន​ជាច្រើន​ទៀត ដែល​ពុំ​មាន​ច្បាប់​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​នៅឡើយ។

លោក​បន្ត​ថា​ ៖ «​ភោជនីយដ្ឋាន​ដែល​ពុំ​ទាន់​មាន​ច្បាប់​អាជីវកម្ម​នោះ​ហើយ ដែល​អ្នក​បរិភោគ​ត្រូវ​មាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​អាហារ​ដែល​ខ្លួន​ហូប​ចុក​»​។

ពាក់ព័ន្ធ​អំពី​ម្ហូប​អាហារ វា​គឺជា​បញ្ហា​សំខាន់​ណាស់​សម្រាប់​សុខភាព​មនុស្ស និង​សង្គម​ «​ដូច្នេះ​អាហារ​ដែល​យើង​ហូប ចូល​ទៅ​ក្នុង​រាង​កាយ​ត្រូវ​តែ​ប្រាកដ​ថា ​វា​មាន​គុណភាព អនាម័យ និង​សុវត្ថិភាព» នេះ​បើ​តាម​សម្តី​របស់​លោក សុខលី​។

ដោយ​មាន​បទពិសោធ​ធ្វើ​អាជីកម្ម​ភោជនីយដ្ឋាន​ជិត​ ២០ ​ឆ្នាំ​មក​ហើយ លោក សុខលី បាន​បង្ហាញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា បើ​និយាយ​ដល់​រឿង «អនាម័យ​ម្ហូប​អាហារ ប្រជាជន​កម្ពុជា​នៅ​ពី​ក្រោយ​គេ​»​ក្នុង​ចំណោម​ប្រទេស​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ធំ «​យើង​ត្រូវ​ការ​ការ​អប់រំ​អំពី​អនាម័យ​ម្ហូប​អាហារ​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត និង​ស្វែង​យល់​ដឹង​អំពី​សុវត្ថិភាព​ម្ហូប​អាហារ​»​។

បើ​ពិនិត្យ​អំពី​របាយ​ភោជនីយដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺមាន​ច្រើន​តែ​នៅ​ភ្នំពេញ និង​ទីក្រុង​សំខាន់ៗ​ទេ ចំណែក​នៅ​តាម​បណ្តា​ទីប្រជុំជន​ជាច្រើន​ទៀត​នៅ​ខ្វះខាត​នៅឡើយ​។ «​បើ​និយាយ​ពី​ភោជនីយដ្ឋាន​ល្អៗ គឺ​យើង​នៅមាន​តម្រូវ​ការ​ច្រើន ត្រូវការ​ការ​វិនិយោគ​បន្ថែម​ទាំង​ផ្នែក​រឹង និង​ផ្នែក​ទន់​» នេះ​បើ​តាម​ប្រសាសន៍​របស់​លោក សុខលី​។ ក្រឡេក​មក​មើល​យុវជន​កម្ពុជា​នា​បច្ចុប្បន្ន​នេះ «​ពួក​គាត់​ជា​មនុស្ស​សម័យថ្មី​នេះ​ចូល​ចិត្ត​អ្វី​ថ្មី ប្លែក និង​ឆ្ងាញ់​»​។

លោក ហូ វណ្ឌី (Ho Vandy) ប្រធាន​ក្រុមហ៊ុន World Express Tours ដែល​បាន​ប្រឡូក​នៅ​ក្នុង​វិស័យ​សេវាកម្ម​ទេសចរណ៍ ២​ ទសវត្សរ៍​មក​ហើយ​បាន​ថ្លែងថា នៅ​ទីក្រុង​ភ្នំពេញ និង​ទីក្រុង​សំខាន់ៗ គឺ​យើង​នៅ​ខ្វះខាត​ភោជនីយដ្ឋាន​ដែល​មាន​ស្តង់ដារ​ខ្ពស់ «យើង​មាន​អាហា​រដ្ឋា​ន​ច្រើន ប៉ុន្តែ​ខ្វះខាត​ភោជនីយដ្ឋាន​»​។

លោក​បន្ត​ថា ដូច្នេះ​អាជីវករ​ភោជនីយដ្ឋាន​គួរ​តែ​ចាប់​ផ្តើម «កែប្រែ​ទម្លាប់ សេវាកម្ម និង​អនាម័យ​» តាម​ស្តង់​ដារ​កម្រិត​ខ្ពស់​មួយ​ដែល​ក្រសួង​ពាក់ព័ន្ធ​បាន​តម្រូវ​ឲ្យ​អនុវត្ត​តាម​នា​ពេល​កន្លង​មក​។

លោក វណ្ឌី បាន​រំឭកថា កន្លង​មក​ក្រសួង​សុខាភិបាល​លោក​ក៏បាន​ណែនាំ​ដល់​គុណភាព​ម្ហូបអាហារ និង​អនាម័យ។ ចំណែក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏​ធ្លាប់បាន​ណែនាំ​ឲ្យ​ភោជនីយដ្ឋាន​ទាំង​អស់​ត្រូវ​រៀបចំ​ឲ្យ​មាន​«​មុខ​ម្ហូប​ខែ្មរ​ឲ្យ​បាន​កាន់​តែ​ច្រើន​មុខ និង​ប្រើប្រាស់​គ្រឿង​ផ្សំ​ក្នុង​ស្រុក​ឲ្យ​បាន​កាន់​តែ​ច្រើន​កាន់​តែ​ល្អ»។

លោក​បន្ថែម​ថា​ ​៖ «​ថ្មីៗ​នេះ ក្រសួង​បរិស្ថាន ក៏​បាន​ចូលរួម​ការងារ​មួយ​ចំនួន​​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​ភោជនីយដ្ឋាន​នេះ​ដែរ ព្រោះ​បរិយាកាស​ល្អ​នៅ​ទីកន្លែង​បរិភោគ​អាហារ​(​ភោជនីយដ្ឋាន​)​វា​ក៏​ជា​កត្តា​សំខាន់​មួយ​ដែរ​»៕