មន្ទីរពេទ្យ​ជប៉ុន​សាន់រ៉ាយស៍ (Sunrise Japan Hospital Phnom Penh) បាន​បើក​ផ្នែក​ថ្មី​មួយ​ទៀត​សម្រាប់​ពិនិត្យ​ព្យាបាល​ជំងឺ​កុមារ ដោយ​បំពាក់​បន្ថែម​សម្ភារ​ឧបករណ៍​ទំនើប​ថ្មីៗ​មួយ​ចំនួន និង​ពង្រីក​បន្ថែម​មជ្ឈមណ្ឌល​សេវា​សង្គ្រោះ​បន្ទាន់​ដើម្បី​ធ្វើឲ្យ​សេវាកម្ម​សុខាភិបាល​របស់​ខ្លួន​កាន់តែ​មាន​ប្រសិទ្ធភាព​ល្អ​ប្រសើរ​ថែម​ទៀត​។

មន្ទីរពេទ្យ​ជប៉ុន​សាន់រ៉ាយស៍ បាន​បើក​សម្ពោធ​កាលពី​ឆ្នាំ​ ២០១៦ គឺជា​មន្ទីរពេទ្យ​លំដាប់​កំពូល​មួយ​នៅ​ប្រទេស​កម្ពុជា​ដែល​មាន​បំពាក់​នូវ​សម្ភារ​បរិក្ខារ​ពេទ្យ​ទំនើបៗ​ចុង​ក្រោយ​បង្អស់​មាន​មជ្ឈមណ្ឌល​ព្យាបាល​ដោយ​ចលនា​(​សម្រាប់​អ្នក​ជំងឺ​ធ្លាប់​ប៉ះទង្គិច​ក្បាល​) និង​រថយន្ត​សង្គ្រោះ​បន្ទាន់​ចំនួន​ ២ ​គ្រឿង សម្រាប់​ដឹក​អ្នក​ជំងឺ​គ្រប់​​ ២៤ ​ម៉ោង​។

ផ្នែក​ពិនិត្យ​ព្យាបាល​ជំងឺ​កុមារ​ដែល​ទើប​នឹង​បើក​ថ្មី​នេះ​មាន​ទីតាំង​យ៉ាង​ល្អប្រសើរ​អម​ដោយ​គំនូរ​រូប​សត្វ​ផ្សេងៗ នៅ​លើ​ជញ្ជាំង និង​សម្ភារ​ក្មេង​លេង​ជាច្រើន ហើយ​មជ្ឈមណ្ឌល​ថ្មី​នេះ​អាច​ទទួល​កុមារ​ដែល​មាន​ជំងឺ​ឲ្យ​សម្រាក​ព្យាបាល​បាន​ ២០ ​នាក់​។ ដោយ​ទើប​តែ​បើក​បាន​រយៈពេល​ ២ ​ខែ អគារ​នេះ​បាន​ពិនិត្យ និង​ព្យាបាល​កុមារ​ប្រមាណ​ពី​ ៥ ទៅ​ ១០ ​នាក់​ជា​រៀងរាល់​ថ្ងៃ ដោយ​រួម​មាន​ចាប់ពី​ទារក​ដល់​ជំទង់​អាយុ​ ១៦ ​ឆ្នាំ​។

លោក​វេជ្ជបណ្ឌិត Manabu Okawada ឯកទេស​ផ្នែក​វះកាត់​ជំងឺ​កុមារ​ដែល​មាន​បទពិសោធ ១៥ ​ឆ្នាំ (​រួមទាំង​បទពិសោធ ៨ ​ឆ្នាំ ព្យាបាល​ជំងឺ​កុមារ​) នៅ​ប្រទេស​ជប៉ុន បាន​ថ្លែង​ថា​លោក​ចង់​បង្កើន​ការ​យល់​ដឹង​អំពី​សារៈសំខាន់​នៃ​ការ​បង្ការ​ការពារ​ជំងឺ​មុន​ពេល​កុមារ​ចាប់ផ្តើម​ឈឺ​។

«​នៅ​ប្រទេស​ជប៉ុន យើង​ជួប​នឹង​បញ្ហា​កុមារ​លើស​ទម្ងន់ និង​បញ្ហា​វិវឌ្ឍន៍​រាងកាយ​ផ្សេង​ទៀត ប៉ុន្តែ​ការ​ត្រួតពិនិត្យ​ឲ្យ​បាន​ឆាប់​រហ័ស​អាច​ជួយ​បង្ការ​ពី​ការ​កើត​មាន​បញ្ហា​ទាំងនេះ​បាន​» នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត Okawada​។ «​ខ្ញុំ​ចង់​ជួប​ដោយ​ផ្ទាល់​ជាមួយ​មាតាបិតា​អាណាព្យាបាល​ជា​ជនជាតិ​ខ្មែរ ដើម្បី​ពិភាក្សា​អំពី​ការពិនិត្យ និង​ការថែទាំ​សុខភាព​សម្រាប់​កូនៗ​របស់​ពួកគាត់​»​។

លោក​បាន​បញ្ជាក់​ថា មន្ទីរពេទ្យ​នេះ​មាន​វិធីសាស្ត្រ​ព្យាបាល​មាន​ប្រសិទ្ធភាព​ខ្ពស់​មកពី​ជប៉ុន ដោយ​រួម​បញ្ចូល​ការ​ប្រើ​ឱសថ​ផ្សំ​ពី​រុក្ខជាតិ និង​ការថែទាំ​ដោយ​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់ និង​ការ​បន្ត​ការពិភាក្សា​ជាមួយ​គ្រួសារ ដើម្បី​បញ្ជាក់​លម្អិត​អំពី​ចំណុច​ទាំងអស់​នៃ​ការពិនិត្យ​សុខភាព និង​ការវះកាត់​ជាដើម​។

លោក​វេជ្ជបណ្ឌិត​បន្ត​ថា៖ «​មន្ទីរពេទ្យ​ផ្សេង​ទៀត​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើប្រាស់​ថ្នាំ​ជាច្រើន​បាន​យ៉ាង​ឆាប់​រហ័ស​ដោយ​ឲ្យ​អ្នក​ជំងឺ​នូវ​ថ្នាំ​អង់ទីប៊ីយ៉ូទិក និង​ថ្នាំ​បំបាត់​ការ​ឈឺចាប់​​ បើ​ទោះ​ជា​ក្នុង​ករណី​មិន​ចាំបាច់​​ក្តី​។ ប៉ុន្តែ​នៅ​មន្ទីរពេទ្យ​ជប៉ុន​សាន់រ៉ាយស៍ យើង​ខ្ញុំ​មិន​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើប្រាស់​ឱសថ​ដែល​មិន​ចាំបាច់​នោះ​ទេ​»​។

លោក​វេជ្ជបណ្ឌិត Manabu Okawada​និង លោក​វេជ្ជបណ្ឌិត Takehiro Kozuma

លោក Okawada បន្ថែម​ទៀត​ថា មន្ទីរពេទ្យ​ជប៉ុន​សាន់រ៉ាយស៍ នា​បច្ចុប្បន្ន​នេះ​កំពុង​សហការ​ជាមួយ​គ្លីនិក​ជប៉ុន​ផ្សេងទៀត​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​គ្រោង​នឹង​ចាប់​ដៃគូ​ជាមួយ​មន្ទីរពេទ្យ ខ្មែរ ដើម្បី​លើក​កម្ពស់​អំពី​បញ្ហា​សុខភាព​ក្នុង​ពេល​អនាគត​ឆាប់ៗ​ខាង​មុខ​នេះ​។

លោក​បញ្ជាក់​ថា៖ «​កុមារ​ច្រើន​ជាង ៥០ ​ភាគរយ​ដែល​មក​មន្ទីរពេទ្យ​របស់​យើង​សុទ្ធ​តែ​ធ្លាប់​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ដើម្បី​ទទួល​សេវា​ថែទាំ​សុខភាព​»​។ លោក​បន្ត​ថា វា​ជា​រឿង​វិជ្ជមាន​មួយ​ដែល​កុមារ​ទាំង​នោះ​អាច​ស្វែងរក​មន្ទីរពេទ្យ​ដែល​នៅ​ក្បែរ​ពួកគេ​នាពេល​នេះ​ដើម្បី​ទទួល​បាន​សេវា​ថែទាំ​សុខភាព​របស់​ពួកគេ​យ៉ាង​មាន​ប្រសិទ្ធភាព​។

ជា​រៀងរាល់​ខែ មន្ទីរពេទ្យ​ជប៉ុន​សាន់រ៉ាយស៍ មាន​គម្រោង​រៀបចំ​នូវ​កម្មវិធី​ថ្មី​មួយ​ដោយ​អាណាព្យាបាល​ចំនួន ២៥ ​គ្រួសារ​ដែល​បាន​ចុះ​ឈ្មោះ​ជា​មុន​អាច​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​មន្ទីរពេទ្យ​សម្រាប់​កុមារ ហើយ​អាច​ឲ្យ​កូនៗ​របស់​ពួកគាត់​រៀន​អំពី​សារៈសំខាន់​នៃ​ការ​លាងដៃ និង​អាហារូបត្ថម្ភ និង​មើល​កូនៗ​របស់​ពួកគាត់​ដើរតួ​សម្តែង​ជា​គ្រូពេទ្យ​ដោយ​កាន់​ឧបករណ៍​ស្តេតូ​សម្រាប់​ត្រួតពិនិត្យ​ចង្វាក់​សួត ឬ​បេះដូង​។ ដំណើរ​ទស្សនកិច្ច​ដំបូង គឺ​កាលពី​ខែ​មុន ហើយ​បន្ទាប់​ទៅ​ទៀត​នោះ​គឺ​នៅ​ថ្ងៃ​ទី​ ២៥ ខែ​កុម្ភៈ​ខាង​មុខ​នេះ​។

យោង​តាម​លោក Takehiro Kozuma នាយករង​ផ្នែក​គ្លីនិក​ប្រចាំ​មន្ទីរពេទ្យ​ជប៉ុន​សាន់រ៉ាយស៍ បាន​ពន្យល់​ថា​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​យើង​ខ្ញុំ ត្រូវ​បាន​គេ​ទទួល​ស្គាល់​យ៉ាង​ច្រើន​គួរ​ឲ្យ​ចាប់​អារម្មណ៍ ខណៈ​ពេល​ដែល​មន្ទីរពេទ្យ​នេះ​បាន​ទទួល​អ្នក​ជំងឺ​ ៣០ ​នាក់​កាលពី​ថ្ងៃ​បើក​ដំបូង​ហើយ​បច្ចុប្បន្ន​មន្ទីរពេទ្យ​នេះ​មាន​អ្នក​ជំងឺ​មក​ពិនិត្យ​ព្យាបាល​ចំនួន​ ១៥០ ​នាក់​ជា​រៀងរាល់​ថ្ងៃ​។

លោក​ថ្លែង​ថា ការពង្រីក​បន្ថែម​សេវា​ផ្នែក​សង្គ្រោះបន្ទាន់ គឺជា​ការ​ពង្រីក​បន្ថែម​សម្រាប់​មន្ទីរពេទ្យ ដែល​ស្ថិត​ក្នុង​ទីក្រុង​ដែល​មាន​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ខ្ពស់ និង​ការ​ប៉ះទង្គិច​ដល់​ក្បាល​។ មន្ទីរពេទ្យ​នេះ​ក៏មា​ន​មជ្ឈមណ្ឌល​ព្យាបាល​ដោយ​ចលនា​សម្រាប់​អ្នក​ជំងឺ​ដែល​បាន​រងគ្រោះថ្នាក់​ផ្នែក​ក្បាល​ផង​ដែរ​។

«​សរុប​មក​មន្ទីរពេទ្យ​របស់​យើង​ភាគច្រើន​ផ្តោត​លើ​ប្រព័ន្ធ​ប្រសាទ និង​ព្យាបាល​ការ​ប៉ះទង្គិច​ក្បាល​» នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​វេជ្ជបណ្ឌិត Kozuma​។ «​ច្រើន​ជាង​នេះ​ទៅ​ទៀត យើង​ចង់​ផ្តោត​លើ​វប្បធម៌​នៃ​ការថែទាំ​យ៉ាង​យក​ចិត្ត​ទុកដាក់​នៅ​ទី​នេះ ដោយ​យើង​មាន​ការ​ប្រជុំ​ដើម្បី​ពិភាក្សា​គ្នា​អំពី​សុខុមាលភាព​របស់​អ្នក​ជំងឺ​មួយ​ថ្ងៃ​ពីរដង​ហើយ​យើង​ជួប​និយាយ​គ្នា​ដោយ ផ្ទាល់​ជាមួយ​អ្នក​ជំងឺ​តែ​ម្តង និង​ពន្យល់​អ្វីៗ​ទាំងអស់​ប្រាប់​ពួកគាត់​ម្តង​មួយ​ជំហានៗ​»​។

លោក​បាន​បន្ថែម​ទៀត​ថា​គ្រូពេទ្យ​ក៏​តែងតែ​ពិគ្រោះ​អំពី​តម្លៃ​ជាមួយ​អ្នក​ជំងឺ​មុន​ពេល​ព្យាបាល​ផង​ដែរ ដើម្បី​ធានា​ថា​មិន​មាន​តម្លៃ​ណាមួយ​ដែល​អ្នក​ជំងឺ​មិនដឹង​។ តម្លៃ​សម្រាប់​សេវា​ថែទាំ​សុខភាព​ទូទៅ​នៅ​មន្ទីរពេទ្យ​នេះ គឺ​សមរម្យ ដោយ​រួម​មាន​នូវ​សេវា​ពិនិត្យ​សុខភាព​ផ្នែក​ខួរក្បាល ផ្នែក​បេះដូង និង​ផ្នែក​ពោះវៀនធំ មាន​តម្លៃ​ចាប់ពី ១២០ ​ទៅ​ ៤៨០ ​ដុល្លារ​ប៉ុណ្ណោះ​។

លោក​បន្ថែម​ទៀត​ថា បើ​ទោះ​ជា​មន្ទីរពេទ្យ​នេះ​បើក​ទ្វារ​ដំបូង​ដោយ​ទទួល​តែ​អ្នក​ជំងឺ​ជនជាតិ​ខ្មែរ​ក្តី ក៏​ពួកយើង​មាន​ទទួល​អ្នក​ជំងឺ​ជា​ជនបរទេស​ផង​ដែរ និង​មន្ទីរពេទ្យ​មាន​បុគ្គលិក​និយាយ​ភាសា​អង់គ្លេស ជប៉ុន និង​ចិន​ផង​ដែរ​។

លោក Kozuma បន្ត​ថា​៖ «​នៅ​ថ្ងៃ​អនាគត យើង​នៅ​តែ​ចង់​ពង្រីក​ខ្លួន​យើង​បន្ត​ទៀត ហើយ​ពង្រីក​សេវាកម្ម​របស់​យើង​លើ​ផ្នែក​រោគ​ស្ត្រី ដែល​យើង​គិត​ថា ប្រទេស​កម្ពុជា​ត្រូវការ ហើយ​ខ្ញុំ​គិត​ថា យើង​នឹង​អាច​ធ្វើឲ្យ​មាន​ការ​ផ្លាស់ប្តូរ​បាន​»៕