ស្ថិត​នៅ​ក្នុង​ចំណោម​ជា​ប្រទេស​គោលដៅ​ដើម្បី​បន្ត​ការ​សិក្សា​​នៅ​កម្រិត​ឧត្តម​សិក្សា រហូត​ដល់​ថ្នាក់​បណ្ឌិត និង​រួមទាំង​ការ​សិក្សា​មុន​កម្រិត​មហាវិទ្យាល័យ​ផង​នោះ នៅ​ក្នុង​ចំណោម​យុវជន​កម្ពុជា​ជាច្រើន មាន​បំណង​ចង់ទៅ​បន្ត​ការ​សិក្សា​របស់​ពួក​គេ​នៅ​ប្រទេស​អូស្ត្រាលី បើទោះជា​ពួកគេ​មាន​សង្ឃឹម​តិចតួច​ក៏ដោយ​។

លោក​បណ្ឌិត ដេត សុខឧត្តម (Sok Udom DETH) នាយក​សាកល​វិទ្យាល័យ Zaman (Cambodia) បាន​ឲ្យ​ដឹងថា នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទំនោរ​នៃ​គោលដៅ​បន្ត​ការសិក្សា​របស់​សិស្ស​-​និស្សិត​កម្ពុជា​នៅ​បរទេស គឺ​ឈរ​នៅ​លេខ​រៀង​ទី​ ១ ប្រទេស​សិង្ហ​បុរី និង​ទី​ ២ ប្រទេស​អូស្ត្រាលី គឺជា​«​គោលដៅ​ធំ​មួយ​សម្រាប់​និស្សិត​កម្ពុជា​បន្ត​ការ​សិក្សា​របស់​ពួក​គេ​» ព្រោះ​នៅ​អូស្ត្រាលី មាន​«​ប្រព័ន្ធ​អប់រំ​ល្អ មាន​សាកល​វិទ្យាល័យ​ល្បី​ចំនួន ៣-៤ ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​លំដាប់​ពិភព​លោក​»​។

លោក​បន្ត​ថា នៅ​ទីនោះ​សិស្ស​-​និស្សិត​​មាន​ឱកាស​ច្រើន​ក្នុង​ការ​ចូលរៀន «​ពួកគេ​ផ្តល់​ការ​ទំនុក​បំរុង​បន្ថែម​ផ្នែក​ភាសា​អង់គ្លេស​ដល់​សិស្ស​ពី​បរទេស ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវ​ការ​រៀនសូត្រ​របស់​សាលា​នីមួយៗ​»​។

ជា​ទូទៅ​ប្រព័ន្ធ​អប់រំ​នៅ​ប្រទេស​អូស្ត្រាលី គឺ​ល្អ មាន​លក្ខណៈ​អំណោយ​ផល​ច្រើន​សម្រាប់ ​សិស្ស-និស្សិត ​ទៅ​ពី​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដូច​ជា​កម្ពុជា​ជាដើម។ «​គុណភាព​ការ​អប់រំ​របស់​គេ​ល្អ តម្លៃ​នៃ​ការ​ចំណាយ​លើ​ថ្លៃ​សិក្សា តម្លៃ​ការ​ស្នាក់នៅ និង​ការ​ចំណាយ​ផ្សេងៗ​នៅ​ប្រទេស​អូស្ត្រាលី ​ធូរ​ជាង​នៅតាម​បណ្តា​ប្រទេស​ធំៗ​នៅ​ទ្វីប​អឺរ៉ុប និង​នៅ​អាមេរិក ជាដើម​» នេះ​បើតាម​ប្រសាសន៍​របស់​លោក​បណ្ឌិត សុខ​ឧត្តម​។

​ដោយ​និយាយ​ «​ចំពោះ​និស្សិត​កម្ពុជា»​ គឺ​កាន់​តែ​អំណោយ​ផល​ច្រើន ដោយ​សារ​មាន​សហគមន៍​ខ្មែរ​រស់នៅ​ទីនោះ​ជាច្រើន សម្បូរ​បែប​ដោយ​ម្ហូប​អាហារ​របៀប​អាស៊ី និង​កត្តា​អាកាសធាតុ​ពេល​ខ្លះ​ប្រហាក់​ប្រហែល​គ្នា​ផង​ដែរ​» នេះ​បើតាម​សម្តី​របស់​លោក​ សុខ​ឧត្តម។

ទោះ​ជា​យ៉ាង​ណា លោក សុផាត់ រស្មី និស្សិត​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ផ្នែក​ជីវៈចម្រុះ និង​អភិរក្ស​ធនធាន​ធម្មជាតិ (Sophath Rasmei, student of Master Degree of Biodiversity and Conservation, RUPP) នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា​ ៖ «​តាម​ខ្ញុំ​បានដឹង​ និស្សិត​កម្ពុជា​ស្ទើរ​តែ​ ១០០ ​ភាគរយ មាន​ចំណាប់​អារម្មណ៍​ចង់​ទៅ​បន្ត​ការសិក្សា​នៅ​ប្រទេស​អូស្ត្រាលី គ្រប់ៗ​គ្នា»​។

ប៉ុន្តែ​ដោយ​សារ ​«​លក្ខ​ណ្ឌ​លំបាកៗ​ជាច្រើន​ទើប​ធ្វើ​ឲ្យ​ពួក​យើង​ពុំ​អាច​សម្រេច​ក្តី​ប្រាថ្នា​ខ្លួន​ឯង​បាន​» ដូចជា «​គេ​ទាមទារ​កម្រិត​ភាសា​អង់គ្លេស​ខ្លាំង គឺ TOEFL 6.00 ឡើង​ទៅ និង​ត្រូវ​មាន​តារាង​ពិន្ទុ​ប្រចាំ​ឆមាស ឬ​ឆ្នាំ GPA ក៏ត្រូវ​មាន​ពិន្ទុ​ខ្ពស់​ល្អ​ទៀត​។ ដូច្នេះ​ចំណុច​ទាំង ២​នេះ និស្សិត​កម្ពុជា​នៅ​មាន​កម្រិត​នៅ​ឡើយ​» នេះ​បើ​តាម​សម្តី​របស់​លោក រស្មី​។ នោះ​ពុំទាន់​និយាយ​ដល់​«​ការ​ស្រាវជ្រាវ​ឯកសារ​ជាច្រើន ឬក៏​ការ​ចុះ​កម្ម​សិក្សា​ផ្សេងៗ​ទៀតផង​»​។

កញ្ញា ហ៊ុល រតនា វ័យ​ជាង ២០ ​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ បាន​រអ៊ូរ​ទាំ​ថា ព័ត៌មាន​អំពី​អាហា​រូបករណ៍​ទៅ​​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី «​មាន​តិចតួច​មិន​សូវ​ទូលំទូលាយ​ទេ បរិមាណ​ក៏​តិច ហើយ​ភាគ​ច្រើន​គេ​ផ្តល់​ឱកាស​ឲ្យ​តែ​មន្ត្រី​រាជការ​» នៅ​តាម​ក្រសួង​មន្ទីរ​នានា​ច្រើនជាង​សម្រាប់​ក្រុម​និសិត្ស ឬក៏​សហ​គ្រាស​ឯកជន​។

នាង​បន្ត​ថា​ ៖ «​សម្រាប់​រូបខ្ញុំ​បើ​មាន​ឱកាស​បន្ត​ការ​សិក្សា​នៅ​ឯ​បរទេស គឺ​ប្រាកដជា​ជ្រើស​រើសយក​ប្រទេស​អូស្ត្រាលី​ហើយ ព្រោះ​នៅ​ជិត​ប្រទេស​យើង​ផង និង​នៅ​ទីនោះ​មាន​សហគមន៍​ខ្មែរ​រស់នៅ​ច្រើន​»​។

លោក​បណ្ឌិត សុខ​ឧត្តម បន្ថែម​ថា បើ​និយាយ​ពី​«​ឱកាស​ស្វែងរក​ការងារ​ធ្វើ​នៅ​អំឡុង​ពេល​ស្នាក់​នៅ​សិក្សា​វិញ​សម្រាប់​និស្សិត​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី គឺ​មាន​ភាព​អំណោយ​ផល​ល្អ​ជាង​នៅ​តាមបណ្តា​ប្រទេស​ធំ​ៗ ដូច​ជា​អាមេរិក និង​អឺរ៉ុប​ជាដើម​»​។

លោក​បណ្ឌិត កែន សិរីរដ្ឋា (Sereirotha KEM)​ ប្រធាន​អង្គការ WCS និង​ជា​អតីត​និស្សិត​អាហារូប​ករណ៍​ថ្នាក់​អនុបណ្ឌិត និង​ថ្នាក់​បណ្ឌិត​ឯកទេស​បរិស្ថាន ធនធាន​ធម្មជាតិ និង​ភូមិ​សាស្ត្រ​មនុស្ស នៃ​សាកល​វិទ្យាល័យ Sydney University ក្នុង​ឆ្នាំ​២០០៨-២០១៤ បាន​​ឲ្យ​ដឹង​ថា ប្រព័ន្ធ​អប់រំ​របស់​អូស្ត្រាលី គេ​រៀបចំ​បាន​ល្អ និង​មាន​លក្ខណៈ​ជួយ​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​។

«​វគ្គ ឬ ​កម្មវិធី​បង្រៀន​របស់​ពួក​គេ គឺ​ឆ្លើយតប​នឹង​បរិបទ​បច្ចុប្បន្ន​តែ​ម្តង និង​មាន​ការ​ផ្លាស់ប្តូរ​បទពិសោធ​សម្រាប់​និស្សិត​ទៅ​ពី​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍» នេះ​បើតាម​ប្រសាសន៍​របស់​លោក​បណ្ឌិត សិរី​រដ្ឋា​។ នា​ពេល​បច្ចុប្បន្ន​នេះ «​ខ្ញុំ​មើល​ឃើញ​និន្នាការ​២ សម្រាប់​អ្នក​ទៅ​សិក្សា ទី​១-​សិស្ស​-​និស្សិត​គេ​និយម​ទៅ​អាមេរិក និង​អឺរ៉ុប ព្រោះ​គេ​បានដឹង​អំពី​ភាព​ល្បីល្បាញ និង​មាន​ទាំង​សាច់ញាតិ​រស់​នៅ​ប្រទេស​ទាំងនោះ​ទៀត​ផង ចំណែក​ឯ​ប្រទេស​អូស្ត្រាលី មាន​ព័ត៌មាន​តិច​នៅ​ក្នុង​សង្គម​កម្ពុជា​»​។

«​ទី​២-​សម្រាប់​អ្នក​ធ្លាប់​បាន​ឆ្លងកាត់​ការងារ​ផ្សេងៗ​ហើយ ជា​ពិសេស​ការងារ​ផ្នែក​បរិស្ថាន​ធម្មជាតិ​ផង​នោះ​ពួក​គេ​ប្រាកដជា​ជ្រើស​រើសយក​អូស្ត្រាលី​ហើយ គឺ​ដោយសារ​ប្រទេស​ដី​កោះ​នេះ​មានការ​គិតគូរ​អំពី​បរិស្ថាន​ធម្មជាតិ​ខ្លាំងណាស់​» នេះ​បើតាម​សម្តីរបស់លោក សិរី​រដ្ឋា​។

លោក​បណ្ឌិត សាត តារ៉ា សាស្ត្រាចារ្យ​ផ្នែក​វិស្វកម្ម និង​សំណង់ បង្រៀន​នៅ​តាម​សាកល​វិទ្យាល័យ​ជាច្រើន​នៅ​រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា តាម​ការ​អង្កេត​ដោយ​ផ្ទាល់​របស់​លោក ភាគ​ច្រើន​នៃ​និស្សិត​កម្ពុជា​ដែល​បាន​ទៅ​បន្ត​ការ​សិក្សា​នៅ​បរទេស រួម​ទាំង​ទៅ​អាមេរិក អឺរ៉ុប អាស៊ី និង ​អូស្ត្រាលី ​នោះ គឺ ​«ពួក​គាត់​ភាគ​ច្រើន​ជា​កូន​អ្នក​មាន​ជីវភាព​ធូរធារ​» ហើយ​​ពួក​ហ្នឹង​គេ​មាន​លទ្ធភាព​សិក្សា​បាន​ច្រើន​ទើប​គេ​មាន​ឱកាស​ធ្វើ​តេស្ត​ជាប់​​អាហារ​រូបករណ៍​ទៅ​រៀន​នៅក្រៅ​ប្រទេស​។

លោក តារ៉ា បន្ត​ថា​ ៖ «​អ្នក​ខ្លះ​ពេល​ត្រឡប់​មកពី​បន្ត​ការ​សិក្សា​វិញ ពួក​គាត់​ត្រូវ​បាន​ឪពុក​ម្តាយ​ឲ្យ​ទៅ​គ្រប់គ្រង​ក្រុមហ៊ុន ឬ ​គ្រប់គ្រង​ពាណិជ្ជកម្ម​របស់​ក្រុម​គ្រួសារ​តែ​ម្តង ដល់​អ៊ីចឹង​ទៅ​តម្លៃ​នៃ​ការ​សិក្សា​ជាច្រើន​ឆ្នាំ​នៅ​ឯ​បរទេស​របស់​ពួក​គាត់​ពុំបាន​ឆ្លុះ​បញ្ចាំង​ទៅ​តាម​ការសិក្សា ឬ​អាហា​រូបករណ៍​នោះទេ​»​។

ម្យ៉ាង​ទៀត​វាក៏​អាច​ខាត​បង់​ដល់​ថវិកា​ជាតិ​ផងដែរ «​ប៉ុនែ្ត​បើ​ពួក​គាត់​ទៅ​សិក្សា​នៅក្រៅ​ប្រទេស​​ដោយ​ការ​ចំណាយ​ប្រាក់​ឯកជន​របស់​​ក្រុមគ្រួសារ​នោះ វា​គឺជា​រឿង​ត្រឹមត្រូវ​ទេ​» ហើយ​ពួក​គេ​ក៏​ផ្ចិតផ្ចង់​តម្រូវ​មុខវិជ្ជា និង​អាជីវកម្ម​នៅតាម​គ្រួសារ​របស់​ពួក​គាត់​ផងដែរ​។

ទាំង​លោក​បណ្ឌិត ដេត សុខ​ឧត្តម និង​លោក សាត តារា បាន​ថ្លែងថា ពួក​លោក​ពុំមាន​តួលេខ​ជាក់លាក់​នៃ​ចំនួន​សិស្ស​និស្សិត​កម្ពុជា បាន​ជាប់​អាហា​រូបករណ៍ និង​ទៅ​រៀន​តាម​របៀប​បង់ប្រាក់​ជា​ឯកជន​នៅ​អូស្ត្រាលី​ទេ​។

ចំណែក​លោក រស់ សា​លីន មន្ត្រី​អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ យុវជន និង ​កីឡា ពុំ​អាច​ទំនាក់​ទំនង​សុំ​ធ្វើ​ការ​អត្ថា​ធិប្បាយ​អំពី​ចំនួន​ សិស្ស​-​និស្សិត​កម្ពុជា​ បាន​ទៅ​រៀន​នៅ​អូស្ត្រាលី​នោះ​ទេ​៕