នៅ​ឆ្នាំ​ ២០១៨ ​នេះ គឺជា​ខួប​ទី​ ៦៥ ​នៃ​ចំណង​មិត្តភាព​កម្ពុជា និង​ជប៉ុន ដែល​សម្ព័ន្ធភាព​នេះ​គឺ​មាន​ភាព​រឹងមាំ​ទាំង​ផ្នែក​នយោបាយ សេដ្ឋកិច្ច និង​វប្បធម៌​។

កាលពី​ឆ្នាំ​ ២០១៦ ការ​វិនិយោគ​ដោយ​ផ្ទាល់​របស់​ជប៉ុន ​(FDI) ចូល​មក​ប្រទេស​កម្ពុជា​មាន​ទឹកប្រាក់​ជាង ៨២២ ​លាន​ដុល្លារ ដែល​ធ្វើឲ្យ​ជប៉ុន​ក្លាយ​ជា​ប្រទេស​វិនិយោគ​ធំ​ជាង​គេ​លំដាប់​ថ្នាក់​ទី​ ៣ ​នៅ​កម្ពុជា ខណៈ​បច្ចុប្បន្ន​នេះ​មាន​វិនិយោគិន​ជប៉ុន ប្រហែល​ ៣៥០០ ​នាក់ កំពុង​វិនិយោគ​នៅ​កម្ពុជា​។ យោង​តាម​តួលេខ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​ ២៥ ​ឆ្នាំ​ចុង​ក្រោយ​នេះ​ការ​វិនិយោគ​របស់​ជប៉ុន​នៅ​កម្ពុជា មាន​តម្លៃ​ជា​ ១,៥០ ​ពាន់​លាន​ដុល្លារ​។

ភ្ញៀវទេសចរ​ជប៉ុន​ច្រើន​ជាង​ ២០ ​ម៉ឺន​នាក់​បាន​មក​ទស្សនា​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​មុន ហើយ​ចំនួន​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​អាច​កើនឡើង​ថែម​ទៀត​ក្នុង​ពេល​អនាគត ក្រោយ​ពេល​ដែល​ក្រុមហ៊ុន​អាកាសចរណ៍​ធំ​បំផុត​របស់​ជប៉ុន All Nippon Airways (ANA) បាន​ធ្វើការ​ហោះ​ដោយ​ត្រង់​ពី​ទីក្រុង​តូក្យូ មក​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៦ ​មក​។

ក្រៅពី​ការ​វិនិយោគ ជប៉ុន​ក៏​បាន​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​យ៉ាង​ច្រើន​ដល់​កម្ពុជា​ផង​ដែរ​។ ប្រទេស​ជប៉ុន គឺជា​ម្ចាស់​ជំនួយ​ធំ​បំផុត​សម្រាប់​កម្ពុជា ចាប់​តាំង​ពី​ឆ្នាំ​ ១៩៩២ ដោយ​បាន​ផ្តល់​នូវ​ប្រាក់​ជំនួយ​ច្រើន​ជាង​ ២ ​ពាន់​លាន​ដុល្លារ លើ​ជំនួយ​សម្រាប់​អភិវឌ្ឍន៍​ផ្សេងៗ​។

ទោះ​ជា​យ៉ាង​ណា​មុន​រយៈពេល​ ៦៥ ​ឆ្នាំ​នៃ​សម្ព័ន្ធភាព​នេះ ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​ក៏​មិន​សូវ​មាន​ភាព​ល្អ​ប្រសើរ​ប៉ុន្មាន​នោះ​ទេ​។ ជាក់ស្តែង​នៅ​ទសវត្សរ៍​មុន​ពេល​ដែល​កិច្ចព្រមព្រៀង​ការទូត​ដំបូង​ត្រូវបាន​ចុះហត្ថលេខា កងទ័ព​របស់​ជប៉ុន​ក៏​ធ្លាប់​បាន​ចូល​មក​កាន់កាប់​ប្រទេស​កម្ពុជា​ចន្លោះ​ពី​ឆ្នាំ​ ១៩៤១ រហូត​ដល់​ ១៩៤៥ ផង​ដែរ​។

នៅ​ក្នុង​សកលលោក​ទំនើប​សម្ព័ន្ធភាព​ការទូត​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា មាន​ភាព​ពេញលេញ​នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​បាន​ទទួល​ឯករាជ្យ​បរិបូរណ៍​ពី​អាណានិគម​បារាំង​ក្នុង​ឆ្នាំ​ ១៩៥៣ ក្រោម​ព្រះរាជ​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​ព្រះ នរោត្តម សីហនុ​។ ប៉ុន្តែ​សម្ព័ន្ធភាព​ដ៏ល្អ​នាពេល​នោះ​ត្រូវ​បាន​ជួប​ប្រទះ​បញ្ហា​រកាំរកូស​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៧០ ក្នុង​របប​ដឹកនាំ​ដោយ​លោក​សេនាប្រមុខ លន់ នល់ និង​របប​ខ្មែរក្រហម​។

នៅ​ក្នុង​ឆ្នាំ​ ១៩៩២ ពេល​ដែល​ប្រទេស​កម្ពុជា​ស្ថិត​ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​អង្គការ​សហប្រជាជាតិ UNTAC - United Nations Transitional Authority in Cambodia) រដ្ឋាភិបាល​ជប៉ុន​ក៏​បាន​ចាប់​ដៃគូ​សម្ព័ន្ធមិត្ត​ជាមួយ​ប្រទេស​កម្ពុជា​សាជាថ្មី​ឡើង​វិញ​។

ជំនួយ​របស់​ប្រទេស​ជប៉ុន​ក្នុង​កិច្ច​គាំទ្រ​សម្រាប់​សន្តិភាព​នាពេល​នោះ​មិនមែន​ជា​រឿង​ចៃដន្យ​ទេ​។ ក្នុង​ចំណោម​ប្រាក់​ជំនួយ​ ២ ​ពាន់​លាន​ដុល្លារ​នោះ គឺ​ភាគច្រើន​បាន​មកពី​ប្រទេស​ជប៉ុន ដែល​នោះ​គឺជា​ការ​ចូលរួម​ក្នុង​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​ជា​លើក​ដំបូង​របស់​ជប៉ុន​ក្រោយពី​សម័យ​សង្គ្រាម​លោក​លើក​ទី​ ២ ខណៈ​ពេល​នោះ​កងទ័ព​ជាច្រើន​របស់​ជប៉ុន​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​បណ្តា​ប្រទេស​មួយ​ចំនួន​មុន​នឹង​ធ្វើការ​ដក​កងទ័ព​ចូល​ទៅ​ប្រទេស​ខ្លួន​វិញ​។

លោក Yasushi Akashi ដែល​ជា​អ្នក​ជំនាញ​ការទូត​របស់​អង្គការ​សហប្រជាជាតិ គឺជា​ប្រមុខ UNTAC នានា​នៅ​ពេល​នោះ​ក្រោយ​មក​លោក​បាន​សរសេរ​ថា៖ «​មធ្យោបាយ​មូលដ្ឋាន​របស់​ខ្ញុំ​នាពេល​នោះ គឺ​ការ​រួម​បញ្ចូល​គ្នា​នូវ​ការបញ្ចុះ​បញ្ចូល​ឲ្យ​មាន​ភាព​ស្ងប់ស្ងៀម​ជាមួយ​នឹង​សម្ពាធ​ដែល​កំពុង​កើត​មាន​»​។

ខុស​ពី​ម្ចាស់​ជំនួយ​ធំៗ​ផ្សេង​ទៀត​របស់​កម្ពុជា ដែល​មាន​ដូចជា សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប ប្រទេស​ជប៉ុន​បាន​នៅ​ជាមួយ​កម្ពុជា ដោយ​ឆ្លងកាត់​នូវ​ព្រឹត្តិការណ៍​នយោបាយ​ជាច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។

ប្រទេស​ជប៉ុន​ថែម​ទាំង​បាន​បញ្ជាក់​ថា ខ្លួន​នឹង​នៅ​តែ​បន្ត​ផ្តល់​ហិរញ្ញប្បទាន​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​កម្ពុជា (NEC) ហើយ​នៅ​តែ​មាន​គម្រោង​ក្នុង​ការ​បញ្ជូន​បេសកជន​ឃ្លាំ​មើល​ការ​បោះឆ្នោត​ដើម្បី​តាមដាន​ឃ្លាំ​មើល​ការ​បោះឆ្នោត​ជាតិ​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ​ផង​ដែរ​។

លោក អៀ សុផល សាស្ត្រាចារ្យ ផ្នែក​ទំនាក់ទំនង​ការទូត និង​កិច្ចការ​ពិភពលោក​នៅ​សាកល​វិទ្យាល័យ Occidental College នៅ​រដ្ឋ Los Angeles មាន​ប្រសាសន៍​ថា៖ «​វិស័យ​ពាណិជ្ជកម្ម​នៅ​តែ​កើនឡើង ហើយ​បញ្ហា​កង្វះ​ប្រជាធិបតេយ្យ​មិន​បាន​ក្លាយ​ជា​ឧបសគ្គ​សម្រាប់​ចំណង​មិត្តភាព​កម្ពុជា-ជប៉ុន​នោះ​ទេ​»​។

លោក​បាន​បន្ថែម​ថា៖ «​ជា​ការពិត​ណាស់ អ្វីៗ​វា​អាច​នឹង​ផ្លាស់ប្តូរ ពិសេស​ប្រសិន​បើ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​ទីក្រុង​តូក្យូ​ឲ្យ​ធ្វើការ​រឹតបន្តឹង​ដល់​កម្ពុជា​»៕

David Hutt