នៅ​អំឡុង​រយៈពេល​ចុងក្រោយ​ ២-៣ ​ឆ្នាំ​មុន គេ​ស្គាល់​ក្រុង​ប៉ោយប៉ែត ដោយសារ​តែ​រឿង​ ២ គឺ​ទី​ ១ ជា​ព្រំដែន​ឆ្លង​ទៅ​ប្រទេស​ថៃ និង​ទី​ ២ កាស៊ីណូ​។

បច្ចុប្បន្ន​ក្រុង​នេះ​កំពុង​តែ​ពង្រីក​កិត្តិនាម​របស់​ខ្លួន​ជា​បណ្តុំ​នៃ​រោងចក្រ​ជាច្រើន ដោយសារ​តែ​ការបើក​នូវ​តំបន់​សេដ្ឋកិច្ច​ពិសេស​សានកូ ប៉ោយប៉ែត (SPSEZ) ចាប់ពី​ឆ្នាំ​ ២០១៤ ​មក ដែល​ទី​នោះ​គឺជា​ការ​វិនិយោគ​រួម​គ្នា​រវាង​វិនិយោគិន​ខ្មែរ និង​ជប៉ុន​។

រោងចក្រ​ដំបូង​មួយ​ក្នុង​ចំណោម​រោងចក្រ​ដំបូងៗ​ផ្សេង​ទៀត​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស (SPSEZ) គឺ NHK Spring Cambodia ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ NHK Nippatsu មាន​ទីតាំង​នៅ​ប្រទេស​ជប៉ុន ដែល​ជា​រោងចក្រ​ផលិត​រ៉ឺស័របូម​ដ៏ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក​។

រោងចក្រ​មួយ​ទៀត​គឺ Toyota Tsusho ដែល​ជា​សាខា​ចែកចាយ​របស់​ក្រុមហ៊ុន​យានយន្ត​ខ្នាត​យក្ស​មួយ​របស់​ជប៉ុន​គឺ Toyota ហើយ​បាន​បើក​ដំណើរការ​នូវ​រោងចក្រ​របស់​ខ្លួន​តែ​ម្តង​កាលពី​ខែ​ធ្នូ​ឆ្នាំ​នោះ​។

Techo Park Poipet ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស SPSEZ ដែរ​នោះ គឺជា​សាខា​មួយ​ក្នុង​ចំណោម​សាខា​ទាំង​ ៧ ដែល​ក្រុមហ៊ុន​នេះ​គ្រប់គ្រង​នៅក្នុង​តំបន់​អាស៊ី ហើយ​ដែល​បាន​ជួល​រោងចក្រ​នៅក្នុង​តំបន់​នោះ​។

បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​ជប៉ុន​ចំនួន​ ៤ និង​រោងចក្រ​ ១ ​មកពី​ប្រទេស​ថៃ បាន​ព្រមព្រៀង​គ្នា​បើក​ដំណើរការ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​នេះ​ដែល​ជា​កន្លែង​មាន​ស្តង់ដារ​កម្រិត​អន្តរជាតិ ពិសេស​គឺ​សម្រាប់​រោងចក្រ​ផលិត​គ្រឿង​អេឡិចត្រូនិក​តូចៗ​តែ​ម្តង​។

ខណៈ​ដែល​ប្រទេស​ថៃ​នៅ​តែ​រក្សា​ខ្លួន​ជា «​តំបន់​កណ្តាល​មួយ​សម្រាប់​រោងចក្រ​ជប៉ុន​» នៅ​អាស៊ីអាគ្នេយ៍​នោះ​កម្ពុជា​ក៏​ជា​ប្រទេស​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ទទួល​បាន​អត្ថប្រយោជន៍​ពី​គម្រោង​វិនិយោគ «Thailand Plus One» ផង​ដែរ​។ នេះ​បើ​តាម​លោក អៀ សុផល ដែល​ជា​សាស្ត្រាចារ្យ​ផ្នែក​ទំនាក់​ទំនង​ការទូត និង​កិច្ចការ​ពិភពលោក​នៅ​សាកលវិទ្យាល័យ Occidental College ក្នុង​រដ្ឋ Los Angeles នៃ​សហរដ្ឋអាមេរិក​។

ទីតាំងរោងចក្រមមួយរបស់ជប៉ុន នៅជាយក្រុងភ្នំពេញ។ រូបថត ភ្នំពេញប៉ុស្តិ៍

នៅ​ក្រោម​គម្រោង​នេះ​រោងចក្រ​ផលិតកម្ម​ដែល​កំពុង​តែ​ដំណើរការ​ក្នុង​ប្រទេស​ថៃ គឺ​នៅ​តែ​ដំណើរការ​ផលិត​ជាធម្មតា ប៉ុន្តែ​ពួកគេ​នឹង​ផ្ទេរ​ការ​ផលិត​ផ្នែក​ខ្លះ​ទៅ​ប្រទេស​ជិត​ខាង​ដែល​មាន​តម្លៃ​ពលកម្ម​ទាប​ជាង​។ កម្មករ​ខ្មែរ​ទទួល​បាន​តម្លៃ​ពលកម្ម​ជា​មធ្យម​ស្ទើរ​ស្មើ​ពាក់កណ្តាល​នៃ​តម្លៃ​ពលកម្ម​នៅ​ក្នុង​ប្រទេស​ថៃ​។

ដូច្នេះ​ហើយ​ដោយសារ​តែ​ក្រុង​ប៉ោយប៉ែត​មាន​ចម្ងាយ​ត្រឹម​តែ​ជាង​​ ២៣០ ​គីឡូម៉ែត្រ​ពី​ទីក្រុង​បាងកក​នោះ ផលិតផល​ដែល​ចេញ​ពី​រោងចក្រ​នៅក្នុង​ក្រុង​នេះ​អាច​ដឹក​ទៅ​បណ្តា​តំបន់​នានា​ក្បែរ​រាជធានី​របស់​ប្រទេស​ថៃ​ក្នុង​រយៈពេល​តិច​ជាង​ ៤ ​ម៉ោង​ប៉ុណ្ណោះ​។ ចំណែកឯ​កំពង់ផែ​សមុទ្រ​របស់​ប្រទេស​ថៃ​នៅ Laem Chabang ក៏​មាន​ចម្ងាយ​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ​។

ក្រុមហ៊ុន​វិនិយោគ​ដែល​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSEZ) នៅលើ​ផ្ទៃដី​ ៣៥៧ ​ហិកតា​នា​ជាយ​រាជធានី​ភ្នំពេញ នា​ពេល​នេះ​ក៏​កំពុង​តែ​រៀបចំ​ពង្រីក​សាខា​របស់​ខ្លួន​ដែល​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ (SEZ) ថ្មី​មួយ​ទៀត នៅ​ក្បែរ​ក្រុង​ប៉ោយប៉ែត​ផង​ដែរ​។

អគ្គនាយក​តំបន់​សេដ្ឋកិច្ច​ពិសេស PPSEZ លោក Hiroshi Uematsu បាន​ថ្លែង​ថា លោក​រំពឹង​ចំពោះ​ការ​វិនិយោគ​ពី​រោងចក្រ​ផលិត​នៅ​ប្រទេស​ថៃ «​ពិសេស​ក្រុមហ៊ុន​ជប៉ុន​ដែល​បាន​បើក​ដំណើរការ​រោងចក្រ​នៅ​ទីក្រុង​បាងកក អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ​នោះ​»​។

សុទិដ្ឋិនិយម​ចំពោះ «Thailand Plus One» នេះ​ទើប​តែ​កើន​ឡើង​ថែម​ទៀត ចាប់ពី​ពេល​ប្រទេស​ថៃ និង​កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពន្ធដារ​ទ្វេដង (DTA) កាលពី​ខែ​កញ្ញា​កន្លង​ទៅ​។

អ្នក​វិភាគ​សេដ្ឋកិច្ច​គិត​ថា កិច្ចព្រមព្រៀង​នេះ​នឹង​ទាក់ទាញ​រោងចក្រ​ជប៉ុន​កាន់​តែ​ច្រើន​ថែម​ទៀត​ដែល​ពួកគេ​នឹង​ពង្រីក​សាខា​ផលិត​របស់​ខ្លួន​មក​ក្នុង​ប្រទេស​កម្ពុជា នៅ​ពេល​បច្ចុប្បន្ន​នេះ​ដោយសារ​តែ​វិនិយោគិន​បាន​ដឹង​អំពី​ច្បាប់​ពន្ធដារ​នៃ​ប្រទេស​ទាំង​ ២​ ត្រូវ​បាន​សម្រប​សម្រួល​។

អនាគត​របស់​វិស័យ​រោងចក្រ​នៅ​ក្រុង​ប៉ោយប៉ែត គឺជា​សញ្ញា​ដែល​បង្ហាញ​ឲ្យ​ឃើញ​នូវ​សម្ព័ន្ធភាព​ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយ​ជប៉ុន​ប្រកប​ដោយ​ភាពស្និទ្ធស្នាល ហើយ​ក៏​អាច​និយាយ​បាន​ថា កំពុង​តែ​ប្រកួតប្រជែង​ជាមួយ​ចិន ដោយសារ​សម្ព័ន្ធភាព​រវាង​កម្ពុជា និង​ចិន​ផង​ដែរ​។ នេះ​បើ​យោង​តាម​សម្តី​របស់​លោក Anthony Galliano ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន Cambodian Investment Management​។

ទិដ្ឋភាពរោងចក្រមួយរបស់ជប៉ុន នៅក្នុងប្រទេសកម្ពុជា។ហុង មិនា

ការ​វិនិយោគ​ផ្ទាល់​របស់​ជប៉ុន​មក​កាន់​ប្រទេស​កម្ពុជា គឺ​មាន​ចំនួន​ ៨២២ ​លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំ​ ២០១៦ ដែល​ធ្វើឲ្យ​ជប៉ុន​ក្លាយ​ជា​ប្រទេស​វិនិយោគ​ធំ​ជាង​គេ​លំដាប់​ទី​ ៣ ​នៅ​កម្ពុជា​។

ទោះ​ជា​យ៉ាង​ណា​ក្តី​នៅ​រយៈពេល​ ៩ ​ខែ​ក្នុង​ឆ្នាំ​មុន​មាន​ការ​ធ្លាក់​ចុះ​បន្តិចបន្តួច​លើ​វិស័យ​នាំចេញ​ទៅ​កាន់​ប្រទេស​ជប៉ុន គឺ​ដោយសារ​តែ​មាន​កំណើន​ត្រឹម​តែ​ ២ ​ភាគរយ​ប៉ុណ្ណោះ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​កន្លង​ទៅ​។ នេះ​គឺជា​លើក​ដំបូង​ក្នុង​រយៈពេល​ជិត​ ១ ​ទសវត្សរ៍​កន្លង​មក​ដែល​តួលេខ​នៃ​អត្រា​នាំ​ចេញ​ទៅ​ប្រទេស​ជប៉ុន មិន​អាច​កើន​ដល់​ចំនួន​ ២ ​ខ្ទង់​ក្នុង​មួយ​ឆ្នាំៗ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​ស្ថាប័ន​ពាណិជ្ជកម្ម​របស់​ជប៉ុន​ឈ្មោះ​ថា Japan External Trade Organization (JETRO)​។

អ្នក​វិភាគ​មួយ​ចំនួន​បាន​គិត​នៅ​ពេល​នោះ​ថា បញ្ហា​គឺ​វា​អាច​បណ្តាល​មកពី​ការ​ធ្លាក់​ចុះ​នៃ​ការ​វិនិយោគ​ពី​ប្រទេស​ជប៉ុន​។ អ្នក​វិភាគ​ផ្សេង​ទៀត​បាន​គិត​ថា​វា​បណ្តាល​មកពី​កត្តា​សេដ្ឋកិច្ច​នៅ​ប្រទេស​ជប៉ុន​។

យោង​តាម​តួលេខ​ផ្លូវការ​លើក​ដំបូង​ដែល​បាន​ចេញ​កាលពី​ខែ​មុន GDP របស់​ប្រទេស​ជប៉ុន​កើនឡើង​ត្រឹម​តែ​​ ០.៥ ​ភាគរយ​ប៉ុណ្ណោះ​កាលពី​ឆ្នាំ​មុន ដែល​មាន​ចំនួន​ស្ទើរតែ​ពាក់​កណ្តាល​នៃ​ការ​ព្យាករ​សេដ្ឋកិច្ច​។

លោក ម៉ី កល្យាណ ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ខែ​សីហា​ថា​៖ «​រហូត​មក​ដល់​ពេល​នេះ ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ប្រទេស​ជប៉ុន​បាន​កើនឡើង​ដោយសារ​តែ​រោងចក្រ​ជប៉ុន​នៅ​កម្ពុជា និង​រោងចក្រ​ផលិតផល​នានា​ដែល​នាំ​ចេញ​ទៅ​ប្រទេស​ជប៉ុន​វិញ​»​។

លោក Uematsu អគ្គនាយក PPSEZ គិត​ថា ការ​ដំឡើង​ប្រាក់ខែ​កម្មករ​នៅ​កម្ពុជា គឺជា​រឿង​មួយ​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ដ៏ធំ​បំផុត​សម្រាប់​ក្រុមហ៊ុន​វិនិយោគ​ជប៉ុន ពិសេស​គឺ​ក្រុមហ៊ុន​ដែល​នាំ​ចេញ​ផលិតផល​ពី​ប្រទេស​កម្ពុជា​។

លោក​បាន​ថ្លែង​ថា៖ «​កម្ពុជា​កំពុង​តែ​បាត់បង់​ចំណុច​វិជ្ជមាន​សម្រាប់​ការ​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​វៀតណាម ហើយ​នេះ​គឺជា​មូលហេតុ​ចម្បង​ដែល​បាន​ធ្វើឲ្យ «​ថយចុះ​» នូវ​ការ​វិនិយោគ​របស់​ជប៉ុន​កាលពី​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​»​។

រវាង​ឆ្នាំ​ ២០១២ ដល់​ឆ្នាំ​​ ២០១៧ ប្រាក់​ខែ​របស់​កម្មករ​កាត់ដេរ​បាន​កើន​លើស​ពី​ ១៥០ ​ភាគរយ​គឺ​ពី​ចំនួន​ ៦១ ​ដុល្លារ​ទៅ​ ១៥៣ ​ដុល្លារ​ក្នុង​មួយ​ខែ​។ ហើយ​នៅ​ក្នុង​ឆ្នាំ​នេះ​ប្រាក់ខែ​កម្មករ​កើន​ដល់ ​១៧០ ​ដុល្លារ​។ រយៈពេល​ដូច​គ្នា​នេះ​ដែរ​ក៏​បាន​បង្ហាញ​នូវ​កំណើន​ប្រាក់​ខែ​ក្នុង​វិស័យ​ផលិតកម្ម​ជាច្រើន បើ​ទោះ​ជា​មិន​បាន​កើន​ឆាប់​រហ័ស​ក្តី​។

អ្នក​វិភាគ​មួយ​ចំនួន​គិត​ថា វិនិយោគិន​បរទេស​នាពេល​បច្ចុប្បន្ន​នេះ​អាច​នឹង​ផ្លាស់ប្តូរ​ទីតាំង​របស់​ខ្លួន​ទៅ​ប្រទេស​វៀតណាម ឬ​មីយ៉ាន់ម៉ា​វិញ​ដោយសារ​តែ​តម្លៃ​ពលកម្ម​ទាប​ជាង​កម្ពុជា​។

យ៉ាង​ណា​មិញ​លំហូរ​ចូល​នៃ​វិនិយោគិន​ជប៉ុន​មក​កាន់​កម្ពុជា​នៅ​តែ​បង្ហាញ​សញ្ញា​វិជ្ជមាន ហើយ​មាន​ការ​បង្ហាញ​ថា​ការ​វិនិយោគ​របស់​រោងចក្រ​ផលិត​របស់​ជប៉ុន​មួយ​ចំនួន​មាន​ការ​កើនឡើង​ជា​លំដាប់​។

កម្មករ​កម្ពុជា​កំពុង​បំពេញ​ការងារ​រោងចក្រ​មួយ​របស់​ជប៉ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ហុង មិនា

Minebea Cambodia ដែល​ជា​ក្រុមហ៊ុន​របស់​ជប៉ុន​ដ៏ធំ​ជាង​គេ​បង្អស់​នៅ​កម្ពុជា បាន​ពង្រីក​នូវ​ដំណើរការ​ផលិត​របស់​ខ្លួន​កាលពី​ឆ្នាំ​មុន​ជាមួយ​នឹង​ទឹកប្រាក់​វិនិយោគ ២៤ ​លាន​ដុល្លារ​ដែល​នឹង​បន្ត​ពង្រីក​លទ្ធភាព​ផលិត​សម្ភារ​ឧបករណ៍​វេជ្ជសាស្ត្រ និង​ឱសថសាស្ត្រ​របស់​ខ្លួន​បន្ថែម​ទៀត​។ ការ​វិនិយោគ​បន្ថែម​នេះ​នឹង​ពង្រីក​រោងចក្រ​របស់​ខ្លួន​ផង​ដែរ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ហើយ​ដែល​អាច​នឹង​បង្កើត​នូវ​ការងារ​ច្រើន​ជាង ១០០០ ​កន្លែង​បន្ថែម​ទៀត​។

Denso Cambodia ដែល​បាន​បើក​ដំណើរការ​រោងចក្រ​ដំបូង​របស់​ខ្លួន​នៅ PPSEZ កាលពី​ឆ្នាំ​ ២០១៣ ​ក៏​មាន​គម្រោង​នឹង​ពង្រីក​រោងចក្រ​ខ្លួន​ផង​ដែរ​។ រោងចក្រ​ផលិត​គ្រឿង​បន្លាស់​រថយន្ត​របស់​ប្រទេស​ជប៉ុន​មួយ​នេះ​ទើប​តែ​បាន​ទទួល​ការ​ឯកភាព​ក្នុង​សាងសង់​នូវ​រោងចក្រ​មួយ​ដែលមាន​តម្លៃ​ ២១,៤០ ​លាន​ដុល្លារ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយ​នេះ ហើយ​ដែល​នឹង​ត្រូវការ​កម្មករ​ ៤០០ ​នាក់​បន្ថែម​ទៀត​។

ជា​ជាង​ស្វែងរក​ប្រទេស​ដែល​មាន​តម្លៃ​ពលកម្ម​ទាប​ជាង​គេ​អ្វី​ដែល​វិនិយោគិន​ជប៉ុន​សម្លឹង​ឃើញ​នោះ​គឺ «​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ការ​អភិវឌ្ឍ​បាន​ល្អ​បំផុត និង​ជំនាញ​របស់​កម្មករ​»​។ នេះ​បើ​យោង​តាម​សម្តី​របស់​លោក Galliano​។

ចំពោះ​ផ្នែក​នេះ​កម្ពុជា​កំពុង​តែ​បោះ​ជំហាន​ទៅ​មុខ បើ​ទោះ​ជា​អ្នក​វិភាគ​សេដ្ឋកិច្ច​ភាគច្រើន​គិត​ថា គួរ​តែ​មាន​តម្លៃ​ពលកម្ម​ខ្ពស់​ជាង​នេះ​ក៏ដោយ​។

តម្លៃ​អគ្គិសនី​ខ្ពស់ គឺជា​បញ្ហា​ចោទ​មួយ​ ប៉ុន្តែ​រោងចក្រ​ផលិត​របស់​ជប៉ុន​មួយ​ចំនួន​បាន​ដោះស្រាយ​បញ្ហា​នេះ​រួច​ហើយ ដោយ​បើក​រោងចក្រ​ក្បែរ​ទល់ដែន​ប្រទេស​ថៃ​ដូចជា​ក្រុង​ប៉ោយប៉ែត​ជា​ដើម​ដែល​ពួកគេ​អា​ចត​ភ្ជាប់​បណ្តាញ​អគ្គិសនី​ពី​ប្រទេស​ថៃ​ដែល​មាន​តម្លៃ​ធូរ​ជាង​កម្ពុជា​។

ហេដ្ឋារចនាសម្ព័ន្ធ​គឺជា​បញ្ហា​មួយ​ទៀត ប៉ុន្តែ​ក៏​មាន​ការ​បោះ​ជំហាន​ទៅ​មុខ​ស្រប​ទៅ​នឹង​ទិសដៅ​សម្រាប់​ដោះស្រាយ​បញ្ហា​នេះ​ផង​ដែរ​។ គម្រោង​ផ្លូវ​ល្បឿន​លឿន​ដែល​ម្ខាងៗ​មាន​ ៤ ​គន្លង​ផ្លូវ​តភ្ជាប់​រវាង​ទីក្រុង​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ​នឹង​មក​ដល់​នាពេល​អនាគត នេះ​បើ​យោង​តាម​មន្ត្រី​ជាន់​ខ្ពស់​នៃ​កំពង់ផែ​កម្ពុជា​។

ភ្នាក់ងារ JICA (Japan International Cooperation Agency) ដែល​ជា​អ្នក​ផ្តល់​ជំនួយ​ដល់​រដ្ឋាភិបាល​ផ្នែក​អភិវឌ្ឍន៍​បាន​យល់​ព្រម​ផ្តល់​កម្ចី​សម្បទាន​ដល់​កម្ពុជា​កាលពី​ឆ្នាំ​មុន​នូវ​ទឹកប្រាក់​ចំនួន​ ២០៩ ​លាន​ដុល្លារ​ដែល​នឹង​ត្រូវ​ប្រើ​សម្រាប់​គម្រោង​សំចត​ទូ​កុងតឺន័រ​ក្នុង​ខេត្ត​ព្រះសីហនុ​ដែល​នឹង​ពង្រីក​អត្ថប្រយោជន៍​បន្ថែម​ទៀត​ដល់​ក្រុមហ៊ុន​នាំ​ចេញ​។

យ៉ាង​ណា​មិញ​កំណើន​តម្លៃ​ពលកម្ម​គឺជា​សញ្ញា​បង្ហាញ​ពី​មហិច្ឆតា​របស់​កម្ពុជា​ក្នុង​ការ​លើក​កម្ពស់​ទីផ្សារ​តម្លៃ​របស់​ខ្លួន​ពី​ការផលិត​ដែល​ប្រើ​កម្មករ​មាន​ជំនាញ​ទាប​ទៅ​ជា​ការ​ផលិត​ដែល​មាន​កម្មករ​ជំនាញៗ​តែ​ម្តង​។

លោក Uematsu មាន​ប្រសាសន៍​​ថា៖ «​បច្ចុប្បន្ន​កម្ពុជា​កំពុង​តែ​បោះ​ជំហាន​ទៅ​មុខ​ដោយ​ផ្តោត​លើ​ការ​ផលិត​ដោយ​មាន​កម្មករ​ជំនាញ​ពិតប្រាកដ​ជា​ជាង​ប្រើ​កម្មករ​ដោយ​សំដៅ​តែ​កម្លាំង​បាយ​មួយ​មុខ​»៕

David Hutt