អង្គការ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ចាប់​ផ្តើម​គាំទ្រ​កម្មវិធី​សិក្សា​ថ្នាក់​ត្រៀម​មត្តេយ្យ និង​ថ្នាក់​មត្តេយ្យ នៅ​តាម​សហគមន៍ ដែល​អនុញ្ញាត​ឲ្យ​កុមារ​រាប់​ពាន់​នាក់​បាន​ចូល​រៀន​នៅ​ក្នុង​វ័យ​ក្មេង​នៃ​ចាប់​ផ្តើម​ការសិក្សា​របស់​ពួក​គេ ជា​ពិសិស គឺ​កុមារ​នៅ​តាម​ទី​ជន​បទ​ដាច់​ស្រយាល​។

លោក Jan Jaap Kleinrensink នាយក​ប្រចាំ​ប្រទេស​កម្ពុជា នៃ​អង្គការ Plan International បាន​ឲ្យ​ដឹងថា អង្គការ​របស់​លោក​គាំទ្រ​កម្មវិធី​អប់រំ​ថ្នាក់​ត្រៀម​មត្តេយ្យ និង​ម​ត្តេ​យ្យ (​កុមារ​តូចៗ) នៅតាម​មូលដ្ឋាន​សហគមន៍​នានា ដែល​សរុប​មាន​កុមារ​ជាង ​១៣ ០០០ ​នាក់ នៅ​ក្រោម​អាយុ ៦​ ឆ្នាំ ក្នុង​នោះ​មាន​នៅ​ខេត្ត​សៀមរាប ត្បូងឃ្មុំ រតនៈគិរី និង​ខេត្ត​ស្ទឹងត្រែង​។ ហើយក៏​មាន​គ្រូ​ស្ម័គ្រ​ចិត្ត​ចំនួន​ជាង​ ៤០០ ​នាក់ ដែល​ត្រូវ​បាន​បង្ហាត់​បង្រៀន​សម្រាប់​កម្មវិធី​សិក្សា​កុមារ​តូចៗ​ទាំង​នោះ​។

លោក​បន្តថា​៖ «​អង្គការ Plan មិន​ត្រឹមតែ​ផ្តល់​ជូន​ការ​សិក្សា​សម្រាប់​កម្រិត​កុមារ​តូច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​ឧបត្ថម្ភ​ដល់​ឪពុក​ម្តាយ​របស់​ពួក​គេ​ទៀត​ផង ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គាត់​អាច​ជួយ​បញ្ជូន​កុមារ​តូចៗ​ទាំង​នោះ​ទៅ​សាលា​ឲ្យ​បាន​រៀង​រាល់​ថ្ងៃ​»​។

លោក​ប្ត​ថា​ ៖ «​យើង​បាន​ចាប់​អារម្មណ៍​នៅ​ខេត្ត​ភាគ​ឥសាន្ត​ប្រទេស​កម្ពុជា ដែល​ទីនោះ​មាន​គំលាត​ច្រើន និង​កុមារ​តូចៗ​អាច​នឹង​ងាយ​ទទួលរង​គ្រោះ និង​ពុំ​បានទទួល​សេវា​អប់រំ​ដូច្នេះ​ទេ​»​។

លោកស្រី Jill Reimer អ្នក​ជំនាញ​ខាង​ការអប់រំ និង​បំណិន​ជីវិត​របស់​​​អង្គការ​ទស្សនៈ​ពិភព​លោក (World Vision Cambodia) បាន​ថ្លែងថា អង្គការ​នេះ​បាន​គាំទ្រ​ដល់​គម្រោង​អប់រំ​កុមារ​តូច​ចំនួន៨៩​សហគមន៍ នៅក្នុង​ខេត្ត ៦​ ដូចជា បន្ទាយ​មានជ័យ​, កំពង់ឆ្នាំង, ព្រះវិហារ​, សៀមរាប​, កំពង់ធំ និង​ខេត្ត​តាកែវ​។ យ៉ាង​ហោច​ណាស់​មាន​កុមារ​តូចៗ ​ប្រមាណ ២ ១០០ ​នាក់ ដែល​ទទួល​បាន​ការ​អប់រំ​នៅ​កម្រិត​ត្រៀម​មត្តេយ្យ និង​មត្តេយ​សិក្សា​។

អង្គការទស្សនៈពិភពលោក បាន​ផ្តល់​ប្រាក់​ចំនួន ៦២៦ ៥៦៦ ​ដុល្លារ​អាមេរិក ដើម្បី​គាំទ្រ​ការ​ដំណើរការ​កម្មវិធី​នេះ​។

លោកស្រី Reimer បន្តថា ​៖ «​ថវិកា​នេះ​គឺ​រួមទាំង​ការ​ឧប្បត្ថម​ដល់​ការ​លើក​ស្តួយ​ស្ថាបនា​ហេដ្ឋា​រចនា​សម្ព័ន​ផង​ដែរ ប៉ុន្តែ​ពុំមែន​ជាការ​សាងសង់​ទាំង​ស្រុង​នោះ ទេ»​។

កាល​ពី​ឆ្នាំ​​ ២០១៧ រដ្ឋាភិបាល​កម្ពុជា បាន​វិភាជន៍​ថវិកា​ជាតិ​ចំនួន ​៦៧៧ ​លាន ឬ​ស្មើនឹង ៣​ ភាគរយ សម្រាប់​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ហើយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ក៏បាន​ចូលរួម​ផ្តល់​ជំនួយ​នៅ​ក្នុង​វិស័យ​អប់រំ​នោះ​ផង​ដែរ​៕