ទិវា​បុណ្យជាតិ (Australia Day) គឺជា​ទិវា​អបអរ​សាទរ​នូវ​ភាព​រុងរឿង​របស់​ប្រទេស​អូស្ត្រាលី និង​ភាព​វិសេស​វិសាល​ក្នុង​នាម​ប្រជាជាតិ​អូស្ត្រាលី។ យើង​អបអរ​សាទរ​ដល់​ប្រវត្តិសាស្ត្រ បេតិកភណ្ឌ តម្លៃ និង​ស្ថាប័ន​របស់​យើង ដែល​បាន​ធ្វើ​ឲ្យ ប្រទេស​អូស្ត្រាលី​មាន​ភាព​ជឿន​លឿន​ដូច​សព្វ​ថ្ងៃ។

នេះ​ជា​ទិវា​មួយ​ក្នុងការ​ចងចាំ និង​សម្តែង​នូវ​ការ​គោរព​ដល់​ជនជាតិ​អូស្ត្រាលី​ដំបូង គឺ​ទាំង​ជន​ជាតិ​ភាគតិច និង​ជនជាតិ​ដើម​មកពី​កោះ Torres Strait។

ឱកាស​ទិវា Australia Day ដ៏​វិសេស​វិសាល​នេះ យើង​អបអរ​សាទរ​ដល់​សហគមន៍​ចម្រុះ​ជាតិ​សាសន៍​របស់​យើង ព្រម​ទាំង​ឱកាស​ក្នុង​ការ​សប្បាយ​រីករាយ​ជាមួយ​នឹង​ក្តី​មោទនៈ​ក្នុង​នាម​ជា «​ប្រទេស​ដែល​មាន​សំណាង​»​មួយ​។ យើង​ប្រារព្ធ​ទិវា​នេះ​ជាមួយ​ក្រុម​គ្រួសារ​ទាំង​នៅ​ស្រុក​កំណើត និង​ក្រៅ​ប្រទេស រួម​ទាំង​ជាមួយ​មិត្ត​ថ្មី និង​មិត្ត​ចាស់​ព្រម​ទាំង​ក្នុង​សហគមន៍​ដែន​កោះ​ជា​ច្រើន​រួម​គ្នា​មួយ​។

ដូច្នេះ​ហើយ ខ្ញុំ​មាន​ក្តី​សោមនស្ស​យ៉ាង​ក្រៃលែង​ក្នុង​ឱកាស​ដែល​យើង​អាច​ប្រារព្ធ​ទិវា Australia Day នេះ​ជាមួយ​មិត្ត​រួមការ​ងារ និង​មិត្តភក្តិ​របស់​យើង​ទាំង​អស់​គ្នា​នៅ​ព្រះរាជា​ណាចក្រ​កម្ពុជា​។

ឆ្នាំ​២០១៧ គឺជា​ឆ្នាំ​មួយ​ដ៏​សំខាន់​ចំពោះ​ការងារ​ដែល​យើង​ធ្វើ​នៅ​កម្ពុជា និង​បណ្តា​ប្រទេស​នៅក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ជាមួយ​នឹង​ការ​បញ្ចេញ​នូវ​ក្របខ័ណ្ឌ Australian Foreign Policy White Paper កាលពី​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ​។

White Paper ជា​ការ​ដាក់​បញ្ចេញ​នូវ​ក្របខ័ណ្ឌ​សម្រាប់​តួនាទី​របស់​ប្រទេស​អូស្ត្រាលី នៅ​ក្នុង​ពិភព​លោក​ដែល​មាន​ការ​ប្រកួត​ប្រជែង​។

វា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ផ្អែកលើ​គុណ​តម្លៃ​ជាតិ​របស់​យើង គឺ​សេរីភាព សមភាព ប្រជាធិបតេយ្យ និង​ការ​គោរព​គ្នា​ទៅវិញ​ទៅមក​។

សម្រាប់​ប្រទេស​អូស្ត្រាលី White Paper ជាការ​ឆ្លើយតប​ទៅ​នឹង​សំណួរ​ ៖ «​តើ​យើង​ចង់​រស់​នៅ​ក្នុង​ប្រទេស និង​ពិភពលោក​ប្រភេទ​ណា​?»

យើង​ចង់​ឲ្យ​បណ្តា​ប្រទេស​នៅ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក មាន​ការ​បើក​ទូលាយ មាន​សុខ​សន្តិ​ភាព និង​​មាន​ការគោរព​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក ហើយ​​​ដែល​សិទិ្ធ​របស់​ប្រទេស​ទាំង​អស់​ត្រូវបាន​គោរព​ទៅវិញ​ទៅមក​ដូចគ្នា​ដែរ​។

យើង​ចង់​ផ្តល់​ឱកាស​ដល់​មុខ​ជំនួញ​របស់​ប្រជាជន និង​ប្រទេស​អូស្ត្រាលី​នៅ​ជុំវិញ​ពិភព​លោក និង​បង្កើន​វិសាលភាព​នៃ​សម្ព័ន្ធភាព​ពាណិជ្ជកម្ម​របស់​ប្រទេស​អូស្ត្រាលី ជាមួយ​ប្រទេស​ដទៃ​ទៀត​។

យើង​ចង់​ឲ្យ​ប្រជាជន​អូស្ត្រាលី​មាន​សុវត្ថិភាព មាន​ការ​ការពារ​បាន​ល្អ និង​ចៀស​ឆ្ងាយ​ពី​ការ​គំរាម​កំហែង​ដូច​ជា​អំពើ​ភេរវកម្ម​ជាដើម​។

យើង​ចង់​លើក​កម្ពស់ និង​ការពារ​បទ​ប្បញ្ញតិ្ត​អន្តរជាតិ​ទាំង​ឡាយ​ដែល​គាំទ្រ​ដល់​ស្ថេរភាព និង​ភាព​សុខ​ដុមរមនា និង​បើក​ទូលាយ​ដល់​ការ​សហប្រតិបត្តិ​ការ​ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​ជុំវិញ​ពិភពលោក​។

យើង​ចង់​បន្ត​ផ្តល់​នូវ​ជំនួយ​អភិវឌ្ឍន៍​ដែល​មាន​ប្រសិទ្ធភាព និង​មាន​គោលដៅ​ច្បាស់​លាស់​ទាំង​ក្នុង​តំបន់​របស់​យើង និង​ក្រៅ​តំបន់​ផង​ដែរ​។

ការងារ​ដែល​យើង​ធ្វើ​នៅ​ប្រទេស​កម្ពុជា មាន​សារៈសំខាន់ និង​ចាំបាច់​ក្នុង​ការ​សម្រេច​បាន​នូវ​គោល​ដៅ​របស់​ប្រទេស​អូស្ត្រាលី ក្នុង​ការ​រក្សា​សុខ​សន្តិភាព ការ​បើក​ទូលាយ ការគោរព​ស្រឡាញ់​គ្នា និង​សម្ព័ន្ធភាព​រវាង​ប្រទេស​ទាំង២​ផង​ដែរ​។

ជាមួយ​នឹង​សម្ព័ន្ធភាព​នេះ យើង​បាន​ជួយ​ប្រទេស​កម្ពុជា​ក្នុង​ការ​សម្រេច​គោលដៅ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ផង​ដែរ។

ជំនួយ​របស់​ប្រទេស​អូស្រា្តលី​គឺ​ប្រកប​ដោយ​គុណភាព​ខ្ពស់ ប្រសិទ្ធភាព និង​លេច​ចេញ​ជា​ផ្លែផ្កា​ល្អ​ផង​ដែរ​។ យើង​កំពុង​តែ​បង្កើន​នូវ​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដែល​ចាំបាច់ ព្រម​ទាំង​បង្កើន​ទិន្នផល​កសិកម្ម និង​ប្រាក់​ចំណូល​របស់​កសិក​រ និង​ការ​ផ្តល់​ជំនួយ​ក្នុងការ​បង្កើន​គុណភាព​នៃ​សុខភាព​ប្រជាជន​ផងដែរ​។

យើង​កំពុង​ផ្តល់​ជំនួយ​ដល់​ក្រុមហ៊ុន​អគ្គិសនី​ចំនួន​១១ និង​ក្រុមហ៊ុន​ទឹក​ស្អាត​ចំនួន​២៦ ដើម្បី​ចែក​ចាយ​ទឹក និង​អគ្គិសនី​ទៅ​កាន់​ទី​ជនបទ​សម្រាប់​​ប្រជាជន​ខ្មែរ​ច្រើន​ជាង​កន្លះ​លាន​នាក់​។

យើង​កំពុង​តែ​ជួយ​ដល់​ការធ្វើ​គម្រោង​ប្រព័ន្ធ​ធារាសាស្ត្រ សម្រាប់​កសិកម្ម ដែល​នឹង​ផ្តល់​ការ​ផ្គត់ផ្គង់​ទឹក​ដែល​មាន​ទំនុក​ចិត្ត ព្រម​ទាំង​តម្លៃ​សមរម្យ​ដល់​កសិករ និង​សហគមន៍​ជាច្រើន​ពាន់​នាក់​ផង​ដែរ​។

យើង​កំពុង​តែ​សហការ​ជាមួយ​ប្រទេស​កម្ពុជា ដើម្បី​ផ្តល់​ជំនួយ​ផ្នែក​សុខាភិបាល​ដល់​ប្រជាជន​ខ្មែរ​ក្រីក្រ​បំផុត​ចំនួន៣​លាន​នាក់ និង​បង្កើត​នូវ​សេវា​សុខភាព ដែល​មាន​គុណភាព​នៅ​ទូទាំង​ប្រទេស​ផងដែរ​។

យើង​កំពុង​តែ​ជំរុញ​ឲ្យ​មាន​ការ​លើកកម្ពស់​ដល់​ជនពិការ និង​ផ្តល់​ជំនួយ​ដល់​កម្មវិធី​បញ្ឈប់​អំពើ​ហិង្សា​លើ​ស្ត្រី​ផង​ដែរ​។

​កាល​ពី​ឆ្នាំ​ទៅ យើង​បាន​បញ្ជូន​អ្នក​ស្ម័គ្រ​ចិត្ត​មក​ពី​ប្រទេស​អូស្ត្រាលី ឲ្យ​សហការ​ជាមួយ​អង្គការ​ក្នុងប្រទេស​កម្ពុជា​។ ហើយ​តាមរយៈ​កម្មវិធី​សហប្រតិបត្តិការ​អង្គការ​អូស្ត្រាលី (Australian NGO Cooperation Program) យើង​បាន​ផ្តល់​ជំនួយ​ថវិកា​ដល់​គម្រោង​ចំនួន​៦៦ ដែល​អង្គការ​ចំនួន ២៦ បាន​អនុវត្ត​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។

ការ​ប្តេជ្ញា​យ៉ាង​មោះមុត​របស់​យើង​ចំពោះ​ការ​ចូលរួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា គឺមាន​ជំនួយ​ពី​លោកស្រី Hon Concetta Fierravanti-Wells មន្ត្រី​របស់​ប្រទេស​អូស្ត្រាលី ផ្នែក​អភិវឌ្ឍន៍​អន្តរជាតិ និង​តំបន់​ប៉ាស៊ីហ្វិក នៅ​ពេល​ដែល​លោកស្រី​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​កាលពី​ខែមីនា​ ឆ្នាំ​២០១៧ កន្លង​ទៅ​។

យើង​បាន​ផ្សារភ្ជាប់​សម្ព័ន្ធភាព​រវាង​ប្រទេស​ទាំង​​២​ឲ្យ​កាន់​តែ​ស្និទ្ធ​ស្នាល​ជាង​មុន​តាមរយៈ​ទំនាក់​ទំនង​រវាង​ប្រជាជន​អូស្ត្រាលី និង​ប្រទេស​កម្ពុជា។

កាលពី​ឆ្នាំមុន យើង​បានផ្តល់​អាហា​រូបករណ៍​ដល់​សិស្ស​កម្ពុជា​ចំនួន​៤៨​រូប ឲ្យ​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​ក្រោម​កម្មវិធី​អាហារូបករណ៍ Australia Awards Scholarships​។

ប្រទេស​កម្ពុជា ក៏​ជា​ទិសដៅ​ដ៏​ពេញ​និយម​បំផុត​ទី​៥ ក្នុង​ផែន​ការ Colombo Plan ដែលមាន​សិស្ស​អូស្ត្រាលី​ចំនួន​៤៤០​នាក់ មក​ទស្សនកិច្ច​នៅ​​ប្រទេស​កម្ពុជា ហើយ​ឆ្នាំនេះ យើង​រំពឹងថា នឹង​កើន​ឡើង​ដល់​៥៣០​នាក់​។

យើង​កំពុង​តែ​ខិតខំ​ក្នុងការ​ធ្វើ​យ៉ាង​ណា​ឲ្យ​តំបន់​របស់​យើង​មានការ​បើក​ទូលាយ និង​មាន​សុខសន្តិ​ភាព​ជាមួយ​នឹង​លំហូរ​នៃ​ការ​វិនិយោគ​មុខ​ជំនួញ​របស់​អូស្ត្រាលី​មក​កាន់​ប្រទេស​កម្ពុជា​។

យើង​កំពុង​តែ​ព្យាយាម​ធ្វើ​ឲ្យ​តំបន់​របស់​យើង​កាន់​​តែមាន​សុវត្ថិភាព​តាមរយៈ​ការសហការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន រួម​ទាំង​ការ​ជួញដូរ​គ្រឿងញៀន ការ​ជួញដូរ​ផ្លូវ​ភេទ​លើ​កុមារ ការ​ជួញដូរ​មនុស្ស ការ​បោក​ប្រាស់ និង​ចោរកម្ម​ឆ្លងដែន​ខុស​ច្បាប់​ផង​ដែរ​។

អន្តោ​ប្រវេសន៍ ការ​ដោះស្រាយ​ជន​ភៀស​ខ្លួន និង​ការ​ការពារ​ព្រំដែន​នៅតែ​ជា​ចំណុច​សំខាន់ៗ​ក្នុង​សម្ព័ន្ធ​ភាព​រវាង​កម្ពុជា និង​អូស្រា្តលី​។

យើង​ក៏​បាន​ចាប់​ដៃគូ​សហការ​ក្នុង​ការ​ពង្រឹង​សន្តិសុខ​ប្រឆាំង​ទៅ​នឹង​អំពើ​ភេរវកម្ម និង​ការ​ឈ្លានពាន​ផ្លូវ​ទឹក​តាម​រយៈ​កម្មវិធី​សហប្រតិបត្តិ​ការ​ការពារ​ជាតិ (Defence Cooerparation Program) របស់​យើង​។

សេនា​ប្រមុខ​រង Ray Griggs ប្រចាំ​ផ្នែក​កងទ័ព​ការពារ​ជាតិ​របស់​អូស្ត្រាលី​បាន​ជួប​ពិភាក្សា​អំពី​រឿងនេះ​នៅ​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កាន់​ប្រទេស​កម្ពុជា​ក្នុង​ខែ​សីហា ឆ្នាំ​២០១៧។

ប្រទេស​អូស្ត្រាលី​កំពុង​តែ​ខិតខំ​យ៉ាង​ស្វិត​ស្វាញ​ក្នុងការ​ធ្វើ​ឲ្យ​តំបន់​របស់​យើង​កាន់​តែមាន​សុវត្ថិភាព កាន់​តែមាន​សក្តានុពល​ភាព និង​កាន់​តែ​សុខដុមរមនា​។

យើង​បាន​ផ្តោត​​ និងបន្ត​ផ្តោតលើ​ការ​លូត​លាស់​ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​យើង​ជាមួយ​នឹង​អត្រា​កំណើន​សេដ្ឋកិច្ច​រយៈ​ពេល ២៦​ឆ្នាំ ជាប់ៗ​គ្នា​។

ក្នុង​ខែ​មីនា ឆ្នាំ​២០១៨ យើង​នឹង​ទទួល​ស្វាគមន៍​ប្រមុខ​ថ្នាក់​ដឹក​នាំ​ពី​បណ្តា​ប្រទេស​ក្នុង​សហគមន៍​អាស៊ាន នៅ​ក្នុង​មហា​សន្និបាត​ពិសេស​រវាង​អាស៊ាន និង​ប្រទេស​អូស្ត្រាលី​។ មហា​សន្និបាត​នេះ​នឹង​លើក​យក​អំពី​សកម្មភាព​មួយ​ចំនួន​ក្នុង​ការ​ដោះស្រាយ​បញ្ហា និង​ស្វែងរក​ឱកាស​សហ​ប្រតិបត្តិការ​ថ្មីៗ​ផង​ដែរ​។

កាលពី​ដើម​ឆ្នាំ​២០១៨​នេះ ប្រទេស​អូស្ត្រាលី​បាន​ឡើង​តំណែង​ថ្មី​ក្នុង​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស​។ យើង​នឹង​ផ្តល់​ដំណោះស្រាយ​ពិសេស​មួយ​សម្រាប់​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ដើម្បី​បង្កើន​សមភាព​យេនឌ័រ សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ការ​គ្រប់គ្រង​ល្អៗ​សម្រាប់​រដ្ឋាភិបាល និង​ស្ថាប័ន​ប្រជាធិបតេយ្យ​ល្អៗ សិទ្ធិ​មនុស្ស​សម្រាប់​ជនជាតិ​ភាគ​តិច និង​ស្ថាប័ន​សិទ្ធិ​មនុស្សជាតិ​ដែល​មាន​សក្តាភាព​បំផុត​។

ទន្ទឹម​នឹង​ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​ភាពជា​អ្នក​ដឹក​នាំ​ក្នុង​ផ្នែក​ទាំង​នេះ យើង​នឹង​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​បណ្តា​ប្រទេស​ទាំង​អស់ រួម​ទាំង​ប្រទេស​កម្ពុជា ប្រកាន់​ខ្ជាប់​នូវ​លទិ្ធ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស​។

នៅ​ក្នុង​ប្រទេស​កម្ពុជា ដូច​គ្នា​នឹង​ក្នុង​ប្រទេស​អូស្ត្រាលី​ដែរ វា​ជា​រឿង​សំខាន់ និង​ចាំបាច់​ដែល​ប្រជាជន​ទាំងអស់​មាន​សិទ្ធិ និង​សិទ្ធិ​សេរីភាព​មូលដ្ឋាន​ពេល​លេញ រួមទាំង​សេរីភាព​ក្នុងការ​បញ្ចេញ​មតិ និង​សេរីភាព​ក្នុង​ការ​ចូលរួម​ផង​ដែរ​។

ការងារ​របស់​យើង​នៅ​ប្រទេស​កម្ពុជា មិន​អាច​ដំណើរ​ការ​ទៅ​បាន​នោះទេ​ប្រសិនបើ​គ្មាន​ការ​ចូលរួម និង​ការ​គាំទ្រ​ពី​សំណាក់​អ្នក​រួម​ការងារ និង​សម្ព័ន្ធ​មិត្ត​អន្តរជាតិ​របស់​យើង​។ យើង​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​សូម​ឆ្លៀត​ឱកាស​នេះ​អញ្ជើញ​អ្នក​ទាំង​អស់​គ្នា ឲ្យ​ចូលរួម​ក្នុង​ការ​អបអរ​សាទរ​ទិវា Australia Day របស់​យើង​!