ជម្រាបសួរ!

ខ្ញុំ​បាទ​មាន​ក្តី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង​ដែល​បាន​ចែករំលែក​សារ​មួយ​នេះ ទៅ​កាន់​ប្រជាជន​កម្ពុជា​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​ខួប​គម្រប់​ទី​ ៦៥ នៃ​កំណើត​ចំណង​សម្ព័ន្ធភាព​ការទូត​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា​។

កាលពី​ថ្ងៃ​ទី​ ៨ ខែ​មករា ឆ្នាំ​ ១៩៥៣ ដែល​រដ្ឋាភិបាល​របស់​ប្រទេស​ទាំង​ ២ បាន​បញ្ជាក់​នូវ​ការ​ប្តេជ្ញា​យ៉ាង​មោះមុត​របស់​ខ្លួន​ ក្នុង​ការ​ចងសម្ព័ន្ធភាព​រវាង​ប្រទេស​ទាំង​​ ២​។

ចាប់​តាំងពី​ពេល​នោះ​មក ប្រជាជន​របស់​យើង​ទាំង​ ២ ​ប្រទេស​បាន​ចម្រុងចម្រើន រាប់អាន ទុកចិត្ត និង​មាន​មិត្តភាព​ដ៏រឹងមាំ​តាមរយៈ​កម្មវិធី ផ្លាស់ប្តូរ​បទពិសោធ និង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ជាច្រើន​។

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ យើង​បាន​សង្កេត​ឃើញ​នូវ​ភាព​ល្អប្រសើរ និង​កាន់តែ​ស្អិតល្មួត​នៃ​ចំណង​មិត្តភាព​របស់​ប្រទេស​ទាំង​ ២ ​យ៉ាង​ឆាប់រហ័ស​។ នេះ​ក៏​ដោយសារ​តែ​កំណើន​នៃ​ការ​វិនិយោគ​របស់​ជប៉ុន​មក​កាន់​ប្រទេស​កម្ពុជា និង​កំណើន​ប្រជាជន​កម្ពុជា​យ៉ាង​គួរ​ឲ្យ​កត់សម្គាល់​រហូត​ដល់​ ៥០ ​ភាគរយ ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន ចាប់​តាំងពី​ក្រុមហ៊ុន​អាកាសចរណ៍ ANA បាន​សម្ភោធ​ជើង​ហោះហើរ​ត្រង់​ពី​ទីក្រុង​តូក្យូ និង​ណារីតា និង​ទីក្រុង​ភ្នំពេញ​ចាប់​តាំងពី​ឆ្នាំ​ ២០១៦ កន្លង​មក​។

ក្នុង​អំឡុង​ខួប​ទី​ ៦៥ ដ៏​គួរ​ឲ្យ​ចងចាំ​ទុក​មួយ​នេះ ស្ថានទូត​ជប៉ុន​ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា និង​ជប៉ុន​ជាច្រើន​បាន​និង​កំពុង​រៀបចំ​ឡើង​នូវ​កម្មវិធី​ផ្លាស់ប្តូរ​បទពិសោធ​ជាច្រើន​នៅ​កម្ពុជា​។ ក្នុង​ចំណោម​កម្មវិធី​ទាំងនេះ ទិវា​បុណ្យ​គីហ្ស៊ូណា ជា​ពិធី​បុណ្យ​ធំ​ជាង​គេ​បង្អស់​ជា​ប្រចាំ​ឆ្នាំ​របស់​ពួកយើង​នៅ​ទី​នេះ​។ ទិវា​បុណ្យ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​ ២២ ​ដល់​ ២៥ ខែ​កុម្ភៈ នៅ​មជ្ឈមណ្ឌល​កិច្ចសហប្រតិបត្តិការ​កម្ពុជា និង​ជប៉ុន (CJCC) ហើយ​ការ​រៀបចំ​នៅ​ឆ្នាំ​នេះ​មាន​ជាពិសេស​គឺ «Beat of Japan»​។

ទិវា​បុណ្យ​នេះ​រួម​មាន​ការ​ប្រគំ​តន្ត្រី​យ៉ាង​ច្រើន​ប្រភេទ តន្ត្រី​ប្រពៃណី «Gagaku» របស់​ជប៉ុន ចម្រៀង​រ៉ុក​ដែល​មាន​ប្រើប្រាស់​ឧបករណ៍​តន្ត្រី​បុរាណៗ ចម្រៀង រឿង​គំនូរ​អេនីម៉េ (anime) និង​ចម្រៀង​ប៉ុប ក៏​ដូចជា​ព្រឹត្តិការណ៍​វប្បធម៌ និង​អប់រំ​ជាច្រើន​ទៀត​ផង​ដែរ​។

ខ្ញុំ​បាទ​ក៏​សូម​ឆ្លៀតឱកាស​នេះ ដើម្បី​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អ្នក​គ្រប់​គ្នា​ដែល​បាន​បញ្ចេញ​មតិ​ខាង​ក្រោម​វីដេអូ​សុន្ទរកថា ជា​ភាសា​ខ្មែរ​របស់​ខ្ញុំ ដែល​មាន​ឈ្មោះ​ថា «60 seconds from the Japanese Ambassador» នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផេក​របស់​ស្ថានទូត​ជប៉ុន កាលពី​ពេល​កន្លង​ទៅ​នេះ​។

យើង​ខ្ញុំ​នឹង​បន្ត​ផលិត​នូវ​វីដេអូ​ស្រដៀងៗ​គ្នា​នេះ ដើម្បី​ឲ្យ​អ្នក​ទាំងអស់​គ្នា​បាន​ដឹង​អំពី​សកម្មភាព​របស់​យើង និង​ណែនាំ​អ្នក​ទាំងអស់​គ្នា​ឲ្យ​ស្គាល់​កាន់តែ​ច្រើន​អំពី​វប្បធម៌​របស់​យើង​។

ខ្ញុំ​បាទ​មាន​ការ​ជឿជាក់​អស់​ពី​ដួង​ចិត្ត​ថា ប្រជាជន​ខ្មែរ​ជាច្រើន​នឹង​រីករាយ​ជាមួយ​កម្មវិធី​របស់​ជនជាតិ​ជប៉ុន​យើង​ខ្ញុំ និង​កម្មវិធី​ថ្មីៗ​ផ្សេង​ទៀត​ក្នុង​ថ្ងៃ​អនាគត ហើយ​នឹង​បន្ត​រឹតចំណង​មិត្តភាព​រវាង​ប្រទេស​ជប៉ុន និង​កម្ពុជា​ឲ្យ​នៅតែ​មាន​ភាព​រឹងមាំ​ជា​និរន្តរ៍​។

យើង​ខ្ញុំ​រង់ចាំ​ជួប​អ្នក​ទាំងអស់​គ្នា​នៅ​ទិវា​បុណ្យ​គីហ្ស៊ូណា និង​កម្មវិធី​ផ្សេងៗ​ជាច្រើន​ទៀត​ក្នុង​ខួប​ឆ្នាំ​ថ្មី​របស់​យើង​នេះ​!

ឯកឧត្តម Hidehisa Hironouchi

​ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​