មជ្ឈមណ្ឌលអប់រំកុមារតូចឈ្មោះថា “Little Kingdoms School” ឬ «សាលារៀន លីតថល ឃីងឌឹម» ដែលប្រសូតឡើងតាមរយៈក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) គ្រោងនឹងបើកទ្វារទទួលសិស្សចាប់ពីអាយុ ២ឆ្នាំ ដល់៥ឆ្នាំ នៅក្នុងខែមីនា ខាងមុខនេះ។ តើនៅសាលារៀន លីតថល ឃីងឌឹម មានអ្វីខ្លះដែលថ្មីប្លែកសម្រាប់កូនៗ របស់មហាជនរស់នៅរាជធានីភ្នំពេញ?
លោក ឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានឱ្យដឹងថា បន្ទាប់ពីទទួលបានជោគជ័យខ្លាំងនៅក្នុងវិស័យអប់រំ គឺ «រហូតដល់ខ្វះកន្លែងឱ្យសិស្សចូលរៀន» តាមរយៈសាលាល្បីៗរបស់ខ្លួនចំនួន៣ គឺ Aii, AiiLC និង AIS កន្លងមក ហើយក៏ស្របទៅនឹងទស្សនវិស័យរបស់ក្រុមហ៊ុនផងនោះទើប «យើងចាប់ផ្តើមបង្កើតជាសាលាមួយទៀត គឺ “Little Kingdoms School” ដែលជាសាលាទារកដ្ឋាន និងក្រោមមត្តេយ្យសិក្សាពេញលក្ខណៈ»។
នៅអំឡុងដើមឆ្នាំ២០១៨នេះ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន កំពុង ត្រៀមបើកទ្វារដំណើរការសាខាសាលាថ្មីដែលជាតម្រូវការខ្ពស់នោះ គឺសាលាទារកដ្ឋាន និងក្រោមមត្តេយ្យសិក្សា (Early Childhood Learning Program) គឺជាកម្មវិធីបណ្តុះបណ្តាលសម្រាប់កុមារពីអាយុ២ឆ្នាំ រហូតដល់អាយុ៥ឆ្នាំ។
តាមគម្រោងរបស់ MJQE ចាប់ពីឆ្នាំ ២០១៨-២០២៤ នឹងបើកសាលា Little Kingdoms School ឱ្យបាន ៩ សាលា នៅទីក្រុងភ្នំពេញ និងសម្រាប់សាលា Aii, AiiLC និង AIS ក៏នឹងពង្រីកសាខាបន្ថែម ១៤សាខាទៀតផងដែរ។
ដោយក្នុងឆ្នាំ ២០១៨ នេះ គឺនឹងចាប់ផ្តើម៤សាលា គឺនៅសាខាទួលគោក សាខាច្បារអំពៅ សាខាម៉ៅសេទុង និងសាខាចោមចៅ/ម៉ៃដា។ លោកឧកញ៉ា ម៉េងលី បន្តថា ទាំងនេះគឺ «ដើម្បីបំពេញតម្រូវការរបស់មហាជនលោកទាមទារឱ្យមានជាពិសេសនៅតាមតំបន់ដែលពិបាកធ្វើដំណើរមក និងឆ្លងកាត់»។
គោលបំណងនៃការបើក Little Kingdoms School ក៏ស្របទៅនឹងផែនការរបស់ក្រសួងអប់រំ យុវជន និងកីឡានាបច្ចុប្បន្ននេះដែលកំពុងជំរុញឱ្យបង្កើនការអប់រំសម្រាប់កុមារតូចៗផងដែរ។
ដោយមានជំនាញជាគ្រូពេទ្យផងនោះ លោកឧកញ៉ា គួច ម៉េងលី បានថ្លែងថា ក្រុមគ្រូពេទ្យគេតែងតែជំរុញឱ្យកុមារចាប់ផ្តើមសិក្សាពីអាយុពី ២-៣ឆ្នាំឡើងទៅ ពីព្រោះតាមការសិក្សារបស់ក្រុមវេជ្ជបណ្ឌិតបានរកឃើញថា កុមារដែលបានចូលរៀននៅវ័យ២-៣ឆ្នាំនេះភាគច្រើន«ធ្វើឱ្យកុមារហ្នឹង រៀនពូកែជាង វៃឆ្លាតជាង ចាប់បានច្រើនជាង និងជោគជ័យជាងនៅពេលអនាគត»។
សាលាក្រោមមេត្តេយ្យសិក្សា និងទារកដ្ឋានបែបនេះ គឺ «យើងបើកជាសាលាតូចៗ និង មានចំនួនបន្ទប់តិច គឺមួយសាខាប្រហែល ៨-១០ ថ្នាក់ហើយក្នុងមួយថ្នាក់មិនអាចដាក់ពួកគាត់ឱ្យលើសពី១៥នាក់ទេ ព្រោះដើម្បីងាយស្រួលថែទាំពួកគាត់ ដែលជាវ័យកំពុងរីកលូតលាស់ផ្នែករាងកាយ និងបញ្ញាស្មារតីផងដែរ។ ម្យ៉ាងទៀតក៏ដើម្បីងាយស្រួលបងរ្កាហានិភ័យផ្សេងៗផងដែរ»។ នេះបើតាមប្រសាសន៍របស់លោកឧកញ៉ា គួច ម៉េងលី។
នៅក្នុងសាលា Little Kingdoms School គឺមិនមែនមានតែថ្នាក់រៀន និងគ្រូបង្រៀននោះទេ គឺមានទាំងផ្នែកថែទាំសុខភាព ផ្នែកអាហារដ្ឋាន កន្លែងហាត់ប្រាណ និងលេងកីឡាផ្សេងៗ អាងហែលទឹក ផ្នែកដឹកជញ្ជូន និងកម្មវិធីទស្សនកិច្ចសិក្សាជាដើម។
និយាយរួមទៅគេឱ្យតម្លៃសាលារៀន គ្រឹះស្ថានសិក្សា សាកលវិទ្យាល័យ និងមជ្ឈមណ្ឌលអប់រំកុមារតូចជាដើមនោះ គឺ «ជាកន្លែងរស់នៅ កន្លែងលូតលាស់ កន្លែងព័ត៌មានវិទ្យា និងកន្លែងធ្វើអាជីវកម្ម វាជា Eco-system មួយដែលពោរពេញដោយសក្តានុពល»។
សាលារៀននីមួយៗ គឺអាស្រ័យលើការគ្រប់គ្រង គុណវុឌ្ឍិ និងទេពកោសល្យរបស់គ្រូបង្រៀនមានគុណភាពប៉ុនណា និងបរិកាសរបស់សាលារៀនមានអំណោយផលយ៉ាងណាសម្រាប់សិស្សានុសិស្ស។
លោក ឡាយ សុភា ជាអនុប្រធាន មជ្ឈមណ្ឌលភាសា អេ អាយ អាយ បានថ្លែងឲ្យដឹងថា ថ្នាក់រៀនត្រូវបាន «រៀបចំតាមស្តង់ដារអាមេរិកាំង ជាមួយនឹងបរិស្ថានថែទាំស្អាត និងធានាសុវត្ថិភាពដល់សិស្សានុសិស្សតូចៗ»។
លោកបានបន្តថា ការបង្រៀនជាភាសាអង់គ្លេស«ដើម្បីធានាថាប្អូនៗអាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញនៅពេលអនាគត»។
លោកបន្ថែមថា គ្រូបង្រៀនមានគុណភាព ជំនាញ និងបទពិសោធជាមួយនឹងបច្ចេកទេសចម្រុះ និង ការច្នៃប្រឌិត ដើម្បីធានាថាសិស្សអាចរៀនបានល្អបំផុត។ «យើងនឹងមានគ្រូបង្រៀន ជនជាតិខ្មែរ និងបរទេស (ភាគច្រើនហ្វីលីពីន)»។
លោកឧកញ៉ា គួច ម៉េងលី បានរំឭកថា នៅប្រទេសកម្ពុជា កាលពី ២ ទសវត្សរ៍មុនគេផ្តោតទៅលើវិស័យហិរញ្ញវត្ថុ ទសវត្សរ៍ថ្មីនេះគេផ្តោតលើវិស័យអប់រំ និងទសវត្សរ៍បន្តទៀតគេនឹងផ្តោតទៅលើវិស័យសុខាភិបាល និងវិស័យផ្សេងៗបន្តទៀត។
លោកបន្ថែមថា ៖ «ឆ្នាំ ២០១៨-២០២៨ កំណើននៃវិស័យអប់រំនឹងកើនឡើងហួសពីការគិតទុក ប៉ុន្តែពុំទាន់បំពេញបាននូវតម្រូវការនៅឡើយទេ» ព្រោះប្រទេសកម្ពុជាយើងជាប្រទេសកំពុងអភិវឌ្ឍន៍។
«វិស័យអប់រំនៅកម្ពុជា កំពុងមានការអភិវឌ្ឍ និងការប្រកួតប្រជែងប្រកបដោយភាពវិជ្ជមានដើម្បីគុណភាព គឺយើងមិនប្រកួតប្រជែងយកឈ្នះចាញ់ក្នុងការធ្វើជំនួញនោះទេ»។ ទាំងសាលាឯកជនរួមទាំងសាលារដ្ឋ វិស័យឯកជន និងសាលាអន្តរជាតិ ពួកគេកំពុងដណ្តើមយកការគាំទ្រតាមរយៈគុណភាពជាចម្បង៕