សិស្សសាលា​បឋម​សិក្សា​ថ្នាក់​ទី ​៤ ជនជាតិ​សិង្ហ​បុរី បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​២ ក្នុង​ការ​ប្រឡង​ប្រជែង​លក្ខណៈ​អន្តរជាតិ​មួយ​ដើម្បី​វាស់​ស្ទង់​កម្រិត​សមត្ថភាព​ក្នុង​ការ​អាន ដោយ​មាន​សិស្ស​មកពី​តំបន់​នានា​ចំនួន៥៨​រូប ចូលរួម​ការ​ប្រឡង​នេះ​។

លទ្ធផល​របស់ Progress in International Reading Literacy Study (PIRLS) ដែល​ចេញ​ផ្សាយ​កាលពី​ខែ​មុន បាន​រក​ឃើញ​ថា សិស្ស​ខាង​លើ​បាន​យក​ឈ្នះ​ដៃគូ​ប្រកួត​មក​ពី​បណ្តា​ប្រទេស​នានា​ក្នុង​ការ​ស្រាវជ្រាវ​អត្ថបទ​តាម​រយៈ​ប្រព័ន្ធ​អន​ឡាញ​។

សិស្ស​សិង្ហ​បុរី​បាន​ជាប់​ចំណាត់​ថ្នាក់​កំពូល ដោយ​បាន​នាំ​មុខ​សិស្ស​មក​ពី​តំបន់ និង​ប្រទេស​ចំនួន​ ១៣ ដែល​រួម​មាន​ទាំង​សហរដ្ឋ​អាមេរិក​ផង​ដែរ លើ​ការ​ប្រកួត​តាម​អន​ឡាញ ដែល​គេ​តម្រូវ​ឲ្យ​ពួក​គេ​ឆ្លើយ​សំណួរ​ទាក់ទង​នឹង​ព័ត៌មាន​លើ​គេហទំព័រ​។

នេះ​គឺជា​លើក​ដំបូង​ហើយ​ដែល​កម្មវិធី​នេះ​ធ្វើ​ឡើង​ក្នុង​រយៈពេល ៥​ ឆ្នាំ​ម្តង ចាប់​តាំង​ពី​ឆ្នាំ​ ២០០១ ដែល​បាន​រួម​បញ្ចូល​ផ្នែក​មួយ​ក្នុង​ការ​វាយ​តម្លៃ​សមត្ថភាព​របស់​សិស្ស​ទាក់​ទង​នឹង​ការ យល់​ដឹង​ពី​ព័ត៌មាន​លើ​បណ្តាញ​អ៊ីនធឺណិត ដើម្បី​តាម​ដាន​ពិនិត្យ​មើល​នូវ​ការ​ផ្លាស់​ប្តូរ​និន្នាការ​របស់​សិស្ស​ក្មេងៗ​ក្នុងការ​ប្រើប្រាស់ និង​ទទួល​បាន​ព័ត៌មាន​ក្នុង​សម័យ​ឌីជីថល​នេះ​។

សិស្ស​ប្រហែល ៦៥០០​ នាក់ មកពី​បណ្តា​សាលា​បឋម​សិក្សា​ចំនួន ១៧៧ បាន​ចូលរួម​ការ​ប្រឡង​នេះ​ កាលពី​ឆ្នាំ ​២០១៦ ខណៈ​មាន​សិស្ស​សរុប​ច្រើន​ជាង ៣១៩ ០០០​ នាក់​ទូទាំង​ប្រទេស​ដែល​បាន​ចូលរួម​។

សិស្ស​មកពី​ប្រទេស​រុស្ស៊ី បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១ ក្នុង​ការ​ប្រកួត​ជា​មួយ​សិស្ស​មកពី​តំបន់​ចំនួន​ ៥៨ នៅ​ក្នុង​វគ្គ​នេះ ខណៈ​សិស្ស​មកពី​ទីក្រុង​ហុងកុង ជាប់​លេខ​ ៣ អៀរ​ឡង់​ជាប់​លេខ​ ៤ និង​ហ្វាំង​ឡង់​ជាប់​លេខ ​៥​។

សិង្ហ​បុរី ជាប់​ចំណាត់​ថ្នាក់​លេខ​៤ ក្នុងការ​ប្រកួត​ក្នុង​កម្ម​វិធី​នេះ​កាលពី​ឆ្នាំ​២០១១ ដោយ​នៅ​ពេល​នោះ​មាន​សិស្ស​មកពី​តំបន់​ចំនួន ៤៥ ចូលរួម​ប្រកួត​។

ការ​ប្រឡង​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី International Association for Evaluation of Educational Achievement បាន​វាយ​តម្លៃ​ចំពោះ​ការអាន និង​សមត្ថភាព​ក្នុង​ការ​យល់​ដឹង​របស់​សិស្ស ក៏​ដូច​ជា​ការ​ផ្គុំ​ព័ត៌មាន និង​ការ​សន្និដ្ឋាន​អត្ថបទ​។ សិស្ស​ទទួល​បាន​អត្ថបទ​សម្រាប់​អាន​ចំនួន​២ ដែល​ជា​រឿង​ប្រឌិត​បែប​រៀបរាប់ ក៏​ដូច​ជា​អត្ថបទ​ដែល​ផ្អែក​លើ​ព័ត៌មាន ព្រម​ទាំង​អត្ថបទ​សារព័ត៌មាន​ផងដែរ ហើយ​ពួក​គេ​ត្រូវ​ឆ្លើយ​នឹង​សំណួរ​ពហុ​ជ្រើសរើស និង​សំណួរ​ដែល​តម្រូវ​ឲ្យ​ឆ្លើយ​ដោយ​ការ​សរសេរ​លើ​ក្រដាស​ផង​ដែរ​។

សិស្ស​សិង្ហ​បុរី ច្រើន​ជាង ​១​ ភាគ ​៤ ឬ ​២៩ ​ភាគរយ បាន​ឈ្នះ​ពិន្ទុ​លំដាប់ ​«កំពូល» ដែលជា​កម្រិត​ដ៏​ខ្ពស់​បំផុត​មួយ​នៃ​សមិទ្ធផល​ក្នុង​ការ​សិក្សា​ក្នុង​ឆ្នាំ​សិក្សា​ ២០១៦ ដែល​ស្រដៀង​គ្នា​ទៅ​នឹង​លទ្ធផល​សិក្សា​ឆ្នាំ ​២០១១ ផង​ដែរ​។ ចំនួន​សមាមាត្រ​អន្តរជាតិ​នៃ​សិស្ស​ដែល​មាន​អាយុ​ស្របាលៗ​គ្នា​នេះ គឺ​មាន​ចំនួន​តែ​១០​ភាគរយ ប៉ុណ្ណោះ​។

ក្រសួង​អប់រំ បាន​កោត​សរសើរ​ដល់​ភាព​ល្អ​ប្រសើរ​របស់​សិង្ហ​បុរី​ក្នុងការ​ផ្លាស់​ប្តូរ​នូវ​វិធី​នៃ​ការ​បង្រៀន​ភាសា​អង់គ្លេស​នៅ​តាម​សាលា​កាលពី​អំឡុង​ពេល​ប៉ុន្មាន​ទសវត្សរ៍​មុន ដូចជា​ការណែ​នាំ​នូវ​យុទ្ធសាស្ត្រ​សម្រាប់​ការ​រៀន និង​​ការអាន​ភាសាង​អង់​គ្លេ​ស ហៅ​កាត់ Stellar (Strategies for English Language Learning and Reading)​។

ជាមួយ​នឹង​យុទ្ធសាស្ត្រ​នេះ វេយ្យាករណ៍ និង​វាក្យ​ស័ព្ទ​ត្រូវ​បាន​បង្រៀន​តាម​រយៈ​រឿង​និទាន និង​អត្ថបទ​សម្រាប់​កុមារ​ជាង​សៀវភៅ​រៀន និង​សន្លឹក​កិច្ចការ។

លោក Sng Chern Wei នាយករង ផ្នែក​កម្មវិធី​សិក្សា​ចំណេះ​ដឹង​ទូទៅ នៃ​ក្រសួង​អប់រំ បាន​ថ្លែងថា​៖ «​យើង​ពិត​ជា​មាន​ក្តី​រំភើប​ក្រៃលែង​ដែល​យុទ្ធសាស្ត្រ​កម្មវិធី​សិក្សា​ដូចជា Stellar កំពុង​ត្រូវ​បាន​ប្រើ​ប្រាស់ និង​លទ្ធផល​ក្នុង​បរិបទ​ដ៏​សម្បូរ​បែប​ក្នុង​ប្រទេស​យើង​នេះ​បាន​បង្ហាញ​នូវ​ភាព​ជោគជ័យ​»​។

សិស្ស​ដែល​ខ្សោយ​ជាង​នេះ​ក៏​បាន​បង្ហាញ​ពី​សមត្ថភាព​នៃ​ការ​យល់​ដឹង​កាន់​តែ​ល្អ​ប្រសើរ​ផងដែរ​។

មាន​តែ​សិស្ស ៣​ភាគរយ​ប៉ុណ្ណោះ ដែល​បាន​ទទួល​ពិន្ទុ «​ទាប​» ក្នុង​ការ​អាន​កាលពី​ឆ្នាំ​២០១៦ កន្លង​ទៅ នេះ​បើ​ប្រៀប​ធៀប​ទៅ​នឹង​សិស្ស​១៤​ភាគរយ​ទៀត ដែល​បាន​ឆ្លង​កាត់​គ្រប់​ប្រព័ន្ធ​អប់រំ​។

កាល​ពី​ឆ្នាំ​ ២០១១ ចំនួន​សមាមាត្រ​របស់​សិស្ស​សិង្ហ​បុរី ដែល​មាន​អាយុ​ស្របាល​គ្នា​នេះ​ក៏មាន​ចំនួន​៣​ភាគរយ​ផង​ដែរ ប៉ុន្តែ​តួលេខ​នេះ​មាន​ចំនួន​ដល់​ទៅ​១០​ភាគរយ កាលពី​ឆ្នាំ​២០០១​។

លោក​ស្រី Sofia Gita Parkash ប្រធាន​នាយកដ្ឋាន​ភាសា​អង់គ្លេស​នៅ​សាលា Fairfield Methodist Primary School បាន​និយាយ​ថា ខ្លួន​បាន​ផ្សារ​ភ្ជាប់​កូន​សិស្ស​កម្រិត​លើ​បឋមសិក្សា​ជាមួយ​សិស្ស​ដែល​ស្ថិត​នៅ​កម្រិត​ទាប​ជាង​នេះ​ដើម្បី​ជួយ​ពួកគេ​លើ​ការអាន​។ សិស្ស​ក៏ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ជួយ​ដល់​សិស្ស​ដែល​មក​ទស្សនកិច្ច​នៅ​សាលា និង​សរសេរ​អត្ថបទ​ផងដែរ​។

លោក​ស្រី​ថ្លែងថា​៖ «​យើង​ចង់​ឲ្យ​សិស្ស​រៀន​អំពី​ការ​គោរព ការ​ប្រើប្រាស់​ភាសា ការ​ដោះស្រាយ​ស្ថាន​ការណ៍​​ផ្សេងៗ​គ្នា និង​ការ​រស់នៅ​ជាមួយ​វប្បធម៌ និង​បរិបទ​»​។

របាយការណ៍​របស់ PIRLS ក៏បានរក​ឃើញថា សិស្ស​ដែល​ឪពុក​ម្តាយ​ជួយ​ជំរុញ​​ឲ្យ​ពួកគេ​ចូលរួម​ក្នុង​សកម្មភាព​នានា ដូចជា​ការ​អាន ការ​និយាយ​ពី​ក្មេងៗ ឬ​ច្រៀង​ទៅកាន់​ពួកគេ នឹងធ្វើ​ឲ្យ​ពួក​គេ​មាន​សមត្ថភាព​ប្រសើរ​ជាង​ក្មេងៗ​ដែល​មិន​បាន​ឆ្លងកាត់​បទពិសោធ​ទាំង​អស់​នេះ។

សិស្ស​ថ្នាក់​ទី​៦ ឈ្មោះ Nathaniel Tan អាយុ​១១​ឆ្នាំ ដែលមាន​ឪពុក​អាយុ​៤៤​ឆ្នាំ ជា​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ទូរគមនាគមន៍​មួយ​ដែល​តែងតែ​អាន​ឲ្យ​គាត់​ស្តាប់​ជា​រៀងរាល់ថ្ងៃ​តាំងពី​គាត់​នៅ​ក្មេង បាន​និយាយថា​៖ «​ឲ្យ​តែ​ពេល​ណា​ខ្ញុំ​ទំនេរ ខ្ញុំ​អាន​ជានិច្ច​»​។

អ្នក​នាង Kam Sook Wei អាយុ​ ៣៥​ ឆ្នាំ តែងតែ​អាន​ជា​រៀងរាល់​ថ្ងៃ​ឲ្យ​កូន​ស្រី​រៀន​នៅ​ថ្នាក់​ទី​២ និង​កូនប្រុស​នៅ​ថ្នាក់​មត្តេយ្យ​កម្រិត​ ២ ស្តាប់​តាំងពី​ពួក​គេ​មាន​អាយុ​៤​ខែ​មកម្ល៉េះ​។ អ្នកនាង​បាន​និយាយថា​ ៖ «​ខ្ញុំ​អាន​ឲ្យ​ពួក​គេ​ស្តាប់​ជា​រៀងរាល់​យប់ មិន​ថា​ពួកគេ​ស្តាប់ ឬ​មិន​ស្តាប់​នោះទេ​»។

អ្នក​នាង Kam ដែលជា​ម្ចាស់​មុខ​ជំនួញ​មួយរូប​នោះបាន​បន្តថា ​៖«​នៅ​ក្នុង​ឡាន ខ្ញុំ​ចាក់​សំឡេង​ឲ្យ​ពួក​គេ​ស្តាប់ និង​បើក​​ប៉ុស្តិ៍ BBC ឲ្យ​ពួក​គេ​ស្តាប់​ផង​ដែរ»​៕

Amelia Teng

The Strait Times