ជាច្រើនទសវត្សរ៍មកហើយដែលឯកសារអប់រំនៅក្នុងប្រទេសកម្ពុជា ត្រូវបានគេចាត់ទុកថា មានការខ្វះខាតគ្រប់ភូមិសិក្សា ជាពិសេសប្រភេទសៀវភៅឬឯកសារអប់រំសម្រាប់កុមារតូចក្រោមអាយុ ៥ ឆ្នាំ គឺស្ទើរតែពុំមានតែម្តង ហើយស្ថិតក្នុងសម័យបច្ចេកវិទ្យាឌីជីថលសព្វថ្ងៃនេះទៀតសោត ដែលអ្វីៗទាំងអស់ត្រូវបានគេដាក់បញ្ចូលទៅប្រព័ន្ធកុំព្យូទ័រ ឬក៏ស្មាតហ្វូនក៏ពិតមែនក៏ប៉ុន្មានឆ្នាំចុងក្រោយនេះគេឃើញមានលេចចេញនូវសៀវគំនូររូបភាពផ្សេងៗ មួយចំនួនតិចត្រូវបានគេបោះពុម្ពផ្សាយជាបណ្តើរៗ សម្រាប់ជួយទ្រទ្រង់ដល់ការអប់រំសិក្សាកុមារកម្រិតមត្តេយ្យសិក្សាចុះក្រោម ។
អ្នកនាង តាន់ ពន្លឹក អាជីវករលក់សៀវភៅគ្រប់ប្រភេទ នៅក្នុងផ្សារអូប្ញស្សីតូបលេខ៧៦ និង៥៥ និងជាម្ចាស់បណ្តាគារតាព្រហ្ម បានថ្លែងថា មុខរបរលក់សៀវភៅនាពេលនេះពិបាកជាងមុនឆ្ងាយណាស់ ព្រោះ «អត់សូវមានអ្នករកទិញសៀវភៅដូចកាលពីមុនទេ»។
ប៉ុន្តែអ្នកនាងថា ចេះតែបន្តប្រកបរបរនេះទៅព្រោះក្រុមគ្រួសារមានតែមុខរបរនេះ និងថែមទាំងបានចុះទុនដើម្បីបោះពុម្ពសៀវភៅ ៤-៥ ចំណងជើងសម្រាប់លក់ទៀតផង «ដល់អីចឹងទៅយើងនៅតែតស៊ូក្នុងមុខរបរនេះតទៅទៀត»។
ក្នុងចំណោមសៀវភៅដែលក្រុមគ្រួសារអ្នកស្រឡាញ់សៀវភៅរូបនេះបានបោះពុម្ពលក់ ក៏មានសៀវភៅចំនួន៣ចំណងជើង សម្រាប់ជួយទ្រទ្រង់ដល់ការចាប់ផ្តើមការសិក្សារៀនសូត្ររបស់កុមារតូចក្រោមអាយុ៥ឆ្នាំ ផងដែរ។ ដូចជា សៀវភៅរៀនស្រះ, សៀវភៅរៀនព្យញ្ជនៈ, និងសៀវភៅរៀនលេខ ដោយបោះពុម្ពជាព័ណ៌ធម្មជាតិ មានលាយឡំដោយរូបភាព រូបគំនូរ មនុស្ស សត្វ រុក្ខជាតិ សម្ភារៈប្រើប្រាស់ផ្សេងៗ និងម្ហូបអាហារជាដើមនោះ វា«អាចជាគ្រឿងចំណាប់អារម្មណ៍សម្រាប់កុមារតូចៗ នៅពេលដែលពួកគាត់បើកសៀវភៅនេះមើល» នេះបើតាមការអះអាងរបស់អ្នកនាង ពន្លឹក។ សៀវភៅ ៣ ចំណង ជើងសម្រាប់កុមារតូចៗនេះបានបោះពុម្ពកាលពីឆ្នាំ ២០១៧ និងមានលក់នៅតាមបណ្ណាគារជាច្រើននៅក្រុងភ្នំពេញ តម្លៃមួយក្បាល ១ដុល្លារ។
លោក ហុក សុធិ (HOK Sothi) នាយកអង្គការ Sipar ដែលជាគ្រឹះស្ថានបោះពុម្ពផ្សាយឯករាជ្យផ្តោតលើឯកសារ និងសៀវភៅអប់រំមួយចំនួន បានថ្លែងថា ក្រោមកិច្ចសហការផ្នែកបច្ចេកទេសពីក្រសួងអប់រំ យុវជន និងកីឡា អង្គការរបស់លោកបានចងក្រង និងបោះពុម្ពផ្សាយសៀវភៅសម្រាប់ជាជំនួយស្មារតីដល់សិស្សានុសិស្សជាច្រើនប្រភេទ ហើយក្នុងរយៈពេល២-៣ឆ្នាំចុងក្រោយនេះ ក៏មានទាំងសៀវភៅសម្រាប់កុមារតូចខ្លះដែរ។
លោក សុធិ បន្តថា សៀវភៅរូបភាពអំពី ដងខ្លួនមនុស្ស មុខរបរ អំពីសត្វ ធម្មជាតិ និងរូបភាពជុំវិញខ្លួនជាដើម ដោយសៀវភៅទាំងនោះបោះពុម្ពដោយពណ៌ធម្មជាតិ និងសម្រាប់កុមារចាប់ពីអាយុ ៣ឆ្នាំឡើង។ គ្រប់ៗចំណងជើងសៀវភៅរបស់អង្គការ Sipar «មានបង្កប់ទៅដោយខ្លឹមសារគរុកោសល្យសម្រាប់ការអប់រំច្រើន ហើយក៏ទាមទារឲ្យ ឪពុក-ម្តាយ អាណាព្យាបាល ឬបងៗជួយសហការដើម្បីបើកសៀវភៅនោះមើល បង្ហាត់បង្ហាញដល់កុមារតូចៗ ដោយដាក់ពួកគេនៅលើកៅអី ឬ លើភ្លៅ រួចបើកសៀវភៅឲ្យកុមារនោះមើលមួយទំព័រម្តងៗដើម្បីបង្ហាញពីរូបភាព ប្រាប់ពីឈ្មោះ អក្សរ និងប្រកបអក្សរតិចៗដើម្បីឲ្យកុមារតូចៗរៀនកត់ចំណាំបន្តិចម្តង»។
ជាគរុកោសល្យនៃការអប់រំសិក្សារៀនសូត្រ គឺកុមារតូចត្រូវចាប់ផ្តើម «រៀនសូត្រពីការមើល អំពីបុរេនៃរូបភាព បុរេនៃអំណាន និងបុរេនៃសំណេរជាដើម» នេះបើតាមសម្តីរបស់លោក សុធិ។ បន្ទាប់មក «ការងារសំខាន់នៅកម្រិតមត្តេយ្យសិក្សា គឺពុំមែនឲ្យកុមារតូចៗនោះចាប់ផ្តើមដោយការរៀនអក្សរ ឬលេខ នោះទេ គឺនៅតែផ្តោតលើការលេង កម្សាន្ត សប្បាយ មើល ស្តាប់... ប៉ុន្តែបង្កប់ទៅដោយខ្លឹមសារអប់រំតិចៗ»។
«លុះដល់គេ(កុមារតូច)មានទម្លាប់ឃើញសៀវភៅ អក្សរ រូបភាព ហើយគេក៏ចាប់ផ្តើមមានការចំណាំតិចៗ រហូតដល់ពេលគេចូលរៀន(នៅថ្នាក់បឋមសិក្សា) ពួកគេនឹងឆាប់ចាប់បានមេរៀនជាងកុមារដែលពុំបានចូលរៀននៅកម្រិតក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា» នេះបើតាមការបញ្ជាក់របស់លោក សុធិ។
លោកបានឲ្យដឹងថា នាអំឡុងពេល ២-៣ ឆ្នាំ ចុងក្រោយនេះប្រហែលមានមាតាបិតា និងអាណាព្យាបាលច្រើនបានចាប់ផ្តើមទិញសៀវភៅសម្រាប់កុមារតូច ព្រោះសៀវភៅខ្លះរបស់ Sipar ត្រូវបានលក់អស់ ក្រោយពីការដាក់ផ្សព្វផ្សាយនៅតាមបណ្ណាល័យរបស់អង្គការ Sipar ជាង ៣០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា។ ចំណងជើងសៀវភៅមួយចំនួនត្រូវបានលក់អស់នៅលើទីផ្សារ ហើយអង្គការនេះក៏បានបោះពុម្ពជាលើកទី២ បន្ថែមតាមតម្រូវការ៕