Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - សាលា Learning Jungle ពី​ប្រទេស​កាណាដា ចាប់​ផ្តើម​ជោគ​ជ័យ​នៅ​កម្ពុជា

កម្មវិធី​ប្រកួត​ប្រជែង​សាកល្បង​ចំណេះ​ដឹង​ផ្សេងៗ​សប្បាយៗ​របស់​ក្រុម​សិស្សា​នុ​សិស្ស​នៅ​សាលា Learning Jungle កាល​ពី​ពេល​ថ្មីៗ​កន្លង​មក​នេះ។
កម្មវិធី​ប្រកួត​ប្រជែង​សាកល្បង​ចំណេះ​ដឹង​ផ្សេងៗ​សប្បាយៗ​របស់​ក្រុម​សិស្សា​នុ​សិស្ស​នៅ​សាលា Learning Jungle កាល​ពី​ពេល​ថ្មីៗ​កន្លង​មក​នេះ។ រូបថត សហការី

សាលា Learning Jungle ពី​ប្រទេស​កាណាដា ចាប់​ផ្តើម​ជោគ​ជ័យ​នៅ​កម្ពុជា

រយៈ​ពេល ៩ ខែ​នៃ​ការ​បើក​ឲ្យ​ដំណើរការ​របស់​សាលា Learning Jungle (លើននីង ចាំងហ្គល) នៅ​កម្ពុជា គឺជា​ពេល​វេលា​ដ៏​ក្មេង​ខ្ចី​មួយ​សម្រាប់​ការ​ចាប់​ផ្តើម​ប្រតិបត្តិការ​លើ​ថ្នាល​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ចាប់​ពី​កម្រិត​ដំបូង​កម្រិត​មត្តេយ្យ និង​ត្រៀម​បន្ត​ដល់​កម្រិត​បឋម​សិក្សា​នៅ​ជំហាន​ជា​បន្ដ​បន្ទាប់​របស់​ខ្លួន។

លោក លី វីរៈ សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​របស់​សាលា Learning Jungle បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​រយៈ​ពេល​ចាប់​ផ្តើម​បើក​ដំណើរការ​សាលា​កាល​ពី ខែ​មករា ឆ្នាំ​២០១៤ រហូត​មក​ដល់ ខែ​កញ្ញា នេះ «សាលា​របស់​យើង​ទទួល​បាន​កូន​សិស្ស​ចំនួន ៩០ ភាគ​រយ​នៃ​ចំណុះ​ថ្នាក់​រៀន​សរុប​របស់​យើង។ នេះ​គឺជា​ជំហាន​ជោគជ័យ​ធំ​មួយ​របស់ Learning Jungle សាខា​ប្រចាំ​នៅ ប្រទេស​កម្ពុជា»។

លោក វីរៈ បាន​ឲ្យ​ដឹង​ថា សាលា Learning Jungle មាន​សាខា​ដើម​របស់​ខ្លួន​នៅ ប្រទេស​កាណាដា ចាប់​តាំង​ពី​រយៈ​ពេល​ជាង ៣០​ឆ្នាំ មក​ហើយ។ រហូត​មក​ទល់​ពេល​នេះ​នៅ ប្រទេស​កាណាដា គេ​បាន​ពង្រីក​សាខា​របស់​ខ្លួន​រហូត​ដល់ ៧ ទីតាំង​ធំៗ​នៅ​ដាច់ៗ​ពី​គ្នា។ ក្នុង ឆ្នាំ​២០០៦ សាលា Learning Jungle ត្រូវ​បាន​ពង្រីក​សាខា ទី១ របស់​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ជា​លើក​ដំបូង គឺ​នៅ ប្រទេស​ហ្វីលីពីន ហើយ​មក​ទល់​ពេល​នេះ​ពង្រីក​បាន​ចំនួន ២ សាខា​នៅ​ទីនោះ។ កាល​ពី​ចុង ឆ្នាំ​២០១៣ សាលា​ក៏​បាន​ពង្រីក​សាខា​របស់​ខ្លួន​ចូល​ទៅ រដ្ឋ​កាលីហ្វ័រនីញ៉ា នៃ​សហរដ្ឋ​អាមេរិក។ ចំណែក​នៅ ប្រទេស​កម្ពុជា Learning Jungle បាន​បើក​សាខា ទី១ របស់​ខ្លួន​កាល ខែ​មករា ឆ្នាំ​២០១៤ កន្លង​មក​ថ្មីៗ​នេះ។

លោក​បាន​ពន្យល់​ថា ឈ្មោះ​សាលា Learning Jungle គឺ​ជា​ឈ្មោះ​របៀប​ការ​យល់​ដឹង​តាម​ទស្សន​វិស័យ​របស់​ប្រជាជន​នៅ​បណ្តា​ប្រទេស​ជឿន​លឿន គឺ​ពួកគេ​ចង់​បញ្ជាក់​អំពី​ទីកន្លែង និង​ការ​អប់រំ​សម្រាប់​កុមារ។

លោក​បាន​ពន្យល់​ថា៖«សិស្ស​កុមារ​តូចៗ​ដែល​ចូល​មក​រៀន​នៅ​សាលា Learning Jungle គឺ​ចាប់​ពី​អាយុ ១៨ ខែ​រហូត​ដល់​អាយុ ៦​ឆ្នាំ»។ នៅ​ទី​នេះ​យើង​មាន​ថ្នាក់​រៀន​សម្រាប់​កម្រិត បឋម​សិក្សា គឺ​សម្រាប់​កុមារ​ដែល​មាន​អាយុ​ចន្លោះ​ពី ៤​ឆ្នាំ រហូត​ដល់ ៦​ឆ្នាំ។ ចំណែក​ថ្នាក់​សម្រាប់​កម្រិត​ត្រៀម​បឋម​សិក្សា គឺ​សម្រាប់​កុមារ​ចាប់​ពី​អាយុ ៣-៤​ឆ្នាំ ហើយ​ក៏​មាន​មជ្ឈមណ្ឌល​ថែរក្សា និង​បង្រៀន​កុមារ​តូចៗ​ផង​ដែរ គឺ​ចាប់​ពី​កុមារ​មាន​អាយុ ១ ឆ្នាំ​កន្លះ​ឡើង​ទៅ។

«រាល់​កម្មវិធី​សិក្សា​ការ​រៀបចំ​ថ្នាក់​រៀន និង​ការ​បំពាក់​សម្ភារ​ឧបទេស​សម្រាប់​សិស្ស​នៅ Learning Jungle ប្រចាំ​ប្រទេស​កម្ពុជា គឺ​យើង​បាន​គោរព​ទៅ​តាម​បទដ្ឋាន​របស់ Learning Jungle នៅ ប្រទេស​កាណាដា ទាំង​អស់» នេះ​បើ​តាម​ប្រសាសន៍​របស់​លោក វីរៈ។ «នៅ​ភ្នំពេញ យើង​មាន​នាយិកា​សាលា គឺ​អ្នក​ស្រី Brigitte Miller គាត់​ទទួល​បាន​សញ្ញាបត្រ​ផ្នែក​អប់រំ​កុមារ និង​ផ្នែក​ថែទាំ​កុមារ​តូចៗ ពី​រដ្ឋាភិបាល​កាណាដា ហើយ​គាត់​មាន​ទេព​កោសល្យ និង​បទ​ពិសោធ​ក្នុង​ការ​បង្រៀន​កុមារ​តូចៗ​អស់​រយៈ​ពេល​ជាង ៣០​ឆ្នាំ នៅ​សាលា Learning Jungle ឯ ប្រទេស​កាណាដា ផ្ទាល់​តែ​ម្តង»។

លោក វីរៈ បន្ត​ថា៖ «តួនាទី​ជា​នាយិកា​របស់​អ្នក​ស្រី Brigitte នៅ​សាលា Learning Jungle កម្ពុជា គឺ​គាត់​ទទួល​បន្ទុក​គ្រប់​គ្រង​ដល់​គ្រូ​របស់​យើង​ទាំង​អស់​ព្រម​ទាំង​បង្ហាត់​បង្រៀន​អំពី​បទ​ពិសោធ និង​ទេព​កោសល្យ​នានា​ដល់​គ្រូៗ​របស់​យើង​ទៅ​តាម​កាលវិភាគ​នៃ​កម្មវិធី​សិក្សា​ប្រចាំ​សប្តាហ៍ ហើយ​ដោយ​សារ​គាត់​ជា​បុគ្គល​ស្រឡាញ់​ចូល​ចិត្ត​កុមារ​តូចៗ គាត់​ក៏​នៅ​តែ​ឆ្លៀត​ចំណាយ​ពេល​វេលា​របស់​គាត់​ជួយ​បង្រៀន​នៅ​តាម​ថ្នាក់​ខ្លះ​ផង​ដែរ»។

«ចំណែក​ឯ​គ្រូ​បង្រៀន​ប្រចាំ​ថ្នាក់​នីមួយៗ​របស់​យើង​នៅ​ទីនេះ គឺ​សុទ្ធ​សឹង​ជា​ជន​បរទេស​និយាយ​ភាសា​អង់គ្លេស​ពី​កំណើត ភាគ​ច្រើន​គឺជា​ជនជាតិ​កាណាដា អូស្ត្រាលី និង​អាមេរិកាំង» នេះ​បើ​តាម​ការ​អះអាង​បញ្ជាក់​របស់​លោក វីរៈ។ «យើង​ពុំ​មាន​គ្រូ​ជា​ជនជាតិ​អាស៊ី​ទេ គឺ​លើក​លែង​តែ​គ្រូ​ជំនួយ ជា​ជនជាតិ​ខ្មែរ ដែល​ពួកគាត់​ត្រូវ​បាន​ជ្រើស​រើស និង​បង្ហាត់​បង្រៀន​អំពី​វិធីសាស្ត្រ​ថែទាំ​កុមារ​យ៉ាង​ត្រឹម​ត្រូវ»។

កម្មវិធី​ប្រកួត​ប្រជែង​សាក​ល្បង​ចំណេះ​ដឹង​ផ្សេងៗ​សប្បាយៗ​របស់​ក្រុម​សិស្សា​នុ​សិស្ស​នៅ​សាលា Learning Jungle កាល​ពី​ពេល​ថ្មីៗ​កន្លង​មក​នេះ។
កម្មវិធី​ប្រកួត​ប្រជែង​សាក​ល្បង​ចំណេះ​ដឹង​ផ្សេងៗ​សប្បាយៗ​របស់​ក្រុម​សិស្សា​នុ​សិស្ស​នៅ​សាលា Learning Jungle កាល​ពី​ពេល​ថ្មីៗ​កន្លង​មក​នេះ។ រូបថត សហការី

លោក​ពន្យល់​ថា តួនាទី​របស់​អ្នក​គ្រូ​ជំនួយការ​មួយ​រូប គឺ​គាត់​ត្រូវ​មើល​ថែ​ទាំ​កុមារ ៥​នាក់ សម្រាប់​ថ្នាក់​ត្រៀម​មត្តេយ្យ (Pre-Kindergarten) ហើយ​ចំណែក​ថ្នាក់​មត្តេយ្យ (Kindergarten K1), K2 និង K3 គឺ​គាត់​អាច​មើល​ថែ​ទាំ​កុមារ​ច្រើន​ជាង​នេះ ព្រោះ​កុមារ​ធំៗ​ពួក​គេ មាន​ការ​យល់​ដឹង​ច្រើន។ រីឯ​កុមារ​តូចៗ​ជាង​ថ្នាក់​ត្រៀម​បឋម​សិក្សា​វិញ គឺ​អ្នក​គ្រូ​ជំនួយ​ការ​ម្នាក់​មើល​ថែ​ទាំ​កុមារ​មាន​ចំនួន​កាន់​តែ​តិច​ទៅ​ទៀត។

លោក វីរៈ បាន​ពន្យល់​ថា៖ «នៅ​ក្នុង​មួយ​ថ្នាក់​សម្រាប់​ថ្នាក់​ត្រៀម​មត្តេយ្យ​សិក្សា គឺ​យើង​កំណត់​ចំនួន​សិស្ស​ច្រើន​បំផុត​ត្រឹម ១៥​នាក់ លើក​លែង​ករណី​ចាំ​បាច់​គឺ​កើន​ដល់​សិស្ស​ចំនួន ១៧ នាក់។ ចំណែក​ថ្នាក់​មត្តេយ្យ​សិក្សា​កម្រិត​ខ្ពស់ គឺ​អាច​មាន​សិស្ស​ដល់​ចំនួន ២០ នាក់​ក្នុង​មួយ​ថ្នាក់»។

«សិស្សា​នុ​សិស្ស​ដែល​បាន​ចុះ​ឈ្មោះ​រៀន​នៅ​ក្នុង​សាលា Learning Jungle ភាគ​ច្រើន​ជា​កូន​សិស្ស​ជន​ជាតិ​ខ្មែរ និង​ចម្រុះ​ទៅ​ដោយ​ជន​បរទេស ដូច​ជា​កូន​សិស្ស​ជនជាតិ​អាស៊ី មាន កូរ៉េ ចិន ជប៉ុន ហ្វីលីពីន អូស្ត្រាលី អាមេរិកាំង និង​កូន​សិស្ស​ជនជាតិ​អឺរ៉ុប​មួយ​ចំនួន​ទៀត​» នេះ​បើ​តាម​ប្រសាសន៍​របស់​លោក វីរៈ។ «នៅ​សាលា Learning Jungle គឺ​យើង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​បង្រៀន​ទៅ​លើ​ភាសា​អង់គ្លេស​តែ​មួយ​គត់។ ប៉ុន្តែ​នៅ​ពេល​ដែល​កុមារ​ត្រឡប់​ទៅ​ផ្ទះ​វិញ គឺ​ពួក​គាត់​អាច​ប្រើ​ប្រាស់​ភាសា​ដើម​កំណើត​របស់​ពួក​គាត់ នោះ​គឺ​មាន​ន័យ​ថា ពួក​គាត់​អាយុ​ប៉ុនៗ​នេះ គាត់​អាច​ទទួល​បាន​ចំណេះ​ដឹង ២ ភាសា គឺជា​ការ​សម​ល្មម»។

កម្មវិធី​សិក្សា​នៅ​សាលា Learning Jungle ត្រូវ​បាន​ចែក​ចេញ​ជា ៤​វគ្គ ក្នុង​មួយ​ឆ្នាំ ហើយ​ក្នុង​មួយ​វគ្គៗ កូន​សិស្ស​គាត់​ត្រូវ​បង់​ប្រាក់​ថ្លៃ​សាលា​ចំនួន​ជាង ១២០០ ដុល្លារ​សម្រាប់​សិស្ស​ម្នាក់។ ពួក​គាត់​អាច​រៀន​ពេញ​មួយ​ថ្ងៃ ឬ​ក៏ រៀន​កន្លះ​ថ្ងៃ​ក៏​បាន​គឺ​អាស្រ័យ​ទៅ​លើ​មាតា​បិតា​របស់​សិស្ស​ម្នាក់ៗ។

នៅ​ក្នុង​បរិវេណ​អគារ​ភូមិ​គ្រឹះ​នៃ​សាលា Learning Jungle ដែល​ស្ថិត​នៅ​ដី​ឡូត៍​លេខ ១៤ ផ្លូវ​លេខ ៣៣៧ សង្កាត់​បឹងកក់ ១ ដែល​មាន​បរិវេណ​ទំហំ ៣០ ម៉ែត្រ​គុណ ៤០ ម៉ែត្រ។ លោក វីរៈ បាន​ពន្យល់ និង​បង្ហាញ​អំពី​ថ្នាក់​រៀន​នីមួយៗ​ដែល​មាន​ការ​រៀបចំ​តុប​តែង​ឡើង​យ៉ាង​មាន​របៀប​រៀប​រយ​ប្រកប​ដោយ​សម្ភារ​សិក្សា​សម្រាប់​កុមារ គឺ​មាន​តុ​កៅអី​តូចៗ ក្តារ​ខៀន នៅ​តាម​ជញ្ជាំង​មាន​បិទ​ទៅ​ដោយ​គំនូរ​កុមារ និង​តួ​អក្សរ និមិត្ត​សញ្ញា​ផ្សេងៗ ចំណែក​នៅ​អែប​តាម​ជញ្ជាំង​មាន​ទូ​ដាក់​តាំង​សៀវភៅ​របស់​កុមារ​ម្នាក់ៗ និង​ទូ​ខ្លះ​តាំង​របស់​របរ​ក្មេង​លេង​តុក្កតា ដោយ​គ្រឿង​ប្រដាប់​ទាំង​នោះ​បាន​ផ្សារ​ភ្ជាប់​ទៅ​នឹង​ការ​អប់រំ​ជា​លក្ខណៈ​រូបសាស្ត្រ​ដ៏​ប្រកប​ដោយ​ពណ៌​ស្រស់ៗ ទំហំ ទម្ងន់ សមមូល​ទៅ​នឹង​អាយុ​កាល​របស់​កុមារ។

នៅ​តាម​ថ្នាក់​រៀន​នីមួយៗ បំពាក់​ទៅ​ដោយ​ម៉ាស៊ីន​ត្រជាក់ មាន​បន្ទប់​ទឹក​សម្រាប់​កុមារ​តូចៗ និង​ឡា​បូ​សម្រាប់​លាង​ដៃ ឬ​អនាម័យ​ទូទៅ​របស់​កុមារ។ បន្ទប់​រៀន​ខ្លះ មាន​ភ្ជាប់​ទៅ ដោយ​កន្លែង​ទទួល​ទាន​អាហារ​នៅ​ជាប់​ក្បែរ​នោះ​តែ​ម្តង និង​ក៏​មាន​កន្លែង​សម្រាប់​កុមារ​គេង​នៅ​ពេល​ថ្ងៃ​ត្រង់​ផង​ដែរ។ ចំណែក​នៅ​ជាយ​ជ្រុង​អគារ​ភូមិ​គ្រឹះ​នោះ គឺមាន​ផ្ទះ​បាយ​ធំ​ទូលាយ សម្រាប់​ចម្អិន​ម្ហូប​អាហារ​ប្រកប​ដោយ​អនាម័យ និង​មាន​គ្រឿង​បំពាក់​ទំនើបៗ។

ក្រៅ​ពី​បន្ទប់​រៀន​ក៏​នៅ​មាន​បន្ទប់​សម្រាប់​កុមារ​កម្សាន្ត​ជាមួយ​នឹង​កម្មវិធី​ភាពយន្ត​តុក្កតា​ផង​ដែរ ទីនោះ​មាន​បំពាក់​ទៅ​ដោយ​កម្រាល​សម្រាប់​កុមារ​គេង​ពេល​ថ្ងៃ​ត្រង់​ផង​ដែរ។ ទាំង​នៅ​តាម​ផ្លូវ​ដើរ ជណ្តើរ និង​ក្នុង​បន្ទប់​ថ្នាក់​រៀន គឺ​សុទ្ធ​សឹង​តែ​មាន​ក្រាល​ទៅ​ដោយ​កម្រាល​ព្រំ​ក្រាស់​សម្រាប់​បង្ការ​ការ​ប៉ះ​ទង្គិច​ពី​ការ​ដួល​ដោយ​អចេតនា​ជាដើម។

អ្នក​ស្រី​នាយិកា Brigitte បង្រៀន​សិស្ស​នៅ​ក្នុង​ថ្នាក់​របស់ Learning Jungle កម្ពុជា។
អ្នក​ស្រី​នាយិកា Brigitte បង្រៀន​សិស្ស​នៅ​ក្នុង​ថ្នាក់​របស់ Learning Jungle កម្ពុជា។

នៅ​ខាង​ក្រៅ​នៃ​បរិវេណ​ជុំវិញ​អគារ​ភូមិ​គ្រឹះ​មាន​ទីកន្លែង​លេង​កម្សាន្ត​របស់​កុមារ​បំពាក់​ទៅ​ដោយ​ឧបករណ៍ និង​កម្រាល​ការពារ​យ៉ាង​ទន់​ហើយ​ក្រាស់ នៅ​ម្ខាង​នៃ​ដី​ឡូត៍​ក៏​មាន​អាង​ហែល​ទឹក​សម្រាប់​កុមារៗ ដែល​ភ្ជាប់​ទៅ​ដោយ​បន្ទប់​ងូត​ទឹក ក្រៅ​ពី​នោះ​គឺ​ទីធ្លា​សម្រាប់​កុមារ​រត់​លេង និង​កូន​សួនច្បារ​ផង​ដែរ។

លោក វីរៈ បាន​បន្ថែម​ថា៖ «ដោយ​សារ​សាលា Learning Jungle មាន​បណ្តាញ​ប្រព័ន្ធ​អប់រំ​កុមារ​ច្បាស់​លាស់​ស្រប​តាម​បទដ្ឋាន​ស្តង់ដារ​គុណភាព​ពី ប្រទេស​កាណាដា វា​គឺជា​សក្តានុពល​នៃ​ការ​ស្រូប​យក​កូន​សិស្ស​បាន​ចំនួន​ច្រើន​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​កន្លង​មក​នេះ»។ «ទន្ទឹម​នឹង​នោះ​ដោយ​សារ​លទ្ធផល​នៃ​ការ​អប់រំ​ផ្តល់​ចំណេះ​ដឹង​របស់​យើង​បាន​ត្រឹម​ត្រូវ​ដល់​សិស្ស​ប្រកប​ដោយ​ផល​វិជ្ជមាន​គួរ​ជាទី​មោទនៈ​នោះ មាន​មាតា​បិតា​របស់​សិស្ស​ចម្រុះ​ជាតិ​សាសន៍​នៅ​សាលា​នេះ ពួក​គាត់​ក៏​បាន​ទាមទារ​ឲ្យ​អ្នក​គ្រប់​គ្រង​សាលា​រៀបចំ​បង្កើន​ការ​អប់រំ​បណ្តុះ​បណ្តាល​នៅ​ថ្នាក់​បឋម​សិក្សា​ជា​បន្ត​ទៀត»។

«ឥឡូវ​នេះ យើង​ទទួល​បាន​ការ​ឯកភាព​ពី​ទីចាត់ការ​ធំ​នៅ ប្រទេស​កាណាដា ផ្តល់​ឱកាស​ដល់ Learning Jungle កម្ពុជា ត្រៀម​បន្ត​បើក​ថ្នាក់​បឋម​សិក្សា​ហើយ ហើយ​យើង​សង្ឃឹម​ថា ការ​អប់រំ​កម្រិត​បឋម​សិក្សា​របស់ Learning Jungle នឹង​បើក​ទ្វារ​ទទួល​សិស្ស​នៅ​ក្នុង ឆ្នាំ​២០១៥ ខាង​មុខ​នេះ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ទាមទារ​របស់​មាតា​បិតា​សិស្ស និង​ក៏​ជា​ការ​ចូល​រួម​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​បន្ត​ទៅ​អនាគត» នេះ​បើ​តាម​ការ​អះអាង​របស់​លោក វីរៈ។ «បន្ទាប់​ពី​ជំហាន ទី២ នៅ​ថ្នាក់​បឋម​សិក្សា​ទទួល​បាន​ជោគជ័យ ពេល​នោះ Learning Jungle កម្ពុជា ក៏​នឹង​ចាប់​ផ្តើម​ជំហាន ទី៣ របស់​ខ្លួន​បន្ត​ទៀត​នៅ​ថ្នាក់​បន្ត​បន្ទាប់»។

លោក លី វីរៈ ធ្លាប់​ជា​កូន​សិស្ស​កម្ពុជា ទទួល​បាន​អាហារូបករណ៍​ពី​រដ្ឋាភិបាល​បារាំង ទៅ​សិក្សា​ថ្នាក់ អនុ​បណ្ឌិត​ផ្នែក​គ្រប់​គ្រង​ពាណិជ្ជកម្ម​ជាន់​ខ្ពស់ នៅ​សាកល​វិទ្យាល័យ​មួយ​ចំនួន​នៅ​ទ្វីប​អឺរ៉ុប និង​ប្រទេស​កាណាដា។ បច្ចុប្បន្ន​លោក​គឺជា​បេក្ខភាព​កំពុង​ត្រៀម​ខ្លួន​ប្រឡង​យក​ក្រប​ខ័ណ្ឌ​ការងារ​ជា​អ្នក​វិភាគ និង​វាយតម្លៃ​ហិរញ្ញវត្ថុ នៅ​ទ្វីប​អាស៊ី៕

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ