Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា​គួរ​បង្កើត​ក្រម​សីលធម៌​ និង​ស្តង់ដារ​ភាសា​សម្រាប់​ថ្នាក់​ដឹក​នាំ​ជាតិ​ថ្លែង​ក្នុង​ទីសាធារណៈ

កម្ពុជា​គួរ​បង្កើត​ក្រម​សីលធម៌​ និង​ស្តង់ដារ​ភាសា​សម្រាប់​ថ្នាក់​ដឹក​នាំ​ជាតិ​ថ្លែង​ក្នុង​ទីសាធារណៈ

130114_02a
ក្បួនដង្ហែយុទ្ធនាការបោះឆ្នោតកន្លងមក ថ្នាក់ដឹកនាំគណបក្ស រកពាក្យឌឺដងដាក់គ្នាពេលយុទ្ធនាការបោះឆ្នោតម្ដងៗ

«មាន​ស៊ី​អត់​សែន មាន​សែន​អត់​ស៊ី!​» នេះ​គឺជា​ពាក្យ​ឌឺ​ដង​ដាក់​គ្នា​សាមញ្ញ​មួយ ​ដែល​ឮ​ម្តង​ម្កាល​ របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​នយោបាយ ​រវាង​លោក​ នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី​ ប្រធាន​គណបក្ស​សមរង្ស៊ី​។ តែ​ពេល​ខ្លះ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ គឺ​ប្រើ​ពាក្យ​អសុរោះ អាម៉ឹង និង​ពាក្យ​ហិង្សា​គួរ​រន្ធត់​ ហាក់​ដូចជា​ពាក្យ​សម្តី មិន​មែន​ក្នុង​ជួរ​ថ្នាក់​ដឹក​នាំ​ប្រទេស​ឡើយ។

តើ​ស្រុក​ខ្មែរ​ គួរ​បង្កើត​ឲ្យ​មាន​ក្រម​សីលធម៌ សម្រាប់​ថ្នាក់​ដឹក​នាំ​ថ្លែង​ជា​សាធារណៈ​បាន​ដែរ​ឬ​ទេ?

ធ្មេច ​បើកៗ​ ងាក​តែ​ខ្លួន​ចុះ​ឡើងៗ​ ជិត​ដល់​រដូវ​បោះ​ឆ្នោត​ទៀត​ហើយ សល់​តែ​កន្លះ​ឆ្នាំ​ទៀត​ទេ​។ ថ្នាក់​ដឹក​នាំ​គណបក្ស​នីមួយៗ​ ខិត​ខំគិត​រក​នឹក​ពាក្យ​ឌឺដង​លែបខាយ​ដាក់​គ្នា ពេល​ខ្លះ​ជ្រុល​មាត់​ម៉ោ​ទាំង​កាក ទៅ​ទាំង​ប៉ី​ទាំង​ទ្រ។​ តែ​ពេល​ខ្លះ​មិន​មែន​អ្នក​នយោបាយ​ផង​ គ្រាន់​តែ​ជា​អ្នក​វិភាគ ឬ​អ្នក​ស្រាវជ្រាវ ឯករាជ្យ​បញ្ចេញ​មតិ​ ក៏​ត្រូវ​ថ្នាក់​ដឹក​នាំ​រាជ​រដ្ឋាភិបាល​ លត់​គ្នា​មួយ​ទំហឹងៗ​ដែរ​ សុទ្ធ​តែ​ពាក្យ ​«អគតិ​ អាល្ងង់​វិទូ​ អា​មនុស្ស​ល្ងង់​ អាបណ្ឌិត​ទំពែក ពួក​អា​អ្នក​ច្បាប់​ បិទ​ទ្វារ​វ៉ៃ​ឆ្កែ ចាំ​តែ​បាន​ចូល​ស្រុក​វិញ​ទៅ​អាវ៉ា​» ជា​ដើម​។

បន្ទាប់​មក​ក៏មាន​ មន្ត្រី​ថ្នាក់​ក្រោមៗ​បន្ទរ​បន្ថែម ក៏​ដូចជា​ក្រុម​ប្រតិកម្ម​រហ័ស​ និង​ក្រុម​អ្នក​វិភាគ​បែប​ផ្អៀង​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ និង​តាម​វិទ្យុ​មួយ​ចំនួន​ ឲ្យ​តែ​ភ្លែត​ឡើង​សុទ្ធ​តែ​គេ​ហ្នឹង​ពួក ឬ​ក៏​មនុស្ស​អគតិ។ មាន​តែ​ក្រុម​គាត់​ទេ​សុទ្ធ​តែ​មនុស្ស​មាន​គតិ​? ពាក្យ​អគតិ​បើ​តាម​វចនានុក្រម​របស់​សម្តេច​សង្ឃរាជ ជួន​ ណាត​ គឺ​មាន​ន័យ​ថា អគតិ​ «សេចក្តី​លម្អៀង​» ន័យ​ទី ៣ គឺ មោហគតិ សេចក្តី​លម្អៀង​ព្រោះ​ល្ងង់​ ព្រោះ​ពុំ​យល់​ខុស​ត្រូវ​។

ហេតុអ្វី​ បាន​ជា​ត្រឹមតែ​ជា​អ្នក​វិភាគ​តាម​កញ្ចក់​ទូរទស្សន៍​សោះ ​ដៀល​គេ​សុទ្ធ​អគតិ​ដែរ​? ឬ​មួយ​ក៏​អ្នក​វិភាគ​សុទ្ធ​ជា​អ្នក​កាសែត​ឯកឧត្តម​ៗ និង​បណ្ឌិតៗ​? ​តែ​គ្រាន់​តែ​ចង់​សួរ​ថា ​សាលា​ណា​ឲ្យ​សញ្ញា​បត្រ​បណ្ឌិត​ទៅ​ពួក​គាត់​នោះ​គឺ​ខុស​តែ​ម្តង​។ ​ពេល​ខ្លះ​ពាក្យ​របស់​ពួក​គាត់​មើល​ទៅ​ហាក់បី​ដូច​ជា​ខ្លាំង​ជាង​រដ្ឋ​ មន្ត្រី ​ឬ​ក៏​ចៅ​ហ្វាយ​ខេត្ត​ទៅ​​ទៀត​។ ​មើល​ទៅ​អ្នក​ស្តាប់​ចេះ ​មិន​ដល់​ពួក​គាត់​ទេ​។

ឯ​ថ្នាក់​ដឹក​នាំ​បក្ស​ប្រឆាំង​នានា​ដែល​តាំង​ ខ្លួន​ឯង​ជា​អ្នក​ចេះ​ដឹង​វិញ​ ក៏​បាន​វាយ​បក​ទៅ​គូបដិបក្ខ​វិញ​យ៉ាង​ចាស់​ដៃ​ដែរ ដូច​ជា ​អាយ៉ង​យួន​ អាក្បាល​យួន​ខ្លួន​ខ្មែរ​ ជន​ផ្តាច់​ការ​ ឧក្រិដ្ឋ​ជន​ ពួក​ពុករលួយ​ដល់​ឆ្អឹង ពួក​លក់​ជាតិ​ ម្តង​ម្កាល​លេង​សុទ្ធ​តែ​ពួក​ហ្ហែង​តែ​ម្តង​។​ ពាក្យ​ឌឺដង​ដាក់គ្នា​ទាំង​នេះ​នឹង​ ចាប់​ផ្តើម​ចេញ​ជា​ថ្មី​ទៀត​ហើយ​ នៅ​ពេល​ចាប់​ផ្តើម​យុទ្ធនាការ​បោះឆ្នោត​​ឆាប់ៗ​ខាង​មុខ​នេះ​ទៀត​ហើយ។

តាម ច្បាប់​រដ្ឋ​ធម្មនុញ្ញ ប្រជាពលរដ្ឋ​ម្នាក់ៗ​មាន​សិទ្ធិបញ្ចេញ​មតិ​ជា​សាធារណៈ​។​ តែ​ការ​ប្រើ​ពាក្យ​ពេចន៍​នោះ​ក៏​ត្រូវ​មាន​ក្រម​សីលធម៌​ក្នុង ខ្លួន​ជា​មនុស្ស​ម្នា​ហ្នឹង​គេ​ដែរ។ មិន​មែន​មាន​ន័យ​ថា​អាង​តែ​ខ្លួន​ជា​ថ្នាក់​ដឹក​នំា ​ខ្លួន​មាន​អំណាច​ចង់​និយាយ​ពាក្យ​អសុរោះ ត្មះតិះដៀល ឬ​ក៏​បែប​ហិង្សា​យ៉ាង​ដូចម្តេច​ក៏​បាន​ដែរ​នោះ​ទេ​។​ ហេតុ​ដូច​នេះ​ហើយ ​ទាំង​ថ្នាក់​ដឹក​នាំ ទាំង​អ្នក​នយោបាយ ត្រូវ​មាន​ក្រម​សីលធម៌​ក្នុង​ការ​ប្រើ​ពាក្យ​ពេចន៍​ត្រឹមត្រូវ​ សមរម្យ​ថ្លៃថ្នូរ​ក្នុង​នាម​ជា​ប្រមុខ​រដ្ឋ ថ្នាក់​ដឹកនាំ ​ដែល​ជា​មនុស្ស​គំរូ ក្នុង​ការ​ផ្តល់​សារ​ល្អៗ​ ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ​ ជា​ពិសេស​កុមារ​ និង​យុវជន​ ដែល​ងាយ​នឹង​ចាប់​យក ដើម្បី​លើក​កម្ពស់​សីលធម៌​សង្គម ដែល​កំពុង​តែ​ធ្លាក់​ចុះ។

ពេល​ខ្លះ​ទាល់​តែ​មាន​ប្រតិកម្ម​ យ៉ាង​ខ្លាំង​ពី​ជន​រងគ្រោះ បាន​មាន​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ ដូច​ដែល​ថ្មីៗ​នេះ លោក ឈាង វុន សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន បាន​សុំ​ទោស​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ ចំពោះ​ការ​ប្រើ​ពាក្យ​ប្រមាថ​មើល​ងាយ​ដល់​ពួក​គេ​ថា​ជា​មនុស្ស​ព្រៃផ្សៃ​។

តាម​ពិត​ការ​ដែល​ថ្នាក់​ដឹកនាំ​មួយ​ចំនួន​ ប្រើ​ពាក្យ​អសុរោះ ត្មះ​ដៀល​គ្នា ប្រមាថ​កាត​ទាន​គ្នា ​ឬ​បែប​ហិង្សា​គឺ​សុទ្ធ​តែ​កើត​ចេញ​ពី​របប​យង់ឃ្នង​ប្រល័យ​ពូជ​សាសន៍ ប៉ុល ពត ៣ឆ្នាំ ៨​ខែ ២០​ថ្ងៃ​មក​ម្ល៉េះ ព្រោះ​ខ្មែរ​ពីមុន​មាន​ប្រវត្តិ​តាំង​ពី​អើយ​រៀង​មក​មាន​វប្បធម៌​ អរិយធម៌​ខ្ពង់ខ្ពស់​ណាស់ តាំង​ពី​ការ​ប្រើ​ពាក្យ​ពេចន៍​ថ្លៃថ្នូរ​ ហើយ​គោរព​គ្នា​ ស្គាល់​ចាស់​ ស្គាល់​ទុំ​ណាស់ មិន​មែន​បើក​ភ្នែក​មក​សុទ្ធ​តែ​ហ្អែង អញ​ អាមឹង ប្រៀប​ធៀប​មនុស្ស​ទៅ​នឹង​សត្វ ដែល​អ្នក​ទាំង​នោះ​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​ថា​ជា​មនុស្ស​បាត​សង្គម​នោះ​ ទេ​។

សព្វ​ថ្ងៃ​នេះ បើ​ទោះ​បីជា​ ស្រុក​ខ្មែរ​មាន​មណ្ឌល​ជាតិ លើក​កម្ពស់​សីលធម៌​សង្គម​ក៏​ដោយ ក៏​ថ្នាក់​ដឹក​នាំ​ទាំង​នោះ ​មិន​ទៅ​ឈឺក្បាល​វិល​មុខ​ជា​មួយ​ដែរ ហើយ​ថ្មី​នេះ ​លោក​ ខៀវ​ កាញារីទ្ធ រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន​ បាន​កោះ​ហៅ​អ្នក​អាន​ព័ត៌មាន​ អ្នក​អត្ថាធិប្បាយ​តាម​កញ្ចាក់​ទូរទស្សន៍​ និង​វិទ្យុ ក៏​ដូច​ជា​ការីនិពន្ធ​កាសែត​ មក​បង្រៀន​ឲ្យ​ប្រើ​ពាក្យ​សមរម្យ ថ្លៃថ្នូរ ទៅ​តាម​វិជ្ជាជីវៈ​។​ តែ​ក៏​នៅ​មាន​កាសែត​ក្នុង​ស្រុក​មួយ​ចំនួន​ និង​អ្នក​វិភាគ​បី ​បួន​ព្រះ​អង្គ​នៅ​តាម​កញ្ចក់​ទូរទស្សន៍ នៅ​តែ​ប្រើ​ពាក្យ​មិន​សមរម្យ​ដដែល​ នេះ​ប្រហែល​ជា​គាត់​គិត​ថា អំណាច​របស់​គាត់​ធំ​ជាង​រដ្ឋ​មន្រ្តី​ទៀត​មើល​ទៅ។

ម្យ៉ាង​វិញ​ទៀត​ អ្វី​ដែល​ជា​គំរូ​ល្អ​សម្រាប់​អ្នក​ធ្វើ​ការ​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ​ គឺ​ផ្តើម​ចេញ​មក​ពី​ការ​អនុវត្ត​ក្រម​សីលធម៌​ដែល​ជួយ​ដល់​ឥរិយាបថ​របស់​ បុគ្គល​ ដូច​ជា ​ព្រះ​សង្ឃ​ អ្នក​ស្រាវជ្រាវ ចៅ​ក្រម​ គ្រូ​បង្រៀន​ គ្រូ​ពេទ្យ​ហើយ​ជាង​នេះ​ទៅ​ទៀត​កាល​ពី​សប្តាហ៍​មុន​នេះ ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​បាន​អនុម័ត​ក្រម​សីលធម៌​ចំពោះ​ការ​ ប្រព្រឹត្ត​របស់​គ្រូ​ពេទ្យ​ឆ្មប​ដែល​តែង​តែ​ធ្វើ​ឲ្យ​ប៉ះពាល់​សតិ​អាម្មរណ៍​ដល់​ស្ត្រី​មាន​ផ្ទៃ​ពោះ​មក​ទទួល​សេវា​សម្រាល​កូន នៅ​តាម​សេវា​សុខាភិបាល​រដ្ឋ ក៏​ដូច​ជា​ឯកជន​ដែរ។ ​

ចុះ ​ពេល​ណា ទើប​បង្កើត​ឲ្យ​មាន​ក្រម​សីលធម៌​ សម្រាប់​មន្ត្រី​ថ្នាក់​ដឹក​នាំ ​ក៏​ដូច​ជា​អ្នក​នយោបាយ​ជាន់​ខ្ពស់​ ឲ្យ​ចេះ​ប្រើ​នូវ​ពាក្យ​ពេចន៍​ថ្លៃថ្នូរ​ ដូច​គ្រូ​ពេទ្យ​ឆ្មប ​ដើម្បី​លើក​កម្ពស់​សីលធម៌​សង្គម ដែល​ផ្តើម​ចេញ​ពី​ថ្នា​ក់​ដឹក​នាំ​ជា​គំរូ​នោះ?​

ចូល​រួម​ផ្តល់​យោបល់​តាម​រយៈ​ soprach.tong@phnompenhpost.com

0

Comments

Please, login or register to post a comment