Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា ​ពី​ប្រទេស​សម្បូរ​ព្រៃឈើ​ បែរ​ជា​ធ្លាក់​ខ្លួន​ឲ្យ​គេ​បង្រៀន​ដាំ​ឈើ

Content image - Phnom Penh Post
ព្រៃឈើ​ដែល​ត្រូវ​បាន​គេ​កាប់​បំផ្លាញ​នៅ​ព្រៃឡង់​ក្នុង​ខេត្ត​កំពង់ធំ​កាលពី​ពេល​កន្លង​មក។ រូបថត សហការី

កម្ពុជា ​ពី​ប្រទេស​សម្បូរ​ព្រៃឈើ​ បែរ​ជា​ធ្លាក់​ខ្លួន​ឲ្យ​គេ​បង្រៀន​ដាំ​ឈើ

កាលពី​សប្តាហ៍​កន្លង​ទៅ ខ្ញុំ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​នូវែលសេឡង់ (New Zealand) និង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​តំបន់​ទេសចរណ៍​សំខាន់ៗ។

ខ្ញុំ​មើល​ឃើញ​នៅ​ទី​ណា​ក៏​ស្អាត តាំងពី​របៀប​រៀបចំ​នៅ​ទីក្រុង​ក៏​ដូចជា​នៅ​ជនបទ​គឺ​គ្មាន​ដី​ហុយ​ធូលី សំរាម​តាម​ចិញ្ចើម​ថ្នល់​នោះ​ទេ​ងាក​ទៅ​ទីណា​ក៏​បៃតង​ដែរ វីឯ​សីតុណ្ហភាព​វិញ​ត្រជាក់​ថេរ។

នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​តាម​តំបន់​ជនបទ​វិញ​គឺ​សម្បូរ​ទៅ​ដោយ​ចម្ការ កសិដ្ឋាន និង​ព្រៃឈើ​មើល​ទៅ​បៃតង​ត្រជាក់​ភ្នែក​គួរ​ឲ្យ​គយគន់​តែ​ម្តង​ហើយ​ឲ្យ​តែ​មេឃ​ស្រទុំ ធ្លាក់​ភ្លៀង​មក​ឈូរ បើ​ទោះបី​ជា​មាន​ការ​កាប់​ឈើ​នៅ​តាម​តំបន់ និង​អាយុកាល​ព្រៃឈើ​ក៏ដោយ។

បើ​ផ្អែក​តាម​ក្រសួង​កសិកម្ម​របស់​ប្រទេស​នេះ ៤ ភាគរយ​នៃ​ផលទុន​ក្នុង​ស្រុក​សរុប (GDP) បាន​មកពី​ឧស្សាហកម្ម​ព្រៃឈើ​ដែល​គ្រប​ដណ្តប់ ៣៨ ភាគរយ​នៃ​ផ្ទៃ​ប្រទេស​នៅ​ឆ្នាំ ២០១៥។ ការ​កាប់​ឈើ​គឺ​មាន​តម្លាភាព​ជាមួយ​នឹង​ប្រាក់​ចំណូល​ថវិកា​ជាតិ​ហើយ​មាន​ផែនការ​ដាំ​ឈើ​បន្ត​រហូត​បន្ទាប់ពី​កាប់​លក់។

ចំណែកឯ​ស្រុក​ខ្មែរ​យើង​វិញ ហេតុអ្វី​បាន​ជា​មិន​បង្ហាញ​ពី​ទិន្នន័យ​កាប់​ព្រៃឈើ​ជាក់​ស្តែង និង​ដាក់​ប្រាក់​ចំណូល​ថវិកា​ជាតិ​ដូច​ប្រទេស​នូវែល​សេឡង់? ផ្ទៃ​ព្រៃឈើ​កាលពី​ទសវត្សរ៍​ចុង​ឆ្នាំ ៦០ ថា​កម្ពុជា​មាន​ផ្ទៃ​ដី ៧៣​ ភាគរយ​នៃ​ផ្ទៃ​ប្រទេស​ទៀត ចុះ​ឥឡូវ​សល់​ប៉ុន្មាន? ការ​កាប់​បំផ្លាញ​ព្រៃឈើ​យក​ប្រាក់​ចូល​ហោប៉ៅ​រៀងៗ​ខ្លួន​នេះ​ដោយសារ​សង្គ្រាម? ហើយ​រាជរដ្ឋាភិបាល​ក៏​មិន​ដែល​ហ៊ាន​ប្រៀបធៀប​ការ​កាប់​បំផ្លាញ​ព្រៃឈើ​សព្វ​ថ្ងៃ​នេះ​ជាមួយ​នឹង​របប​ខ្មែរ​ក្រហម​ដែរ។

តែ​បើ​មាន​ការ​រិះគន់​ខ្លាំងៗ ចំពោះ​បញ្ហា​បរិស្ថាន និង​ព្រៃឈើ​នេះ​ស្រួល​មិន​ស្រួល សមត្ថកិច្ច​ទាញ​ចូល​នយោបាយ ដែល​ប្រឈម​នឹង​ផ្លូវ​ច្បាប់​ទៀត​អ៊ីចឹង​ហើយ​បាន​ជា​ព្រៃឈើ​ចេះ​តែ​ហិន​ហោច​ទៅៗ​នោះ។

ដោយសារ​តែ​ការ​កាប់​ព្រៃ​យ៉ាង​អនាធិបតេយ្យ​បាន​ជា​ថ្មីៗ​នេះ ​រដ្ឋមន្រ្តី​ក្រសួង​សេវាកម្ម​ព្រៃឈើ​កូរ៉េ​ខាង​ត្បូង​ជួយ​ស្វែងរក​អ្នក​វិនិយោគទុន​ពី​កូរ៉េ​ខាង​ត្បូង ដាំឈើ​នៅ​ស្រុក​ខ្មែរ​ទៅ​លើ​ដីសម្បទាន​ដែល​រឹបអូស​ពី​ឈ្មួញ​មិន​ធ្វើ​តាម​កិច្ចសន្យា ដើម្បី​ជួយ​ទប់ស្កាត់​ពី​ការ​បម្រែ​បម្រួល​អាកាសធាតុ​ទៅ​វិញ។

តាម​ពិត​ដីសម្បទាន​ដែល​ជា​អតីត​ដី​ព្រៃឈើ​ទាំង​នេះ​សុទ្ធ​តែ​ជា​សម្បត្តិ​មហាសាល​របស់​កម្ពុជា​ផង​ដែរ នៅ​ពេល​ដែល​គ្មាន​ការ​តាមដាន និង​វាយតម្លៃ​ជាក់លាក់​ទើប​ធ្វើ​ឲ្យ​ឈ្មួញ​ទុច្ចរិត​មួយ​ចំនួន​ថែម​ទាំង​ពង្រីក​ដីសម្បទាន​ចូល​ទៅ​ក្នុង​តំបន់​ព្រៃឈើ ហើយ​បាន​កាប់​យក​ឈើ​លក់​អស់​ហើយ​យក​រ៉ែ​ក្រោម​ដី​ទៀត​ក៏​អាជ្ញាធរ​មិន​ដឹង ឬ​ក៏​ស៊ុំគ្រលំ​នឹង​គ្នា?

ទីបំផុត​បាន​លោក​នាយ​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​លុប​កុងត្រា ហើយ​យក​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​មិន​ដំណើរការ​ទាំង​នោះ​មក​វិញ។ ម្យ៉ាង​វិញ​ទៀត​ការ​បង្រ្កាប​ការ​បំផ្លាញ​ព្រៃឈើ​ហ្នឹង ធ្វើ​ហាក់បី​ដូចជា​ភ្លៀង​រលឹម​អ៊ីចឹង សុទ្ធ​តែ​បញ្ជូន​ឧទ្ធម្ភាគចក្រ​ទៅ​តាម​អាកាស​ទៀត ហើយ​បើ​រឹបអូស​បាន​ឈើ​ប្រណីត​វិញ ឈើ​ខ្លះ​ត្រូវ​បាន​ដុត​បំផ្លាញ​ចោល​ក៏​មាន។

ដូច​កាល​ពី​សប្តាហ៍​មុន​នេះ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​ព័ត៌មាន​ថា​សកម្មជន​ព្រៃឈើ ឬ​ក៏​ប្រជាពលរដ្ឋ​ជា​អ្នក​ចូលរួម​ឲ្យ​ព័ត៌មាន និង​បង្រ្កាប​ទៅ​វិញ​បែរ​ជា​មន្ត្រី​ដែល​មាន​តួនាទី​សមត្ថកិច្ច​ជា​អាជ្ញាធរ​បង្ក្រាប​បទល្មើស​ព្រៃ​ជាក់​ស្តែង​ទៅ​ជា​អ្នក​ស៊ុំគ្រលំ​ទទួល​សំណូក​ចំនួន ១៧ ម៉ឺន​ដុល្លារ​ឲ្យ​ឈ្មួញ​វៀតណាម​ចូល​មក​កាប់​ឈើ​នៅ​ក្នុង​ខេត្ត​រតនគិរី ដើម្បី​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម​ទៅ​វិញ។

រីឯ​ព្រៃឡង់​វិញ រាជរដ្ឋាភិបាល​ដាក់​បម្រាម​ឲ្យ​បញ្ឈប់​កាប់​បំផ្លាញ​ព្រៃឈើ​ហើយ​នោះ​តែ​ជាក់​ស្តែង​នៅ​តែ​មាន​កាប់​ដដែល។

បើ​ធ្វើការ​ប្រៀបធៀប​គ្នា​ប្រភេទ​ឈើ​ដែល​រដ្ឋាភិបាល​កាប់​លក់​វិញ​នៅ​ប្រទេស​នូវែល​សេឡង់​ដែល​ជា​ប្រទេស​ទើប​កកើត​ក្មេង​ខ្ចី​វិញ​ភាគច្រើន​ជា​ប្រភេទ​ឈើ​ស្រល់​ដើម​ធំ​ប៉ុន​ភ្លៅ ឬ​ក៏​អស់​ធំ អង្កត់​ផ្ចិត ១ ម៉ែត្រ​ទេ តែ​ផ្ទុយ​ពី​ស្រុក​ខ្មែរ​សុទ្ធ​តែ​ឈើ​ប្រណីត ដើម​ខ្លះ​ឡើង​ដល់​ទៅ ៥ ឱប​បាន​ជុំ​ព្រោះ​កម្ពុជា​យើង​ជា​ប្រទេស​មាន​ប្រវត្តិ​យូរលង់​ណាស់​មក​ហើយ​ និង​ស្ថិត​នៅ​តំបន់​ត្រូពិច​ក្តៅ​ហើយ​សើម​បាន​ជា​មាន​ប្រភេទ​ឈើ​បែប​នេះ។

ហេតុអ្វី​បាន​ជា​ធម្មជាតិ​ផ្តល់​ឲ្យ​យើង​គ្រប់គ្រាន់​ហើយ​តែ​យើង​ថែ​វា​មិន​បាន? គឺ​កម្ពុជា​បាន​ត្រឹម​តែ​ឆ្លើយឆ្លង​ចំអក​ឲ្យ​ប្រទេស​ជឿនលឿន​ថា​បាន​កាប់​ឈើ​អស់​ហើយ និង​ជា​អ្នក​បំផ្លាញ​បរិស្ថាន​តាមរយៈ​ឧស្សាហកម្ម​របស់​ពួកគេ​ទៅ​វិញ។

ជា​ជាង​ការ​ចោទប្រកាន់​គ្នា​ទៅវិញ​ទៅមក​រឿង​បំផ្លាញ​បរិស្ថាន​នេះ និង​ដើម្បី​ចូលរួម​ចំណែក​ទប់ស្កាត់​ជា​លក្ខណៈ​បន្ទាន់​នៃ​ការ​ប្រែប្រួល​អាកាសធាតុ និង​ផល​ប៉ះពាល់​របស់​វា​នេះ​ក៏​ជា​ចំណុច​មួយ​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព (SDG 2015-2030) ផង​ដែរ​នេះ​បាន​ជា​កាលពី​ចុង​ឆ្នាំ ២០១៥ ប្រមុខ​រដ្ឋ​នីមួយៗ​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​អង្គការ​សហប្រជាជាតិ​ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ (Climate Change) នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​គឺ​ជួយ​ទប់​គ្នា​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​សីតុណ្ហភាព​នៅ​លើ​ពិភពលោក​ឡើង​លើស​ពី ២ អង្សាសេ​បន្ថែម​ទៀត។

កម្ពុជា​កំពុង​តែ​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ហ្នឹង​ដែរ​បណ្តើរៗ​ដូច​កាលពី​ខែ​សីហា​ឆ្នាំ​ទៅ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក បាន​ផ្តល់​ជំនួយ​ទឹកប្រាក់​ចំនួន ២,៦ លាន​ដុល្លារ​មក​ក្រសួង​បរិស្ថាន​ក្នុង​ការ​ថែទាំ​ព្រៃ​ជម្រក​សត្វ​ព្រៃ​ដែល​នៅ​សល់​នៅ​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី​ដើម្បី​កាត់​បន្ថយ​ឧស្ម័ន​កាបូនិច​ផង​ដែរ។

តែ​ចម្ងល់​នៅ​ត្រង់​ថា​ហេតុអ្វី​បាន​ជា​រាជរដ្ឋាភិបាល​គ្រប់គ្រង​ព្រៃឈើ​ដែល​នៅ​សល់​នេះ​នៅ​តែ​មិន​បាន?

បើ​តាម​ឆន្ទៈ​របស់​លោក​នាយ​រដ្ឋមន្ត្រី​ក្នុង​ការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​ហ្នឹង​មិន​បាន លោក​នឹង​ចុះ​ចេញ​ពី​តំណែង​ផង​ហើយ​ក៏​បាន​រៀបចំ​ធ្វើ​វិមជ្ឈការ​ការ​គ្រប់គ្រង​ព្រៃឈើ​មក​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ដែល​នៅ​កៀក​ជា​អ្នក​គ្រប់គ្រង​ទៀត​កាលពី​ឆ្នាំ​ទៅ​នៅ​តែ​បរាជ័យ។

តើ​មាន​យន្តការ​ណា​ផ្សេង​ទៀត​ដែល​ប្រសើរ​ជាង​នេះ​ទៀត​ទេ​បើ​ថែ​តែ​របស់​សល់​ពី​កេរ​ដូនតា​មិន​បាន​ផង​បែប​នេះ?

បើ​និយាយ​ពី​ថ្នាក់ដឹកនាំ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​ព្រៃឈើ​របស់​រាជរដ្ឋាភិបាល​ដើរ​មើល​ប្រទេស​អភិវឌ្ឍន៍​ក៏​ច្រើន​ដែរ​ជាពិសេស​ប្រទេស​នូវែលសេឡង់ និង​ប្រទេស​អូស្រ្តាលី​តែ​មិន​យក​ភ្នែក​មើល​ប្រទេស​គេ និង​សួរ​នាំ​គេ​ថា​ធ្វើ​ម៉េច​បាន​ជា​ប្រទេស​គេ​កាប់​ឈើ​យក​លុយ​ចូល​រដ្ឋ​បាន​ហើយ​នៅ​មាន​បៃតង​ត្រជាក់​ស្រួល​សុខភាព​ល្អ​ទៀត?

ឥឡូវ​ចូល​ក្រឡា​មាន​ព្រៃឈើ​ខ្លួនឯង​ហើយ​មិន​ចេះ​ថែ​របស់​ខ្លួន​មាន​ស្រាប់​សោះ​ហ្នឹង តែ​បែរ​ជា​ឲ្យ​គេ​បង្រៀន​របៀប​ថែទាំ​ដាំ​ដើម​ឈើ​តាមរយៈ​វិនិយោគទុន​ទៅ​វិញ៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ