Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា​ អាច​ដើរតួ​រក​ដំណោះស្រាយ​បញ្ហា​កូរ៉េ​ទាំង​ពីរ

Content image - Phnom Penh Post
ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ (​ឆ្វេង​) និង​ប្រមុខ​ដឹកនាំ​កូរ៉េ​ខាង​ជើង គីម ជុងអ៊ុន​ (​ស្ដាំ​)​។ រូបថត AFP

កម្ពុជា​ អាច​ដើរតួ​រក​ដំណោះស្រាយ​បញ្ហា​កូរ៉េ​ទាំង​ពីរ

វា​ជា​រឿង​ឈឺចាប់​ណាស់​នៅ​ពេល​ដែល​បងប្អូន​បង្កើត សុខៗ​ត្រូវ​បាន​គេ​ធ្វើ​ឲ្យ​មាន​ទំនាស់​គ្នា​រហូត​បែងចែក​ទឹក​ដី​នោះ​។

ការ​ស្វែងរក​ដំណោះស្រាយ​ទំនាស់​បងប្អូន​សាច់​ឈាម​ដូចគ្នា​នេះ​មាន​ប្រទេស​ខ្លះ​ធ្វើ​តាម​បែប​ក្តៅ ខ្លះ​ទៀត​ធ្វើ​តាម​បែប​ត្រជាក់ តែ​គេ​ធ្លាប់​បាន​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​រួច​មក​ហើយ ដូច​នៅ​អាមេរិក​សឹង​តែ​បែក​ជា​ពីរ​តែ​ត្រូវ​បាន​អតីត​ប្រធានាធិបតី អាប្រាហាំ លីនខន ដើរតួ​បង្រួបបង្រួម​គ្នា​បាន រីឯ​នៅ​វៀតណាម​ក៏​ត្រូវ​បាន​បញ្ចប់​ជម្លោះ​គ្នា​ឯង​ដោយ​សង្គ្រាម​។

ដូច​គ្នា​នេះ​ដែរ​ នៅ​អាល្លឺម៉ង់​ ក៏​បង្រួបបង្រួម​គ្នា​ខាង​កើត និង​ខាង​លិច​ដោយ​បាន​បញ្ចប់​សង្គ្រាម​ត្រជាក់​ផង​​ដែរ​។ ចំណែក​ប្រទេស​ចិន​សឹង​តែ​បែង​ចែក​ជា​ពីរ តែ​ត្រូវ​បាន​ធ្វើ​បដិវត្ត​បង្រួម​គ្នា​បាន​មួយ​ផ្នែក​ធំ​រួច​ហើយ នៅ​សល់​តែ​កោះ​តៃវ៉ាន់​ទេ​។ ​

ចុះ​ហេតុអ្វី​បងប្អូន​បង្កើត​កូរ៉េ​ខាង​ជើង​ និង​ខាងត្បូង នៅ​តែ​ត្រៀម​ជើងការ​ស៊ីសាច់​ហុត​ឈាម​គ្នា​រៀងៗ​ខ្លួន​?

បើ​មើល​ទំព័រ​សារព័ត៌មាន​អន្តរជាតិ​ថ្មីៗ​នេះ ថ្ងៃ​ណា​ក៏​ឃើញ​មាន​ភាព​តានតឹង​មិន​ដែល​ធូរស្រាល​សោះ​នៅ​ក្នុង​ទំនាស់​គ្នា​នៅ​ឧបទ្វីប​កូរ៉េ​។

ម្តង​ឮ​ថា​ កូរ៉េ​ខាង​ជើង​ គំរាម​ប្រទេស​ក្នុង​តំបន់ និង​អាមេរិក​តាមរយៈ​ការ​សាកល្បង​មីស៊ីល​ឆ្លង​ទ្វីប​ចុង​ក្រោយ​របស់​ខ្លួន​មាន​ឈ្មោះ​ថា​បាលីស្ទិក​ឆ្លង​ទ្វីប​ (ICBM) ​ដែល​អាច​បាញ់​ដល់​រដ្ឋ​អាឡាស្កា​របស់​សហរដ្ឋ​អាមេរិក​។ ចំណែក​កូរ៉េ​ខាង​ត្បូង និង​អាមេរិក​វិញ​គឺ​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​ទៅ​ទីតាំង​គោលដៅ​លេណដ្ឋាន​ទ័ព​ធ្វើ​ឲ្យ​កូរ៉េ​ខាង​ជើង​ចោទ​ថា​បើ​សង្គ្រាម​កើតឡើង​គឺ​អាមេរិក​ជា​អ្នក​បង្ក​​រឿង​។​

ជាមួយ​នេះ​​ប្រទេស​អូស្ត្រាលី​ក៏​មាន​បំណង​ចូលរួម​ជាមួយ​អាមេរិក​ផង​ដែរ បើ​កូរ៉េ​ខាង​ជើង​ចាប់ផ្ដើម​ធ្វើឲ្យ​សង្គ្រាម​កើតឡើង​មែន តែ​ក្នុង​សាច់​រឿង​នៅ​ឧបទ្វីប​កូរ៉េ​នេះ​គឺ​ប្រទេស​ចិន​ជា​អ្នក​ដើរ​តួឯក​ដែល​អាច​និយាយ​ជាមួយ​កូរ៉េ​ខាង​ជើង​ស្តាប់​គ្នា​បាន​ច្រើន​។

ឥឡូវ​នេះ​បញ្ហា​ទំនាស់​នៅ​ឧបទ្វីប​កូរ៉េ​នេះ​គឺ​ហាក់បី​ដូចជា​នៅ​តែ​បែងចែក​គ្នា​រវាង​ប្រទេស​ប្រើ​ប្រព័ន្ធ​កុម្មុយនីស្ត​ និង​ប្រព័ន្ធ​សេរី​ដដែល មួយ​ផ្នែក​ទៅ​មាន​ប្រទេស​កូរ៉េ​ខាង​ជើង ចិន និង​រុស្ស៊ី ឯ​មួយ​ក្រុម​ទៀត​មាន​កូរ៉េ​ខាង​ត្បូង ជប៉ុន អាមេរិក និង​អាច​អូស្ត្រាលី​។

ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​អាច​ប៉ះពាល់​សន្តិសុខ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផង​ដែរ​។

នៅ​ក្នុង​ករណី​នេះ​ប្រសិន​បើ​គេ​បាញ់​ផ្លោង​ដាក់​គ្នា​ទៅ​មកៗ ហើយ​គ្រាប់​មីស៊ីល​នោះ​ទៅ​មិន​ដល់​បែរ​ជា​មក​ធ្លាក់​ត្រឹម​ប្លុក​អាស៊ាន គឺ​កម្ពុជា​ក៏​ទទួល​រង​ផលប៉ះពាល់​ពី​ជម្លោះ​នេះ​ដែរ មិនមែន​មាន​ន័យ​ថា​ការ​ធ្វើ​មិន​ដឹង​មិន​ឮ​ដោយសារ​មិនមែន​ពាក់ព័ន្ធ​នឹង​កម្ពុជា​ផង​ធ្វើ​ឲ្យ​យើង​រួច​ខ្លួន​នោះ​ទេ​។

តាមពិត​ទៅ​ក្នុង​ជម្លោះ​នេះ​បើ​គ្រាន់​តែ​គិត​ត្រួសៗ​​គឺ​មាន​ពលករ​ខ្មែរ​ទាំង​ស្រប​ច្បាប់​​ និង​ខុស​ច្បាប់​ដែល​កំពុង​ធ្វើការ​នៅ​កូរ៉េ​ខាង​ត្បូង​ជិត​ ៥ ​ម៉ឺន​នាក់​ហើយ​។ នេះ​បើ​តាម​ទិន្នន័យ​ពី​ក្រសួង​ការងារ និង​ស្ថានទូត​កម្ពុជា​នៅ​កូរ៉េ​ខាង​ត្បូង​។ ដូច្នេះ​វា​ចៀស​មិន​ផុត​ពី​ការ​ប៉ះពាល់​ដល់​ពលរដ្ឋ​ខ្មែរ​ទេ ប្រសិន​បើ​អសន្តិសុខ​បន្ត​កើត​មាន​រហូត​ផ្ទុះអាវុធ​ក្នុង​ឧបទ្វីប​កូរ៉េ​នោះ​។

បើ​តាមរយៈ​លទ្ធផល​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហប្រតិបត្តិការ​សន្តិសុខ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​ ៣ (3rd CSCAP) ស្តីពី​ការ​លុប​បំបាត់​ការ​រីក​សាយ​អាវុធ​នុយក្លេអ៊ែរ​ និង​ការ​រំសាយ​សព្វាវុធ​ (NPD) ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​ខ្ញុំ​បាន​ចូលរួម​នៅ​ទីក្រុង​អូកឡិន​នៃ​ប្រទេស​នូវែលសេឡង់​កាលពី​ខែ​មីនា​កន្លង​ទៅ​​រកឃើញ​គន្លឹះ​ចម្បងៗ​ថា ​តំបន់​នេះ​បាន​ធ្វើឲ្យ​ប្រសើរ​ឡើង​ទាក់ទង​នឹង​បញ្ហា​សព្វាវុធ​មហាប្រល័យ តែ​នៅ​មាន​រដ្ឋ​ជាច្រើន​មិន​ទាន់​អនុវត្ត​បាន​ល្អ​នៅ​ឡើយ​​ដោយ​នៅ​មាន​បញ្ហា​ខ្វះ​ចន្លោះ​ដូចជា ខ្វះខាត​សមត្ថភាព ចំណេះ​ដឹង​ និង​ឆន្ទៈ​នយោបាយ​ជាដើម​។

តែ​កិច្ចប្រជុំ​បាន​ផ្តល់​យោបល់​លើ​កិច្ចខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​ចំណេះដឹង​សមត្ថភាព និង​លើក​ទឹកចិត្ត​រដ្ឋ​ដែល​មាន​ឆន្ទៈ​ផ្នែក​នយោបាយ​ដើម្បី​អនុលោម​តាម​ច្បាប់​ និង​សន្ធិសញ្ញា​នានា ជាពិសេស​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នៅ​បណ្តា​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ​ដូច​កូរ៉េ​ខាង​ជើង ​ដែល​អាច​ជា​ជម្រើស​ធ្វើឲ្យ​មាន​ស្ថិរភាព​បាន​នោះ​គឺ​ការ​ចរចា​ជាថ្មី​ឡើង​វិញ​ដើម្បី​បញ្ចៀស​ពី​សង្គ្រាម​ក្នុង​ឧបទ្វីប​កូរ៉េ​ និង​តំបន់​តាមរយៈ​ដំណោះស្រាយ​របស់​អង្គការ​សហប្រជាជាតិ​លេខ​ ២២៧០ ​និង ២៣២១ ​។

ជា​ការ​បង្ហាញ​ឆ្លើយតប​ចំពោះ​អនុសាសន៍​ក្នុង​កិច្ចប្រជុំ​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​អាច​សាកល្បង​ដើរតួ​ជា​អ្នក​សម្រប​សម្រួល​ដើម្បី​ស្វែងរក​សន្តិភាព​ជូន​បងប្អូន​កូរ៉េ​ទាំង​ពីរ​ដែល​កំពុង​មាន​ទំនាស់​នេះ គឺ​ដោយសារ​កម្ពុជា​មាន​លក្ខខណ្ឌ​ល្អ​ជាមួយ​ប្រទេស​កូរ៉េ​ទាំង​ ២​។ ទំនាក់​ទំនង​ល្អ​រវាង​កម្ពុជា និង​កូរ៉េ​​ខាង​ជើង​គឺ​សល់​កេរ​ពី​សម្តេចឪ​មក​ដល់​បច្ចុប្បន្ន បើ​ទោះបី​ជា​ការ​វិនិយោគ​ទុន​របស់​កូរ៉េ​ខាង​ជើង​មាន​តិចតួច​នៅ​កម្ពុជា​ក្ដី​។

រីឯ ​កូរ៉េ​ខាង​ត្បូង ​វិញ​ក៏​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​រាជរដ្ឋាភិបាល​ផង​ដែរ ជាពិសេស​ការ​វិនិយោគ​ទុន​ និង​ទេសចរណ៍​។ ចំណុច​រួម​​នោះ​គឺ​មាន​ស្ថានទូត​កូរ៉េ​ទាំង​ ២ នៅ​កម្ពុជា​គឺ​ខុស​ពី​ប្រទេស​ចិន និង​កោះ​តៃវ៉ាន់​ដែល​កម្ពុជា​មាន​តែ​ស្ថានទូត​ចិន គ្មាន​ស្ថានទូត​របស់​កោះ​តៃវ៉ាន់​ទេ​។

ចំណុច​នេះ​ហើយ​ដែល​កម្ពុជា​មាន​សក្តានុពល​អាច​ធ្វើ​ទៅ​បាន​គឺ​ទី​ ១) ​កម្ពុជា​ចាប់ផ្តើម​អញ្ជើញ​មន្ត្រី​ស្ថានទូត​កូរ៉េ​ទាំង​ពីរ​ធ្វើ​ជា​ភ្ញៀវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​ចូលរួម​ទទួលទាន​អាហារ​ជាមួយ​គ្នា​។ ​

ទី​ ២) ​រាជរដ្ឋាភិបាល​កម្ពុជា​អាច​ដើរតួ​ជា​អ្នក​សម្រប​សម្រួល​គឺ​អញ្ជើញ​មន្ត្រី​ស្ថានទូត​ទាំង​​ ២ ​ប្រជុំ​ស្តាប់​នូវ​ការវិវត្ត​​ និង​បញ្ហា​នៃ​ប្រទេស​ទាំង​ ២​។ បន្ទាប់មក​គឺ​កម្ពុជា​អាច​ផ្តល់​ជា​យោបល់​តាម​របៀប​ការ​កសាង​សន្តិភាព និង​ចែករំលែក​បទពិសោធ​ដែល​កម្ពុជា​ធ្លាប់​ជួប​ប្រទះ​ទំនាស់​ជាតិសាសន៍​គ្នាឯង​រហូត​ដល់​មាន​ការ​កាប់​សម្លាប់​​យ៉ាង​ឃោរឃៅ​ដូច​កាលពី​សម័យ​ខ្មែរក្រហម​ដែល​កម្ពុជា​មិន​អាច​ទទួល​ខុសត្រូវ​ក្នុង​ការ​ការពារ​ការ​សម្លាប់​រង្គាល​នេះ​បាន​ (R2P)​។

ជាង​នេះ​ទៅ​ទៀត​ កម្ពុជា ​អាច​រំឭក​នូវ​ដំណាក់កាល​នៃ​ស្វែងរក​សន្តិភាព​ជា​បឋម ដែល​ចាប់ផ្តើម​ពី​ការ​អញ្ជើញ​របស់​លោក អាលី អាឡាតាស់ អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​សម្របសម្រួល​រវាង​ខ្មែរ​ចតុ​ភាគី​ដែល​មាន​ទំនាស់​នឹង​គ្នា​នៅ​ទីក្រុង​ហ្សាការតា រហូត​ដល់​មាន​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​ទីក្រុង​ប៉ារីស​ថ្ងៃ​ទី​ ២៣ ​ខែ​តុលា ឆ្នាំ​ ១៩៩១ ​នោះ​។

ម្យ៉ាង​វិញ​ទៀត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គួរ​តែ​ផ្តល់​នូវ​គំនិត​ល្អៗ​អំពី​យុទ្ធសាស្ត្រ​ «​ឈ្នះ ឈ្នះ​!»​ ជាមួយ​ខ្មែរ​ក្រហម​កន្លង​មក​នោះ​ដើម្បី​បង្ហាញ​​ឲ្យ​កូរ៉េ​ទាំង​ ២ ​បាន​ដឹង​។ ជាពិសេស​កម្ពុជា​មាន​វិទ្យាស្ថាន​ CICP ដើម្បី​ប្រឹក្សា​យោបល់​បញ្ហា​ក្នុង​តំបន់​។

ក្រៅពី​នោះ​ប្រសិន​បើ​កម្ពុជា​មិន​អាច​ធ្វើ​ជា​អ្នក​ទី​ ៣ ​ក្នុង​ការ​សម្របសម្រួល​បញ្ហា​នេះ​បាន​ទេ​នៅ​មាន​ផ្លូវ​មួយ​ទៀត​គឺ​រាជរដ្ឋាភិបាល​តស៊ូ​មតិ​ជាមួយ​នឹង​ប្រទេស​ចិន​ដែល​ជា​តួឯក​ក្នុង​រឿង​នេះ​ហើយ​ដែល​កម្ពុជា​​មាន​ទំនាក់ទំនង​គ្នា​ជិតស្និទ្ធ​ល្អ​ស្រាប់ ដើម្បី​ជំរុញ​លើក​ទឹកចិត្ត​រដ្ឋាភិបាល​ចិន​ឲ្យ​ជួយ​លៃលក​សម្រប​សម្រួល​រក​ដំណោះស្រាយ​បញ្ហា​ទំនាស់​នៅ​ឧបទ្វីប​កូរ៉េ​នេះ ព្រោះ​កូរ៉េ​ខាង​ជើង​កន្លង​មក​ធ្លាប់​ស្តាប់​យោបល់​​ពី​ប្រទេស​ចិន​បាន​ខ្លះៗ​ដែរ​។

កន្លង​មក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​លើក​ឡើង​ជា​សាធារណៈ​បាន​បន្តិចបន្តួច​ដែរ ពី​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ និង​សង្គ្រាម​នៅ​ប្រទេស​ស៊ីរី​ប្រៀបធៀប​ជាមួយ​នឹង​អ្វី​ដែល​កម្ពុជា​ធ្លាប់​ជួប​ប្រទេះ​នឹង​ការ​លំបាក​ក្នុង​សម័យ​សង្គ្រាម​ឆ្អែតឆ្អន់​ហើយ​នោះ​។

សរុប​សេចក្ដី​មក​វិញ​ប្រសិន​បើ​កម្ពុជា​អាច​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​កសាង​សន្តិភាព​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ និង​តំបន់​បាន​គឺ​កម្ពុជា​ក៏​មាន​មោទនភាព​ក្នុង​ការ​កសាង​សន្តិភាព និង​ស្ថិរភាព​ផ្នែក​នយោបាយ​នៅ​ស្រុក​ខ្មែរ​ខ្លួន​ឯង​ផង​ដែរ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ​ soprach.tong@phnompenhpost.com

0

Comments

Please, login or register to post a comment