មុន​ពេល​ក្លាយ​ជា​ឧទ្យានុរក្ស​ព្រៃឈើ លោក​ តើន សុខណៃ គឺជា​សិស្ស​ម្នាក់​បាន​សិក្សា​រៀនសូត្រ​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​។ ក្រោយមក​លោក​បាន​ធ្វើ​ជា​មគ្គុទ្ទេសក៍​នៅ​សហគមន៍​ព្នង ហើយ​លោក​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ ដោយ​ជោគជ័យ​មុន​ពេល​ចូល​បម្រើ​ការងារ​នៅ អង្គការ​អភិរក្ស​សត្វ​ព្រៃ (WCS) រយៈពេល​ ៤ ​ឆ្នាំ​ជា​កន្លែង​ដែល​គាត់​បាន​បង្កើត​សហគមន៍​ទេសចរ​ធម្មជាតិ​មើល​សត្វ​ទោច (Jahoo Gibbon Camp)​។

នៅ​ឆ្នាំ ២០១៧ ដោយសារ​តែ​លោក​មាន​ចំណង់​ចំណូល​ចិត្ត​ថែរក្សា​ការពារ​បរិស្ថាន បាន​ធ្វើឲ្យ​លោក​ខិតខំ​រហូត​ដល់​ប្រលង​ជាប់​ក្លាយ​ជា​មន្ត្រី​ឧទ្យានុរក្ស​របស់​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី​នៃ​ក្រសួង​បរិស្ថាន​។

ចេញ​ពី​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ លោក​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ការពារ​ព្រៃឈើ​របស់​បុព្វបុរស​របស់​គាត់​។ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ​លោក​ សុខណៃ ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​កាលពី​ថ្ងៃ​ទី ៣០ ខែ​មករា នៅ​ពេល​ដែល​លោក​កំពុង​ដើរ​ល្បាត​ព្រៃឈើ​រួម​ជាមួយ​លោក ថុល ខ្នា បុគ្គលិក​នៃ​អង្គការ​អភិរក្ស​សត្វព្រៃ WCS និង​លោក សេក វឌ្ឍនា ដែល​ជា​មន្ត្រី​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។

អាជ្ញាធរ​មាន​សមត្ថកិច្ច​កំពុង​បញ្ជាក់​អំពី​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដែល​បណ្តាល​ឲ្យ​មាន​ឃាតកម្ម​ដ៏រន្ធត់​នេះ​កើតឡើង ហើយ​ពេល​នេះ​ជន​ជាប់ចោទ​ចំនួន ៦ នាក់​ត្រូវ​បាន​ចាប់​ខ្លួន ដោយ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុន​។

រឿងរ៉ាវ​នេះ​ស្តាប់​ទៅ​ហាក់​ស្រដៀង​គ្នា​ទៅ​នឹង​ស្ថានភាព​នៃ​ការ​បាញ់​សម្លាប់​សកម្មជន​បរិស្ថាន​លោក ឈុត វុទ្ធី កាលពី​ឆ្នាំ ២០១២ ដែរ ហើយ​ចាប់​តាំងពី​នោះ​មក​ក្រុម​អ្នក​អភិរក្ស​ព្រៃឈើ​ជាច្រើន​នាក់​ទៀត​ត្រូវ​បាន​គេ​សម្លាប់ ប៉ុន្តែ​គ្មាន​ការ​ស៊ើបអង្កេត​ឯករាជ្យ​ណា​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​នោះ​ទេ​។

ជា​អកុសល​អ្នក​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​តែងតែ​មិនមែន​ជា​ឃាតករ​ពិតប្រាកដ ហើយ​សូម្បី​តែ​អ្នក​ដែល​ត្រូវ​ទទួល​ខុសត្រូវ​ពិតប្រាកដ​ចំពោះ​ស្ថានភាព​ដ៏គ្រោះថ្នាក់​ដែល​លោក សុខណៃ និង​មិត្ត​រួម​ការងារ​របស់​គាត់ ជួប​ប្រទះ​ក៏​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា​ដែរ​។

មូលហេតុ​ពិតប្រាកដ​នៃ​សោកនាដកម្ម​ទាំង​នេះ គឺ​កើតឡើង​នៅ​ក្នុង​ឧស្សាហកម្ម​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ផ្គត់ផ្គង់​ទៅ​ឲ្យ​តម្រូវការ​ឈើ​ប្រណីត​ក្នុង​ប្រទេស​ចិន ដើម្បី​ផលិត​គ្រឿងសង្ហារិម​ប្រណីតៗ​។ ឧស្សាហកម្ម​នេះ​មាន​តម្លៃ​រហូត​ដល់​ ២ ​ពាន់​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ស៊ើបអង្កេត​បរិស្ថាន ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​ក្នុង​ឆ្នាំ​ ២០១៤ ​ដោយ​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​លំដាប់​លេខ​រៀង​ទី​ ៥ ក្នុង​បញ្ជី​ប្រទេស​ផ្គត់ផ្គង់​ឈើ​ធំ​បំផុត​។

ទោះបី​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​បាន​សន្យា​ដាក់​ជីវិត​ថា​នឹង​បញ្ឈប់​ឲ្យ​បាន​ការ​កាប់​ឈើ​ខុស​ច្បាប់​ក្តី ក៏​ការ​ហាមឃាត់​របស់​រដ្ឋាភិបាល​មិន​ឲ្យ​នាំ​ចេញ​ឈើ ទៅ​កាន់​ប្រទេស​វៀតណាម​កាលពី​ខែ​មករា​នឹង​រហូត​ឈាន​ដល់​បង្កើត​ក្រុម​​ការងារ​កម្រិត​ខ្ពស់​មួយ ដែល​ដឹកនាំ​ដោយ​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​លោក សៅ សុខា នៅ​ដើម​ឆ្នាំ ២០១៧ ក្តី​ក៏​ការ​កាប់​ឈើ​ខុស​ច្បាប់ នៅ​តែ​បន្ត​មាន​នៅក្នុង​ឧទ្យាន​ជាតិ​នានា​របស់​ប្រទេស​កម្ពុជា នៅក្នុង​តំបន់​ការពារ​សហគមន៍ នៅ​ក្នុង​តំបន់​ដែល​ត្រូវ​បាន​កំណត់​ថា ជា​ដី​សម្បទាន និង​នៅក្នុង​តំបន់​ការពារ​ដែន​ជម្រក​សត្វព្រៃ​ជាដើម​។

រឿង​ដែល​នៅ​បន្ត​កើតឡើង​ទាំង​នេះ គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ទាំង​ស្រុង​ពី​ឧកញ៉ា​អាជីវកម្ម​មួយ​ចំនួន ដូចជា​ឧកញ៉ា ទ្រី ភាព ​និង​ឧកញ៉ា​ គិតម៉េង ​ជាដើម ដែល​ពួកគេ​មាន​ទំនាក់​ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គណបក្ស​កាន់​អំណាច​។ ប្រាក់​រាប់​លាន​ដុល្លារ​ត្រូវ​បាន​យក​ទៅ​សូកប៉ាន់​ដល់​ថ្នាក់​ខេត្ត ថ្នាក់​ស្រុក​មន្ត្រី​កងកម្លាំង​ប្រដាប់អាវុធ និង​ប៉ូលិស ដើម្បី​ឲ្យ​ជួយ​ការពារ​ដល់​ឧស្សាហកម្ម​មួយ​នេះ​។

វា​ជា​រជ្ជកាល​និទ្ទណ្ឌភាព ខណៈ​ដែល​មន្ត្រី​ក្រសួង​បាន​ចង្អុល​ដាក់​គ្នា​ទៅវិញ​ទៅមក​។ ទន្ទឹម​នឹង​នេះ​ដែរ ទាហាន​ថ្មើរជើង ភ្នាក់ងារ​ដើរល្បាត​តាម​ព្រំដែន និង​ក្រុម​អ្នក​ខិតខំ​ដើរល្បាត​ព្រៃឈើ បាន​ក្លាយ​ទៅ​ជា​គោលដៅ​ដ៏​ងាយស្រួល សម្រាប់​មន្ត្រី​ជាន់​ខ្ពស់​នានា​ដែល​ធ្វើការ​នៅ​ក្រុមហ៊ុន​ធំៗ​។

ការ​ព្យាយាម​ថែរក្សា​ការពារ​ព្រៃឈើ​ដែល​នៅ​សេសសល់​នៅ​កម្ពុជា​នឹង​កាន់​តែ​ពិបាក ខណៈ​ដែល​បច្ចុប្បន្ន​នេះ​គណបក្ស​កាន់​អំណាច​កំពុង​ចាត់​វិធានការ​យ៉ាង​សកម្ម ដើម្បី​បង្ក្រាប​សេរីភាព​នៃ​ការ​បញ្ចេញមតិ ការ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏សំខាន់ ការ​ធ្វើ​ទុក្ខ​បុកម្នេញ​សកម្មជន​សិទ្ធិមនុស្ស និង​បរិស្ថាន​ដែល​ចោទប្រកាន់​ថា ជា​ផ្នែក​មួយ​នៃ​ «​បដិវត្តន៍​ពណ៌​» និង​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​។

ប៉ុន្តែ​ចំណុច​នេះ​មិនមែន​មាន​ន័យ​ថា យើង​ត្រូវ​បោះបង់​ចោល​ការ​ប្រយុទ្ធ​តស៊ូ​ទេ​។ យើង​ត្រូវ​តែ​រំឭក​ដល់​អ្នក​ដែល​ទទួល​ខុសត្រូវ​ទាំង​នោះ ដែល​មាន​ដូចជា រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ជាដើម​ថា នេះ​មិនមែន​និយាយ​អំពី​នយោបាយ​របស់​គណបក្ស​នោះ​ទេ​។

ដោយ​មិន​គិត​ដល់​អ្នក​ឈ្នះ អ្នក​ចាញ់ នៅ​ក្នុង​ការ​បោះឆ្នោត ឬ​អ្នក​ទទួល​ខុសត្រូវ​ការ​ការពារ​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ​របស់​យើង​ត្រូវតែ​ជា​អាទិភាព​ចម្បង​។ ត្រូវ​តែ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ ចំពោះ​ការ​សម្លាប់​អ្នក​ដែល​ព្យាយាម​ការពារ​ព្រៃឈើ​របស់​យើង ធ្វើ​ដូច្នេះ​ទើប​គ្មាន​ការ​សង្ស័យ​កើតឡើង​អំពី​ស្ថានភាព​ជាក់ស្តែង​នៃ​ការ​ស្លាប់​របស់​ពួកគេ​។ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​​គួរ​ជា​មនុស្ស​ដំបូង​ដែល​ត្រូវ​ដឹកនាំ​ការ​ប្រយុទ្ធ​តស៊ូ លើ​រឿង​នេះ​ដើម្បី​បង្ហាញ​ថា អ្នក​បាញ់​សម្លាប់​លោក​ សុខណៃ ដែល​ជា​បុគ្គលិក​របស់​គាត់​ផ្ទាល់​ដែរ​នោះ​នឹង​មិន​ត្រូវ​បាន​រួច​ទោស​នោះ​ទេ​។

ទន្ទឹម​នឹង​នេះ​ដែរ​យើង​ទាំងអស់​គ្នា​មាន​ចំណែក​ចូលរួម​ផ្តល់​កិត្តិយស​ដល់​វីរបុរស​ទាំង​នេះ ដែល​បាន​ជួយ​សង្គ្រោះ​ព្រៃឈើ​កម្ពុជា​ និង​បាន​បូជា​ជីវិត​របស់​ពួកគេ​ក្នុង​បុព្វហេតុ​មួយ​នេះ​។ បំភ្លេច​ពួកគេ​មាន​ន័យ​ថា បោះបង់​ការ​ប្រយុទ្ធ​តស៊ូ​ចោល​៕ NS

ដោយ​លោកស្រី​ មូរ សុខហួរ អតីត​អ្នក​តំណាងរាស្ត្រ និង​អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។