Search form

Login - Register | FOLLOW US ON

Logo of Phnom Penh Post newspaper Phnom Penh Post - ករណី​រំលោភ​ និង​ឃាតកម្ម​លើ​ស្ត្រី​​ តើ​ក្រសួង​ត្រូវ​ធ្វើ​អ្វី​បន្ថែម​?

Content image - Phnom Penh Post
នារី​វ័យក្មេង​ដែល​ត្រូវ​បាន​រំលោភ​រួច​សម្លាប់​នៅ​ខេត្ត​ស្វាយរៀង​ និង​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​កន្លង​មក​។ រូបថត ហ្វេសប៊ុក

ករណី​រំលោភ​ និង​ឃាតកម្ម​លើ​ស្ត្រី​​ តើ​ក្រសួង​ត្រូវ​ធ្វើ​អ្វី​បន្ថែម​?

នៅ​ពេល​អ្វីៗ​កើតឡើង​ទាក់ទង​នឹង​ការ​រំលោភ​សេពសន្ថវៈ​ និង​អំពើ​ហិង្សា​លើ​ស្ត្រី​សព្វ​ថ្ងៃ​នេះ​មាន​ករណី​ខ្លះ​រដ្ឋាភិបាល​ហាក់​ដូចជា​ភ័យខ្លាច​ថា​ជា​ការ​ពាក់ព័ន្ធ​នឹង​នយោបាយ បើ​ទោះបី​ជា​ចង់​តវ៉ា​ពី​បញ្ហា​ណា​មួយ​ដែល​មិនមែន​ជា​រឿង​នយោបាយ​ក៏​មិន​ហ៊ាន​ក្រោក​ឡើង​តវ៉ា​ដែរ ជាពិសេស​ក្រសួង​ដែល​ធ្វើការ​លើ​កិច្ចការ​នារី​ភេទ​។

ជា​ការ​កត់សម្គាល់​នៅ​ប៉ុន្មាន​សប្តាហ៍​នេះ​មាន​រឿង​ពាក់ព័ន្ធ​នឹង​កិត្តិយស​ស្ត្រី ការ​ចាប់​រំលោភ​សេពសន្ថវៈ និង​ការ​បាញ់​សម្លាប់​ស្ត្រី​ជា​បន្តបន្ទាប់​ដែល​ទង្វើ​ទាំង​នោះ​បាន​បង្ហាញ​រូបភាព​កាន់តែ​សាហាវ​ឃោរឃៅ​ខ្លាំង​ឡើង​គួរ​ឲ្យ​សង្វេគ​។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​រដ្ឋាភិបាល​មាន​ប្រតិកម្ម​តែ​ករណី​រឿង​ស្ត្រី​លក់​កូនស្រី​ធ្វើ​ជា​ស្ត្រី​រកស៊ី​ផ្លូវភេទ​ចេញ​ផ្សាយ​ដោយ​ទូរទស្សន៍​ CNN ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ ហើយ​ក៏​បាន​ដូរ​ចំណង​ជើង​បន្តិច​មក​វិញ​។

ដោយឡែក​ក្រសួង​កិច្ចការនារី​ក៏​មាន​ប្រតិកម្ម​តែ​ចំពោះ​លោក មាស រិទ្ធី អ្នក​អត្ថាធិប្បាយ​ទូរទស្សន៍​ហង្ស​មាស​​ដែល​ធ្វើ​អត្ថាធិប្បាយ​បែប​កំប្លែង​លេង​ដូច​សព្វ​មួយ​ដង​ទាក់ទង​នឹង​ករណី​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី និង​ករណី​ផ្សេងៗ​ទៀត​តែ​លោក​បាន​សុំទោស​ជា​សាធារណៈ​រួច​ហើយ​ពី​បញ្ហា​នេះ​។

ប៉ុន្តែ​ចំពោះ​បុរស​ដែល​បាន​ចាប់​រំលោភ​ស្ត្រី​រួច​សម្លាប់​ចោល​ និង​ករណី​បាញ់​ស្ត្រី​ដូច​បាញ់​ចាប​វិញ​ក្រសួង​កិច្ចការ​នារី​ហាក់​មិន​បាន​ថ្កោលទោស​ធ្ងន់ៗ​​នោះ​ទេ​ដូចជា ករណី​កើតឡើង​នៅ​ខេត្ត​ស្វាយរៀង​គឺ​បុរស​អ្នក​រត់​តាក់ស៊ី​មាន​សុទ្ធ​តែ​រថយន្ត​ហាយឡេនឌ័រ តែ​បែរ​ទៅ​ជា​នាំ​គ្នា​ ២ ​នាក់​ចាប់​នារី​វ័យ​ក្មេង​​ដែល​ជា​ម៉ូយ​ជិះ​រថយន្ត​របស់​​ខ្លួន​មក​រំលោភ​សេពសន្ថវៈ​រួច​សម្លាប់​នាង​ចោល​យ៉ាង​អាណោច​អាធ័ម​ទៅ​វិញ​។

នៅក្នុង​ខេត្ត​ស្វាយរៀង​ដដែល​ក៏​មាន​ករណី​បុរស​ឃោរឃៅ​នាំ​ប្អូនប្រុស​ខ្លួន​ទៅ​សម្លាប់​ប្រពន្ធ​​ចុង​ចោល​យ៉ាង​សាហាវ​ផង​ដែរ​។ ស្រដៀង​នេះ​ដែរ​ករណី​យក​កាំភ្លើង​បាញ់​សម្លាប់​ប្រពន្ធ​ខ្លួនឯង​ក៏​មិន​ទៅ​ណា​ឆ្ងាយ​ពី​ប្រធានបទ​នេះ​ដែរ​គឺ​នៅ​បឹងទំពុន​បុរស​ជា​ប្តី​ធ្វើ​ជា​ប៉ូលិស​ក្មេង​សង្ហា​មាន​ប្រពន្ធ​ស្អាត​បាន​ដក​កាំភ្លើង​បាញ់​សម្លាប់​គាត់​រួច​ធ្វើ​អត្តឃាត​ខ្លួនឯង​តែ​ម្តង​។

ម្យ៉ាង​ទៀត​មាន​ករណី​ឃាតកម្ម​នៅ​ចោមចៅ​ប៉ែក​ខាង​លិច​រាជធានី​ភ្នំពេញ​គឺ​គ្រាន់តែ​ស្ត្រី​ស្ដី​ឲ្យ​ថា​ទិញ​របស់​នៅ​ខាង​ណោះ​តែ​មក​មើល​មុខ​ខាង​ណេះ បាន​ធ្វើឲ្យ​បុរស​ម្នាក់​ផ្ទុះ​កំហឹង​ហើយ​បាន​ដក​កាំភ្លើង​ដែល​នៅ​នឹង​ដៃ​មក​បាញ់​ស្ត្រី​អ្នក​លក់ដូរ​ដែល​គាត់​គ្រាន់តែ​ថា​ឲ្យ​តែ​មួយ​មាត់​ពីរ​សោះ​។

ទង្វើ​ព្រៃផ្សៃ​របស់​បុរស​ទាំង​នេះ​ត្រូវ​បាន​សង្គម​ស្អប់​ខ្ពើម​ដោយសារ​មាន​លក្ខណៈ​​ផ្ទុយ​ទៅ​នឹង​ទស្សនៈ​បុរស​ដើមទ្រូង​ប្រាំ​ហត្ថ​របស់​ខ្មែរ​ដែល​តែង​ធ្វើ​ជា​គំរូ​ល្អ​ និង​ចេះ​ជួយ​កិច្ចការ​ស្ត្រី​ដោយ​ក្ដីមេត្តា​។

ចំណុច​អស់​ទាំងនេះ​បាន​នាំ​ឲ្យ​មជ្ឈដ្ឋាន​ជាច្រើន​ចោទសួរ​ថា តើ​ក្រសួង​កិច្ចការនារី​បាន​ត្រឹម​តែ​លើក​កម្ពស់​សិទ្ធិ​ស្ត្រី​ និង​ការពារ​ស្ត្រី​ដោយ​ចាំ​តែ​ដល់​ថ្ងៃ​​ទី​ ៨ ខែ​មីនា ទិវា​សិទ្ធិនារី​អន្តរជាតិ​ ឬ​ក៏​យុទ្ធនាការ​បូពណ៌ស​ ១៦ ​ថ្ងៃ​ពី​ថ្ងៃ​ទី​ ២៥ ​ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី​ ១០ ខែ​ធ្នូ​ដើម្បី​លុប​បំបាត់​អំពើ​ហិង្សា​បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​អំពើ​ហិង្សា​លើ​ស្ត្រី​ និង​កុមារី​តាមរយៈ​រាំ​បទ​ម៉ាឌីហ្សន​ ១ ​បទ​ហ្នឹង​? ​បើ​ទោះបី​ជា​អង្គការ​សហប្រជាជាតិ​ដើម្បី​ស្ត្រី​កាលពី​ឆ្នាំ​​ ២០១៣ ​បាន​សិក្សា​លើ​បុរស​ខ្មែរ​ចំនួន​ ១៨០០ ​នាក់​អាយុ​ពី​ ១៨ ដល់​ ៤៩ ​ឆ្នាំ​រកឃើញ​​ថា​បុរស​ ១ ​នាក់​ក្នុង​ចំណោម​បុរស​ ៥ ​នាក់​ទទួល​ស្គាល់​ថា​ពួកគេ​ធ្លាប់​បាន​រំលោភ​សេពសន្ថវៈ​លើ​ស្ត្រី​។

ទោះ​ជា​មាន​របាយការណ៍​នេះ​ក្ដី​ក៏​មិន​ទាន់​ត្រូវ​បាន​ក្រសួង​ទទួល​យក​លទ្ធផល​នេះ​ដែរ​ហើយ​ក៏​មិន​ខំប្រឹង​អនុវត្ត​តាម​អនុសាសន៍​ដែរ​។ បើ​ក្រឡេក​មើល​ទិន្នន័យ​ករណី​រំលោភ​សេពសន្ថវៈ​ដែល​ប៉ូលិស​បាន​អន្តរាគមន៍​ក៏​នៅ​តែ​កើន​ឡើង​ដែរ បើ​ធ្វើការ​ប្រៀបធៀប​ពី​ឆ្នាំ​ ២០១៥ ​និង​ ២០១៤ ​គឺ​ ២៥៣ ​ករណី​ទល់​នឹង​ ២២៦ ​ករណី​។

ជាមួយ​គ្នា​នេះ​ដែរ​នៅ​មាន​ករណី​កាសែត​ក្នុង​ស្រុក​ខ្លះ​បាន​លេង​ចំណង​ជើង​អសីលធម៌​យ៉ាង​ចាស់ដៃ​ថា​៖ «​ស្វាយរៀង​៖ ​ទៅ​សាក​ថ្ម​ផ្ទះ​គេ​!​ដូច​ទៅ​ឲ្យ​គេ​សាក​គូទ​ខ្លួនឯង​!»​។ ​ករណី​ចំណងជើង​កាសែត​អ៊ីចឹងៗ​ក៏​មិន​ទាន់​ឃើញ​ក្រសួង​កិច្ចការ​នារី​​ ឬ​ក្រសួង​ព័ត៌មាន​ចាត់​វិធានការ​និពន្ធ​នាយក​នោះ​ដែរ​។

នៅ​ពេល​ដែល​មាន​ករណី​ហិង្សា​លើ​ស្ត្រី​ដូចជា​ផ្លូវកាយ ផ្លូវចិត្ត​ និង​ផ្លូវភេទ​ក្តី​គឺ​ទាំង​ក្រសួង​កិច្ចការ​នារី​ទាំង​អង្គការ​សង្គម​ស៊ីវិល ទាំង​ស្ត្រី ទាំង​បុរស​បាន​ត្រឹម​តែ​បន្ទោស​ដាក់​គ្នា​ម្តង​ថា​មកពី​បុរស ម្តង​ថា​មកពី​ស្ត្រី​គ្នា​ឯង​ដោយ​មិន​រួម​ដៃ​គ្នា​ជួយ​តវ៉ា​ដូចជា​ស្ត្រី​នៅ​ប្រទេស​ឥណ្ឌា​ដែល​ក្រោក​ឡើង​ប្រឆាំង​នឹង​ជនល្មើស​សេពសន្ថវៈ​ហើយ​សម្លាប់​ស្ត្រី​និស្សិត​ពេទ្យ​ដូច​កាលពី​ ៣ ​ឆ្នាំ​កន្លង​ទៅ​នោះ​ទេ​។

បើ​មើល​ការ​ស្លាប់​របស់​ស្ត្រី​ដោយសារ​ការ​ចាប់​រំលោភ​ហើយ​សម្លាប់​ និង​ការ​បាញ់​ប្រហារ​ឆៅៗ​ដោយសារ​តែ​ពាក្យ​សម្តី​តែ​មួយ​ម៉ាត់​ ឬ​ពីរ​ម៉ាត់​សោះ​គឺ​ស្លាប់​ក្នុង​ភាព​ស្ងៀមស្ងាត់​ដោយ​គ្មាន​ឃើញ​ស្ត្រី​ណា​ចេញ​មក​ដឹកនាំ​តវ៉ា​ ឬ ក៏​ក្រសួង​កិច្ចការនារី​ចេញ​មុខ​តវ៉ា​ ឬ​ក៏​ថ្កោលទោស​នូវ​អំពើ​ថោកទាប​របស់​បុរស​ជា​ជនល្មើស​សោះ​ឡើយ​។

ជា​ទស្សនៈ​ការ​ដឹកនាំ​តវ៉ា​បែប​នេះ​វា​មិន​ប៉ះពាល់​នឹង​នយោបាយ​ទេ តែ​ការ​ដែល​ម្នាក់ៗ​ចេះ​តែ​នាំ​គ្នា​ធ្វើ​ព្រងើយ​កន្តើយ​ ឬ​ស្ងាត់ស្ងៀម​បែប​នេះ​យូរៗ​ទៅ​ស្ត្រី​អាច​នឹង​ក្លាយ​ខ្លូន​ជា​គោលដៅ​របស់​បុរស​ដើម្បី​បង្ខំ​រួមភេទ​ និង​ការ​ប្រើ​អំពើ​ហិង្សា​ស្រេច​តែ​អំពើ​ចិត្ត​។

ជា​សក្ខីភាព​នៃ​ការ​ឈឺឆ្អាល​ចំពោះ​ស្ដ្រី​រងគ្រោះ យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​ចាប់ផ្តើម​តវ៉ា​ចំពោះ​ការ​បង្ហោះ​រូប​អាសអាភាស​ និង​សកម្មភាព​រូប​ឃាតកម្ម​សាហាវ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ដោយ​គ្រាន់តែ​ស្ទង់​ឲ្យ​ដឹង​ពី​ការ​ចុច​ Like ថា មាន​ច្រើន​ប៉ុន​ណា​ចំពោះ​ការ​យល់​ឃើញ​ពី​រូបភាព​ដែល​ជា​ឫសគល់​នៃ​ការ​បញ្ឆេះ​ឲ្យ​មាន​អំពើ​ហិង្សា​ឃោរឃៅ​ និង​ការ​ចាប់​រំលោភ​ស្ត្រី​ដោយ​លែង​គិតគូរ​ពី​ច្បាប់​ និង​ទំនៀមទម្លាប់​ប្រពៃណី​ដ៏ផូរផង់​របស់​ខ្មែរ​។

ហេតុ​ដូច្នេះ​ហើយ​ដើម្បី​ឲ្យ​ឆ្លើយតប​ផែនការ​យុទ្ធសាស្ត្រ​ និង​ផែនការ​សកម្មភាព​របស់​ក្រសួង​កិច្ចការ​នារី​គឺ​ស្ថាប័ន​នេះ​គួរ​តែ​ដឹកនាំ​គេ​ធ្វើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ចាប់​រំលោភ​​សេពសន្ថវៈ​ និង​ការ​បាញ់​សម្លាប់​ស្រស់ៗ​លើ​ស្ត្រី​នោះ​ជា​ជាង​សកម្មភាព​ដេក​លក់​អត់​កម្រើក​ដូច​សព្វ​ថ្ងៃ​នេះ​។

រីឯ​សមត្ថកិច្ច​ក៏​តម្រូវ​ឲ្យ​រឹតបន្តឹង​ទៅ​លើ​អ្នក​រត់​តាក់ស៊ី​ទាំង​អស់​គឺ​ត្រូវ​ចុះ​បញ្ជី​ក្នុង​ប្រព័ន្ធ​គ្រប់គ្រង​របស់​ប៉ូលិស​ និង​តម្រូវ​ឲ្យ​មាន​ប័ណ្ណ​សម្គាល់​មាន​រូបថត​ និង​ឈ្មោះ​ជា​អ្នក​រកស៊ី​រត់​តាក់ស៊ី​អាជីព​ដូច​នៅ​ប្រទេស​ជប៉ុន សិង្ហបុរី និង​បណ្តា​ប្រទេស​ជឿនលឿន​នានា​ដើម្បី​ពេល​មាន​ការ​អី​ងាយ​ដឹង​អត្តសញ្ញណ​ និង​តម្រុយ​ជនល្មើស​បាន​បើ​គាត់​ជា​អ្នក​រត់​តាក់ស៊ី​។

ជាមួយ​គ្នា​នេះ​ មុខ​សញ្ញា​ដែល​តែង​បំពាន​លើ​ស្រី្ត​ភេទ​ដទៃ​ទៀត​ក៏​ត្រូវ​​រឹតបន្ដឹង​ផង​ដែរ​ដូចជា ក្រុម​ប្រើប្រាស់​គ្រឿងញៀន​ ឬ​អ្នក​ស្រវឹង​ខួប​ (​អ្នក​ផឹក​ជា​អចិន្រៃ្តយ៍​ខ្វះ​ការ​សន្ដោស​លើ​ភរិយា​ ឬ​កូន​ចុង​ជាដើម​) ​ពីព្រោះ​ថា​រូបភាព​នៃ​ការ​រំលោភ​សេពសន្ថវៈ​ និង​អំពើ​ហិង្សា​លើ​ស្រី្ត​ភេទ​ដែល​លេចធ្លោ​ជាង​គេ​ហាក់​ដូចជា​កើតឡើង​រវាង​ឪពុកចុង អ្នក​ស្រវឹង​ខ្វះ​វិចារណញ្ញាណ និង​អ្នក​ញៀន​ថ្នាំ​ជាដើម​...៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com

0

Comments

Please, login or register to post a comment

ព័ត៌មានពាក់ព័ន្ធ